ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

"ភ្លើងក្រហម" ដាក់បញ្ចាំងនៅ​ញ៉ីវយ៉ក


រឿង​​ “ភ្លើងក្រហម"​ ឬ​ “Redlight”​ បាន​ដាក់​បញ្ចាំង​ក្នុង​បូរី​ New York​ សហរដ្ឋ​អាមេរិក​។
រឿង​​ “ភ្លើងក្រហម"​ ឬ​ “Redlight”​ បាន​ដាក់​បញ្ចាំង​ក្នុង​បូរី​ New York​ សហរដ្ឋ​អាមេរិក​។

នេះជារឿងរ៉ាវ​របស់​ស្រ្តី​សំខាន់ពីរ​នាក់ ​ដែល​ម្នាក់​ជា​អ្នក​នយោបាយ​ ហើយ​ម្នាក់​ទៀត​បម្រើការ​នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មាន​ទិសដៅ​តែ​មួយ​ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​អយុត្តិធម៌​សង្គម​ដែល​កើត​ឡើង​ចំពោះ​កុមារា​កុមារី ​និង​ស្រ្តី​កម្ពុជា។

រឿង​ “ភ្លើងក្រហម" ឬ​ “Redlight” បាន​ដាក់​បញ្ចាំង​ក្នុង​បូរី New York សហរដ្ឋ​អាមេរិក​ កាល​ពី​ដើម​សប្តាហ៍​នេះ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ថត​អស់​ជាង​៤​ឆ្នាំ ​ដោយ​ផ្តោត​លើ​ករណី​ពិត​នៃ​ជន​រងគ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ដែល​ស្រ្តី​ទាំង​ពីរ​នាក់​ គឺ​លោកស្រី​ មួរ សុខហួរ​ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ និងលោកស្រី​ ​ម៉ម សុម៉ាលី​ ប្រធាន​អង្គការ​អាហ្វេស៊ីពចូល​រួម​សង្គ្រោះ​ និងការពារ​ដោយ​ផ្ទាល់។

លោកស្រី មួរ សុខហួរ​ បាន​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ក្នុង​បទសម្ភាសន៍​មួយ​ថ្ងៃ ​ក្រោយ​ពី​ភាពយន្ត​នោះ​បាន​ដាក់​បញ្ចាំង​ថា​ ទិដ្ឋភាព​លំបាក​វេទនា​ដែល​ស្ត្រី​និង​កុមារ​រងគ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទ ​ជួបប្រទះ​នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​និង​ក្រសែ​ភ្នែក​របស់​គាត់​ជានិច្ច​ បើ​ទោះ​បី​ជាពេល​វេលា​បាន​កន្លង​ហួស​ទៅ​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ។

“ពេល​ខ្ញុំ​ឃើញ​រូបភាព​តាម​រយៈ​ខ្សែ​ភាពយន្ត​នោះ​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នូវ​គ្រប់​ពាក្យ​សម្តី​នៃ​កុមាររបស់​យើង ​រហូត​ដល់​ខ្ញុំ​ធុំ​ក្លិន​នូវ​ទឹក​ជ្រាំនៅ​តាម​ផ្ទះ​បន​ នៅ​តាម​កន្លែង​ឆ្លង​ទៅ​ប៉ោយប៉ែត​ អូជ្រៅ​ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​នូវ​ទឹក​ភ្នែក​ស្រក់​និង​អារម្មណ៍​ក្តុកក្តួល​របស់​ កុមារ​យើង​ នៅ​ពេល​ដែល​គ្នា​រ៉ាយរ៉ាប់​អំពី​ការ​លំបាក​ អំពី​ការ​បាត់​បង់​ព្រហ្មចារី​នៅ​ពេល​ដំបូង​ ការ​ដែល​គេ​យក​ទៅ​ឱ្យ​នៅ​ផ្ទះ​បន​មួយ​យប់បម្រើ​ភ្ញៀវ​រហូត​ដល់ទៅ​ជាង ១០​នាក់​។​ រឿង​របស់​កុមារ​យើង​ទាំងអស់​នេះ​ យើង​ជា​ឳពុក​យើងជា​ម្តាយ​ យើងជា​អ្នក​ទទួល​ខុស​ត្រូវ​ យើង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ”។

ខ្សែភាពយន្ត​ រឿង​ “ភ្លើងក្រហម" ក៏ ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បាត់​បង់​នូវ​ការ​ទុកចិត្តលើ​អ្នកជិតខាង ​ មិត្ត​ភ័ក្តិ​ដែលបោក​ប្រាស់ជន​រងគ្រោះ​ជា​កុមារ​តូចៗ​ឱ្យធ្លាក់ចូលទៅ​ក្នុង​អាជីវកម្ម​ផ្លូវភេទ។​ ឧទាហរណ៍​ដូច​ជា​នាង​ សុខា​ ត្រូវ​អ្នក​ស្គាល់​គ្នា​ចាប់​រំលោភ​ ហើយ​យក​ទៅ​លក់​បន្ត​ ពី​ផ្ទះ​បន​មួយ​ ហើយ​មួយ​ទៀត។

រីឯកុមារីស្រីពៅ​ ត្រូវ​ម្តាយ​លក់ឱ្យ​ទៅ​នៅ​បំរើ​កិច្ចការផ្ទះ​នៅ​ផ្ទះ​បន​មួយ​ ហើយ​ត្រូវ​មេ​បន​បង្ខំ​ឱ្យ​ទទួល​ភ្ញៀវ​ ហើយ​ក៏មាន​កុមារី​ខ្លះ​ត្រូវ​ម្តាយ​ឳពុក​បង្កើតលួង​លោមបោក​បញ្ឆោតទៅលក់ឱ្យមេ​បន​ដោយ​ផ្ទាល់។

រឿង "ភ្លើងក្រហម" ក៏ ​បង្ហាញ​ពីភាពអសីលធម៌​របស់​មន្រ្តី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​នៅ​បន្ត​ភាព​អសីលធម៌​របស់​ខ្លួន​ ដោយ​មក​គំរាម​ឳពុក​ពិការ​របស់​ជន​រងគ្រោះ​សុំ​ទិញ​កូន​យក​ទៅដេក​ជា​មួយ​ បើ​ទោះបី​ជា​នាង​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សមត្ថកិច្ច​ជួយសង្គ្រោះ​ចេញ​ពី​ផ្ទះ​បន​ហើយ​ក៏​ដោយ។

រឿង “ភ្លើងក្រហម" ក៏ ​បាន​បង្ហាញ​ពី​ភាព​ធូ​រលុង​របស់​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ ដែល​មិន​អាច​ដាក់​ទោស​ជន​បរទេស​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​រួមភេទ​ជា​មួយ​កុមារា​កុមារី​កម្ពុជា​ ហើយ​បាន​បង្ក​ឱ្យ​ជីវិត​របស់​ពួកគេរស់​នៅ​ដោយ​ភាពហ្មងសៅ​នោះ​ដែរ។​ ឧទាហរណ៍​ដូច​ជា​កុមារា​ លីន​ និង​កុមារ​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​ជន​បរទេស​លួងលោម​យក​ទៅ​រំលោភ​ជាដើម​ ប៉ុន្តែ​ពេល​ប្តឹង​ឡើង​តុលាការ​ ជន​ល្មើស​បែរ​ជា​រួច​ខ្លួន​ទៅ​វិញ។

លោកស្រី Adi Ezroni អ្នក​ដឹកនាំ​រឿង “ភ្លើង​ក្រហម" បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​ករណី​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទកុមារ​ គឺមាន​នៅ​ទូទាំង​ពិភពលោក​ ហើយ​ការ​ជ្រើសរើស​យក​ប្រទេស​កម្ពុជាមកធ្វើ​ជាប្រធានបទនៃខ្សែភាពយន្ត គឺចង់បង្ហាញ​ពី​មុខ​មាត់​នៃករណី​ពិត​ដែលបានកើត​មាន​ឡើង។​ លោកស្រី​បញ្ជាក់បន្ថែម​ថា ករណី​ដូច​ជាប្រទេស​កម្ពុជា​ដែល​មាន​ការ​លក់កូនឱ្យ​ទៅ​ផ្ទះ​បន​គឺ​កើត​ឡើ​ង​ ក៏​ដោយសារ​មាន​តម្រូវការ​នៃ​ការ​រួមរក្ស​ផ្លូវភេទ​ ដូច្នេះ​បញ្ហា​សំខាន់​ដែលត្រូវ​ដោះ​ស្រាយ​គឺត្រូវ​កាត់​បន្ថយ​ខាង​ផ្នែក​តម្រូវការ​នេះ។

“យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួន​យើង​ ជាពិសេស​បុរសៗ​ ថា​ហេតុអ្វី​បាន​ជា​ពួក​បុរសៗ​មាន​ចំណង់​កេងប្រវ័ញ្ច​កុមារ​តូចៗ​ បើ​ទោះជា​កុមារា​ឬ​កុមារី​ក៏ដោយ​ ហើយ​នោះ​ពិត​ជា​បញ្ហា​ដែល​យើង​ត្រូវ​និយាយ​ចេញ​មក”។

លោក Guy Jacobson អ្នក​ដឹកនាំ​រឿង “ភ្លើងក្រហម" នេះ​ដែរ ​និង​ជា​ប្រធាន​អង្គការ Redlight​ Children ​ដាក់ក្តី​សង្ឃឹម​ថា ​ខ្សែ​ភាពយន្ត​របស់​លោក​នឹង​កាន់​តែ​ជូយ​ឱ្យ​មាន​ការ​យល់ដឹង​កាន់​តែ​ច្បាស់​ឡើង ​ពី​គ្រោះ​ថ្នាក់ពី​ការ​ជួញ​ដូរដែលកុមារកំពុង​ប្រឈម​មុខ​ ហើយក៏​នឹងជួយ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​និង​ក្រប​ខ័ណ្ឌ​ច្បាប់​ផង​ដែរ។

“ដោយ​មាន​ការអប់រំ​និង​ការ​បង្ហាញ​ជូន​គ្រប់​គ្រាន់​ យើង​នឹង​អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាជន​និង​ច្បាប់​ ព្រម​ទាំង​បន្ថយ​តម្រូវ​ការ​ក្នុង​ការ​រួមភេទ​ជា​មួយ​កុមារ​ ពីព្រោះ​តាម​ការ​យល់​ដឹង​របស់​ខ្ញុំ​ គឺ​គ្មាន​ជនណា​ម្នាក់​មាន​សិទ្ធិ​រំលោភ​ ឬ​ប៉ះពាល់​កុមារ​ឡើយ។​ ខ្ញុំ​មិន​ខ្វល់​ថា ​កុមារ​នោះ​ជា​អ្នក​ណា​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​ថា ​មនុស្ស​ចាស់​នោះ​ជា​នរណា​ដែរ​ គឺ​ពិត​ជា​មិន​មាន​ហេតុផល​ណា​ដែល​អនុញ្ញាត​ឱ្យ​មនុស្សចាស់រួម​ភេទ​ជាមួយ​កុមារ​ឡើយ"។

មានស្រ្តី​រង​គ្រោះ​ពី​ការ​ជួញដូរ​មួយ​ចំនួនទទួល​រង​ការ​រើសអើងពី​អ្នក​ជិតខាង​ ពេល​ដែល​ពួក​គេ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​ភូមិ​វិញ​ ហើយ​ដោយ​កត្តា​នេះ​និង​ភាព​ក្រីក្រ​ក៏​បាន​ជំរុញអ្នកខ្លះ​ឱ្យវិល​ទៅ​រករបរ​ដើម​វិញ។​ លោកស្រី​មួរ សុខហួរ​បាន​ធ្វើ​ការ​អំពាវនាវ​ថា៖

“មាន​អំពើ​រើសអើង​លើ​ស្រ្តី​និង​កុមារ​យើង​ដែល​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នៃ​ពេស្យាចារ​នេះ ​ត្រឡប់​មក​សង្គម​វិញ​ សង្គម​មិន​ទទួល​យក​ ដូច្នេះ​ជា​ការ​អំពាវនាវ​របស់​ខ្ញុំ​ជា​ថ្មីម្តង​ទៀត​ថា​ សូម​មេត្តា​អាណិត​អាសូរ​ទៅ​ដល់​ជន​ទាំងនោះ​ កុមារ​និង​ស្រ្តី​ទាំងនោះ​ គឺ​មិន​មែន​ជា​ជម្រើស​របស់​គ្នា​ទេ​ដែល​យក​ពេស្យាចារ​ធ្វើ​ជា​របរ​នោះ។​ មិនមែន​ជា​របរ​ទេពេស្យាចារ​ហ្នឹង​ គឺ​ជា​ការ​រំដោះ​ទុក្ខ​ទេ​ រំដោះ​ភាពក្រីក្រ​និង​ការ​អត់​ឃ្លាន​ទេ។​ និយាយ​នេះ​មិនមែន​ឱ្យ​លេស​ការពារ​ស្រ្តី​និង​កុមារ​ទាំង​នោះទេ​ ក៏ប៉ុន្តែ​យើង​ត្រូវ​តែ​ពិចារណា​ឱ្យ​វែង​ឆ្ងាយ​ បើ​មិន​អញ្ចឹង​ទេ​ សង្គម​មាន​ការ​រើសអើង​ទៅ​ដល់​ស្រ្តី​ទាំងនោះ​ យុវវ័យ​និង​កុមារ​ទាំងអស់​នោះ​ វា​ធ្វើ​ឱ្យ​អនាគត​របស់​ស្រ្តី​និង​កុមារ​ទាំង​អស់​នោះ​រឹតតែ​បាត់​បង់​ទៅទៀត"។

ក្រុម​អ្នក​ផលិត​ខ្សែភាពយន្ត​រឿង "ភ្លើងក្រហម" បាន ​ព្យាយាម​ប្រថុយ​នឹង​គ្រោះថ្នាក់​នានា​ពីការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ពី ​ក្រុម​ដែល​មាន​ផលប្រយោជន៍​ក្នុង​អាជីវកម្ម​ផ្លូវភេទ។​ ក្នុង​នោះ​ មាន​ទាំង​ការ​ត្រូវ​លួច​យក​កាម៉េរ៉ា​បង្កប់​ទៅ​ថត​ក្នុង​កន្លែង​បនស្រី​ នានា។

ការ​ដាក់​បញ្ចាំង​ដែល​មាន​លំដាប់​ពិភពលោក​នេះ​ មាន​ការ​ចូលរួម​ពី​មនុស្ស​ល្បីៗ​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូចជា​លោក Mark Legon អតីត​ឯកអគ្គរដ្ឋទូត​គោចរ​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ការប្រឆាំង​ការជួញដូរ​មនុស្ស​ តារា​ភាពយន្ត​ និង​តារា​សម្តែង​ជាច្រើន​ ហើយ​បាន​ទាក់ទាញ​ឱ្យ​មាន​ការ​ប្តេជ្ញាចិត្ត​ចូលរួម​ធ្វើ​សកម្មភាព​ផ្សេងៗ។

កញ្ញា Cynthia Kirchner តារា​សម្តែង​និង​ជា​អ្នក​បង្ហាញម៉ូដ​ដែល​បាន​ចូល​មក​ទស្សនា​ការដាក់​បញ្ចាំងខ្សែភាពយន្ត​នេះ​ ប្តេជ្ញា​ថា​នឹង​បន្ត​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ពី​បញ្ហា​នៃ​ការ​ជួញដូរ​នេះ​ ហើយ​ថា​ពិភពលោក​ទាំងមូល​គួរតែ​ធ្វើ​សកម្មភាព​ឱ្យ​បាន​ច្រើន​ជាង​ពេល​ បច្ចុប្បន្ន​នេះ។

“នាងខ្ញុំ​មាន​អារម្មណ៍​ថា​ យើង​ចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​ខ្លះ​ ហើយ​ប្រទេស​ជាច្រើន​ចាំបាច់​ត្រូវ​ចូលរួម​ពាក់​ព័ន្ធ​ឱ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ។​ ស្រ្តី​ក្នុង​ភាពយន្ត​ទាំងនោះ​ខ្លាំង​សម្បើម​ណាស់ ​ដែល​បាន​ឆ្លងកាត់​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់​ ហើយ​ចេញ​មក​និយាយ​រឿងរ៉ាវ​របស់​ពួកគេ​ គឺ​ពួកគេ​ក្លាហាន​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​គិត​ថា​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ចូលរួម​ទាំងអស់​បាន​ធ្វើ​ ការងារ​ល្អ​ខ្លាំង​ណាស់​ក្នុង​ការ​នាំ​យក​រឿង​របស់​ពួកគេ​មក​ប្រាប់​ឱ្យ​យើងដឹង”។

ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជាក្នុងចំណាត់​ថ្នាក់លំដាប់លេខ​ពីរ ​ដែល​ជា​លំដាប់​ថ្នាក់​នៃ​ក្រុម​បណ្តា​ប្រទេស​ ដែលមាន​ច្បាប់​ទាក់​ទងនឹង​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ប៉ុន្តែ​នៅ​មាន​ការខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់។​ របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ចេញ​ផ្សាយ​ដោយក្រសួង​ការបរទេស​ សហរដ្ឋ​អាមេរិក ​សម្រាប់ឆ្នាំ​២០១០​ ឱ្យ​ដឹង​ថា​ ក្នុង​ពិភពលោក​ ក្នុង​ចំណោម​មនុស្ស​ ៥៥៥ ​នាក់​ គឺ​មាន​ម្នាក់​បាន​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស៕

XS
SM
MD
LG