ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​ចូល​ថ្មី​ជាង​៣.០០០​នាក់​ត្រៀម​ការពារ​ជាតិ


លោក​ ហ៊ុន សែន ​ធ្លាប់​បាន​ដាក់​បញ្ជា​​ឲ្យ​ជ្រើសរើស​កងទ័ព​ថ្មី​នៅ​ទូទាំង​ប្រទេស​ដើម្បី​យក​ទៅ​ជំនួស​កងទ័ព​ដែល​ត្រូវ​ចូល​និវត្តន៍។
លោក​ ហ៊ុន សែន ​ធ្លាប់​បាន​ដាក់​បញ្ជា​​ឲ្យ​ជ្រើសរើស​កងទ័ព​ថ្មី​នៅ​ទូទាំង​ប្រទេស​ដើម្បី​យក​ទៅ​ជំនួស​កងទ័ព​ដែល​ត្រូវ​ចូល​និវត្តន៍។

ប្រទេស​កម្ពុជា​ជ្រើសរើស​កងទ័ព​ថ្មី​បាន​ចំនួន​ជាង​៣.០០០​នាក់​ គិត​មក​ត្រឹមថ្ងៃ​ព្រហស្បតិ៍​ទី១៤​ខែ​កក្កដា​កន្លង​ទៅនេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិ។

លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន ​បាន​ដាក់​បញ្ជា​កាល​ពី​ថ្ងៃ​ទី១៩ ​ខែ​ឧសភា​ឲ្យ​ជ្រើសរើស​កងទ័ព​ថ្មី​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន៥.០០០​នាក់​ដើម្បី​យក​ទៅ​ជំនួស​កងទ័ព​ដែល​ត្រូវ​ចូល​និវត្តន៍។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​បា្រប់ ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​កាលពី​ថ្ងៃសុក្រ​ថា​ការ​ជ្រើស​រើស​កងទ័ព​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​នៅតាម​ភូមិភាគ​នានា​និង​នៅ​តាម​បញ្ជាការដ្ឋាន​យោធា​ខេត្ត​នានា​ផង​ដែរ។

លោក​សុជាតិ​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «ដំណើរការ​ហ្នឹង​ឱ្យ​មាន​បទដ្ឋាន​ត្រឹមត្រូវ​ មាន​គណៈកម្មការ​ជ្រើសរើស​ត្រឹមត្រូវ​ មាន​របស់​ក្រសួង​ មាន​កង​ទ័ព​ជើង​គោក​ សហការ​ជាមួយ​អគ្គ​បញ្ជាការ​ឯក​ភាព​របស់​ខេត្ត​និង​រៀបចំ​ជាមួយ​ភូមិ​ភាគ​ទៀត។​ យើង​រៀប​ចំ​ឱ្យ​មាន​បទដ្ឋាន​ ឱ្យ​ត្រឹមត្រូវ​ហើយ​យើង​រើស​លក្ខណៈ​សម្បត្តិ​ឈរ​លើ​ការ​ស្ម័គ្រ​ចិត្ត។ ​អញ្ចឹង​យើង​មិន​ចង់​បាន​បរិមាណ​ច្រើន​ទេ​ កាល​ណា​បរិមាណ​ច្រើន​វា​ត្រឡប់​ទៅ​ផ្ទះ​វិញ​វា​ខាត​ថវិកា»។

យ៉ាងណា​ក៏ដោយ​ការ​សម្រេចចិត្ត​ជ្រើសរើស​កងទ័ព​ថ្មី​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើឡើង​ បន្ទាប់​ពី​មាន​ការ​ប្រឈមមុខ​ដោយ​ប្រដាប់អាវុធ​ជាមួយ​ប្រទេសថៃ​ដោយសារ​បញ្ហា​ព្រំដែន។ ​ប្រទេស​ថៃ​បាន​យក​កងទ័ព​របស់ខ្លួន​មកដាក់​ពង្រាយ​លើ​ភ្នំក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​ការជំទាស់​ទៅ​នឹង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ​ការដាក់​ពង្រាយ​កងទ័ព​នៅក្បែរ​ប្រាសាទ​ចំណាស់​៩០០​ឆ្នាំ​នេះ​ដែល​បាន​ពញ្ញាក់​កងទ័ព​កម្ពុជា​ដែល​បាន​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។

លោក​ហ៊ុន សែន​ បាន​ស្ដី​បន្ទោស​ទៅ​លើ​ការ​ដឹកនាំ​កងទ័ព​ក្នុង​ស្ថានភាព​នោះ​ ហើយ​បាន​សម្រេច​ដក​លោក​ឧត្តមសេនីយ៍ ​កែ គឹមយ៉ាន ​ពី​អគ្គ​មេបញ្ជាការ​កងទ័ព។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ សុជាតិ​ មាន​ប្រសាសន៍​ថា ​កងទ័ព​ដែល​ត្រូវ​ជ្រើសរើស​ថ្មី​ នឹង​ត្រូវយក​ទៅដាក់​ពង្រាយ​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​មាន​ជម្លោះ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។

ក្នុងនោះ​កងទ័ព​ចំនួន​១.០៥០នាក់​នឹងត្រូវ​ទៅ​បំពេញ​ការងារ​នៅ​យោធភូមិ​ភាគ​២​ ដែល​ស្ថិត​នៅ​ប៉ែក​ភាគ​ខាងកើត​និង​ឦសាន។​ កងទ័ព​ថ្មី​ចំនួន​៨០០​នាក់​ នឹង​ទៅកាន់​ការងារ​នៅ​យោធ​ភូមិ​ភាគ​៣​ ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​ និង​ខាង​ត្បូង​ប្រទេស។​ ដោយ​ឡែក​យោធ​ភូមិ​ភាគ​ ៤ដែល​គ្របដណ្ដប់​ខេត្ត​ភាគខាងជើង​ ត្រូវការ​យុទ្ធជន​ថ្មី​ ចំនួន​១.១០០​នាក់។​ រីឯ​យោធ​ភូមិ​ភាគ​៥​ ដែល​ស្ថិត​ខេត្ត​ភាគខាងជើង​ និង​ពាយព្យ​នឹង​ទទួល​យក​យោធា​ថ្មី​ចំនួន​៨០០នាក់​និង​យោធភូមិ​ភាគ​ពិសេស​ដែល​ស្ថិត​នៅ​តំបន់​ខេត្ត​កណ្ដាល​ប្រទេស ​នឹង​ទទួល​យក​យោធា​ថ្មី​ចំនួន​១.១៥០​នាក់។

នៅ​ក្នុង​សាលា​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​រៀប​ចំ​ពិធី​ជូន​ដំណើរ​កងទ័ព​ស្ម័គ្រ​ចិត្ត​ចំនួន​២០០​នាក់​ពី​យោធ​ភូមិ​ភាគ​ពិសេស​ទៅ​ហ្វឹក​ហាត់​នៅ​សាលា​នាយ​ទាហាន​សកម្ម​ត្មាតពង​នៅ​ខេត្ត​កំពង់ស្ពឺ។

លោក​ឧត្តម​សេនីយ៍​ទោ​ ពូ សាម​ឌី​ មេបញ្ជា​ការ​រង​យោធភូមិ​ភាគ​ពិសេស​និង​ជា​អនុប្រធាន​គណៈកម្មការ​ជ្រើស​រើស​កងទ័ព​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​នោះ​ថាដំណើរការ​ជ្រើសរើស​កងទ័ព​នៅ​ក្នុង​ខេត្ត​កណ្តាល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែកក្កដា​បាន​ចប់​សព្វ​គ្រប់​ ហើយ​ទទួល​បាន​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កងទ័ព​ចំនួន​២១៥​នាក់​លើស​ផែនការ​កំណត់​ដែល​ត្រូវ​ជ្រើស​រើស​តែ​២០០​នាក់​ប៉ុណ្ណោះ។

«ក្នុង​នាម​គណៈកម្មការ​ជ្រើសរើស​ពល​ទាហាន​និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់​សុំ​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​គ្រួសារ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ដែល​បាន​យល់​ច្បាស់​ពី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​បាន​បំផុស​និង​ជំរុញ​ឱ្យ​ប្តី​ កូនចៅ​ចូល​រួម​ក្នុង​កង​យុទ្ធពល​ខេមរភូមិន្ទ​ដើម្បី​ការពារ​ជាតិ​មាតុ​ភូមិ»។

ក្រុម​យុវជន​ដែល​ស្ម័គ្រចិត្ត​បាន​កាត់​សក់​ខ្លី​និង​ពាក់​អាវ​យឺត​ដៃ​វែង​ឈរ​តម្រង់​ជួរ​នៅ​ពី​មុខ​គណៈ​អធិបតី​យ៉ាង​មាន​របៀប​រៀប​រយ​ក្រោម​ការចូល​រួម​ពី​ក្រុម​គ្រួសារ​និង​មន្ត្រី​រាជការ​ជា​ច្រើន​នាក់។

យុវជន​ សឹម​ សុខឡេង​ អាយុ​២២​ឆ្នាំ មក​ពី​ឃុំម្នាក់​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថាលោក​បាន​ចូល​បម្រើ​កងទ័ព​ដោយសារតែ​យល់​ឃើញថា​ ប្រទេស​ថៃ​បាន​ប្រើប្រាស់​កងទ័ព​ដើម្បី​ធ្វើការ​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។

យុវជន​រូប​នោះ​បាន​បញ្ជាក់​ថា​ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក​បាន​ចាប់​ផ្តើម​ស្រឡាញ់​មាតុភូមិរបស់​ខ្លួន។

«នេះ​គឺ​ជា​កាតព្វ​កិច្ច​សម្រាប់​ប្រទេស​ជាតិ​យើង​ទាំង​មូល​ពីព្រោះ​អី​ខ្ញុំ​គ្មាន​ការ​រារែក​ចិត្ត​ហើយ​សុំ​រំលែក​ការរីករាយ​យ៉ាង​ខ្លាំង​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ចូល​បម្រើ​ប្រទេស​ជាតិ»។

យុវជន​ ប៊ុត ស៊ីណាត​អាយុ​២៤​ឆ្នាំ​មក​ពី​ឃុំ​ត្រាំ​ម្កាក់​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថាលោកបាន​ប្តេជ្ញា​រួច​ហើយ​ដើម្បី​ការពារ​បូរណ​ភាព​ទឹក​ដី​និង​ក្រុម​គ្រួសារ។

«ដើម្បី​ការពារ​ជាតិ​និង​ដើម្បី​ការពារ​គ្រួសារ​ខ្ញុំ។​ បើជាតិ​រីក​ចម្រើន​គ្រួសារ​ខ្ញុំក៏​រីក​ចម្រើន​ដែរ។​ បើ​សិន​អត់​ខ្ញុំ​ទៅ​ការ​ពារ​ហើយ​បើសិន​គេ​ឈ្លានពាន​បាន​ប្រទេស​យើង​ត្រូវ​រលាយ​ហើយ​ដល់​អញ្ចឹង​យើង​ត្រូវ​ស្ម័គ្រ​ចិត្ត»។

លោក​ប្រេះ​ ឡេង​ អាយុ​៥៣ឆ្នាំ​មក​ពី​ភូមិ​ខ្ពក​វែង​ឃុំកំពង់​សំណាញ់​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល។ ​លោក​មាន​កូន​ឈ្មោះ​ឡេង ប៊ុនលី​អាយុ​២៤​ឆ្នាំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព។ លោក​ប្រេះ​ ឡេង​ បាន​និយាយ​ថា​លោក​យល់ព្រម​ឲ្យ​កូន​របស់​ខ្លួន​ចូល​បម្រើ​កងទ័ព​ដោយសារ​លោក​ចង់ឲ្យរូប​គេ​រៀន​ធ្វើការងារ​សម្រាប់​ប្រទេស​ជាតិ។

«បាទ​កង​ទ័ព​បម្រើ​ជាតិ​មាតុភូមិ។​ ឱ្យ​កូន​ទៅ​ធ្វើ​កង​ទ័ព​ដើម្បី​ឱ្យ​បាន​ចេះ​ដឹង​ចេះ​យល់»។

លោក​ឧត្តម​សេនីយ៍​ទោ​ នាង ខេន​ មេបញ្ជា​ការ​កងពល​តូច​ថ្មើរ​ជើង​លេខ​៤១​ចំណុះ​យោធភូមិ​ភាគ​៤​បាន​និយាយ​ថា​លោក​ត្រូវការ​ចំនួន​កង​ទ័ព​បន្ថែម​ទៀត​ចំនួន​១.០០០​នាក់​ដើម្បី​ដាក់​ពង្រាយ​តាម​ក្រវ៉ាត់​ព្រំដែន។

«កន្លង​មក​ពេល​ដែល​ទ័ព​យើង​ធ្វើ​សមាហរណកម្ម​យើង​មិន​ទាន់​មាន​ទ័ព​គ្រប់គ្រាន់​ទេ​ដោយសារ​តែមាន​វ័យ​ចំណាស់។​ នេះ​យើង​បំពេញ​អ្នកដែល​ត្រូវ​ចូល​និវត្តន៍​និង​សម្រាប់​ផ្លាស់​ប្តូរ​អ្នក​លើស​អាយុ»។

ជម្លោះ​ព្រំ​ដែន​រវាង​ប្រទេ​សកម្ពុជា​និង​ថៃ​ បាន​ផ្ទុះ​ឡើង​ចាប់តាំង​ពីខែ​កក្កដា​ ឆ្នាំ ​២០០៨​ មក​ម្ល៉េះ។ ​ទាហាន​នៃ​គូ​ជម្លោះ​បានវាយ​ប្រយុទ្ធគា្ន​ជា​ច្រើន​លើក​ដែល​បាន​បណ្តាល​ឱ្យ​កងទ័ព​ទាំង​សងខាង​ស្លាប់​និង​រង​របួស។

មន្រ្តី​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​រិះ​គន់​ថា​រដ្ឋា​ភិបាល​កម្ពុជា​គួរ​ធ្វើការ​ពង្រឹង​កងទ័ព​ឡើង​វិញ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ដើម្បី​ជៀសវាង​ពី​ការចូល​ទន្រ្ទាន​ពី​ប្រទេស​ជិត​ខាង។

លោក​ យឹម​ សុវណ្ណ​ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​ជា​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​និយាយ​ថា​លោក​បាន​ស្នើ​សុំ​ឱ្យ​ពង្រឹង​វិស័យ​ការពារ​ជាតិ​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ។

លោក​បាន​បញ្ជាក់​ព្រមាន​ថាកម្ពុជាមិន​ត្រូវ​លង់លក់​ក្នុង​សន្តិភាព​ទេ។

«យើង​ត្រូវតែ​មាន​កងទ័ព​របស់​យើង​ការ​ពារ​ព្រំដែន​ពីព្រោះ​ប្រទេស​ជិត​ខាង​យើង​តែងតែ​មាន​មហិច្ចតា​ចង់​ឈ្លានពាន​ប្រទេស​របស់​យើង។​ ដូច​ជា​ប្រទេស​យួន​អញ្ចឹង​បាន​បោះ​បង្គោល​ព្រំដែន​មក​លើ​ទឹក​ដី​ខ្មែរ​ ហើយ​ដែល​ពេល​ហ្នឹង​គណបក្ស​ប្រជាជន​មិន​បាន​ឆ្លើយ​តប​អ្វី​បន្តិច​ទាល់​តែ​សោះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន»។

ចំណែក​លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​បាន​និយាយថា​ការជ្រើស​រើស​កងទ័ព​មិន​ត្រូវ​រើស​ម្តង​ច្រើន​ពេក​ទេ​វាអាច​បង្ក​ការលំបាក​ដល់​រដ្ឋា​ភិបាល។

លោក​បាន​បញ្ជាក់​ថា​យើង​គួរ​តែ​ជ្រើស​រើស​មួយ​វរៈ​ម្តងៗ​ដើម្បី​យក​ទៅ​អប់រំ​ឱ្យ​បាន​ល្អ​និង​មាន​គុណភាព។

«អាហ្នឹង​ត្រូវ​គិត​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ការពារ​ជាតិ​ហ្នឹង​មិន​មែន​មាន​តែ​កម្លាំង​ទ័ព​ទេ។​កម្លាំង​ទ័ព​យើង​ចិញ្ចឹម​ប្រហែល​ជា​ពិបាក​ដែរ។ ​យើង​ត្រូវ​ស្រប​គ្នា​កិច្ច​ការ​ទូត​ហ្នឹង​ផង​ហើយ​បើ​ត្រូវ​មាន​កង​ទ័ព​គួរ​យើង​ត្រូវ​មាន​អាទិភាព​ដែរ»។

ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​កាតព្វកិច្ច​យោធា​កាល​ពី​ឆ្នាំ​២០០៩​ក៏ប៉ុន្តែ​ចំនួន​កងទ័ព​ដែល​ត្រូវ​ជ្រើសរើស​ថ្មី​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​ទេ។ ​នៅ​ក្នុង​ច្បាប់​នេះ​បាន​បញ្ជាក់​ថា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​ចាប់​ពី​អាយុ​១៨​ឆ្នាំ​រហូត​ដល់​អាយុ​៣៥​ឆ្នាំរយៈ​ពេល​៦​ខែ។ ​ប៉ុន្ដែ​ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​យក​មក​អនុវត្ត​សម្រាប់​ជំរុញ​ការចូលរួម​បម្រើ​ក្នុង​វិស័យ​យោធា​របស់​យុវជន​ជំនាន់​ក្រោយ​នៅ​ឡើយ៕

XS
SM
MD
LG