វិស័យអចលនទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា នៅតែធ្លាក់ចុះនៅឆ្នាំ២០១០នេះ បើទោះជាវិស័យសំខាន់ពីរផ្សេងទៀត ដូចជាវិស័យកាត់ដេរ និងទេសចរណ៍ បានស្ទុះងើបឡើងវិញបន្ដិច ហើយក្ដី។ មានការប៉ាន់ប្រមាណពីស្ថាប័នជាតិ និងអន្តរជាតិថា វិស័យនេះអាចចាប់ផ្តើមប្រសើរឡើងវិញបន្តិចនៅនាំ២០១១។
នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារដូចតទៅ៖
នៅពេលដែលពិភពលោកចាប់ផ្តើមជួបវិបត្តិសេដ្ឋកិច្ចនាពាក់កណ្តាលឆ្នាំ២០០៨ វិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសំណង់របស់ប្រទេសកម្ពុជា បានដាំក្បាលចុះយ៉ាងគំហុកព្រមៗគ្នា។ ២ឆ្នាំក្រោយមក គឺរហូតមកដល់ពាក់កណ្តាលឆ្នាំ២០១០នេះ វិស័យកាត់ដេរ និងទេសចរណ៍ បានចាប់ផ្តើមមានកំណើនឡើងវិញបន្ដិចម្ដងៗ។ ប៉ុន្តែវិស័យអចលនទ្រព្យ និងសំណង់ នៅតែបន្តធ្លាក់ស្រុតចុះ ដោយគ្មានសញ្ញានៃការងើបឡើងទាល់តែសោះ។
លោក អ៊ឹម ចំរុង អគ្គនាយកសំណង់នៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ទំាងវិនិយោគគិនបរទេស និងក្នុងស្រុកនៅមិនទាន់មានការនឿជាក់លើការវិនិយោគទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។
«យើងតាមដានសភាពការណ៍ជាប្រចាំដែរ ហើយបើយើងសង្កេតទៅ រាល់ថ្ងៃហ្នឹងសំណង់នៅតែធ្លាក់ ដដែល វិនិយោគក្នុងស្រុក វិនិយោគមកពីក្រៅស្រុកថយចុះ»។
វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លំាង ជាពិសេសចាប់តំាងពីឆ្នាំ 2007រហូតដល់មុនពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិនាពាក់កណ្តាលឆ្នាំ២០០៨។ វិស័យនេះពឹងផ្អែកស្ទើរតែទំាងស្រុងទៅលើការវិនិយោគពីប្រទេសកូរ៉េខាងត្បូង និងមកពីប្រទេសចិន និងមួយចំនួនទៀតពឹងលើវិនិយោគិនក្នុងស្រុក។
ការរីកចម្រើនវិស័យនេះបានក្លាយជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា បន្ទាប់ពី វិស័យកសិកម្ម វាយនភ័ណ្ឌ និងទេសចរណ៍។ វិស័យសំណង់ រួមបញ្ជូលជាមួយវិស័យកាត់ដេរ និងទេសចរណ៍តំណាងឲ្យជាង៣០ភាគរយនៃតម្លៃផលិតសរុបក្នុងស្រុករបស់កម្ពុជា ឬGDP ដែលមានតម្លៃ១០ពាន់លានដុល្លារ។
ក្រោយពីវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏រីករាលដាល ដែលបានទាញទម្លាក់សេដ្ឋកិច្ចកម្ពុជាផងដែរ បានប្រសើរឡើងវិញ ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅ៣ខែដើមឆ្នាំ២០១០ ទឹកប្រាក់នាំចេញផលិតផលកាត់ដេរមានចំនួន៦០៣លានដុល្លារ ធៀបទៅនឹងឆ្នាំ២០០៩ ដែលការនាំចេញក្នុងរយៈពេលដូចគ្នាមានត្រឹមតែ៥៦២លានដុល្លារតែប៉ុណ្ណោះ។ ដោយឡែក ក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា ក្នុងរយៈពេល៤ខែឆ្នាំនេះ ចំនួនភ្ញៀវទេចរបរទេសបានកើនជាង១០% ឬស្មើនឹង៨៨៤៦៥៧ នាក់ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០០៩។
ក៏ប៉ុន្តែលោក ស៊ឹង ប៊ុណ្ណា ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា វិស័យអចលនទ្រព្យដែលរួមមានទំាងតម្លៃ និងការទិញដូរ នៅទូទំាងប្រទេសកម្ពុជា នៅបន្តធ្លាក់ចុះយ៉ាងតិចណាស់ពី៥០%ទៅ៦០%។ ចំណែកការដោះដូរដីធ្លីមានតែនៅក្នុងទីក្រុងធំៗ និងចំពោះតែដីធ្លីណាដែលមានតម្លៃធ្លាក់ដល់បាតប៉ុណ្ណោះ។ ចំណែកដីធ្លីនៅតាមតំបន់ឆ្ងាយពីក្រុង និងតំបន់ដាច់ស្រយាលនៅតែមិនមានសកម្មភាពទិញដូរសោះតែម្តង។
លោក ស៊ឹង ប៊ុណ្ណា វាយតម្លៃថា ឱនភាពនេះនឹងបន្តរហូតដល់ឆ្នាំ២០១១។
«ហាងឆេងដីធ្លី និងផ្ទះសម្បែង មិនអាចកើនឡើងទេឆ្នាំ 2010។ ចាំឆ្នាំ 2011 ចាំយើងគិត។ ហើយចាំយើងសង្ឃឹម ហើយសង្ឃឹមហ្នឹងក៏មិនមែនគិតថា វាឡើងគ្រុកៗ ដូចឆ្នាំ2007និងឆ្នាំ2008ដែរ មិនអាចទេ។ វាឡើងស្បឺត។ វារង់ចាំទាល់ តែសេដ្ឋកិច្ចយើងដើរឡើងមួយកម្រិតសិន»។
ជាមួយគ្នានោះ គម្រោងសាងសង់តូច ធំ ក៏បន្តធ្លាក់ចុះដែរ ហើយមានតែការសាង់សង់លំនៅដ្ឋានឯកជន និងគម្រោងសាងសង់ចាស់ៗប៉ុណ្ណោះដែលនៅមានសកម្មភាព ក្នុងនោះមានដូចជា សំណង់ទីក្រុងរណប ខាំកូ ហ្គ្រេនភ្នំពេញ សំណង់អគារ ប៉ូស្កូនៅម្តុំមាត់ទន្លេ បាសាក់ និងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ជាដើម។
យោងតាមរបាយការរបស់ក្រសួងដែនដី នគររូបនិយកម្ម និងសំណង់ បានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០១០នេះ គម្រោងប្រាក់វិនិយោគសាងសង់មានចំនួនត្រឹមតែ១៥៩លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះរហូតដល់ទៅ៨២% បើធៀបនឹង៣ខែដើមឆ្នាំ២០០៩។ មូលហេតុ បណ្ដាលមកពីការធ្លាក់ចុះនៃការវិនិយោគផ្នែកសំណង់ឧស្សាហកម្ម សណ្ឋាគារសំណង់បុរី និងការធ្លាក់ចុះនៃការវិនិយោគក្រុងរណប។
លោក សេង សុភ័ក្រ អ្នកគ្រប់គ្រងការវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុនអចលនទ្រព្យ CPL បាននិយាយថា គម្រោង វិនិយោគធ្លាក់ចុះដោយសារតែអ្នកវិនិយោគចិន និងកូរ៉េនៅមិនទាន់ អាចខ្ចីប្រាក់ពីធនាគាររបស់ពួកគេដើម្បីយកមកអភិវឌ្ឍន៍ក្រៅប្រទេសនោះទេ។
«កន្លងមកដែលខ្ញុំធ្លាប់ជួបជាមួយវិនិយោគទុន គឺភាគច្រើនគឺ គាត់អត់ទាន់ដកលុយពីស្រុកគាត់មក បានព្រោះអី នៅពេលដែលគាត់ជួបវិបត្តិ អ្នកវិនិយោគហ្នឹងគាត់ខ្ចីពីធនាគារស្រុកគាត់ យកមក។ គេអត់ឲ្យយកចេញពីស្រុក គម្រោង មួយចំនួនត្រូវផ្អាក»។
ការរឹតបន្តឹងកម្ចីពីធនាគារពាណិជ្ជនៅក្នុងស្រុកសម្រាប់ការអភិវឌ្ឍន៍សំណង់ក៏ជាចំណែកមួយ រាំងខ្ទប់សន្ទុះរីកចម្រើនឡើងវិញនៃវិស័យនេះដែរ ព្រោះថា ចាប់តំាងពីដើមឆ្នាំ២០០៩រហូតមកដល់ពេលនេះ ធនាគារធំៗមិនទាន់បើកចំហការផ្តល់ឥណទានធំៗនៅឡើយទេ ជាពិសេសឥណទានសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យ។ ប្រការនេះបណ្តាលឲ្យអ្នកវិនិយោគអចលនទ្រព្យក្នុងស្រុក បាត់បង់ឱកាសក្នុងការខ្ចីឥណទានធំៗ ដូចមុនទៀត។
លោក Stephen Higgins នាយកប្រតិបត្តិធនាគារ ANZ Royal និយាយថា ឥណទានសម្រាប់អភិវឌ្ឍន៍សំណង់នៅតែជាឥណទានមានហានិភ័យខ្ពស់។ ដូច្នេះ ធនាគារបស់លោកមិនមានកញ្ចប់ប្រាក់សម្រាប់ឥណទានបែបនេះជាចំហនោះទេ។
«យើងមិនស្វែងរកការផ្តល់កម្ចីសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យទូទៅទេ។ វាអាចមានករណីពិសេស តិចតួចប៉ុណ្ណោះដែលយើងអាចផ្តល់កម្ចីបែបនេះ ព្រោះថា កម្ចីអចលនទ្រព្យជាទូទៅមានហានិភ័យ ខ្ពស់ជាងកម្ចីធម្មតា»។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសាកល Companies and Markets ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានវាយតម្លៃក្នុងរបាយការសម្រាប់ត្រីមាសទី២ឆ្នាំ២០១០របស់ខ្លួនថា វិស័យសំណង់របស់ប្រទេសកម្ពុជានឹងជួបឱនភាព -2% នៅឆ្នាំ២០១០នេះ។ ហើយការស្ទុះងើបឡើងវិញដែលអាចកើតមាននៅឆ្នាំ២០១១នោះនឹងស្ថិតក្នុងសភាពយឺតយ៉ាវ ឬមានកំណើនត្រឹមតែជាង៦%ប៉ុណ្ណោះ រហូតដល់ឆ្នាំ២០១៤ ធៀបទៅនឹងកំណើនរហូតដល់១៩%កាលពីឆ្នាំ២០០៨៕