ក្រុមមន្ត្រីការទូត រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានសម្តែងការសោកស្តាយចំពោះមរណភាពរបស់លោក វ៉ាន់ ណាត ដែលជាអតីតអ្នករស់រានមានជីវិតពីគុកទួលស្លែង និងសាក្សីដ៏សំខាន់នៅក្នុងសាលាក្តីខ្មែរក្រហមប្រឆាំងនឹងឌុច ដែលជាអតីតមេគុកទួលស្លែងរបស់ពួកខ្មែរក្រហម។
លោកឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា លោកវ៉ាន់ ណាត គឺជាជនរងគ្រោះ និងសាក្សីដ៏សំខាន់ដែលបានដឹងរឿងរ៉ាវនៃការធ្វើទារុណកម្មយ៉ាងឃោរឃៅរបស់ពួកខ្មែរក្រហម។
«ការបាត់បង់របស់គាត់នេះគឺជាការគួរឲ្យសោកស្តាយមែនទែនចំពោះការចូលរួមចំណែកនៅក្នុងការស្វែងរកយុត្តិធម៌ ហើយគាត់គឺជាមនុស្សម្នាក់ដែលមានមនសិកាខ្ពស់មែនទែន ហើយលះបង់ខ្ពស់ណាស់នៅក្នុងកិច្ចការយុត្តិធម៌ និងនៅក្នុងការចូលរួមដំណើរការសាលាក្តីនេះ»។
លោក ឡាត់ គី បានបន្ថែមថា មរណភាពរបស់លោកវ៉ាន់ ណាត ជាសារមួយជំរុញឲ្យតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមចេញសាលដីកាចុងក្រោយនៃរឿងក្តីឌុចឲ្យបានឆាប់។
«ការស្លាប់របស់គាត់ ខ្ញុំយល់ឃើញថា វាជាសារមួយសំខាន់សម្រាប់សាធារណជន ក៏ដូចជាអង្គជំនុំជម្រះតុលាការកំពូលក្នុងការពន្លឿនកិច្ចការនៅក្នុងការប្រកាសសាលដីការបស់ខ្លួនឲ្យបានឆាប់ផងដែ»។
លោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា លោកវ៉ាន់ ណាត មិនចង់បានអ្វីក្រៅតែពីយុត្តិធម៌ ហើយលោកបានចូលរួមធ្វើជាសាក្សីប្រវត្តិសាស្ត្រម្នាក់ប្រឆាំងនឹងឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខស-២១ ប៉ុន្តែអកុសល លោកបានស្លាប់ដោយមិនទាន់បានទទួលយុត្តិធម៌ពេញលេញ។ លោក ឆាង យុ បានបន្តថា សាលាក្តីខ្មែរក្រហមបានជជែកដេញដោលគ្នាអំពីសុខភាពរបស់ជនជាប់ចោទ ប៉ុន្តែមិនបានគិតអំពីសុខភាពរបស់ជនរងគ្រោះ និងសាក្សីដូចលោកវ៉ាន់ ណាតនេះទេ។
«សព្វថ្ងៃ យើងខ្វល់ខ្វាយអំពីសុខភាពរបស់ជនត្រូវចោទអៀង ធីរិទ្ធ និងនួន ជា ប៉ុន្តែឪពុកម្តាយ និងបងប្អូនយើងដែលបានរស់ពីរបបខ្មែរក្រហម បានស្លាប់ជាបន្តបន្ទាប់។ ខ្ញុំថាគាត់ជានិមិត្តរូបនៃភាពរឹងមាំរបស់ជនរងគ្រោះ។ ដូចជាពូ វ៉ាន់ ណាត ខ្មែរយើងថា ស្លាប់ទៅបិទភ្នែកមិនជិត មិនបានឃើញយុត្តិធម៌ពេញលេញមួយដែលត្រូវបានផ្តល់ជូនគាត់»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ការបាត់បង់វត្តមានរបស់លោកអាចជា ការបាត់បង់ចំណែកណាមួយនៃការងារតុលាការ។
«នេះ ជាដំណឹងដ៏ក្រៀមក្រំ ហើយជាការសោកស្តាយដ៏ធំបំផុត ដោយសារយើងយល់ឃើញថា គាត់គឺជា សាក្សីភ្នែកស្រស់ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់យុត្តិធម៌ទាំងសងខាង។ យុត្តិធម៌ទាំងជនជាប់ចោទ និងទាំងជនរងគ្រោះនៃអំពើពីរបបប្រល័យពូជសាសន៍។
លោក ស្សន ម៉ាកឃីនតុស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់តាមសម្តីដើមថា៖
«យើងមានការសោកស្តាយអំពីដំណឹងមរណៈភាពរបស់លោកវ៉ាន់ ណាត ដែលជាបុគ្គលដ៏អង់អាច និងប៉ិនប្រសប់ ហើយយើងសូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសាររបស់លោក»។
សេចក្តីថ្លែងការណ៍រួមរបស់ស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតបារាំង និងជប៉ុនបានសម្តែងការសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោកវ៉ាន់ ណាត ដែលជាអ្នករស់រានពីមជ្ឈមណ្ឌលឃុំឃាំងស-២១ និងជាសាក្សីដ៏សំខាន់នៃអំពើឃោរឃៅរបស់ពួកខ្មែរក្រហម។
លោកស្រី គ្លែរ ដាហ្វ៊ី (Clair Duffy) មន្ត្រីឃ្លំាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) បានថ្លែងថា វាជារឿងសោកសៅបំផុតចំពោះ មរណភាពរបស់លោកវ៉ាន់ ណាត ហើយលោកបាននិយាយអំពីបទពិសោធន៍ដ៏ឈឺចាប់របស់គាត់នៅគុកទួលស្លែងរបស់ខ្មែរក្រហម និងទាមទារយុត្តិធម៌ចំពោះអំពើឃោរឃៅសម្រាប់ការឈឺចាប់របស់លោក និងជនរងគ្រោះដែលបានស្លាប់នៅគុកទួលស្លែង។
«ខ្ញុំគិតថាគ្រួសាររបស់លោកវ៉ាន់ ណាត ព្រមទាំងដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ និងអ្នករស់រានមានជីវិតដទៃទៀតចង់ឃើញសេចក្តីសម្រេចចុងក្រោយចំពោះ ឌុច ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានប្រកាសកាលពីសប្តាហ៍មុនថា សេចក្តីសម្រេចអំពីករណីឌុច នឹងត្រូវបានប្រកាសនៅមុនបំណាច់ឆ្នាំ២០១១នេះ»៕