ក្រុមអ្នកឃ្លាំមើលនៅស.រ.អា.និងជនសង្ស័យមានប្រតិកម្មចំពោះការប្រទាញប្រទង់ចុងក្រោយមួយក្នុងសាលាក្តីខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប.ទាក់ទងនឹងការនាំខ្លួនជនសង្ស័យបន្ថែមមកជំនុំជម្រះទោស។
ការទាត់ចោល ឬក៏ការនាំខ្លួនពួកអតីតមេដឹកនាំខ្មែរក្រហមបន្ថែម៥នាក់ទៀត ក្នុងសំណុំរឿងលេខ០០៣ និង០០៤ មកជំនុំជម្រះទោស បានក្លាយជាការមិនចុះសម្រុងគ្នាជាថ្មីទៀតរវាងសហព្រះរាជអាជ្ញាខ្មែរ និងបរទេស ដោយសំអាងហេតុ ផលរៀងៗខ្លួន។ ក៏ប៉ុន្តែ ការប្រទាញប្រទង់ចុងក្រោយនេះបង្កឲ្យមានប្រតិកម្មពីក្រុមអ្នកឃ្លាំមើលសាលាក្តីក្នុងប្រទេសអាមេរិក និងជនដែលគេចាត់ទុកថា ជា ជនសង្ស័យបន្ថែមក្នុងសំណុំរឿងទាំងនេះផងដែរ។
សហព្រះរាជអាជ្ញាបរទេសលោក អាន់ឌ្រូ ឃេលី (Andrew Cayley) បានចាត់ទុក ថា សំណុំរឿង០០៣ និង០០៤ ស្ថិតក្នុងយុត្ថាធិការនៃសាលាក្តីខ្មែរក្រហម ហើយលោកបង្ហាញឲ្យឃើញនូវបទឧក្រិដ្ឋកម្មនានា ការកាប់សម្លាប់ ការធ្វើទារុណកម្ម ដាក់គុក អំពើអមនុស្សធម៌ផ្សេងៗ ខណៈពេលដែលលោកចង្អុលបង្ហាញចំៗទៅលើទីតាំងជាច្រើននៃឧក្រិដ្ឋកម្មដែលបានកើតឡើង។
លោកឃេលីបានអះអាងថា លោកនឹងស្នើសុំឲ្យសហចៅក្រមស៊ើបអង្កេតកោះហៅនិងសួរចម្លើយជនសង្ស័យនានា ពិនិត្យបន្ថែមទៅលើទីតាំងឧក្រិដ្ឋកម្ម កន្លែងកប់សាកសព ស្តាប់ចម្លើយសាក្សី ដាក់ភស្តុតាងបន្ថែមក្នុងសំណុំរឿង ទោះបីជាសហចៅក្រមស៊ើបអង្កេតបានជូនដំណឹងអំពីការបញ្ចប់ការស៊ើបសួរសំណុំរឿង០០៣ ហើយលោក មានពេលតែ១៥ថ្ងៃក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលសហចៅក្រមស៊ើបអង្កេតកំពុងរង់ចាំការស្នើសុំពីលោកអាន់ឌ្រូ ឃេលី សហព្រះរាជអាជ្ញាអន្តរជាតិនោះ លោកស្រីជា លាង សហព្រះរាជអាជ្ញាជាតិ បានបង្ហាញជំហរ ជំទាស់នឹងដៃគូរបស់លោកស្រី ដោយនិយាយថា ជនសង្ស័យមានឈ្មោះក្នុងសំណុំរឿង០០៣មិនមែនជាមេដឹកនាំជាន់ខ្ពស់ និងមិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ហេតុដូច្នេះមិនស្ថិតនៅក្នុងយុត្ថាធិការដែលសាលាក្តីខ្មែរក្រហមត្រូវយកមកធ្វើការកាត់សេចក្តីឡើយ។
ការជំទាស់របស់លោកស្រីជា លាងត្រូវគេគិតថា ស្របជាមួយនឹងជំហររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលរារាំងការនាំខ្លួនជនសង្ស័យបន្ថែមទៀតមកកាត់ទោស ដោយឈរលើហេតុផលថា វាអាចប៉ះពាល់ដល់សន្តិភាព។ ចំហរនេះផ្ទុយពីការយល់ឃើញរបស់ភាគីអ.ស.ប.ដែលចង់រកយុត្តិធម៌ជូនជនរងគ្រោះ។
លោក Jame Goldston នាយកអង្គការច្បាប់មួយមានមូលដ្ឋាននៅស.រ.អា. ឈ្មោះ Open Society Justice Initiative (OSJI) បានចាត់ទុកថា ជំហរផ្ទុយគ្នារបស់សហព្រះរាជអាជ្ញានោះទំនងជាការសម្រចចិត្តតាមការជំរុញផ្នែកនយោបាយ ការសើរើឡើងវិញដដែលៗនូវជំហររបស់រដ្ឋាភិបាលកម្ពុជាជាលទ្ធផលដែលគេអាចកំណត់ទុកជាមុន ដែលលោកបញ្ជាក់ថា ជាសេចក្តីរាយការណ៍គួរឲ្យបារម្ភ។
«ប្រសិនបើរឿងនេះត្រូវបញ្ជាក់មែន សេចក្តីរាយការណ៍ទាំងនេះអាចនឹងធ្វើឲ្យ ខូចខាតដល់មុខមាត់ និងការណ៍ពិតនៃឯករាជ្យភាព ហើយនឹងភាពមិនលំអៀង។ ឯករាជ្យភាពនិងភាពមិនលំអៀងនេះគឺជារឿងសំខាន់ចំពោះសុចរិតភាពនៃតុលាការទាំងឡាយ»។
លោកGoldstonបានអះអាងថា សាលាក្តីខ្មែរក្រហមពុំបានធ្វើឲ្យសំណុំរឿងលេខ០០៣និង០០៤មានតម្លាភាពទេ ដែលលោកចាត់ទុកថា គឺជាបញ្ហារំខាន។
«អ្វីដែលយើងដឹងប្រាកដនោះគឺថា មិនមានការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅ ឯទីតាំងផ្ទាល់ទេ ក្នុងសំណុំរឿងទាំងនេះ ហើយក៏គ្មានជនសង្ស័យណាត្រូវសាក សួរដែរ។ រឿងនេះទំនងជាមានការខ្វះចន្លោះខ្លាំងក្នុងការបំពេញតាមបទដ្នាន អន្តរជាតិនានា ចំពោះការស៊ើបអង្កេតលើបទឧក្រិដ្ឋ»។
លោកPeter Maguire ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យក្នុងប្រទេសអាមេរិក និងជាអ្នកនិពន្ធសៀវភៅ «Facing Death in Cambodia» ដែលសរសេរអំពីរបប ខ្មែរក្រហម។ លោកបានអះអាងថា៖ តុលាការខ្មែរក្រហម ដែលចូលរួមដោយ អ.ស.ប. មិនដំណើរការល្អទេ គឺវាស្ថិតក្រោមសម្ពាធរបស់រដ្ឋាភិបាល។ លោកថ្លែងថា ជាការឆាប់ពេក ដែលនិយាយអំពីការកាត់ទោសជនសង្ស័យបន្ថែមទៀតនៅពេលនេះ។
«នៅទីបំផុតអ.ស.ប.នឹងលោត នៅពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រាប់ឲ្យ ពួកគេលោត។ តែសំណើរបស់ពួកគេជាអង្គហេតុដែលបានបង្កើតឡើងយ៉ាងល្អក្នុងដំណាក់កាលនេះ»។
លោកបានបន្ថែមដែរថា លទ្ធផលចុងក្រោយគឺជារឿងងាយទេគឺថា ប្រសិនបើ តុលាការខ្មែរក្រហមមិនអាចកាត់ទោសមេដឹកនាំខ្មែរក្រហមកំពូលៗ នៅពេលដែលពួកគេនៅរស់ ដូច្នេះជារឿងយុត្តិធម៌ណាស់ក្នុងការវិនិច្ឆ័យថា តុលាការចម្រុះនេះធ្វើកំប្លុកកំប្លែងតាមនីតិវិធី ដែលមិនគួរត្រូវព្យាយាមធ្វើតទៅទៀតនោះ។
លោក David Tolbert ជានាយកអង្គការច្បាប់របស់ស.រ.អា.មួយឈ្មោះមជ្ឈមណ្ឌល អន្តរជាតិសម្រាប់យុត្តិធម៌អន្តរកាល (ICTJ) ហើយធ្លាប់ជាអ្នកជំនាញការពិសេស នៃអ.ស.ប.សម្រាប់កិច្ចការខ្មែរក្រហម។ លោកបានប្រាប់ VOA ខេមរៈភាសាតាមរយៈអ៊ីម៉េលថា៖ យោងទៅតាមឧក្រិដ្ឋកម្មដែលបានកើតឡើង ភាគីព្រះរាជអាជ្ញាអន្តរជាតិទំនងជាមានសំអាងមាំទាំ។ ក៏ប៉ុន្តែនៅពេលមានការមិនចុះសម្រុងគ្នារវាងសហព្រះរាជអាជ្ញាទាំងពីរនោះ ការសម្រេចចុងក្រោយគឺស្ថិតនៅលើអង្គបុរេ ដែលមានចៅក្រមខ្មែរ៣រូប និងបរទេស២រូប។ លោកបានអះអាងថា៖
«យើងនឹងត្រូវពិនិត្យមើលថា តើអ្វីនឹងកើតមានឡើង។ ក៏ប៉ុន្តែវាបានបង្ហាញចេញមកហើយថា សហព្រះរាជអាជ្ញាអន្តរជាតិមានអំណះអំណាងខ្លាំងដែលថា ជនសង្ស័យក្នុងករណី០០៣ និង០០៤ ឋិតក្នុងលក្ខណៈវិនិច្ឆ័យជាជនទទួលខុសត្រូវខ្ពស់បំផុត»។
ជនសង្ស័យ៥នាក់នេះស្ថិតនៅក្នុងសំណុំរឿង០០៣និង០០៤។ ឈ្មោះជនទាំង៥នាក់នេះត្រូវអ្នកដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីគឺកញ្ញាសេង ធារី បង្ហាញក្រៅផ្លូវការថ្មីៗនេះ មុនពេលតុលាការប្រកាសដឹង។ អ្នកទាំង៥នាក់នេះរួមមានលោកស៊ូ ម៉េត ដែលត្រូវគេស្គាល់ថា ជាអតីតមេបញ្ជាការទ័ពអាកាសខ្មែរក្រហម លោកមាស មុត ជាអតីតមេបញ្ជាការកងទ័ពជើងទឹក អ្នកស្រីអ៊ឹម ចែម ជាអតីតគណៈស្រុកព្រះនេតព្រះ តាអាន អតីតមេបញ្ជាការតំបន់៤១នៅកំពង់ធំ និងតា ទិត អតីតមេបញ្ជាការតំបន់១៣ នៅគីរីវង្ស ខេត្តតាកែវ។
ជនទាំង២នាក់ក្នុងចំណោម៥នាក់ ដែលវីអូអេអាចទាក់ទងបាននោះ បានបដិសេដថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មដែលកើតឡើងក្នុងសម័យខ្មែរក្រហមទេ។ អ្នកស្រីអ៊ឹម ចែមបានថ្លែងប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយអះអាងថា៖ អ្នកស្រីគ្មានក្តីបារម្ភទេ ដោយសារមិនមានអ្វីពាក់ព័ន្ធនឹងការចោទប្រកាន់នានា ហើយម្យ៉ាងទៀតអ្នកស្រីអះអាងថា រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីហ៊ុន សែនផ្តល់ការជឿជាក់ថា នឹងមិនយកអ្នកផ្សេងបន្ថែមទៀតទៅតុលាការជំនុំជម្រះទោសទេ។
«តែខាងសម្តេចនាយកហ៊ុន សែនគាត់ការពារ។ គាត់ថា ឲ្យយកតែ៥នាក់មុនប៉ុណ្ណឹងទេ។ កុំព្រួយកុំ(ភ័យ)អី អត់ឲ្យយកទៀតទេណា៎។ អញ្ចឹងហើយគេទុកចិត្តគាត់។ ពាក្យគាត់ហ្នឹង គាត់ដូចថា នៅចាំការពារពាក្យគាត់រហូត ហើយធ្វើឲ្យប្រជាពលរដ្ឋកក់ក្តៅចំពោះគាត់ដែរ»។
អ្នកស្រីអ៊ឹម ចែមជាសមាជិកក្រុមប្រឹក្សាឃុំមួយរូបខាងគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់រឹងមាំចុងក្រោយរបស់ខ្មែរក្រហម។
អ្នកស្រីព្រមានថា ការនាំខ្លួនជនសង្ស័យបន្ថែមទៀតទៅកាន់តុលាការនឹងនាំឲ្យ មានអស្ថិរភាព ដោយសារ មានបងប្អូន កូនចៅ អ្នកភូមិជាច្រើននាំគ្នាចូលធ្វើយោធាការពារទឹកដីប្រឆាំងនិងកងទ័ពថៃនៅតាមព្រំដែន។ អ្នកស្រីចែមបាន បញ្ជាក់ថា អ្នកស្រីមិនធ្លាប់ត្រូវតុលាការកោះហៅទៅសាកសួរទេ។ អ្នកស្រីបញ្ជាក់ថា ទោះមានការកោះហៅពីតុលាការ ក៏អ្នកស្រីនឹងមិនទៅបំភ្លឺដែរ។អ្នកស្រីសំអាងថា អ្នកស្រីមិនបានដឹងរឿងអ្វីក្នុងសម័យខ្មែរក្រហមទេ។
«ខ្ញុំបកស្រាយកាលជំនាន់នោះ ព្រោះអី ពេលប្រទេសកម្ពុជាទាំងមូលកើតសង្រ្គាមគឺខ្មែរក្រហមទាំងអស់គ្នាហ្នឹង។ រីឯបញ្ហាពាក់ព័ន្ធនយោបាយអី ខ្ញុំអត់ដឹងដែរ។ ខ្ញុំនៅក្រោមបញ្ជា ក្រោមការដឹកនាំរបស់គេដែរ»។
លោកមាស មុតបានថ្លែងប្រាប់ VOA ផ្នែកខេមរភាសា ដោយអះអាងថា លោក មិនមានការទាក់ទងនឹងអំពើឧក្រិដ្ឋកម្មទេ ហើយក៏ពុំធ្លាប់ត្រូវកោះហៅទៅសាក សួរអ្វីដែរ។ លោកបានព្រមានដែរថា បើមានការចាប់ខ្លួនលោកទៅកាន់តុលាការនោះ វានឹងមានអស្ថិរភាព ព្រោះថា អតីតកងទ័ពខ្មែរក្រហម ដែលកំពុងការពារ ទឹកដីជាមួយថៃនៅសមរភូមិជាយដែន នឹងមិនសុខចិត្តទេ។
«ខ្ញុំឃើញអញ្ចេះថា ដោយសារស្ថានភាពតាមព្រំដែនក៏វាមិនទាន់ជាល្អណាស់ ណា ហើយកិច្ចការងារអភិវឌ្ឍប្រទេសជាតិក៏វាកំពុងដំណើរការល្អ ហើយប្រសិនណាយើងមានការកកូរកកាយអញ្ចឹង ទោះតិច ទោះច្រើន វានឹងប៉ះហើយដល់អារម្មណ៍របស់កម្លាំងមួយចំនួននៅក្នុងកងខេមរភូមិន្ទដែលកំពុងតែឈរជើង ធ្វើជារបងការពារនៅតាមព្រំដែន ណា៎។ ឯចំពោះផ្ទាល់ខ្លួនខ្ញុំ ខ្ញុំមែនទែន ខ្ញុំអត់មានការព្រួយបារម្ភអីទេ ពីព្រោះអី ពីព្រោះខ្ញុំធ្វើកន្លងមក តស៊ូកន្លងមក ក៏ដើម្បីជាតិ ដើម្បីប្រជាជន ហើយខ្ញុំអត់ដែលទៅប្រឆាំង អត់ដែលទៅវ៉ៃតប់អីនរណាក្រៅពីពួកដែលមករំលោភឈ្លានពានទឹកដីរបស់ខ្លួនទេ។ ហើយបើគេចោទខ្ញុំពីបទឧក្រិដ្ឋកម្មសង្គ្រាមអីៗ ខ្ញុំយល់ឃើញថា អញ្ចឹងអ្នកការពារទឹកដីប្រទេសតូចតាច ដែលប្រឈមមុខការពារទឹកដី អាហ្នឹងសុទ្ធតែឧក្រិដ្ឋកម្មសង្គ្រាមទាំងអស់ឬ? ហើយនែ អាមេរិកទម្លាក់គ្រាប់បែកលើស្រុកខ្មែរប្រាំសែនតោន នៅស្រុកយួន១លាន៥ ឬ ៦សែនតោន ហ្នុងវាមិនឧក្រិដ្ឋសង្រ្គាមផង? មកឧក្រិដ្ឋកម្មសង្រ្គាមអីតែខ្មែរ ការពារទឹកដីរបស់ខ្លួន? អាហ្នឹងខ្ញុំយល់ឃើញអញ្ចឹង»។
លោកមាស មុតថ្លែងយ៉ាងដូច្នេះក្រោយពីលោកបានទទួលទូរស័ព្ទទាក់ទងមក រូបលោកជាច្រើននៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពួកគេជាអ្នកធ្លាប់ស្គាល់លោក ជាអ្នកធ្លាប់នៅក្រោមបង្គាប់ ជាទាហ៊ានដែលបាន ឮការផ្សព្វផ្សាយព័ត៌មានអំពីការប៉ុនប៉ងនាំខ្លួនពួកអតីតកម្មាភិបាលខ្មែរក្រហមទៅតុលាការ។
លោកមាស មុតជាអតីតទីប្រឹក្សាក្រសួងការពារជាតិ មានឋានន្តរសក្តិឧត្តមសេនីយ៍ទោ។ លោកបានចូលនិវត្តមួយឆ្នាំមកហើយ។
លោកMark Wenig អ្នកនាំពាក្យស្ថានទូតស.រ.អា.ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ស.រ.អា.ប្តេជ្ញាជួយដល់ប្រទេសកម្ពុជាដើម្បីជំនុំជម្រះទោសជនទាំងឡាយណាដែលជាមេដឹកនាំជាន់ខ្ពស់ ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃអំពើឃោរឃៅនានា។
«យើងគោរពតាមកិច្ចប្រឹងប្រែងបន្តរបស់សាលាក្តីដើម្បីនាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយនឹងធ្វើឲ្យប្រសើរឡើងនូវការគោរពច្បាប់ ហើយនឹងជំនឿទុកចិត្តលើសុចរិតភាពនៃដំណើរការច្បាប់របស់តុលាការ»។ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ១២ឧសភា កញ្ញាសេង ធារីប្រធានសមាគមជនរងគ្រោះកម្ពុជា បានរិះគន់មន្ត្រីតុលាការខ្មែរក្រហមផ្នែកអ.ស.ប.ទាក់ទងនឹងចំណាត់ការមិនសមរម្យសម្រាប់ជនរងគ្រោះ។ កញ្ញាសុំឲ្យមន្ត្រីកំពូលរបស់អ.ស.ប.ប្រចាំសាលាក្តីគឺលោកKnut Rosandhaug និងលោក Siegfried Blunk សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចុះចេញពីតំណែង។
មានជនរងគ្រោះមិនដល់៥នាក់ផងដែលបានដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ក្នុងរយៈពេលតក់ក្រហល់ ដែលជនរងគ្រោះមានពេលដល់ត្រឹមថ្ងៃទី១៨ ឧសភាប៉ុណ្ណោះ ដើម្បីដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ ជនរងគ្រោះមិនត្រូវគេប្រកាសឲ្យដឹងពីដំណើរការនីតិវិធីក្នុងករណីនេះ ដូចក្នុងករណី០០១ និង០០២ទេ។
លោកJame Goldstone បានអះអាងថា ជនរងគ្រោះមិនត្រូវគេប្រាប់ឲ្យដឹងដើម្បី ត្រៀមខ្លួនចូលរួមនោះទេ ដែលលោកសង្កត់ធ្ងន់ថា នេះជាបញ្ហា។
«ចំពោះហេតុផលទាំងឡាយនេះ ជនរងគ្រោះនៃឧក្រិដ្ឋកម្មនានា ដែលត្រូវស៊ើបអង្កេតក្នុងសំណុំរឿងលេខ០០៣ និង០០៤ គួរមានព័ត៌មាននិងឱកាសគ្រប់គ្រាន់ដើម្បីចូលរួម។ យើងសង្ឃឹមថា តុលាការនឹងផ្តល់ការយល់ព្រមនឹងសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដើម្បីបន្តពន្យាពេលសម្រាប់ជនរងគ្រោះដាក់ពាក្យសុំរបស់គេដើម្បីឲ្យមានការពិចារណានេះ»។
លោកDavid Toldbert បានសង្កេតឃើញថា មានការចាត់ចែងមិនត្រឹមត្រូវចំពោះ បញ្ហាជនរងគ្រោះ ដែលលោកបានអះអាងតាមប្រសាសន៍ដើមរបស់លោកថា៖ វាជារឿងចំអកមួយ ប្រសិនបើការចូលរួមរបស់ជនរងគ្រោះត្រូវគេរិតត្បិតក្នុងបរិបទនេះ។
នៅពាក់កណ្តាលឆ្នាំ២០១១នេះ សាលាក្តីកាត់ទោសខ្មែរក្រហមគ្រោងនឹងកាត់ ទោសករណី០០២ ដែលមានអតីតមេដឹកនាំកំពូលៗ៤នាក់ ហើយដែលកំពុងជាប់ឃុំឃាំងពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ជនទាំង៤នាក់នោះមាន នួន ជា អៀង សារី ខៀវ សំផន អៀង ធីរិទ្ធ ដែលជាមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យដែលទទួលខុសត្រូវចំពោះការស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជិត២លាននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩៕