ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិអតីតនាយករដ្ឋមន្ត្រីទី១និងជាអតីតប្រធាន គណបក្សរាជានិយម ដែលបាន លាឈប់ពីឆាកនយោបាយជិតពីរឆ្នាំមុន បានប្រកាស ថាព្រះអង្គនឹងចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីតាមការស្នើ សុំរបស់អ្នករាជានិយមនិងសមាជិករបស់ព្រះអង្គដែលគាំទ្រ។
ថ្លែងប្រាប់ VOA ផ្នែកខេមរភាសាកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានអះអាងថា ការសម្រេចព្រះទ័យរបស់ព្រះអង្គ ឈរលើ បញ្ហាជាច្រើន រួមទាំងដើម្បីបម្រើជាតិ មិនចង់ឃើញលទ្ធផលបោះឆ្នោត សម្រាប់គណបក្សរាជានិយមនៅតែធ្លាក់ចុះមិនសមនិងកម្លាំងរាជានិយម មិនចង់ ទុកឱ្យសំឡេងរាជានិយមដ៏ច្រើននៅបែកបាក់រាយប៉ាយ។
“មិនត្រឹមតែរបាត់រប៉ាយទេ វាបែកបាក់ទៅខាងលិចទៅខាងកើតទៀត ខាងលិច ខាងកើតយល់ស្រាប់ហើយ ខាងឆ្វេងផង ខាងស្តាំផង ម៉្លោះហើយខ្ញុំយល់ថាក្នុង កាលៈទេសៈរបៀបនេះ បើខ្ញុំឈរនៅឱបដៃមើលទៅទៀតខ្ញុំថាមានគ្រោះថ្នាក់”។
ព្រះអង្គមានបន្ទូលដូច្នេះទំនងជាយោងទៅលើលទ្ធផលនៃការបោះឆ្នោតដែល គណបក្សរាជានិយមចំនួនពីរគឺគណបក្សហ៊្វុនស៊ីនប៉ិច និង គណបក្សនរោត្តម រណឫទ្ធិ ដែលដូរឈ្មោះទៅគណបក្សជាតិនិយម បានទទួលលទ្ធផលនៃការ បោះឆ្នោតតិចតួចគឺគណបក្សនីមួយៗបានទទួល ពីរអាសនៈក្នុងសភា តែប៉ុណ្ណោះកាលពីការបោះឆ្នោតឆ្នាំ២០០៨ បន្ទាប់ពីព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិត្រូវគេបណ្តេញចេញពីគណបក្សហ៊្វុនស៊ីនប៉ិច។ អតីតសមាជិកគាំទ្រគណបក្សរាជានិយមជាច្រើនកំពុងធ្វើការក្នុងរដ្ឋាភិបាល ថ្នាក់ជាតិនិងថ្នាក់កណ្តាល និងមូលដ្ឋាន ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ហើយមួយចំនួនទៀតនៅស្មោះត្រង់និងគណបក្សរាជានិយម ហើយមួយចំនួនទៀតចូលរួមជាមួយគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា៕