ភ្នំពេញ៖ ក្នុងរយៈពេល៤៦ឆ្នាំមកនេះ កម្ពុជា និងថៃ បានប្រយុទ្ធគ្នា ជាច្រើនលើកជុំវិញរឿងប្រាសាទព្រះវិហារ។ ក្រុមអ្នកវិភាគនិយាយថា ទំនាស់នេះ បានជម្រុញឲ្យប្រជាជាតិទាំងពីរមានទឹកចិត្តជាតិនិយមកាន់តែច្រើនឡើង។
វាជាប្រវត្តិសាស្ដ្រច្រំដែល នៅពេលដែលកម្ពុជា និងថៃធ្លាក់ក្នុងជម្លោះជុំវិញប្រាសាទព្រះវិហារ។ ចំណែកការប្រយុទ្ធគ្នានាពេលថ្មីៗបំផុតនេះ ដែលភាគីថៃហៅថា គឺជាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រីឯភាគីកម្ពុជា បានហៅថា គឺជាសង្គ្រាមនោះ ពិតជាមិនអាចញែកចេញពីទំនាស់នយោបាយដើម្បីដណ្ដើម និងដើម្បីការពារប្រាសាទព្រះវិហារ និងទឹកដីដែលស្ថិតនៅក្នុងតំបន់នោះបានឡើយ។
លោកស្រី វីនីតា រ៉ាម៉ានី ម៉ូហាន អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យគ្រប់គ្រងនៃប្រទេសសិង្ហបុរី និងជាសហស្ថាបនិកអង្គការ Access to Justice Asia រំឮកថា ឫសគល់នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ គ្មានអ្វីក្រៅពីកើតចេញពីការជំទាស់ក្នុងប្រទេសថៃលើការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ខ្មែរនោះទេ។
លោកស្រី វីនីតា ឆ្លើយតបតាមសារអេឡិចត្រូនិច សម្រាប់ វីអូអេ សម្លេងសហរដ្ឋអាមេរិកថា ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោកកាលពីខែ កក្កដា ឆ្នាំ ២០០៨ «បានដុតកំហឹងប្រទេសថៃ»។ ប្រទេសនេះដែលបន្ដទាមទារដាក់ប្រាសាទដ៏ចំណាស់នេះជាសម្បត្តិអធិបតេយ្យរបស់ខ្លួន។ បន្ថែមពីនេះទៀត «ការដាក់គម្រោងប្រទេសកម្ពុជាទៅកាន់អង្គការយូណេស្កូ សម្រាប់អភិវឌ្ឈតំបន់ដែលមានជម្លោះទំហំ ៤,៦ គម នៅក្បែរតំបន់ប្រសាទកាលពីខែ សីហា អាចជាគន្លឹះបង្កឲ្យមានការរឹតបន្តឹងការពង្រាយកងទ័ព និងជម្លោះ»។
មូលហេតុនៃជម្លោះទំនងលែងជាអាថ៌កំបាំងទៀតហើយ។ សម្រាប់លោក ធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក និងជាអ្នកវិភាគនយោបាយកម្ពុជាមួយរូបក៏បានលើកអំណះ អំណាងដូចគ្នានេះដែរ។ លោកថ្លែងថា៖
«មូលដ្ឋានធំនៃរឿងជម្លោះហ្នឹង ដោយសារតែមានការប្រទូសរាយគ្នាក្នុងការចង់បានប្រាសាទព្រះវិហារ ជាពិសេសពីភាគីថៃដោយតុលាការយុត្តិធម៌អន្ដរជាតិបានសម្រេចរួចទៅហើយ។ ហើយគាត់នៅតែចង់ទាមទារដែលធ្វើឲ្យទំនាស់គ្នារហូតដល់ពេលនេះ»។
ក្រុមអ្នកវិភាគយល់ថា អ្វីដែលបានកើតឡើងនោះ បានស្ដែងចេញពីភាពជាអ្នកជាតិនិយមទាំងសងខាង ហើយវាបានក្លាយជាកាតាលិករនៃនយោបាយប្រដាប់អាវុធ។ ចំណុចចាប់ផ្ដើមរបស់ថៃបានផុសចេញពីការរុញពីក្រោយខ្នងនៃចលនាប្រជាជាតិអាវលឿង រីឯមូលដ្ឋានរបស់កម្ពុជា បានស្ដែងចេញតាមរយៈសេចក្ដីអះអាងពីភាពស្របច្បាប់របស់ខ្លួន។
ថៃធ្លាប់ចាញ់ក្ដីកម្ពុជាកាលពីឆ្នាំ ១៩៦២ ក្នុងការប្ដឹងទាមទារសិទ្ធិកាន់កាប់ប្រាសាទ ព្រះវិហារដែលមានចំណាស់៩០០ឆ្នាំ។ ក៏ប៉ុន្ដែភាពតានតឹងចាប់តាំងពីឆ្នាំ២០០៨ មកនោះ បានផុសចេញ ពីការដណ្ដើមកាន់កាប់ដីដែលស្ថិតនៅជាប់នឹងប្រសាទបាក់បែកដ៏ចំណាស់នេះពីភាគីប្រទេសថៃ។
ក្រោយពីការប្រយុទ្ធគ្នាប្ដូរសា្លប់រស់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ខែកុម្ភៈ ដោយមានការប្រើប្រាស់អាវុធវាយលុក និងអាវុធគាំទ្រធុនទំនើបៗរៀងៗខ្លួន ភាគីគូទំនាស់បានឡើងដល់តុចរចានៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលភាគីថៃមិនសូវចង់បាននោះ។ ក៏ប៉ុន្ដែលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីខ្មែរបានលើកក្នុងពេលចុងក្រោយនេះថា តុចរចាសម្រាប់ទ្វេភាគីរវាងកម្ពុជា និងថៃ នោះ លែងមានប្រសិទ្ធិភាពទៀតហើយ។ កម្ពុជាត្រូវការការសម្រេចសេចក្ដីពីអង្គការសហប្រជាជាតិ។ ក៏ប៉ុន្ដែអ្នកវិភាគមួយចំនួនគិតថា កម្ពុជាប្រហែលជាពិបាកនឹងស្វែងរកការគាំទ្រពីអង្គការសហប្រជាជាតិ ដើម្បីធ្វើអន្ដរាគមន៍ក្នុងការដាក់កងរក្សាសន្ដិភាពមួកខៀវមកកាន់តំបន់ជម្លោះខណៈដែលនៅមានភាពមិនទាន់ច្បាស់លាស់ថា តើការផ្ទុះអាវុធនោះ គឺជាប្រភេទសង្គ្រាម ឬគ្រាន់តែជាការប៉ះទង្គិចប្រដាប់អាវុធនោះទេ។
យោងតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ អង្គការកំពូលនេះមានតួនាទីធ្វើអន្ដរាគមន៍ដល់ទីកន្លែងប្រទាញប្រទង់ក្នុងល័ក្ខខ័ណ្ឌដែលរកឃើញថា ប្រទេសគូទំនាស់បានបង្កសង្រ្គាមជាមួយគ្នា។ យ៉ាងណាក៏ដោយនៅថ្ងៃចន្ទ័ទី ១៤ កុម្ភៈខាងមុខនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជម្លោះនេះ។ រដ្ឋមន្ដ្រីការបរទេសនៃប្រទេសទាំងពីរនឹងឡើងថ្លែងពីអំណះអំណាងរៀងខ្លួន។
លោក ធន់ សារ៉ាយ មានប្រសាសន៍ថា បើទោះបីជាការបាញ់ប្រហារគ្នាមួយឈុតរវាងកងទព័កម្ពុជា និងថៃមិនអាចចាត់ទុកជាសង្រ្គាមក៏ដោយ ក៏កម្ពុជាអាចប្ដឹងសើរើរកភាពស្របច្បាប់ ដើម្បីធ្វើជាម្ចាស់លើប្រាសាទព្រះវិហារ និងទឹកដីដែលនៅជុំវិញនោះបានដែរ។ លោក សារ៉ាយ មានប្រសាសន៍ថា៖
«អញ្ចឹង បើសិនជាយើងរុញឲ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ធ្វើការបកស្រាយសេចក្ដីសម្រេចទីក្រុងឡាអេ ដោយយើងចោទប្រកាន់ថា ប្រទេសថៃមិនបានសម្រេចតាមសេចក្ដីសម្រេចទីក្រុងឡាអេ ។ នៅក្នុងជំពូកទី ១៤ របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ បានបញ្ជាក់ច្បាស់ថា ភាគីមួយមានសិទ្ធិប្ដឹងទៅភាគីមួយទៀត ដែលមិនព្រមគោរពតាមការសម្រេចរបស់តុលាការនោះ»។
ពេលនេះ ភាពតានតឹងផ្នែកការទូតនៃព្រះរាជាណាចក្រគូសត្រូវទាំងពីរមិនទាន់កើតមាននៅឡើយ ក៏ប៉ុន្ដែកាសែតថៃ បានស្រង់សម្តីនាយកមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់សភាពាណិជ្ជកម្មថៃ លោក ថាណាវ៉ាត ប៉ាឡាវីឆៃ (Thanawat Palavichai) ថា ការប៉ះទង្គិចបានធ្វើឲ្យប៉ះពាល់ដល់ជំនួញតាមព្រំដែន និងទេសចរណ៍នៃប្រទេសទាំងពីរ និងបានខាតបង់ប្រមាណជា១,៦៧ លានដុល្លារអាមេរិក។
ទំហំបណ្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ ២២៥៧ លានដុល្លា នៅឆ្នាំ ២០១០។ ក្នុងនោះភាគច្រើនលើសលុបនៃទំនិញ ត្រូវបាននាំចូលពីប្រទេសថៃ។ រីឯកម្ពុជាមានការនាំចេញតិចតួច។ នៅពេលនេះ ប្រជាពលរដ្ឋភៀសសឹករាប់ពាន់គ្រួសារនៃប្រទេសទាំងពីរបានចាប់ផ្ដើមវិលទៅរកលំនៅដ្ឋានរបស់ពួកគេវិញជាបណ្ដើរៗហើយ។
ប្រសិនបើគេក្រឡេកមើលអតីតកាល ជម្លោះជុំវិញការដណ្ដើមប្រាសាទព្រះវិហារបានបណ្ដាលឲ្យមានការផ្ទុះអាវុធជាបន្ដបន្ទាប់ ចាប់ពីចុងទសវត្សរ៍ឆ្នាំ ១៩៥០ និងពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០។នៅក្នុងលិខិតរបស់លោក ហួត សម្បត្តិ អតីតតំណាងអចិន្ដ្រៃរបស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ទៅកាន់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៧ ឧសភា ឆ្នាំ ១៩៦៦ បានលើកឡើងថា ប្រទេសថៃ «បានបើកការប្រតិបត្តិការសង្គ្រាមទ្រង់ទ្រាយធំ ចន្លោះពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ដដែលនោះ»។ ឯកសារដដែល ដែលវីអូអេ សម្លេងសហរដ្ឋអាមេរិកទទួលបាននោះ បញ្ជាក់ថា «ការវាយប្រហារបន្ទាប់ពីប្រទេសកម្ពុជាបានកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ»។
ចំណែកឯក្នុងលិខិតចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ១៩៦៦ របស់ព្រះអង្គម្ចាស់នរោត្តម កន្តុល អតីតរដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសនៃរបបសង្គមរាស្ដ្រនិយម ទៅកាន់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បាបរៀបរាប់ពីការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងគាំទ្រធុនធ្ងន់រវាងកងទព័កម្ពុជា និងកងទព័ថៃជាច្រើនលើកច្រើនសារក្នុងចន្លោះខែ វិច្ឆិកា ឆ្នាំ ១៩៦៥ និងខែ មេសា ឆ្នាំ ១៩៦៦។
មន្ដ្រីកម្ពុជាទាំងពីររូបសុទ្ធតែបានទទូចឲ្យអង្គការសហប្រជាជាតិអន្ដរាគមន៍នៅក្នុងជម្លោះនេះ។ ជម្លោះដែលបានស្ងប់ស្ងាត់ទៅវិញមុននឹងសង្រ្គាមស៊ីវិលនៃទសវត្សឆ្នាំ ១៩៧០ ផ្ទុះឡើងក្នុងប្រទេសកម្ពុជា។ សង្រ្គាមនេះដែលបានផ្ដល់ជ័យជម្នះដល់ពួកកុម្មុយនិស្ដខ្មែរក្រហម ហើយបានធ្វើឲ្យចលនាប្រឆាំងប្រាសាទព្រះវិហាររបស់ថៃបានឈប់សំចតមួយរយៈធំ។
ពេលនេះ កម្ពុជាត្រូវការឯកសារផែនទីដែលគូសដោយបារាំង និងត្រូវការឲ្យអង្គការយូណេស្កូជួយពិនិត្យឡើងវិញលើការខូចខាតប្រាសាទព្រះវិហារក្រោយពីការប្រយុទ្ធគា្ន។
លោក ឆាំង យុគ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានហៅការផ្ទុះអាវុធដែលចាប់ផ្ដើមកាលពីចុងសប្ដាហ៍មុនថា ជារឿងដែលមិនគួរកើតឡើង និងដែលអាចបង់ឲ្យមានជាចរិតបំភ្លៃប្រវត្តិសាស្ដ្រ តែកម្ពុជាបានបង្ហាញក្នុងចំណុចមួយចំនួនដែលនាំដល់ការយល់ថា ខ្លួនក៏ជាអ្នកបង្កហេតុទៅវិញខ្លះដែរ។ លោក ឆាំង យុគ គិតថា ទំនាស់នៃប្រទេសទាំងពីរហាក់ដូចជារឿងដដែលៗ ក៏ប៉ុន្ដែលោករំពឹងថា ប្រហែលជាការដោះស្រាយលើកនេះបានផ្លែផ្កាខ្លះ។
«ហាសិបឆ្នាំក្រោយមករឿងនៅដដែល។ សូម្បីតែសារលិខិតដែលពេលនោះរដ្ឋមន្ដ្រីក្រសួងការបរទេស ហួត សម្បត្តិ និងព្រះអង្គម្ចាស់កន្តុលបានសរសេរទៅអង្គការសហប្រជាជាតិ បើយើងប្រៀបធៀបនឹងលិខិតបច្ចុប្បន្ន វាហាក់ដូចតែគ្នា។ ខ្ញុំគិតថា ការផ្លាស់ប្ដូរ និងការដោះស្រាយប្រហែលជាលឿនជាង ប៉ុន្ដែសាច់រឿងនៅដដែល នេះជាការប្រឹងប្រែងរបស់រដ្ឋាភិបាល (ថៃ)បច្ចុប្បន្ន ជាជាងចំពោះក្រសែភ្នែកប្រជាជនកម្ពុជា»។
លោកស្រី វីនីតា រ៉ាម៉ានី ម៉ូហាន មានប្រសាសន៍ថា កម្ពុជា និងថៃគួរតែធ្វើការជាមួយសមាគមអាស៊ានដើម្បីដោះស្រាយវិបត្តិនេះ ហើយដើម្បីធានាកុំឲ្យមានការប្រយុទ្ធបង្ហូរឈាមគ្នាតទៅទៀត។ សមាគមអាស៊ាន ដែលលោកស្រី លើកឡើងថា ខ្វះចង្កូមក្នុងការដោះស្រាយបញ្ហាដែលបានកើតមានឡើងនោះ។
យោងតាមសៀវភៅដែលរៀបរៀងដោយបណ្ឌិត ហង់ ជួនណារ៉ុន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានបង្ហាញថា នៅពេលដែលព្រះមហាក្សត្រខ្មែរសាងសង់ប្រាសាទព្រះវិហារ នៅពេលនោះមិនទាន់មានប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្ននេះនៅឡើយទេ៕