ភ្នំពេញៈ ព្រះរាជអាជ្ញាមួយរូបក្នុងខេត្តពោធិ៍សាត់ និងសាច់ញាតិរបស់ខ្លួនត្រូវបានចាប់ខ្លួននៅថ្ងៃច័ន្ទនេះ ទាក់ទងទៅនឹងអំពើពុករលួយដ៏រ៉ាំរ៉ៃមួយ។ គណបក្សជំទាស់ និងមន្ដ្រីសង្គមស៊ីវិលស្វាគមន៍ចំពោះចំណាត់ការនេះ។
ការចាប់ខ្លួនព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសេរីវុធ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ពីបទសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងការបំពេញការងាររបស់ខ្លួនជាច្រើនឆ្នាំកន្លងមក។ នេះបើយោងតាមមន្ដ្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្ដីឃ្លាំមើលសិទ្ធិមនុស្ស។
គឺជាការចាប់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាលើកដំបូង បន្ទាប់ពីប្រទេសកម្ពុជាដែលត្រូវគេរិះគន់យ៉ាងសុះសាយ បានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយកាលពីដើមឆ្នាំ ២០១០ នេះ។
ថ្លែងនៅក្រៅក្របខណ្ឌនៃប្រធានបទសន្និសីទកាសែតមួយនៅល្ងាចថ្ងៃនេះ លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្ដ្រីមិនបានផ្ដល់ព័ត៌មានលម្អិត ចំពោះការចាប់ខ្លួននេះទេ។ លោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្ហាញព័ត៌មាននេះនៅពេលបន្ទាប់។
«យើងក៏គោរពគោលការណ៍តម្លាភាពដែរ។ យើងនឹងជូនព័ត៌មាននៅពេលដែលពេលវេលានឹងមកដល់»។
ក្រុមមន្រ្ដីនៃអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល បដិសេធផ្ដល់សេចក្ដីអត្ថាធិប្បាយជុំវិញការចាប់ខ្លួននេះ។ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវគេរាយ ការណ៍ថា បានដឹកនាំការចាប់ខ្លួននេះផ្ទាល់មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដោយសារតែទូរស័ព្ទ របស់លោករោទិ៍ជាច្រើនដង ហើយពុំមានអ្នកទទួល។ ទោះជាយ៉ាងណា លោក ឱម យិនទៀង ត្រូវ កាសែតកោះសន្ដិភាពផ្សាយតាមប្រព័ន្ធអ៊ិនធឺណែត ស្រង់សំដីថា លោកព្រះរាជអាជ្ញាដែលត្រូវចាប់ ខ្លួននោះ ជាប់ពាក់ពន្ធ័ទៅនឹងការប្រើប្រាស់សាច់ញាតិក្រៅក្របខ័ណ្ឌការងារ និងមានរឿងរ៉ាវពុករលួយជាច្រើនពាក់ព័ន្ធនឹងរូបលោក។
យោងតាមកាសែតកោះសន្ដិភាព ប្អូនថ្លៃរបស់លោក តុប ច័ន្ទសេរីវុធ ដែលជាមន្ដ្រីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោក អេង ឈុនហេង អ្នកសម្របសម្រួលប្រចាំខេត្តពោធិ៍សាត់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ ដោយស្រង់សំដីប្រភពក្នុងតុលាការថា ជនសង្ស័យត្រូវចាប់ខ្លួនបន្ទាប់ពីមានបណ្ដឹងទៅកាន់ក្រុមប្រឹក្សាអង្គចៅក្រម។
«ចាប់នៅសណ្ឋាគារភ្នំពេជ្រ នៅវេលាម៉ោង ៧ ព្រឹក។ ប្រភពដែលឲ្យព័ត៌មានមកថា មានអន្ដរាគមន៍រហូតដល់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទើបអាចធ្វើរឿងហ្នឹងបាន»។
លោកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ ដែលបានទទួលដំណឹងនេះដែរបានស្វាគមន៍ចំពោះការចាប់ខ្លួនលោកព្រះរាជអាជ្ញាពីបទសង្ស័យពីអំពើពុករលួយនេះ។
ដោយឡែកលោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី មានប្រសាសន៍ថា រដ្ឋាភិបាលគួរត្រូវធ្វើការតាមស៊ើបអង្កេតលើករណីពុករលួយធំៗជាងនេះតទៅទៀត។
«យើងស្វាគមន៍ចំពោះវិធានការណ៍ទាំងឡាយណាដែលទប់ស្កាត់អំពើពុករលួយ ហើយយើងលើកទឹកចិត្តឲ្យអង្គភាពប្រឆាំងអំពើពុករលួយនេះបន្ដកិច្ចការដែលធំៗ ជាងនេះទៀតពីព្រោះថា នៅជុំវិញទីក្រុងភ្នំពេញអំពើពុករលួយច្រើនណាស។ ការលក់ទ្រព្យសម្បត្តិជាតិដោយគ្មានតម្លាភាព ដីធ្លី អាគាររដ្ឋ ការ បណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនមកចាក់ដីបំពេញបឹងនៅជុំវិញក្រុងភ្នំពេញ»។
ប្រទេសកម្ពុជា បានចំណាយពេលជាងដប់ឆ្នាំ ដើម្បីអាចអនុម័តច្បាប់ប្រឆាំងអំពើពុករលួយមួយបាន។ យោងរបាយការណ៍របស់ភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិរបស់សហរដ្ឋអាមេរិក USAID បានឲ្យដឹងថា ប្រទេសកម្ពុជា បានបាត់បង់ចំណូលថវិការដ្ឋចន្លោះពី ៣០០ ទៅ ៥០០ លានដុល្លារក្នុងមួយឆ្នាំៗ។
ដោយឡែក ច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសកម្ពុជា ផ្ដន្ទាទោសជាប់ពន្ធនាគារកម្រិតអតិបរមា ត្រឹម ១៥ ឆ្នាំ ដែលក្រុមមន្ដ្រីសង្គមស៊ីវិលមួយចំនួនរិះគន់ថា គឺជាទោសទណ្ឌនៅមានកម្រិតស្រាលនៅឡើយ៕