ជិន សុខា ដែលជាអតីតកុមារីដើររើសសំរាមម្នាក់ ត្រូវបានជ្រើសរើសជាស្ត្រីម្នាក់ក្នុងចំណោមស្រ្តីដែលពោរពេញដោយការផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លាបំផុតរបស់ទស្សនាវដ្តី ញូសវីក (Newsweek) នៃសហរដ្ឋអាមេរិក។ កុមារកំព្រាវ័យ១៧ឆ្នាំរូបនេះក៏ត្រូវបានផ្តល់កិត្តយសឲ្យជួបជាមួយស្រ្តីទី១នៃសហរដ្ឋអាមេរិកផងដែរ។ នាងជីន សុខាបន្តថា៖
«នៅពេលខ្ញុំឈរនៅក្រោមដី អាត្រាក់វាចូក វាឈូសសំរាមទៅ វាបាក់កប់ជើងខ្ញុំមួយចំហៀង។ ដល់អញ្ចឹងខ្ញុំប្រឹងរត់។ ប៉ុន្តែវាបាក់មកទៀត។ វារកសង្កត់ខ្ញុំឲ្យស្លាប់តែម្តង ហើយមិត្តភក្តិខ្ញុំម្នាក់បានស្លាប់។ អាហ្នឹងថ្ងៃទី១របស់ខ្ញុំ»។
កាលពីពីរបីឆ្នាំមុន នាងជិន សុខា បានចំណាយពេលវេលារបស់នាងដើររើសសំរាមក្នុងទីលានចាក់សម្រាមស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។ ឥឡូវ នាងគឺជាសិស្សម្នាក់នៅឯសាលាដ៏មានកិត្យានុភាពមួយក្នុងរាជធានីនេះ។ នាងក៏ត្រូវបានតែងតាំងជាស្ត្រីកំពូលម្នាក់ក្នុងចំណោមស្រ្តីកំពូលៗចំនួន១៥០នាក់របស់ទស្សនាវដ្តី Newsweek ផងដែរ។
សុខា ក៏ត្រូវបានពិណ៌នានៅក្នុងភាពយន្តឯកសារមួយ ហៅថា ១០X១០ ដែលនិយាយអំពីស្ត្រីដែលពោពេញដោយការផ្តល់កម្លាំងចិត្តនៅជុំវិញពិភពលោក។ នៅដើមឆ្នាំនេះ នាងបានធ្វើទស្សនកិច្ចនៅអាមេរិក ដែលនៅទីនោះ នាងបានជួបជាមួយស្ត្រីទី១របស់សហរដ្ឋអាមេរិកគឺលោកស្រី មីស្ស៊ែល្លិ៍ អូបាម៉ា (Michelle Obama) ទៀតផង។ នាងសុខាថ្លែងថា៖
«ខ្ញុំមានអារម្មណ៍រំភើបមែនទែនពេលជួបគាត់។ វាបណ្តុះអារម្មណ៍ខ្ញុំឲ្យអង់អាចចង់ធ្វើដូចគាត់ដែរ។ ខ្ញុំចង់ក្លាយជាស្ត្រីដូចគាត់ដែរ»។
វាជាផ្លូវដ៏វែងឆ្ងាយណាស់សម្រាប់ ជិន សុខា ដែលបានចាកចេញពីស្រុកកំណើតក្នុងខេត្តស្វាយរៀងបន្ទាប់ពីម្តាយរបស់នាងបានស្លាប់ទៅ។ នាងសុខា បន្តថា៖
«ពេលខ្ញុំមកដល់ទីក្រុងភ្នំពេញ ខ្ញុំចាប់ផ្តើមរស់នៅតាមដងផ្លូវចំនួន៦ខែ។ រស់នៅដោយអត់មានលុយ អត់មានអីចាយ អត់ទៅរៀន។ នៅយូរអញ្ចឹងទៅ ឪពុករបស់ខ្ញុំក៏សម្រេចចិត្តទៅរែកដីឲ្យគេ ដោយបានលុយ១.០០០រៀលក្នុងមួយថ្ងៃ រែកតាំងពីព្រឹករហូតដល់ថ្ងៃ។ វាថោកមែនទែន។ ដល់អញ្ចឹង ពួកខ្ញុំអត់មានបាយញ៉ាំ អង្គុយអត់ឃ្លាន មានជម្ងឺក៏មិនដឹងជាទៅរកពេទ្យឯណា។ ពេលភ្លៀងក៏គ្មានផ្ទះជ្រក។ នៅក្រោមផ្ទះគេ។ ពេលទឹកវាហូរមក វាគគ្រិចតែម្តង។ តែពេលហ្នឹង ខ្ញុំនៅតែតស៊ូ ខ្ញុំអត់អស់សង្ឃឹមទេ»។
ប៉ុន្តែក្តីសង្ឃឹមនោះ មិនបានស្ថិតនៅយូរទេ ដោយឪពុករបស់នាងបានស្លាប់ចោលនាងទៀត នៅពេលដែលនាងទើបមានអាយុបាន៦ឆ្នាំ។ នាងបន្តថា៖
«ពេលដែលឪពុកខ្ញុំស្លាប់ទៅ អ្វីៗទាំងអស់ក៏ខ្ញុំត្រូវបាត់បង់។ ការសិក្សាក៏ត្រូវបានបាត់បង់។ ក្តីស្រលាញ់ពីឪពុកម្តាយក៏ត្រូវបានបាត់បង់។ ក្តីស្រលាញ់ពីបងប្អូនក៏ត្រូវបាត់បង់ដោយខ្ញុំត្រូវទៅឆ្ងាយពីបងប្អូនខ្ញុំ គ្មានភាពកក់ក្តៅជារៀងរាល់ថ្ងៃ។ ព្រលឹមឡើងដឹងតែពីយំ ធ្វើការ ងើបពីព្រឹក ត្រូវគេប្រើដូចខ្ញុំគេ។ ប៉ុន្តែ ធម្មតាទេ ទៅរស់នៅផ្ទះគេ គេត្រូវប្រើអញ្ចឹងហើយ គេមិនឲ្យយើងស៊ីបាយគេអត់អំពើនោះទេ»។
សុខា បានរស់នៅក្នុងសុបិន្តអាក្រក់ដោយដើររើសសំរាមជាមួយក្មេងរាប់រយនាក់ផ្សេងទៀតរហូតដល់ខែកក្កដាឆ្នាំ២០០៧ ជាពេលដែលអង្គការថ្ងៃថ្មីនៃកម្ពុជាបានឃើញនាង។
អង្គការដែលពឹងអាស្រ័យលើការបរិច្ចាកពីសប្បុរសជននានានៅសហរដ្ឋអាមេរិក បានយកនាងចេញពីទីលានចាក់សំរាមផ្តល់សម្លៀកបំពាក់ថ្មីៗ និងគ្រែមួយដល់នាង ហើយឲ្យនាងធ្វើកិច្ចការតែមួយគត់គឺរៀន។
នៅក្នុងអង្គការ ជិន សុខាមានថ្នាក់រៀនអក្សរ មានគ្រូបង្រៀនផ្ទាល់ខ្លួន និងមានថ្នាក់ហាត់សមរបាំផងដែរ។ នាងមានការប្តាជ្ញាចិត្តថានឹងប្រើឱកាសនេះឲ្យបានល្អបំផុត។ ក៏ប៉ុន្តែ ការចងចាំគ្រាដែលនាងដើររើសសំរាមនៅតែបន្តលងនាងជាដរាប។ នាងបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំតែងតែគិតរហូតថាបើថ្ងៃណាមួយ ខ្ញុំមានកំហុសអីមួយហើយគេដេញខ្ញុំចេញ ងាប់ខ្ញុំបាត់ហើយ។ មិនដឹងជាធ្វើយ៉ាងម៉ិចទេ គឺមានតែជីវិតខ្ញុំត្រឡប់ទៅរកភាពដើមវិញ។ អញ្ចឹងហើយធ្វើឲ្យខ្លាចមែនទែន ខ្លាចមានកំហុស តែអាថារឿងគិតនោះ គឺគិតរាល់ថ្ងៃថាខ្ញុំអត់ចង់ត្រឡប់ទៅវិញទេ អត់ចង់ត្រឡប់ទៅធាតុដើមវិញទេ ខ្ញុំចង់នៅហើយឈានបន្តទៅមុខទៀត។»
ការឈានទៅមុខ មានន័យថា ជាការចាប់យកឱកាសដ៏ល្អដែលគេផ្តល់ឲ្យនាងនិងដើម្បីឧទ្ទិសដល់ឪពុកម្តាយរបស់នាងដែលបានលាចាកលោកនេះទៅហើយនោះ។ នាងសុខាបន្តទៀតថា៖
«ខ្ញុំចង់ប្រាប់ពិភពលោកថា មិនត្រូវអស់សង្ឃឹមទេ។ យើងត្រូវតែតស៊ូ។ តស៊ូរហូតទាល់តែថ្ងៃមួយ យើងជួបជោគជ័យហ្នឹង»៕