អ្នកដែលតាមដានសភាពការណ៍សាលាក្តីខ្មែរក្រហមមួយចំនួនតូចបានលើកឡើងថា ជំងឺលើសឈាមរបស់លោក រាជ សម្បត្តិ ដែលជាប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម ដែលកើតឡើងភ្លាមៗកាលពីថ្ងៃអង្គារ៍ ទី១០ ខែឧសភា ឆ្នាំ ២០១១នេះ អាចនឹងធ្វើឲ្យរាំងស្ទះដល់ដំណើរការកាត់ទោសនៃសំណុំរឿង០០២របស់ពួកខ្មែរក្រហម ។
សាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនឹងបើកសវនាការជំនុំជម្រះសំណុំរឿង០០២នៅខែមិថុនាខាងមុខនេះ។ សំណុំរឿង០០២នេះ មានជនជាប់ចោទដែលជាមេដឹកនាំខ្មែរក្រហមកំពូលៗចំនួនបួនរួប រួមមាន លោកខៀវ សំផន អតីតប្រមុខរដ្ឋ លោកនួន ជា អតីតប្រធានរដ្ឋសភា និងលោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសព្រមទាំងភរិយារបស់លោក គឺអ្នកស្រីអៀង ធីរិទ្ឋិ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ដំណើរការកាត់ទោសសំណុំរឿង០០២នេះ និងប្រព្រឹត្តិទៅដូចធម្មតា។ លោកបានបន្តថា អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមមានមន្រ្តីសំខាន់ចំនួនបួនរូបផ្សេងទៀត ដែលអាចធ្វើកិច្ចការទាំងផ្នែករដ្ឋបាល និងផ្នែកច្បាប់ ពេលលោករាជ សម្បត្តិ កំពុងមានជំងឺ។ លោកសុវណ្ណារុំ បានប្រាប់វីអូអេខ្មែរថា៖
«ផ្នែកកិច្ចការសាធារណៈ យើងមានមន្រ្តីអ្នកនាំពាក្យរហូតដល់ទៅបួនរូប ខាងផ្នែកអង្គការ សហប្រជាជាតិពីររូប ហើយខាងផ្នែកជាតិពីររូប។ អញ្ចឹងពេលដែលលោករាជ សម្បត្តិ គាត់កំពុងតែ ទទួលស្ថានភាពជំងឺអញ្ចឹង ខ្ញុំ ឌឹម សុវណ្ណារុំ ដែលជាមន្រ្តីអ្នកនាំពាក្យរួមជាមួយសហការីរបស់ខ្ញុំ លោក ឡាស៍ អលសិន (Lars Olsen) និងយូកូ ម៉ៃដា (Yuko Maeda) និងមន្រ្តីផ្នែកកិច្ចការសាធារណៈនឹងបន្តកិច្ចការដែលយើងបានចាត់ចែងរួចហើយដែលជាការងារជាប្រព័ន្ឋ»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមជ្ឈមណ្ឌលនេះ តែងតែសហការជា មួយនឹងសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា មជ្ឈមមណ្ឌលឯកសារនឹងជួយបំពេញកង្វះខាតបន្ថែមទៀតនៅ ក្នុងខណៈដែលលោករាជ សម្បត្តិ កំពុងមានជំងឺ។ លោក យុ បានប្រាប់វីអូអេខ្មែរថា៖
«អ្វីដែលសំខាន់ គឺយើងធ្វើការជាមួយអង្គភាព ហើយអញ្ចឹងអង្គភាពនៅដដែល។ អញ្ចឹងដំណើរ ការវានៅតែទៅមុខ។ ចំពោះការផ្សព្វផ្សាយទៅសាធារណៈជន យើងពង្រឹងបន្ថែមទៀត ដោយសារថា រយៈកាលកន្លងមកគឺថា យើងបានបណ្តាក់គ្នាធ្វើការនៅតាមមូលដ្ឋានផ្សេងៗ ហើយឥឡូវនេះ យើង អាចបន្ថែមពង្រឹងរយៈពេលមួយ ដែលយើងអាចបំពេញនូវការខ្វះចន្លោះបានដែរ»។
លោកឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ ថា មិនមានចំណុចណាមួយប៉ះពាល់ដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហមទេ ក្នុងពេលដែលលោក រាជ្ប សម្បត្តិ កំពុងមានជំងឺនោះ ។
លោកឡុង បញ្ញាវុធ បានមានប្រសាសន៍ទៀតថា សាលាក្តីខ្មែរក្រហម និងមានបុគ្គលិក ដើម្បី កាន់ការងារជំនួសលោករាជ សម្បតិ្ត។ លោកបញ្ញាវុធថ្លែងថា៖
«ទី១ គាត់ជាមន្រ្តីកិច្ចការសាធារណៈ។ ក៏ប៉ុន្តែក្នុងហ្នឹង គាត់មានបុគ្គលិកដទៃទៀតដែរ ដែលអាចទទួលខុសត្រូវបាន។ ហើយគេអាចរៀបចំ។ គេអាចបន្ថែមបុគ្គលិកបន្ថែមទៀតបាន»។
ចំណែកលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថា សាលាក្តីខ្មែរក្រហម និងមានផលប៉ះពាល់តិចតួចពីព្រោះការជំនួសមនុស្សមិនមែនដូចគ្រឿងម៉ាស៊ីនទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«គឺមានការផ្លាស់ប្តូរ ក្រែងលោដូចថា វាមិនទៅរលូន។ ដូចដែលគាត់ចាប់ពីអ៊ើយកាន់ការរហូត លើកលែងតែគាត់មានឧបការីដែលមានជំនាញសឹងប្រហែលគាត់ និងមានបទពិសោធន៍ប្រហាក់ ប្រហែលគ្នាទើបជំនួសអាហ្នឹងបានចេះតែរលូនទៅទៀត»។
លោករាជ សម្បត្តិ អាយុ៤៨ឆ្នាំ បានចូលបម្រើការងារនៅសាលាក្តីខ្មែរក្រហមតាំងពីឆ្នាំ១៩៩៦។ លោករាជ សម្បត្តិ មានឈ្មោះបោះសំឡេងនៅក្នុងប្រទេស និងឆាកអន្តរជាតិ ដោយសារតែលោកជា អតីតអ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហមដ៏ចំណានមួយរូប មុនពេលដែលលោកត្រូវបានតែងតាំងជា ប្រធានផ្នែកកិច្ចការសាធារណៈ ។
លោកឌឹម សុវណ្ណារុំ បានមានប្រសាសន៍ទៀតថា សាលាក្តីខ្មែរក្រហម បានបង្កើតមូលនិធិមួយ ដើម្បីជួយសង្រ្គោះដល់លោករាជ សម្បត្តិ ហើយអស់លោកអ្នកអាចផ្តល់មូលនិធិតាមរយៈគណនីលេខ២១៤០២៨៦ របស់ធនាគារ ANZ Royal៕