ភ្នំពេញ៖ សហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហម បានធ្វើការទាមទារឲ្យផ្ដន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារ ៤៥ឆ្នាំ។ អតីតជនរងគ្រោះ នៅក្នុងគុកទួលស្លែងបានស្វាគមន៍ចំពោះសំណើនេះ។
សហព្រះរាជអាជ្ញា លោកស្រី ជា លាង និង លោក អិនឌ្រូ ខេលី កាលពីថ្ងៃអង្គារ៍ បានប្ដឹងសារទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម ដើម្បីទាមទារឲ្យមានការផ្តន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារកម្រិតនោះដោយពុំមានការបន្ធូរបន្ថយទោស។ ការទាមទារឲ្យដាក់ទោសនេះ មានន័យស្មើនឹងការដាក់ទោស ឌុច ឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ខណៈដែល ឌុច មានអាយុ ៦៨ ឆ្នាំ ទៅហើយនាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី ២៦ ខែកក្កដា អង្គជំនុំជម្រះសាលាដំបូង បានផ្ដន្ទាទោស អតីតប្រធានមន្ទីរស ២១ ឬ គុកទួលស្លែងឲ្យជាប់ពន្ធនាគារចំនួន ៣៥ ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មនៃអំពើធ្វើទារុណកម្ម និងមនុស្សឃាត។ ក៏ប៉ុន្ដែទោសនេះ ត្រូវកាត់កងអស់នៅសល់តែ ១៩ ឆ្នាំតែប៉ុណ្ណោះ។
នៅក្នុងបណ្ដឹងសារទុក្ខដែលផ្សាយជាសាធារណៈតាមគេហទំព័ររបស់សាលាក្ដីពិសេសនេះ សហព្រះរាជអាជ្ញារកឃើញថាអង្គជំនុំជម្រះសាលាដំបូងបានកាត់ទោស កាំង ហ្កេកអ៊ាវ ហៅឌុច ថាបានប្រព្រឹត្តនូវកំហុសផ្លូវច្បាប់ចំនួនបី។ ម្យ៉ាងវិញទៀត សាលាដំបូង ខកខានក្នុងការផ្ដន្ទាទោស ឌុច ទៅតាមបទល្មើសដាច់ដោយឡែកៗពីគ្នា ដូចជាបទល្មើសប្រឆាំងមនុស្សជាតិ អំពើឃាតកម្ម បទល្មើសនៃការបង្ខំឲ្យធ្វើជាទាសករ ការចាប់ដាក់គុក ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ និងសកម្មភាពអមនុស្សធម៌ដទៃទៀត។
ជាងនេះទៅទៀត សហព្រះរាជអាជ្ញាទាំងពីរ យល់ឃើញថា ការផ្ដន្ទាទោស ឌុច នេះ មិនសមល្មមទៅនឹងភាពឃោរឃៅរបស់ ឌុច នៅក្នុងតួនាទីរបស់គាត់ជាអ្នកដឹកនាំ និងចំពោះចេតនារបស់គាត់ក្នុងការចូលរួមប្រព្រឹត្តបទឧក្រិដ្ឋ។
លោកសហព្រះរាជអាជ្ញា អាន់ឌ្រូ ខេលី មានប្រសាសន៍ក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារ៍ថា សហព្រះរាជអាជ្ញាចង់ឲ្យតុលាការដាក់កំហិតទោសទៅលើ ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដើម្បីជានិមិត្តរូបនៃការទទួលស្គាល់ភាពធ្ងន់ធ្ងរ នៃឧក្រិដ្ឋកម្មរបស់ ឌុច។
"ពួកគេសម្លាប់មនុស្សជាងមួយម៉ឺននាក់នៅក្នុងពន្ធនាគារនោះ ធ្វើទារុណកម្មអ្នកទោសជាច្រើនទៀត មានអ្នកទោសមួយចំនួនតូចតែប៉ុណ្ណោះដែលបាននៅរស់រានមានជីវិត។ ដូច្នេះខ្ញុំគិតថា មិនមានអ្វីគួរឲ្យសង្ស័យនោះទេថា ឧក្រិដ្ឋកម្មនេះធ្ងន់ធ្ងរគ្រប់គ្រាន់សម្រាប់អនុញ្ញាតឲ្យធ្វើការផ្ដន្ទាទោសជនជាប់ចោទ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ"។
មានអ្នកទោសយ៉ាងតិចចំនួន ១.២៣៨០ នាក់ បានស្លាប់ដោយការសម្លាប់ ប្រកបដោយការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរក្រោមការបញ្ជារបស់ ឌុច។ មានតែអ្នកទោសគុកទួលស្លែងមិនដល់ដប់នាក់ទេ ដែលបាននៅរស់រានមានជីវិត។
លោក ប៊ូ ម៉េង អតីតអ្នកទោសគុកទួលស្លែងម្នាក់ដែលមានសំណាងរួចពីការសម្លាប់ បានសម្តែងក្ដីសប្បាយរីករាយ ចំពោះការទាមទារឲ្យមានការផ្ដន្ទាទោស ឌុច ឲ្យជាប់គុកអស់មួយជីវិតនេះ ដោយ សារតែលោក បានទាមទារឲ្យមានការផ្ដន្ទាទោសកំរិតនេះជាយូរមកហើយ។
“ខ្ញុំថា សុំដាក់គុក (ឌុច) មួយជីវិតទើបខ្ញុំពេញចិត្ត។ ខ្ញុំសំណូមពរញឹកញាប់ហើយ។ អញ្ចឹងខ្ញុំសប្បាយចិត្តរីករាយណាស់ "។
សូមរំលឹកថា ឌុច ធ្លាប់បានសារភាពនូវការទទួលខុសត្រូវរបស់ខ្លួន ចំពោះការកាប់សម្លាប់ និងការធ្វើទារុណកម្មអ្នកទោសនៅក្នុងគុកទួលស្លែង ដែលគាត់ឡើងធ្វើជាប្រធានគុកនេះចាប់តាំងពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៧៩។
មេធាវីរបស់ ឌុច គឺលោក កា សាវុធ ធ្លាប់បានជំទាស់ទៅនឹងការទាមទាររបស់សហព្រះរាជអាជ្ញា ដែលបានស្នើឲ្យមានការដាក់ទោស ឌុច យ៉ាងតិចចំនួន ៤០ ឆ្នាំ នៅក្នុងអំឡុងពេលសវនាការ៕