សហព្រះរាជអជ្ញានៃសាលាក្ដីខ្មែរក្រហម លោកស្រី ជា លាង និងលោក អេនឌ្រូ ខេលី បានប្ដឹងឧទ្ធរណ៍នៅថ្ងៃសុក្រនេះប្រឆាំងទៅនឹងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងការដោះលែងអតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហម អៀង ធីរិទ្ធ។ នេះបើយោងតាមមន្ដ្រីផ្លូវការនិងឯកសាររបស់សាលាក្ដីខ្មែរក្រហម។
កាលពីថ្ងៃព្រហស្បតិ៍ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានប្រកាសថា ជនជាប់ចោទអាយុ ៧៩ ឆ្នាំ អៀង ធីរិទ្ធ មិនមានកាយសម្បទាសម្រាប់ចូលរួមការកាត់ទោសលើរូបគាត់នោះទេ ហើយបានបង្គាប់ឲ្យដោះលែងរូបគាត់ពីការឃុំឃាំងបណ្ដោះអាសន្នក្នុងសាលាក្ដីខ្មែរក្រហម។ ការសម្រេចនេះដោយយោងទៅលើបញ្ហាសុខភាពធ្ងន់ធ្ងររបស់ជនជាប់ចោទរូបនេះ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា នៅក្នុងបណ្ដឹងឧទ្ធរណ៍នោះសហព្រះរាជអជ្ញាទាំងពីរបានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលផ្អាកការដោះលែងជនជាប់ចោទខាងលើនេះ។
«សហព្រះរាជអជ្ញាទាំងពីរបានលើកឡើងថា ខ្លួនមិនឯកភាពចំពោះការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង។ ហើយការសម្រេចនោះ គឺមិនត្រឹមត្រូវ ហើយស្នើសុំឲ្យមានការពិនិត្យលើកាយសម្បទាលោកស្រី អៀង ធីរិទ្ធ ឡើងវិញ។ ហើយមិនតែប៉ុណ្ណោះសុំផ្អាកការដោះលែងជាបណ្ដោះអាសន្នផងដែរ»។
នៅក្នុងបណ្ដឹងឧទ្ធរណ៍ដែល វីអូអេសម្លេងសហរដ្ឋអាមេរិកទទួលបាន សហព្រះរាជអជ្ញារបស់សាលាក្ដីខ្មែរក្រហមបានលើកឡើងថា សេចក្ដីសម្រេចរបស់សាលាដំបូងមានតម្លៃស្មើនឹងការបញ្ចប់និតិវិធី ប្រឆាំងនឹង អៀង ធីរិទ្ធ ហើយការសម្រេចចិត្តនេះធ្វើឡើងដោយមានកំហុសផ្នែកច្បាប់ និងកំហុសក្នុងការអនុវត្តន៍ឆន្ទានុសិទ្ធិ។
យោងតាមវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម អង្គជំនុំជម្រះតុលាការកំពូលមានរយៈពេល ១៥ ថ្ងៃដើម្បីធ្វើសេចក្ដីសម្រេចរបស់ខ្លួនបន្ទាប់ពីយល់ព្រមទទួលយកបណ្ដឹងឧទ្ធរណ៍ទៅពិចារណា។
អៀង ធីរិទ្ធ គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទដែលសុទ្ធសឹងជាមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ក្នុងសំណុំរឿង ០០២។ សាលាដំបូងនឹងត្រូវចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីសំណុំរឿងនេះនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ ក៏ប៉ុន្ដែ អៀង ធីរិទ្ធ នឹងមិនចូលរួមការកាត់ទោសនេះទេ។ នេះបើយោងតាមដីកាសម្រេចបញ្ឈប់ការនាំខ្លួន អៀង ធីរិទ្ធ ចូលកាត់ទោសរបស់លោកចៅក្រម និល ណុន នៅថ្ងៃនេះ។
កាលពីថ្ងៃព្រហស្បតិ៍អង្គជំនុំជម្រះសាលាដំបូងបានសម្រេចបំបែក អៀង ធីរិទ្ធ ចេញពីជនជាប់ចោទបីនាក់ផ្សេងទៀត មាន នួន ជា ខៀវ សំផន និងប្ដីរបស់គាត់ អៀង សារី ក្នុងសំណុំរឿង ០០២ ក៏ប៉ុន្ដែសាលាដំបូងនៅរក្សានិតិវិធីច្បាប់ប្រឆាំងនឹងជនជាប់ចោទរូបនេះដដែល។
ក្រុមគ្រូពេទ្យជំនាញបានរកឃើញថា អៀង ធីរិទ្ធ មានជំងឺបាត់បង់ការចងចាំ វង្វេងវង្វាន់ ហើយមិនអាចចូលរួមការកាត់ទោសឲ្យបានពេញលេញនោះទេ។
យ៉ាងណាក៏ដោយចំណោទនៅពេលនេះត្រង់ថា ប្រសិនបើ អៀង ធីរិទ្ធ នឹងត្រូវដោះលែងតើ អៀង ធីរិទ្ធ នឹងត្រូវស្ថិតនៅផ្ទះឬស្ថិតក្នុងមន្ទីរពេទ្យដើម្បីបន្ដការព្យាបាលក្រោមការឃ្លាំមើលរបស់តុលាការ មួយវិញទៀត ប្រសិនបើសុខភាពជនជាប់ចោទរូបនេះបានប្រសើរឡើង តើគាត់នឹងត្រូវនាំខ្លួនយកមកកាត់ទោសក្នុងសំណុំរឿងថ្មីឬយ៉ាងណា។
លោកស្រី គ្លែ ដាហ្វ៊ី អ្នកឃ្លាំមើលសាលាក្ដីខ្មែរក្រហមរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី OSJI មានប្រសាសន៍ថា អៀង ធីរិទ្ធ ទំនងជាត្រូវកាត់ទោសក្នុងសំណុំរឿងមួយទៀតប្រសិនបើគាត់ត្រូវរកឃើញថា មានស្ថានភាពសុខភាពប្រសើរឡើង។ ក៏ប៉ុន្ដែលោកស្រីយល់ថា ទំនងជាសុខភាពរបស់ អៀង ធីរិទ្ធ នឹងកាន់តែអាក្រក់ជាងការប្រសើរឡើង។ ដោយឡែក លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមលើកឡើងថា វាឆាប់ពេកក្នុងពេលនេះក្នុងការគិតគូរដល់ចំណោទទាំងនេះ។
សូមបញ្ជាក់ថា ដើមបណ្ដឹងរដ្ឋប្បវេណីមិនប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងនោះទេ។ នេះបើយោងតាមលោកស្រី ស៊ាលគ៍ ស្ទូហ្ស៊ីនស្គី មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី៕