ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​ចោទ​ប្រកាន់​ពីបទពុក​រលួយ


ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​ចោទ​ប្រកាន់​ពីបទពុក​រលួយ
ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​ចោទ​ប្រកាន់​ពីបទពុក​រលួយ

ភ្នំពេញៈ អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់​លោក​ តុប ចន្ទ័សេរីវុធ​ ត្រូវ​តុលាការ​ខេត្ត​ដែល​លោក ធ្លាប់បំពេញ​ការងារ​ ចោទ​ប្រកាន់​នៅ​ល្ងាច​ថ្ងៃអង្គារ៍នេះ ​ពីបទ​ថា​បាន​ប្រព្រឹត្តអំពើ​ពុករលួយ​ បទ​បង្ខាំង​ ​មនុស្ស​ខុសច្បាប់ ​និង​បទ​ជំរឹត​ទារ​ប្រាក់​។ នេះ​បើយោង​តាម​ក្រុម​មន្ដ្រី​តុលាការ ​និង​មន្ដ្រី​ឃ្លាំ​មើលសិទ្ធិ​មនុស្ស។

ក៏ប៉ុន្ដែ ​ពុំទាន់​មាន​ការបញ្ជាក់​ណា​មួយ​ថា​ តើ​អតីត​កង​ការពារ​ចំនួន​ពីរនាក់​ ដែល​ទំនង​ជា​ត្រូវ​ជាសាច់​ញាតិ​របស់​អតីត​ព្រះរាជអាជ្ញា តុប ច័ន្ទសេរីវុធ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទល្មើស​អ្វីនោះ​ទេ។ ទោះជា​យ៉ាង​ណា​ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​ជាប់សង្ស័យ​ទាំងបី​នាក់​ជា​បណ្ដោះ​អាសន្ន​នៅ​ល្ងាចនេះ។

លោក​ តុប ច័ន្ទសេរីវុធ ​ត្រូវ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ជាមួយ​នឹង​កង​ការពារ​របស់​លោក​ចំនួន​ពីរនាក់​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ដោយ​សង្ស័យថា​លោកបាន​ប្រព្រឹត្តអំពើពុក​រលួយ​ធ្ងន់ធ្ងរ​នៅក្នុង​ការបំពេញ​ការងារ​របស់​ខ្លួន​ជាច្រើនឆ្នាំ​កន្លង​មក។

លោក​ កែវ រ៉េមី ​អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ប្រសាសន៍ថា ​អង្គភាព​របស់​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ជន​សង្ស័យ​ទាំងបីនាក់នេះ។

«ប៉ុន្មាន​ខែ​ហើយ​គាត់​ធ្វើ​កិច្ចការ​នេះ​ អញ្ចឹង​កាលណា​យើង​ប្រមែប្រមូល​បាន​ភស្ដុតាង​រឹងមាំ​ហើយ​យើង​រៀបចំ​ធ្វើ​ចំណាត់​ការ»។

ទោះ​ជាយ៉ាងណា​ លោក ​កែវ រ៉េមី ​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ទាក់ទិន​ទៅនឹង​កំហុស​របស់​ជនជាប់​ចោទ​ខាងលើ​នោះ។

លោកស្រី​ ង៉ែត ធាវី​ អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំខេត្តពោធិ៍​សាត់ បាន​ឲ្យ​ដឹងថា​ ការចាប់​ខ្លួន​មាន​ការជាប់ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​សំខាន់ៗ​ជាច្រើន​។

«ឮ​ថា​មាន​ជាប់​ពាក់ព័ន្ធនឹង​រឿងក្ដី​ផង ​ពាក់ព័ន្ធ​នឹង​រឿង​ព្រៃឈើ​ផង​។ សត្វព្រៃ ​ក៏មាន​ពាក់ព័ន្ធខ្លះ​រឿង​ នេសាទ​ក៏មាន​ពាក់ព័ន្ធ​ខ្លះ»។

នេះ​គឺជា​ការចាប់ខ្លួន​ជនសង្ស័យ​ជាលើក​ដំបូង​ បន្ទាប់​ពីប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយកាល​ពី​ដើមឆ្នាំ ២០១០ ​នេះ។​ ច្បាប់​ដែល​ទទួល​រងការ​រិះគន់​ថា ​ការកំណត់​ការដាក់​ទោស​ ទណ្ឌ​នៅមាន​កម្រិត​ទាប​នៅ​ឡើយ​។

ព្រះរាជអាជ្ញា​លោក​ ប៉ង់ ច័ន្ទយុទ្ធារ៉ា ​និង​ចៅក្រម ​កុល កំពូល ​ដែល​កាន់​សំណុំរឿង​នេះ ​មិនអាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ។

គណបក្សជំទាស់​ និង​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​ បាន​ស្វាគមន៍ចំណាត់​ការនេះ ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​ខ្មែរ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បន្ថែម​ទៀត​ នៅ​ពេល​ដែល​បទល្មើស​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​កំពុង​តែ​កើត​ឡើង​យ៉ាង​រីករាល​ដាល​នៅពាស​ពេញ​ប្រទេស​ ហើយ​បាន​ធ្វើឲ្យ​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​បាន​រងគ្រោះ​ជា​លក្ខណៈ​ប្រពៃណី​។

ប្រទេស​កម្ពុជា ​បាន​ចំណាយ​ពេល​ជាង​ដប់ឆ្នាំ​ដើម្បី​អាច​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មួយ​បាន។​ យោង​របាយការណ៍​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​របស់​សហរដ្ឋ​អាមេរិក​USAID ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា ​បាន​បាត់បង់​ចំណូល​ថវិកា​រដ្ឋ​ចន្លោះ​ពី៣០០ ​ទៅ​៥០០​ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ៗ៕

XS
SM
MD
LG