ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រុក​សម្បូរ​យល់​ដឹង​តិច​តួច​អំពី​សំណើ​សាង​សង់​ទំនប់​វារី​អគ្គិសនី​មេគង្គ


អ្នក​ស្រុក​នៅ​លើ​កោះ​រងៀវ​ក្នុង​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ​ ជូន​ដំណើរ​ក្រុម​អ្នក​ទេសចរ​​បរទេស​។ ទំនប់​​វារី​អគ្គិសនី​​កាត់​ទន្លេ​មេគង្គ​មួយ​ដែល​កំពុង​ត្រូវ​បាន​សិក្សា​ អាច​នឹង​ធ្វើ​ឲ្យ​កោះ​នេះ​លិច​បាត់​ទាំង​ស្រុង។
អ្នក​ស្រុក​នៅ​លើ​កោះ​រងៀវ​ក្នុង​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ​ ជូន​ដំណើរ​ក្រុម​អ្នក​ទេសចរ​​បរទេស​។ ទំនប់​​វារី​អគ្គិសនី​​កាត់​ទន្លេ​មេគង្គ​មួយ​ដែល​កំពុង​ត្រូវ​បាន​សិក្សា​ អាច​នឹង​ធ្វើ​ឲ្យ​កោះ​នេះ​លិច​បាត់​ទាំង​ស្រុង។

នៅ​ចុង​ខែ​នេះ គណៈកម្មការ​ទន្លេ​មេគង្គ នឹង​ចេញ​របាយការណ៍​មួយ​ដែល​នឹង​វាយ​តម្លៃ​អំពី​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់សំណើ​នៃ​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​មេ​ចំនួន​១១កាត់ទន្លេ​មេគង្គ​។​ របាយការណ៍​នេះនឹង​រួម​មាន​ព័ត៌មាន​អំពី​សំណើ​សាង​សង់​ទំនប់វារី​អគ្គិសនីចំនួន​ពីរ​កាត់ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹង​ត្រែង​របស់​ប្រទេសកម្ពុជា។ ថ្វី​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់បាន​ធ្វើ​សេចក្តី​សម្រេច​ទៅលើ​សំណើ​សាង​សង់​នេះ​ក្តី ក៏​ប្រជាជន​ក្នុង​មូលដ្ឋានមាន​ការ​យល់​ដឹង​តិច​តួច​ពីគម្រោង​ដែល​គេ​ស្នើ​ឡើង​នេះ ហើយ​ពួក​គាត់​បារម្ភ​ថាគេ​នឹង​មិន​យក​ក្តី​បារម្ភ​របស់​ពួក​គាត់​ទៅ​ពិចារណា​ទេ។ លោក​សឹង សុផាត​ សូម​ជូន​សេចក្តី​រាយការណ៍​ពី​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ។

[សំឡេង​អ្នក​ស្រុក​ជូន​ដំណើរ​ក្រុម​ទេសចរ​អាំមេរិកាំង]

នេះ​ជា​សំឡេង​នៃ​ការជម្រាប​លាគ្នា​រវាងក្រុម​និស្សិត​អាមេរិកាំង​ដែល​បាន​ធ្វើ​វិសមកាល​រដូវ​ក្តៅ​ និង​ក្រុម​អ្នក​ភូមិ​នៅលើ​កោះ​រងៀវ ដែល​ជា​កោះ​ទេសចរណ៍​មួយ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ។

អ្នក​ស្រុក​នៅ​លើ​កោះ​រងៀវ​ក្នុង​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ​ ជូន​ដំណើរ​ក្រុម​អ្នក​ទេសចរបរទេស​។ ទំនប់វារី​អគ្គិសនីកាត់​ទន្លេ​មេគង្គ​មួយ​ដែល​កំពុង​ត្រូវ​បាន​សិក្សា​ អាច​នឹង​ធ្វើ​ឲ្យ​កោះ​នេះ​លិច​បាត់​ទាំង​ស្រុង។
អ្នក​ស្រុក​នៅ​លើ​កោះ​រងៀវ​ក្នុង​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ​ ជូន​ដំណើរ​ក្រុម​អ្នក​ទេសចរបរទេស​។ ទំនប់វារី​អគ្គិសនីកាត់​ទន្លេ​មេគង្គ​មួយ​ដែល​កំពុង​ត្រូវ​បាន​សិក្សា​ អាច​នឹង​ធ្វើ​ឲ្យ​កោះ​នេះ​លិច​បាត់​ទាំង​ស្រុង។

ចំពោះ​អ្នក​នាង​សួស​ វេ​ កសិករ​អាយុ​៤០​ឆ្នាំ​ ​ការ​ជម្រាប​លា​គ្នានេះគ្រាន់​តែ​ជាផ្នែក​មួយ​នៃទម្លាប់​ការទទួល​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ក្លាយ​ទៅ​ជា​អាជីព​មួយ​សម្រាប់​គ្រួសារ​អ្នក​នាង​ទៅ​ហើយ។ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​នាងបាន​ជួយ​ដឹក​នាំនិង​រួម​ចំណែក​ដល់​កម្មវិធី​ទេសចរណ៍​សហគមន៍​នៅលើ​កោះនេះ​ ហើយ​ជីវភាព​របស់​ក្រុម​គ្រួសារ​អ្នក​នាង​បាន​ប្រសើរ​ឡើង​ជា​បណ្តើរៗ។ ក៏​ប៉ុន្តែសមិទ្ធិផល​ទាំង​នេះ​អាច​នឹងវិនាស​ទៅ​វិញ​ ដោយ​សារ​តែកត្តា​ទី​តាំង​ភូមិសាស្ត្រ​របស់​កោះ​រងៀវ​នេះ។

សំណើ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ខ្នាត​ធំមួយកាត់​ទន្លេ​មេគង្គ បាន​កំណត់​យកកោះ​រងៀវ​ជាផ្នែក​មួយ​នៃ​អាង​ស្តុក​ទឹក​របស់​ទំនប់​នេះ ហើយ​ការណ៍​នេះអាច​គម្រាម​ដល់ជីវភាព​រស់​នៅទាំ​មូល​របស់​អ្នក​នាង។ អ្នក​នាង​សួស វេ​បាន​ដឹង​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន ដោយ​សារ​តែ​ក្នុង​ឆ្នាំ​ ២០០៧ ក្រុម​អ្នក​វាស់​ស្ទង់​សណ្ឋាន​ដីជន​ជាតិ​ចិន​បាន​មក​ដល់​ផ្ទះ​របស់​គាត់។

«ខ្ញុំ​សួរ​គេ​ថាគេ​ធ្វើ​ហ្នឹង​ធ្វើ​អី គេ​វាស់​ធ្វើ​អី​ គេ​ស្ទង់​ធ្វើ​អី រួច​ទៅ​ គេ​ថា​ មាន​ក្រុមហ៊ុន​គេ​ហ្នឹង​មក​ធ្វើ​ទំនប់ ធ្វើ​វារី​អគ្គិសនី​ហ្នឹង​ណា៎។ រួច​ទៅ​គេ​សុំកាប់​ដើម​សង្កែ ហើយ​គេ​មក​កាប់​ហើយ​ក៏​បោះ​បង្គោល​នៅត្រង់​ហ្នឹង។ ខួង​ចប់​ហ្នឹង​ បានយើង​ដឹង​តៗ​គ្នា​ថា​ហ្នឹង​ជា​ការ​សិក្សារបស់​ក្រុមហ៊ុន ធ្វើ​ទំនប់​វារីអគ្គិសនីហ្នឹង​ណា។ ហ្នឹង​ជា​គេ​សិក្សា​ទេ តែ​ចំពោះ​គេ​ធ្វើ​មិន​ធ្វើ​យើង​អត់​ដឹង។ ហើយ​ពួក​អ្នក​ស្រុក​យើង​ ចាប់​ផ្តើម​ព្រួយ​បារម្ភ​ហើយ​ថាមិន​ដឹង​គេ​មក​ធ្វើ​នៅ​ថ្ងៃ​ណា​ ខែ​ណា។»

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ វា​មិន​ទាន់​ដល់​ពេល​ដែល​គួរ​មាន​ការ​បារម្ភ​បែប​នេះ​ទេ ពីព្រោះ​សំណើ​សាង​សង់​នេះ​ គ្រាន់​តែជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ជា​ច្រើន​ដែល​គេបាន​យក​មកពិចារណា។

គម្រោង​ទំនប់​វារី​អគ្គិសនី​សម្បូរ​ ដែលកំពុង​ត្រូវ​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ China Southern Power Grid Co. ស្ថិត​នៅ​ក្នុង​ចំណោម​ទំនប់​កាត់​ទន្លេ​មេ​គង្គ​ចំនួន​១១​ដែល​ត្រូវ​ស្នើ​ឡើង​ដោយ​ប្រទេស​កម្ពុជា លាវ និង​ថៃ។

បើ​តាម​អ្នក​ជំនាញ​ ការ​សាង​សង់ទំនប់​វារីអគ្គីសនី​ធំ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​លំបាក​ច្រើន​ដល់​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​នេះជា​ប្រទេស​នៅ​ក្រោម​គេនិង​មាន​សណ្ឋាន​ដី​រាប​ស្មើ​ជាង​គេ​ ក្នុង​ចំណោម​ប្រទេស​ទាំង​បី ហើយ​បើ​សាង​សង់ ​ត្រូវ​កសាង​ទំនប់​ដែល​ធំ​និងមាន​អាង​ស្តុក​ទឺក​វែង​ទៀត​ផង ​ទើប​អាច​ឲ្យទំនប់​នោះ​មាន​ដំណើរការ​បានល្អ។

ហេតុ​ដូច្នេះ​បើ​គេ​សាង​សង់​ទំនប់សម្បូរ​នេះ វា​ត្រូវ​មាន​បណ្តោយ​រហូត​ដល់​១៨​គ.ម. និង ប្រវែង​អាង​ស្តុក​ទឹករហូត​ដល់​៨៦​គ.ម.។

ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ពី​អ្នក​ជំនាញ​ ថា​ទំនប់​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ដ៏​មហន្តរាយ​ដល់​វិស័យ​ជលផល​និង​ប្រព័ន្ធបរិស្ថាន​របស់​ទន្លេ​មេគង្គ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ក៏​អ្នក​រស់​នៅ​ក្នុង​មូលដ្ឋាន​និយាយ​ថា​ពួក​គាត់​មាន​ការ​បារម្ភ​ជានិច្ច។

«ហើយ​ពាក្យ​ចេះ​តែ​សួរ​គ្នា​ឮ​តៗ គ្នា​ គេ​ថា​ទំនប់​ គេ​សិក្សា​ឃើញ​អស់​ហើយ បើ​សិន​គេ​មក​ធ្វើ​ទំនប់​ហ្នឹង​មាន​ខ្នាត​ធំ​បំផុត ហើយ​មាន​កម្ពស់​ដល់​ទៅ ៥៦​ម៉ែត្រ​ពី​ផ្ទៃ​យើង​ឡើង​ទៅ។ អញ្ចឹង​ពួក​អ្នក​ស្រុក​យើង​ ពួក​ភូមិ​យើង​ យើង​គិត​ថា​នៅ ពេល​នោះ​យើង​នឹង​រើ​ទី​លំនៅ​ហើយ។ អញ្ចឹង​ពួក​យើង​ចាប់ផ្តើម​ព្រួយ​ចិត្ត​មិន​ដឹង​គេ​មក​ធ្វើ​នៅ​អង្កាល អញ្ចឹង​វា​អត់​ប្រាកដ​ថា​គេ​មក​ធ្វើ​អង្កាល​ អត់​ដឹង។ ទោះ​បីសួរ​អ្នក​ណា​ក៏​មិនដឹង​ដែរ​។»

លោក​អ៊ិត​ ប្រាំង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ឋាមពល បាន​មាន​ប្រសាសន៍​ថា ការ​ភិត​ភ័យ​ទាំង​នេះ​ មិន​សម​ហេតុ​ផល​ទេ​ដោយ​លោក​លើក​ឡើង​ថា​ការចុះ​សិក្សាអំពី​សក្តានុពល​វារីអគ្គិសនីនៅ​តំបន់​សម្បូរ​នេះ​មាន​ជា​ច្រើន​មក​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៤​មក​ម៉្លេះ។ ម៉្យាង​ទៀត ការ​សិក្សា​ចុង​ក្រោយ​នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​បឋម​ប៉ុណ្ណោះ។

«ហើយ​រហូត​មក​ដល់​ពេល​នេះ​ យើង​អត់​ទាន់​សម្រេច​ថា​ធ្វើ​ស្អី​ទេ យើង​រង់​ចាំ​ថា​ការ​សិក្សា​នោះ​វា​យ៉ាង​ម៉េច ដែល​ថា​ ​ កាល​ពី​មុន​មក ថា​អា​ហ្នឹង​មាន​សក្តានុពល​អាចធ្វើ​វារីអគ្គិសនី​នោះ​បាន​ហ្នឹង ធ្វើ​បានមែន​ឬ​អត់? ហើយ​ប៉ះ​ពាល់អី​ប៉ុន្មាន?»

លោក​ខាំ ខឿន អភិបាល​ខេត្ត​ក្រចេះ​ បាននិយាយប្រាប់​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​ថា​ លោក​បាន​ដឹង​ថា​មាន​ការ​សិក្សានៅ​ស្រុក​សម្បូរ​នេះ តែ​លោក​មិន​បាន​ដឹង​ពី​កម្រិត​នៃ​ការ​សិក្សា​នេះ​ទេ។​ លោកបាន​យល់​ស្រប​នឹង​លោក​អ៊ិត ​ប្រាំង ​ថា​ វា​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​សួរ​អំពីគម្រោង​នេះ​ទេ​ព្រោះ​ការ​សិក្សា​នៅ​កំពុង​បន្ត។

ចាប់​តាំង​ពីអ្នក​នាង​សួស​ វេ​ បាន​ដឹង​ពីការ​សិក្សាគម្រោងទំនប់​វារីអគ្គិសនី​នេះ​មក អ្នក​នាង​បាន​ខិត​ខំស្វែង​យល់​អំពីគម្រោង​នេះ​ ដោយ​គាត់​ធ្លាប់​បាន​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​អញ្ជើញ​ចូល​រួម​សិក្ខាសាលា​អំពីគម្រោង​នេះ ព្រម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគីរី ​ដើម្បី​ឃើញ​ផ្ទាល់​ភ្នែក​នូវផល​ប៉ះពាល់​របស់​ទំនប់​យ៉ាលី​របស់​វៀតណាម​មកលើ​សហគមន៍​នៅទីនោះ។ អ្នក​នាង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ដែល​ដឹង​ច្រើន​ជាង​គេ​អំពើ​សំណើ​សាង​សង់​នេះ។

នៅ​ក្នុងផ្សារ​ត្រីរបស់​ទី​រួម​ស្រុក​សម្បូរ អ្នក​ស្រុក​មាន​ការ​យល់​ដឹង​តិច​តួច​ណាស់​អំពី​សំណើ​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គីសនី​នេះ។ បើ​តាម​ផែន​ទី​នៃ​ការ​សិក្សា​កន្លង​មក ផ្សារ​សម្បូរនឹង​ត្រូវ​ស្ថិតនៅ​ក្បែរ​នឹងជើង​ទំនប់វារី​អគ្គិសនីដែល​គេ​ស្នើ​ឡើងនេះ​តែ​ម្តង។

អ្នក​លក់​ត្រី​អាយុ​៣៣​ឆ្នាំ​ម្នាក់​ ដែល​បាន​ហៅ​ខ្លួន​ឯង​ថា អាឌីក បាន​ប្រាប់​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ថា ​នាង​មិន​ដែល​ធ្លាប់​ឮ​អ្វីសោះអំពី​គម្រោង​ទំនប់​កាត់​ទន្លេ​មេគង្គ​នេះ។

អ្នក​មីង ញូង សុខឃីម អាយុ​៥៤​ឆ្នាំ ជា​កសិករ​និង​ជា​អ្នក​លក់​ត្រី​នៅ​ក្បែរ​នោះ​ដែរ​ បាន​មាន​ប្រសាសន៍​ថា អ្នក​មីង​បាន​ឃើញ​អ្នក​ជំនាញ​ចិន​ចុះ​មក​វាស់​វែង​នៅ​ស្រុក​សម្បូរ​នេះ​ តែ​គាត់​ក៏បាន​សម្តែង​នូវ​ការ​រសាយ​ចិត្ត​ចំពោះ​ការ​ខ្វះ​ខាត​នូវ​ព័ត៌មាន​អំពើ​គម្រោង​នេះ។

«មាន​តែ​ឃើញ​ចិនហើយ​និង​សម្ភារៈ​ឧបករណ៍​វា​ ប៉ុន្តែ​ដំណើរ​ការ​ធ្វើ​ ដូច​អត់​មាន​ឃើញ​ទេ។ មិន​ដឹង​ជា​សម្ភារៈ​អីឃើញ​វា​ដឹកជា​ដែក​ជា​ស្អី នៅ​ហ្នឹង​សម្បូណ៌​យើង​ហ្នឹង នៅ​ខាង​លើ​វត្ត​ហ្នឹង។ សួរ​អ្នក​ណា​ក៏​អ្នក​ណា​មិន​ដឹង អាជ្ញាធរក្នុង​ស្រុក​ហ្នឹងក៏​អត់​ដឹងទៀត​មិន​ដឹង​ផែន​ការ​មក​ពី​កន្លែង​ណា។​»

ភាព​ស្ងាត់​ស្ងៀម​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​កាន់​តែ​មាន​ក្តីបារម្ភ។ បទ​សម្ភាសន៍​មួយ​របស់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក ជាមួយ​នឹង​លោក​ហេង សុថា អភិបាល​ស្រុក​សម្បូរ​ បាន​បញ្ជាក់​ថា អាជ្ញាធរ​ថ្នាក់​ស្រុក​ប្រហែល​ជា​កាន់​តែ​មិន​ដឹង​ពីរឿង​នេះ​ទៅទៀត។

«បញ្ហា​រឿង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ ក៏​ខ្ញុំ​អត់​ទាន់បាន​ក្តាប់​ព័ត៌មាន​ច្បាស់ពិត​ប្រាកដ​នៅ​ឡើយ​ដែរ គ្រាន់​តែ​ឮ​ពាក្យ​ប្រជាជន​គាត់​និយាយ​តៗ​គ្នា​ទេ ប៉ុន្តែ​មិន​ទាន់​មាន​ឯកសារណា​មួយ​បញ្ជាក់​ជា​ផ្លូវ​ការឲ្យ​ខ្ញុំ​មាន​វិធានការ​យ៉ាង​ម៉េច​នោះ​ អត់​ទាន់​មាន​នៅ​ឡើយ​ទេ។»

អ្នក​សង្កេត​ការណ៍របស់​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ថា អ្នក​សិក្សា​និង​អ្នក​រៀប​គម្រោង​ មិន​បាន​យក​មតិ​និង​ការ​បារម្ភ​របស់​ប្រជាជន​មូលដ្ឋាន​ទៅពិចារណា​ទេ ហើយ​នៅ​ពេល​ដែល​ការ​សិក្សា​ចប់​ ពួក​គាត់​មិន​មាន​អំណាច​អ្វី​ក្នុង​ការ​បញ្ឈប់​គម្រោង​នេះ​ទេ។

លោក​អ៊ិត​ ប្រាំង​ ​បាន​បដិសេធ​នូវ​ទស្សនៈ​បែប​នេះ​ ដោយ​លោក​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​នឹង​ពិចារណាជា​ពិសេស​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំង​ឡាយ​មុន​នឹង​សម្រេច​ថា​ត្រូវ​ឬ​មិន​ត្រូវ​សាង​សង់​នោះ។ លោក​បាន​អះអាង​ផង​ដែរ​ថា​នា​ពេល​កន្លង​មក ក្រសួង​របស់​លោក​ធ្លាប់​បាន​អញ្ជើ​ញ​អាជ្ញាធរ​មូលដ្ឋាន​មក​ចូល​រួម​សិក្ខាសាលា​ដើម្បី​ស្វែង​យល់​ពី​សំណើ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ។

បើ​តាម​របាយការណ៍​ពង្រាងរបស់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​បាន​ចេញ​ផ្សាយ​កាល​ពីពាក់​កណ្តាល​ខែ​ឧសភា​ អាង​ស្តុក​ទឺក​របស់​ទំនប់​វារី អគ្គិសនីសម្បូរ​នេះ​ ត្រូវ​គេ​គិត​ថា​នឹង​អាច​មាន​ចម្ងាយ​រហូត​ដល់​៨៦​គ.ម. ​ដល់​ជិត​នឹង​ខេត្ត​ស្ទឹង​ត្រែង ហើយមាន​ផ្ទៃ​លិច​លង់​រហូត​ដល់​៦២០​គ.ម.​ការ៉េ ដោយ​រួម​ទាំង​ផ្ទៃ​ដី​កសិកម្ម​ចំនួន​៣.៣៦៩​ហិកតា​ផង។

គណៈកម្មការ​ទន្លេ​មេគង្គ​បាន​អះអាង​ថា ​ព័តមាន​នៅ​ក្នុង​របាយការណ៍​នេះ​ផ្អែក​ទៅ​លើ​ការ​សិក្សា​របស់​ក្រុមហ៊ុន​ចិន​នេះ ហើយ​របាយការណ៍​ជា​ផ្លូវ​ការ​នឹង​ចេញផ្សាយ​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

សម្រាប់​អ្នក​នាង​សួស​ វេ​ វិញ ការ​រង់ចាំ​និង​ភាពស្ងៀម​ស្ងាត់​នៅ​តែ​បន្ត​ ហើយ​អ្នក​នាង​មិន​ដឹង​ថាតើ​នាង​នឹង​មានសិទ្ធិ​សម្រេច​ខ្លះ​ឬ​ទេ ឬ​ ពេលនាង​នឹង​មាន​សិទ្ធិ​សម្រេច​ខ្លះ​ក្នុង​រឿង​នោះ។ ក៏ប៉ុន្តែ​អ្វី​ដែល​នាង​ដឹង​ច្បាស់គឺថា​៖

«រាល់​ថ្ងៃ​ហ្នឹង​ លែង​ចង់​បាន​ភ្លើង​ ​បាន​អី​ហើយ ​បើឮ​ថា​រើ​ទី​លំនៅ​ ឧទាហរណ៍​ថា​ទី​លំនៅ​យក​ទៅ​បាន​ តែ​ដូច​ឆ្អឹង​ដូន​តាយើង​ពី​មុន​ម៉ោ​ដែល​កប់​នៅ​នឹង​ដី​ហើយ យើង​យក​ទៅ​ណា? តែ​ធ្វើ​ហ្នឹង​លិច​ទឹកហើយ រួចយើង​គោរព​បូជា​រាល់​ឆ្នាំ។ បើ​សិន​ជា​ទឹក​លិច​ទៅ​វា​អស់​រលីង​រលត់​ហើយ​គ្មាន​សល់​អី។»

XS
SM
MD
LG