វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបាននិយាយថា «មត៌កប្រព័ន្ធគ្រប់គ្រងរដ្ឋកុំម្មុយនីស្ត» បានធ្វើឲ្យកំណែទម្រង់ប្រព័ន្ធតុលាការបច្ចុប្បន្ន អូសបន្លាយពេល ២០ឆ្នាំ។ នេះជាការបញ្ជាក់អះអាងរបស់លោក ឡៅ ម៉ុងហៃ នៅក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១២។
«ក្នុងប្រព័ន្ធកុំម្មុយនីស្ត តុលាការនៅចំណុះអង្គនីតិប្រត្តិបត្តិ គឺអត់មានការបែងចែកអំណាចបីដូចយើងសព្វថ្ងៃនេះទេ គឺតុលាការជាផ្នែកមួយនៃរដ្ឋាភិបាល ម្ល៉ោះហើយមានការគ្រប់គ្រងបែបអញ្ចឹង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថា ម្យ៉ាងទៀតកម្ពុជាមិនទាន់មានច្បាប់នានាដែលត្រូវមាន រួមទាំងច្បាប់លក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាផង។
«យើងឥឡូវមិនទាន់មានច្បាប់ធានាការពារឯករាជ្យភាពនិងភាពឥតលម្អៀង របស់តុលាការ របស់ចៅក្រម ព្រះរាជអាជ្ញានៅឡើយទេ»។
លោកអះអាងថា តុលាការបច្ចុប្បន្ននេះត្រូវគេមើលឃើញជាថ្មីទៀតហើយ ថាស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ជាពិសេសនៅពេលកាត់ទោសលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ ពាក់ព័ន្ធនឹងការធ្វើអបគមន៍ដីធ្លីនៅខេត្ត ក្រចេះ។
លោក ឡៅ ម៉ុងហៃអះអាងថា ការកាត់ទោសនេះមិនមានសំអាងលើ ភស្តុតាងត្រឹមត្រូវទេ គឺដូចទៅនឹងការកាត់ទោស លោក ប៊ន សំណាង និង លោក សុខ សំអឿន ក្នុងរឿងករណីបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញ និងក្នុងករណីកាត់ទោសអ្នកភូមិបឹងកក់១៣នាក់ក្នុងពេលថ្នីៗនេះផងដែរ៕