មន្ត្រីផ្លូវការក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថាក្រសួងបានកោះហៅមន្ត្រីពន្ធនាគារព្រៃសចំនួនប្រាំនាក់មកសាកសួរអំពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារ។
ការកោះហៅនេះបានធ្វើឡើង បន្ទាប់ពីលោកម៉ុង គឹមហេង អតីតប្រធានពន្ធនាគារព្រៃស ម១ ត្រូវបានដកចេញពីតំណែងកាលពីខែមិថុនា អំពីកំហុសឆ្គងលើការគ្រប់គ្រងពន្ធនាគារនិងបន្ទាប់ពីគណៈកម្មការអធិការកិច្ចរបស់ក្រសួងមហាផ្ទៃបានបញ្ចប់អធិការកិច្ចរបស់ខ្លួននៅពន្ធនាគារព្រៃស ម១។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់វីអូអេ ថាគណៈកម្មការអធិការកិច្ចរបស់ក្រសួងបានកោះហៅមន្ត្រីពន្ធនាគារព្រៃស ម១ មកសាកសួរព័ត៌មានជុំវិញការគ្រប់គ្រងពន្ធនាគារមិនប្រក្រតីភាព។
«អធិការកិច្ចថាអាចមានពាក់ព័ន្ធនឹងមន្ត្រីមួយចំនួន ក្រៅពីប្រធានពន្ធនាគារដែលក្រសួងបានផ្លាស់មកហើយនេះ។ ដូច្នេះ អ្វីដែលក្រសួងបានអញ្ជើញមកហើយ គឺអាចពាក់ព័ន្ធការសួរព័ត៌មានទៅនឹងការគ្រប់គ្រងមិនប្រក្រតីភាពក្នុងការដឹកនាំកន្លងមករបស់មន្ត្រីទាំងនោះ ធ្វើឱ្យការគ្រប់គ្រងនៅមានមិនប្រក្រតីភាព។ សមត្ថកិច្ចរបស់មន្ត្រីគណៈកម្មការ (អធិការកិច្ច) ដែលក្រសួងបានបង្កើតឡើង គឺហៅមកសួរនាំព័ត៌មាន។ ប៉ុន្តែសេចក្តីសម្រេចយ៉ាងណា យើងមិនទាន់មាននៅឡើយទេ»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មិនបានបញ្ជាក់លម្អិតឈ្មោះមន្ត្រីពន្ធនាគារទាំងប្រាំនាក់ដែលបានកោះហៅនោះទេ។
លោកចាន់ សូវេត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថាមន្ត្រីពន្ធនាគារមួយចំនួន បានយកប្រាក់ពីអ្នកទោស ដើម្បីទទួលបានកន្លែងទូលាយ ការទារប្រាក់ពីអ្នកសួរសុខទុក្ខ ការកិបកេងប្រាក់របស់អ្នកទោស និងបក្សពួកនៅក្នុងពន្ធនាគារព្រៃស ម១។
«ជុំវិញការកោះហៅនេះ វាជាចំណុចមួយដ៏ល្អសម្រាប់ពន្ធនាគារដទៃផ្សេងទៀតដែលធ្វើយ៉ាងដូច្នេះ យើងខ្ញុំខាងអង្គការសង្គមស៊ីវិល គិតថានេះជាចំណុចមួយដ៏សំខាន់សម្រាប់ចាប់ផ្តើមធ្វើឱ្យពន្ធនាគារក្លាយទៅជាពន្ធនាគារមួយដែលទទួលស្គាល់ដោយអន្តរជាតិ។ យើងគាំទ្រទាំងស្រុងទៅលើសកម្មភាពអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការធ្វើឱ្យពន្ធនាគារនេះ អាចដំណើរការបានល្អ និងប្រព្រឹត្តទៅដោយយុត្តិធម៌»។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស បានថ្លែងថាការកោះហៅមន្ត្រីពន្ធនាគារនេះជាជំហាននៃការចាប់ផ្តើមដំបូងនៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងពន្ធនាគារ។ លោកបានលើកទឹកចិត្តដល់ក្រសួងមហាផ្ទៃឱ្យបន្តការងារអធិការកិច្ចនេះនៅគ្រប់ពន្ធនាគារ។
«បើមានមន្ត្រីពន្ធនាគារណាពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតហ្មត់ចត់ ហើយបើមន្ត្រីពន្ធនាគារមានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅក្នុងពន្ធនាគារ មន្ត្រីត្រូវបញ្ជូនទៅតុលាការ ដើម្បីធ្វើការតាមច្បាប់។ នេះជាគំរូមួយ ដើម្បីពង្រឹងការគ្រប់គ្រងពន្ធនាគារហ្នឹងឱ្យកាន់តែល្អថែមទៀត»។
លោកធាន ឆវ័ន្ត អតីតប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានដកចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញអំពីភាពមិនប្រក្រតីនៃការគ្រប់គ្រងពន្ធនាគារ៕