អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃបានបញ្ចប់ការស៊ើបអង្កេតទៅលើករណីរបស់លោកយឿង បាលួងអតីតស្នងការខេត្តរតនគីរី។ ក៏ប៉ុន្តែមិនទាន់បានបង្ហាញរបាយការណ៍ជាផ្លូវការនៅឡើយទេ។ លោកយឿង បាលួងបានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ក៏ប៉ុន្តែត្រូវបានអនុរក្សពន្ធនាគារដោះលែងឲ្យនៅក្រៅឃុំរយៈពេលខ្លី។ លោកត្រូវបានចោទប្រកាន់ថា បានបើករថយន្តដោយខ្លួនឯងរហូតបង្កគ្រោះថា្នក់ចរាចរបណ្តាលឲ្យមនុស្សចំនួនបីនាក់រងរបួស។
នាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃបានបញ្ចប់ធ្វើការស៊ើបអង្កេតរបស់ខ្លួនពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីមួយក្នុងការដោះលែងអ្នកទោសក្នុងខេត្តរតនគីរី។ ក៏ប៉ុន្តែមិនទាន់បានបង្ហាញរបាយ ការណ៍លម្អិតជាសាធារណៈនៅឡើយទេ។
ពិរុទ្ធជនយឿង បាលួង អតីតស្នងការខេត្តរតនគីរី ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធនាគារយៈពេល១៣ឆ្នាំ ពីបទជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញការកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគខេត្តរតនគីរី។
កាលពីសប្តាហ៍មុន លោកយឿង បាលួងត្រូវបានអនុរក្សពន្ធនាគារដោះលែងឲ្យនៅក្រៅឃុំរយៈ ពេលខ្លីដើម្បីចូលរួមពិធីបុណ្យមួយតាមប្រពៃណីរបស់ជនជាតិភាគតិចក្នុងខេត្តរតនគីរី។
លោកយឿង បាលួងត្រូវបានមន្រ្តីសិទ្ធិមនុស្ស ADHOC បានស្រង់សម្តីមកថា លោកបានបើករថយន្តដោយខ្លួនឯងក្នុងស្ថានភាពស្រវឹងរហូតដល់បង្កគ្រោះថ្នាក់ចរាចរមួយ ដែលបានបណ្តាលឲ្យមនុស្សចំនួនបីនាក់រងរបួស។
ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនោះឈ្មោះថាំង ពេជ្រ អាយុ២១ឆ្នាំ សំ កែវ អាយុ១៩ឆ្នាំ និងឆេង ងួន អាយុ៤០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បានទទួលរងរបួសជាទម្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។
លោកហេង ហាក់ ប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅថ្ងៃ អង្គារនេះថា លោកបានបញ្ចប់ធ្វើការស៊ើបអង្កេតទៅលើករណីនេះហើយ។ ក៏ប៉ុន្តែ លោកមិនទាន់បានបង្ហាញរបាយការណ៍នេះលម្អិតនៅឡើយទេ។
«បញ្ហារបស់យើងខ្ញុំនៅត្រង់ថា តើការបញ្ចេញអ្នកទោសទៅក្រៅហ្នឹងត្រូវ ឬខុស? បញ្ហាទីពីរ ពាក់ព័ន្ធសកម្មភាពខាងក្រៅនេះ ជាការស្រាវជ្រាវមួយទៀតរបស់សមត្ថកិច្ច។ ឧទាហរណ៍ថា បើសិន អ្នកទោសចេញទៅក្រៅ ហើយមានប្រព្រឹត្តបទល្មើសថ្មី អាហ្នឹងគេទទួលខុសត្រូវចំពោះមុខច្បាប់ថ្មី»។
កាលពីថ្ងៃទី១៩កន្លងទៅនេះ ក្រសួងយុត្តិធម៌បានចេញលិខិតមួយ ដោយទាមទារឲ្យព្រះរាជអាជ្ញា នៅទូទាំងប្រទេសរាយការណ៍ជាប្រចាំជុំវិញស្ថានភាពអ្នកទោសនៅតាមពន្ធនាគារ។
លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យរបស់លោកអង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តធម៌ បានមានប្រសាសន៍ថា គោលបំណងនៃការចេញលិខិតនេះ គឺដើម្បីណែនាំដល់ស្ថាប័នអយ្យការទូទាំងប្រទេសទាំងអស់ឲ្យពង្រឹងតួនាទីរបស់ខ្លួនត្រឹមត្រូវទៅតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។
«ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបញ្ជីឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំឃាំងរបស់ខ្លួន ព្រមទាំងចាត់នីតិវិធីធ្វើអធិការកិច្ចឲ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីធានាឲ្យបាននូវកិត្យានុគោល ភាពនៃការឃុំគ្រង ប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់»។
លោករស់ សារុំ ព្រះរាជអាជ្ញារងនៃតុលាការខេត្តរតនគីរី បានមានប្រសាសន៍ថា ទំនងជាលោកព្រះរាជអាជ្ញាបានទទួលលិខិតណែនាំនេះរួចហើយ។
លោកបានមានប្រសាសន៍ថា សា្ថនភាពពន្ធនាគារនៅក្នុងខេត្តរតនគីរី លោកធ្វើការតាមដានរហូត មិនដែលខកខានទេ។
«បច្ចុប្បន្ន ចំពោះខេត្តរតនគីរីកន្លងមក យើងបានឲ្យធ្វើបញ្ជី។ យើងមានការត្រួតពិនិត្យជាប្រចាំរាល់ខែ។ លិខិតរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺជាការបន្តឿន ក្រើនរំឭកឲ្យព្រះរាជអាជ្ញាបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់នេះ ជៀសវាងការធ្វេសប្រហែស ខ្ជីខ្ជា មិនបានប្រតិបត្តិតាមច្បាប់»។
លោកប៉ែន ប៊ុណ្ណា មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស ADHOC បានមានប្រសាសន៍ថាលោកសូមស្វាគមន៍ចំពោះលិខិតរបស់ក្រសួងយុត្តិធម៌។
លោកបានមានប្រសាសន៍ទៀតថា យើងនឹងបន្តតាមដានតទៅទៀត ថាតើមន្រ្តីយុត្តិធម៌បានអនុវត្តដល់កម្រិតណានោះ។
«យើងសូមឲ្យទាំងស្ថាប័នអយ្យការ ហើយនិងមន្រ្តីនគរបាលយុត្តិធម៌ សូមឲ្យលោកធ្វើរឿងហ្នឹងឲ្យពិត។ សាក្សីទាំងអស់គ្នាគឺត្រូវមានកាតព្វកិច្ចបង្ហាញការណ៍ពិត ដើម្បីធ្វើយ៉ាងណាឲ្យសង្គមយើងទទួលបានយុត្តិធម៌ពិតប្រាកដ»។
ចំណែកលោកងិន នែល ប្រធានពន្ធនាគារខេត្តរតនគីរី មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោក មានប្រសាសន៍យ៉ាងខ្លីថា កំពុងជាប់រវល់ប្រជុំ៕