ភ្នំពេញ៖ មន្រ្តីសិទ្ធិមនុស្សនិយាយថា ចំនួនអ្នកទោសស្លាប់នៅក្នុងពន្ធនាគារបានកើនឡើងចំនួន៣០% បើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំទៅ។ ការស្លាប់នេះត្រូវបានមន្ត្រីពន្ធនាគារអះអាងថា បានកើតឡើងដោយសារជំងឺរ៉ាំរ៉ៃ ក៏ប៉ុន្តែមន្ត្រីសិទិ្ធមនុស្សនិយាយថា គឺដោយសារបន្ទប់ឃុំឃាំងផ្ទុកអ្នកទោសច្រើនពេក ដែលមានរហូតដល់២៣នាក់ក្នុងបន្ទប់ដ៏តូចចង្អៀត។
លោកចាន់ សូវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOC បានបញ្ជាក់នៅថ្ងៃពុធនេះថា ចំនួនអ្នកទោសដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារ ទូទាំងប្រទេសកម្ពុជា មានចំនួន២៦នាក់ គឺបានកើនឡើងប្រមាណ៣០% បើប្រៀបធៀបទៅនឹងរយៈពេលប្រាំមួយខែដូចគ្នាកាលពីឆ្នាំ២០០៩។
លោកបានមានប្រសាសន៍ថា នៅក្នុងចំណោមពន្ធនាគារទាំងអស់ ខេត្តកំពង់ចាមមានអ្នកទោសស្លាប់ក្នុងពន្ធនាគារបានកើនឡើងខ្ពស់ជាងគេ គឺក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ នៅក្នុងខែកក្កដានេះ មានអ្នកទោសស្លាប់រហូតដល់៦នាក់។
«ពាក់ព័ន្ធទៅនឹងអ្នកស្លាប់នៅក្នុងពន្ធនាគារ ដែលសមាគមADHOCទទួលបានក្នុងរយៈ ពេល៦ខែនេះ យើងគិតជាតួលេខ គឺមានប្រមាណជា២៦ករណី ហើយក្នុងចំណោម២៦ករណី គឺកើតនៅតាមបណ្តាពន្ធនាគារតាមខេត្តទូទាំងប្រទេស»។
យោងតាមរបាយការណ៍របស់ពន្ធនាគារខេត្តកំពង់ចាម ដែលVOAសំឡេងសហរដ្ឋអាមេរិកទទួលបាន បានបញ្ជាក់ថា ពិរុទ្ធជន និងទណ្ឌិត ដែលបានស្លាប់បាត់បង់ជីវិតនេះ បានកើតមានឡើង ដោយសារតែជំងឺរលាកថ្លើមប្រភេB សម្ពាធឈាមឡើងខ្ពស់ ដែលនាំឲ្យដាច់សរសៃខួរក្បាល គាំងបេះដូងស្លាប់ ជំងឺរបេងសួត រលាកផ្លូវដង្ហើម និងជំងឺផ្សេងៗទៀត។
លោកចាន់ សូវ៉េត បានមានប្រសាសន៍ថា ការស្លាប់របស់អ្នកទោសទាំងនោះទំនងជាកើតឡើងដោយសារតែធ្វើទារុណកម្ម និងមូលហេតុផ្សេងទៀត ដោយសារតែបន្ទប់ឃុំឃាំងមានសភាពតូចចង្អៀតពេក។
«ជុំវិញការស្លាប់នេះ វាអាចបង្កចេញពីហេតុការណ៍ច្រើនយ៉ាង ក្នុងនោះគឺអ្នកទោសនោះអាចទទួលរងនូវជំងឺដែរ។ តែជំងឺនោះមិនរហូតដល់ស្លាប់ទេ ប៉ុន្តែដោយគាត់ទទួលរងនូវអំពើទារុណកម្មណាមួយ ដែលយើងមិនអាចសនិ្នដ្ឋានបាន ព្រោះថា យើងសង្ស័យថា វាអាចកើតមាននូវអំពើទារុណកម្ម»។
លោកហេង ហាក់ ប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ មិនបានលើកទូរស័ព្ទទេ បើទោះបីជាព្យាយាមទាក់ទងលោកជាច្រើនដងយ៉ាងណាក៏ដោយ។ ហើយលោកសៀក ឡេងសៀប អនុប្រធានពន្ធនាគារខេត្តកំពង់ចាម ទទួលបន្ទុករដ្ឋបាល ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
លោកសៀក ឡេងសៀបពុំបានធ្វើអត្ថាធិប្បាយលម្អិតបន្ថែមទៀតទេ ដោយលោកបានអះអាងថា កំពុងជាប់រវល់។
«អាថា ចេះតែថាទៅ។ ខ្ញុំជាប់រវល់ប្រជុំបន្តិច»។
ប្រទេសកម្ពុជាមានពន្ធនាគារសរុបចំនួន២២កន្លែង និងមណ្ឌលកែប្រែចំនួនបួនកន្លែង។
បើយោងតាមសេចក្តីព្រាងនៅក្នុងរបាយការណ៍របស់សមាគមសិទ្ធិមនុស្សADHOC បានលើកឡើងថា ពិរុទ្ធជននិងទណ្ឌិត ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារមានចំនួន១៣.៩៤៤នាក់ ក្នុងនោះមានពិរុទ្ធជនចំនួន៤.៤៤៣នាក់ ទណ្ឌិតចំនួន៩.៥០១នាក់។
របាយការណ៍ដដែលនេះបានលើកឡើងថា បើប្រៀបធៀបទៅនឹងឆមាសទីមួយឆ្នាំ២០០៩ មានអ្នកទោសកើនឡើងចំនួន១.៤៨៨នាក់ ក្នុងនោះមានជនបរទេសចំនួន៥៨៧នាក់ អនីតិជនចំនួន៧៧៥នាក់ កុមារតាមម្តាយចំនួន៣៦នាក់ និងស្រ្តីមានផ្ទៃពោះចំនួនប្រាំបីនាក់៕