ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ព្រះ​រៀម​នរោត្តម​ បុប្ផាទេវី ​ដឹក​នាំ​ការ​សម្តែង​របាំ​បុរាណ​ខ្មែរ​នៅ​អឺរ៉ុប


ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​នរោត្តម​ បុប្ផា​ទេវី ជួយ​តម្រង់​ម្កុដ​របស់​អ្នក​រាំ​របាំ​អប្សរា​ម្នាក់។
ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​នរោត្តម​ បុប្ផា​ទេវី ជួយ​តម្រង់​ម្កុដ​របស់​អ្នក​រាំ​របាំ​អប្សរា​ម្នាក់។

ក្រុម​សិល្បៈ​ក្បាច់​បូរាណ​ខ្មែរ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ដឹក​នាំ​ដោយ​សម្តេច​ព្រះ​រៀម​នរោត្តម​ បុប្ផាទេវី​ នឹង​ចេញ​ដំណើរ​ទៅ​សម្តែង​ល្ខោន​ព្រះ​រាជ​ទ្រព្យ​រឿង​ “អប្សារា​មេរ៉ា”​ នៅ​ប្រទេស​បារាំង​ និង​ប្រទេស​ Belgique​ ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​ឆ្នាំ​២០១០។

“របាំ​ព្រះ​រាជទ្រព្យ​ដែល​នឹង​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ​ មាន​ចំណង​ជើង​ថា​ “អប្សារា មេរ៉ា” ។​ ជា​លើក​ទី​មួយ​ដែល​យើង​ខ្ញុំ​ទាំង​អស់​គ្នាបាន​តម្លើង​ជា​រឿង​ “អប្សារា មេរ៉ា”​ នេះ​យក​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង”។

អម្បាញ់​ម៉ិញ​នេះ​ជា​បន្ទូល​របស់​សម្តេច​ព្រះ​រៀម​នរោត្តម​ បុប្ផាទេវី ។​ សម្តេច​ព្រះ​រៀម​នរោត្តម​ បុប្ផាទេវី​ ធ្លាប់​បាន​នាំ​របាំ​ក្បាច់​បូរាណខ្មែរ​ទៅ​ សម្តែង​នៅ​ប្រទេស​បារាំង​ចំនួន​៦លើក​មក​ហើយ​ តាំងពី​ព្រះអង្គ​នៅ​កាន់​តំណែង​ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ប្រទេស​កម្ពុជា។​ ព្រះ​អង្គ​ម្ចាស់​ បុប្ផាទេវី​ មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ផលិតកម្ម​ Zaman​ Production​ នៅ​ប្រទេស​បារាំង​ដែល​ជា​អ្នក​ជួយឧបត្ថម្ភ​ថវិកា​សម្រាប់​តម្លើង​រឿង​“អប្សារា មេរ៉ា”។​ ព្រះ​អង្គ​ម្ចាស់​ បុប្ផា ទេវី​ បាន​មាន​បន្ទូល​ប្រាប់​វីអូអេ​ថា​ របាំ​ព្រះ​រាជទ្រព្យ​មាន​អាយុ​កាល​តាំង​ពី​សតវត្សទី៦​ ហើយ​សព្វ​ថ្ងៃ​នេះ​លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ ដោយ​ខ្មែរ​នាំ​គ្នា​ថែ​រក្សា​របាំ​នេះ​ ថ្វី​ត្បិត​តែ​របាំ​នេះ​បាន​បាត់​ស្រមោល​ម្តង​ទៅ​ហើយ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍។

“របាំ​ក្បាច់​បូរាណ​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​ ពុំ​មែន​មាន​តែ​របាំ​ក្បាច់​បូរាណ​ដែល​យើង​ឧទ្ទិសនាម​ថា​ជា​របាំ​ព្រះ​រាជទ្រព្យ​នោះ​ទេ។​ របាំ​ព្រះ​រាជទ្រព្យ​ជា​របាំ​ក្បាច់​បូរាណ​មួយ​ ដែល​មាន​ចំណាស់​យូរ​ជាង​គេ​តាំង​ពី​សតវត្យ​ទី៦​ ដែល​គេ​រក​ឃើញ​មាន​នៅលើផ្ទាំង​សិលា​ចារឹក​នៅ​លើ​ប្រាង្គ​ប្រាសាទ​នានា។​ ខ្មែរ​យើង​មាន​របាំ​ច្រើន​ជំពូក​ណាស់​ដូចជា​ របាំ​ប្រជាប្រិយ​ បាសាក់​ យីកេ​ របាំ​ជនជាតិ​នៅ​តាម​ខេត្ត​មណ្ឌល​គីរី​ ខេត្ត​រតនគីរី​ ខេត្ត​កំពង់ស្ពឺ​ ជាដើម​ សុទ្ធ​តែ​មាន​ដើម​កំណើត​យូរលង់​មក​ហើយ​ដែរ។​ ខ្ញុំ​ត្រេកអរ​ណាស់​ដោយ​ក្រុម​អ្នកគ្រូ​និង​លោក​គ្រូ​ចាស់ៗ​ ហើយ​និង​រាជ​រដ្ឋាភិបាលបាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​និង​អភិរក្ស​របាំ​ព្រះ​រាជទ្រព្យ​ឲ្យ​នៅ​គង់វង់​តរៀងទៅ”។

មាន​រឿង​និទាន​តំណាល​ថា​ ជា​យូរ​លង់​មក​ហើយ​មាន​ក្រុម​អាទិទេព​និង​ក្រុម​យក្ស​បាន​នាំ​គ្នា​កូរ​សមុទ្រ​ទឹកដោះ​ ដោយ​ទាញ​ចុង​ម្ខាង​ម្នាក់​នៃ​តួ​ខ្លួន​ស្តេច​នាគ​ដែល​ព័ទ្ធ​ខ្លួន​ជុំវិញ​ភ្នំ​លិច​ទឹក​មួយ។​ ការ​កូរ​សមុទ្រ​ទឹកដោះ​នោះ​ញ៉ាំង​ឲ្យ​មាន​ទឹក​អម្រឹត​ដែល​ព្រះវិស្ណុ​អាច​ជប់​ឲ្យ​ទៅ​ជា​ស្ត្រី​ល្អ​ជាង​គេ​បំផុត​នៃ​ពិភពលោក​ គឺ​នាង​មហិនី។​ នៅ​ពេលនោះ​ រាជនី​នៃ​នាង​អប្សារា​បាន​ប្រសូត្រ​ឡើង​នៅ​លើ​ផែនដី​ គឺ​ព្រះ​អង្គម្ចាស់​ក្សត្រិយ៍ ​អប្សារា​មេរ៉ា​ បុត្រី​របស់​ស្តេច​នាគ។​ ព្រះ​អង្គម្ចាស់​ក្សត្រិយ៍​ អប្សារា​មេរ៉ា​ បាន​ជួប​ជា​មួយ​ព្រះ​អង្គម្ចាស់​ “កម្ពុ”​ ហើយ​ក៏​បាន​ផ្តល់​កំណើត​ដល់​ប្រទេស​ជាតិ​មួយ​ឈ្មោះ​កម្ពុមេរ៉ា​ ឬ​ កម្ពុជា។​ ព្រះនាង​ “អប្សារា មេរ៉ា”​ ទ្រង់​គ្រឿង​ពណ៌ស​តំណាង​ភាព​បរិសុទ្ធ​ រាំ​ក្នុង​សួន​ច្បារ​ជាមួយ​ពួក​ភីលៀង​ដែល​ជា​អប្សារា​ដែរ​ ព្រះនាង​កាន់​ផ្កា​ពណ៌មាស​តំណាង​សុភមង្គល​និង​ភាព​សុខសាន្ត​នៃ​ពលរដ្ឋ​ខ្មែរ។

អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ តេស្សូ​ រដ្ឋលេខាធិការ​និង​ជា​ទី​ប្រឹក្សា​អម​ព្រះ​រាជ​ខុទ្ធកាល័យព្រះ​មហាក្សត្រ​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ លោក​ជា​អ្នក​ជំនួយការ​របស់​សម្តេច​ព្រះ​រៀម​ក្នុង​ការ​រៀបចំ​ក្រុម​របាំ​ព្រះ​រាជទ្រព្យ​៣៨​នាក់​ទៅ​សម្តែង​នៅ​ទ្វីប​អឺរ៉ុប។

“ពេល​សម្តេច​ព្រះ​រៀម​លោក​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៅ​ឡើយ​ លោក​បាន​រៀប​ចំ​សហការ​ជា​មួយ​ផលិតកម្ម​ Zaman​ Production។​ រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​លោក​បាន​យក​របាំ​ព្រះ​រាជទ្រព្យ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង។​ Zaman​ Production​ ជា​អ្នក​ឧបត្ថម្ភ​ថវិកា​ដល់​ព្រះអង្គ​សម្រាប់​ធ្វើ​គ្រឿង​តែង​ថ្មី​ ធ្វើ​ម្កុដ​ថ្មី​ និង​សម្រាប់​តម្លើង​រឿង​ថ្មី​ ‘អប្សារា មេរ៉ា’​ នេះ។​ យើង​នឹង​សម្តែង​នៅ​ទី​ក្រុង​ប៉ារីស​៧​កន្លែង​ ហើយ​និង​សម្តែង​មួយ​លើក​នៅ​ទី​ក្រុង​ Bruxelles​ ប្រទេស​ Belgique”។

សម្តេច​ព្រះ​រៀម​ នរោត្តម​ បុប្ផាទេវី​ បាន​បង្កើត​មូលនិធិ​មួយ​មាន​ឈ្មោះ​ថា​‘អ្នក​ម្នាង​ផាត់ កាញ៉ុល​ Foundation’​ ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុម​សិស្ស​របាំ​ក្បាច់​បូរាណ​ខ្មែរ​ដែល​លោក​បង្ហាត់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។

លោក​ព្រឿង​ឈៀង​ ទី​ប្រឹក្សា​អម​ក្រសួង​វិចិត្រ​សិល្បៈ​ និង​ជា​អ្នក​ជំនួយការ​ខាង​ដឹក​នាំ​រឿង​ជា​មួយ​សម្តេច​ព្រះ​រៀម​ក្នុង​ស្នា​ព្រះ​ហស្ថ​ថ្មី​រឿង​‘អប្សារា មេរ៉ា’​ ថ្លែង​ថា​សម្តេច​ព្រះ​រៀម​បាន​គិតគូរ​តម្លើង​រឿង​នេះ​ជា​យូរ​មក​ហើយ​ ព្រោះ​ជា​រឿង​ដែល​មាន​នៅ​តាម​ផ្ទាំង​ប្រាសាទ​អង្គរវត្ត​ ដែល​យើង​ត្រូវ​តែ​អភិរក្ស​និង​ស្រាវជ្រាវ​បន្ថែម​ទៀត​ ហើយ​សាក​ល្បង​ធ្វើ​អភិវឌ្ឍន៍​បណ្តើរៗ។

“ការ​ពិត​រឿង​ អប្សារាមេរ៉ា​នេះ​ លោក​បាន​រៀបចំ​ជាង​មួយឆ្នាំ​ហើយ​ ក៏​ប៉ុន្តែ​ការ​ស្រាវជ្រាវ​ជាក់​ស្តែង​នោះ​ គឺ​យើង​ត្រូវ​ទៅ​ថត​យក​រូប​សម្លៀក​បំពាក់​ គ្រឿង​អលង្ការ​ និង​ម្កុដ​ដែល​មាន​នៅ​តាម​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទ​អង្គរ​ និង​តម្លើង​សាច់​រឿង​យក​តាម​ការ​ស្រាវជ្រាវ​ដែល​យើង​បាន​ពិភាក្សា​គ្នា​ជា​មួយ​ក្រុម​អ្នក​ជំនាញ​ខាង​បូរាណ​វិទ្យា។​ ការ​ធ្វើ​ឲ្យ​ដូច​រូប​ចម្លាក់​នៅ​ប្រាសាទ​ជា​ការ​លំបាក​ ប៉ុន្តែ​ដោយ​យើង​មាន​ភ្លេង​ និង​ក្បាច់​របាំ​របស់​ដូនតា​យើង​ស្រេច​ទៅ​ហើយ​ ដូច្នេះ​វា​ជួយ​ឲ្យ​អ្នក​រាំ​ងាយ​នឹង​ដាក់​មនោ​សញ្ចេតនា​ត្រូវ​នឹង​សាច់​រឿង​ ដូចជា​រឿង​ដែល​ផុស​ចេញ​ពី​ប្រាសាទ​ពិតៗ។​ យើង​មាន​បញ្ចូល​ទំនើបកម្ម​ខ្លះ​ ដូច​ពាក្យ​ស្លោក​ថា​ “បូរាណ​មិន​យឺត​ ប៉ុន្តែ​បើ​សម័យ​ជា​សម័យ​របស់​ខ្មែរ”​ ទាំង​អស់​នេះ​ហើយ​ដែល​សម្តេច​ព្រះ​រៀម​អភិរក្ស​និង​អភិវឌ្ឍន៍”។

រឿង​អប្សារា​មេរ៉ា​បាន​ទទួល​ការ​គាំ​ទ្រ​ និង​ការ​រួម​សហការ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ និង​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។​ រឿង​នេះ​នឹង​ចាប់​ផ្តើម​សម្តែង​នៅ​ថ្ងៃ​ទី៨​ខែ​តុលា​ឆ្នាំ​២០១០​ នៅ​រោង​មហោស្រព​ Chateauvallon​ a​ Ollioules,​ សម្តែង​ពីរ​លើក​នៅ​រោង​មហោស្រព​ La Salle​ Pleyel​ នៅ​ថ្ងៃ​ទី​១០​ខែ​តុលា,​ សម្តែង​នៅ​រោង​មហោស្រព​ Volcan​ au​ Havre​ នៅ​ថ្ងៃ​ទី​១២​ខែ​តុលា,​ សម្តែង​នៅ​រោង​មហោស្រព​ Bozar​ a​ Bruxelles​ ប្រទេស​ Belgique​ នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​, សម្តែង​នៅ​រោង​មហោស្រព​ Theatre​ de​ Poissy​ នៅ​ថ្ងៃ​ទី១៥​ខែ​តុលា​ សម្តែង​នៅ​រោង​មហោស្រព​ Theatre​ de​ Saint​ Maur​ នៅ​ថ្ងៃ​ទី​១៦​ខែ​តុលា​ហើយ​នឹង​សម្តែង​នៅ​រោង​មហោស្រព​ Arenes​ de​ l’Agora​ a​ Evry​ នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំ​២០១០៕

XS
SM
MD
LG