អ្នកភូមិមកពីតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាជាងមួយរយនាក់ ត្រូវអជ្ញាធរឃុំខ្លួនមួយរយៈក្នុងក្រុងភ្នំពេញបន្ទាប់ពីបានចែកចាយខិត្តប័ណ្ណនិយាយពីផលប៉ះពាល់នៃដីសម្បទានរបស់រដ្ឋាភិបាលទៅលើជីវភាពរបស់ពួកគេ។
កាលពីព្រឹកថ្ងៃព្រហស្បិ៍ អ្នកភូមិប្រហែល១២០នាក់បានជួបជុំគ្នាដើម្បីធ្វើការបួងសួងនៅទីសក្ការៈព្រះពុទ្ធមួយ នៅមាត់ទន្លេនាក្រុងភ្នំពេញ។
អ្នកភូមិភាគច្រើនស្លៀកសំលៀកបំពាក់ដែលរចនាយកតាមអ្វីដែលគេបានតុបតែងខ្លួននៅក្នុងខ្សែភាពយន្ត«អាវ៉ាតារ៍»("Avatar") ដ៏ល្បីល្បាញ ដែលរឿងនេះព៌ណនាអំពីការប្រយុទ្ធតស៊ូរបស់ពូជពង្សមនុស្សពីភពផ្សេង ដើម្បីសង្គ្រោះព្រៃរបស់ពួកគេពីការកេងប្រវញ្ច័សម្រាប់ពាណិជ្ជកម្ម។
ក្រុមអ្នកតវ៉ាបានលាបមុខពណ៌បៃតង ពាក់អាវពណ៌បៃតង ហើយបានពាក់ស្លឹកឈើពណ៌បៃតងធ្វើជាមួក។
ពួកគេនិយាយថា ពួកគេមកទីក្រុងភ្នំពេញដើម្បីធ្វើឲ្យសាធារណជនយល់ដឹងពីបញ្ហាដែលពួកគាត់ជួបប្រទះនៅតាមតំបន់ជនបទ ដែលដីព្រៃឈើធំៗច្រើនកន្លែងត្រូវបានជួលឲ្យអ្នករកស៊ីក្នុងស្រុកនិងបរទេស។
អ្នកភូមិឈ្មោះ កៅ ឆាត ដែលបានធ្វើដំណើរមកពីខេត្តភាគឦសាន គឺខេត្តក្រចេះ និយាយថា ព្រៃឈើជាច្រើនត្រូវបានកាប់ឆ្កា ហើយអ្នកភូមិដូចគាត់កំពុងតែបាត់បង់ជីវភាពរស់នៅ។
គាត់និយាយថា មានមនុស្សម្ភៃនាក់មកពីតំបន់របស់គាត់ ហើយកំពុងបន់ស្រន់ព្រះពុទ្ធឲ្យលោកជួយ។ គាត់និយាយថាការថែរក្សាបរិស្ថានគួរតែជាអាទិភាព។
ក្រុមសហគមន៍មួយនិយាយថា ការប្រមូលផ្តុំបែបនេះបានធ្វើឡើងនៅ១៤៥កន្លែងទូទាំងប្រទេសកម្ពុជា។
គេមិនអាចបញ្ជាក់បានអំពីការអះអាងខាងលើនោះទេ ប៉ុន្តែកិច្ចប្រឹងប្រែងទូទាំងប្រទេសបែបនេះនឹងបង្ហាញពីកម្រិតមិនធម្មតាមួយនៃកិច្ចសហប្រតិបត្តិការសម្រាប់បុព្វហេតុសង្គមនៅប្រទេសកម្ពុជា ដែលជាធម្មតាសកម្មភាពបែបនេះមានទំហំតូចនិងនៅតាមតំបន់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា បញ្ហាដីធ្លីគឺជាបញ្ហាចម្បងមួយដែលជះឥទ្ធិពលមកលើសហគមន៍ជាច្រើន។
កាលពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស ដែលជាអង្គការមិនយកប្រាក់ចំណេញក្នុងស្រុកមួយ បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញថាយ៉ាងតិចណាស់កម្មសិទ្ធិដីធ្លីចំនួនប្រាំភាគរយនៃដីទូទាំងប្រទេស មានជម្លោះក្នុងរយៈពេលបួនឆ្នាំចុងក្រោយ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស ប៉ាន់ប្រមាណថាគ្រួសារបួនម៉ឺនប្រាំពីរពាន់ កំពុងស្ថិតក្នុងការប្រឈមនឹងជម្លោះដីធ្លី ឬក៏ត្រូវបានរងផលប៉ះពាល់ពីជម្លោះដីធ្លី។
តំបន់ទទួលរងការគម្រាមកំហែង ដែលមាននៅក្នុងព័ត៌មានថ្មីៗនេះគឺ ព្រៃឡង់ ដែលជាព្រៃបៃតងតំបន់ទំនាបធំជាងគេបំផុតក្នុងតំបន់។ ដីព្រៃធំៗដែលមិនបានការពារនៅតំបន់នេះ ត្រូវបានគេជួលឲ្យធ្វើជាចំការកៅស៊ូ។
អ្នកភូមិ កៅ ឆាត ដែលអាស្រ័យលើភោគផលពីព្រៃឡង់សម្រាប់ការរស់នៅ និយាយថាគាត់មានសុទិដ្ឋិនិយម ថាការធ្វើដំណើរមកភ្នំពេញនឹងធ្វើឲ្យគេយល់ដឹងពីបញ្ហានេះ។
គាត់និយាយថា គាត់សង្ឃឹមថាបាតុកម្មនេះនឹងទាក់ទាញការគាំទ្រច្រើនជាងមុន។ គាត់និយាយថារដ្ឋាភិបាលគួរតែគ្រប់គ្រងមិនឲ្យមានការកាប់បំផ្លាញព្រៃឈើ។
បន្ទាប់ពីការបន់ស្រន់បានបញ្ចប់ អ្នកភូមិបានបំបែកគ្នាដើរចែកខិត្តប័ណ្ណដែលលើកឡើងពីសារៈសំខាន់នៃការអភិរក្សព្រៃឈើ នៅពាសពេញទីក្រុងភ្នំពេញ។
ក៏ប៉ុន្តែក្នុងរយៈពេលប្រហែលមួយម៉ោងប៉ុណ្ណោះ អាជ្ញាធរបានឃុំឃាំងសមាជិកជាងមួយរយនាក់នៃក្រុមនេះ។ អ្នកទាំងអស់នោះត្រូវបានគេដោះលែងទៅវិញភ្លាមៗបន្ទាប់ពីពូកគេបានសន្យាថានឹងឈប់ចែកចាយខិត្តប័ណ្ណតទៅទៀតដោយពុំមានការអនុញ្ញាត។
បើទោះជាមានការហៅចូលទូរស័ព្ទជាច្រើនដង អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅតែមិនអាចទាក់ទងបានដើម្បីសុំការអធិប្បាយលើការឃុំខ្លួន ឬហេតុផលរបស់រដ្ឋាភិបាលក្នុងការហាមប្រាមមិនឲ្យចែកចាយខិត្តប័ណ្ណ។
ក្រុមសិទ្ធិមនុស្សសំខាន់ៗចំនួនបី បាននិយាយដោយចំហរប្រឆាំងនឹងការឃុំខ្លួននិងការឃាត់មិនឲ្យចែកចាយខិត្តប័ណ្ណ។ ពួកគេបាននិយាយថា អាជ្ញាធរបានអះអាងថាការចែកចាយខិត្តប័ណ្ណអាចធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស និយាយថា ហេតុផលពិតប្រាកដសម្រាប់ការឃុំឃាំងនេះ គឺថាការតវ៉ាបែបនេះអាចគម្រាមកំហែងដល់លទ្ធភាពរបស់អ្នកមានក្នុងការកេងប្រវញ្ច័ធនធានធម្មជាតិ។
ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ