ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ព្រៃឡង់​អំពាវនាវ​សុំ​អន្តរជាតិ​ជួយ


លោកសង្ឃ​ខ្មែរ​ប្រោះព្រំ​ទឹកមន្ត​ដល់​អ្នកភូមិ​ដែល​មក​ផ្តុំ​គ្នា​បួងសួង​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​រា​ជធានី​ភ្នំពេញ​​ ដើម្បី​ឲ្យ​មាន​ការការពារ​ព្រៃឡង់។​
លោកសង្ឃ​ខ្មែរ​ប្រោះព្រំ​ទឹកមន្ត​ដល់​អ្នកភូមិ​ដែល​មក​ផ្តុំ​គ្នា​បួងសួង​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​រា​ជធានី​ភ្នំពេញ​​ ដើម្បី​ឲ្យ​មាន​ការការពារ​ព្រៃឡង់។​

សកម្មជន​ការពារ​ព្រៃ​ឈើ​ប្រមាណ​៣០០​នាក់​ មក​ពី​ខេត្ត​ចំនួន​១៤​ បាន​ដាក់​ញត្តិ​តវ៉ា​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៅ​សហគមន៍​ផ្តល់​ជំនួយ​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ការពារ​ព្រៃឡង់​ និង​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ​នៅ​កម្ពុជា។ ​ព្រៃឡង់​នៅ​កម្ពុជា​ ត្រូវ​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​អាច​ចូល​ទៅ​រុករក​អនុផល​ព្រៃ​ឈើ​តាម​ប្រពៃណី​បាន​ នេះ​បើ​តាម​ការ​អះអាង​របស់​សកម្មជន​ការពារ​ព្រៃឡង់​។

អ្នក​ស្រី ភោគ​ ហុង​ តំណាង​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​ បាន​បញ្ជាក់​ថា​ព្រៃឡង់​មាន​សារប្រយោជន៍​សម្រាប់​ជន​ជាតិ​ដើម​ភាគតិច​ ដោយសារ​តែ​ពួក​គេ​ពឹងពាក់​លើ​ព្រៃ​នេះ​ក្នុង​ការ​រុករក​ឱសថ​បុរាណ​ ជ័រ វល្លិ៍ ​និង​ផ្តៅ​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។​ អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​ចង់​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល។​ ព្រៃឡង់​របស់​យើង​ខ្ញុំ ​រាល់ថ្ងៃ​បាន​បាត់បង់​មួយ​ចំនួន​ ដោយសារ​ក្រុមហ៊ុន​ វិនិយោគ​ដាំ​ដើម​កៅស៊ូ​ និង​ដើម​កាស្យា​នៅ​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​ និង​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ។​ យើង​ទាំង​អស់​គ្នា​ពឹង​ផ្អែក​ទៅ​លើ​ព្រៃឡង់​ បើ​យើង​ទាំង​អស់​គ្នា​អត់​ព្រៃឡង់​ យើង​ស្លាប់​ប្រសើរ​ជាង​រស់។ យើង​ទាំងអស់​គ្នា​ស្រឡាញ់​ណាស់​ ពី​ព្រោះ​ជីវិត​របស់​យើង​នៅ​លើ​ព្រៃឡង់​ ផ្ញើ​ទុក​នៅ​លើ​ព្រៃឡង់។​ ព្រៃឡង់​ ជា​ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ»។

លោក​ ស្វាយ​ ភឿន​ តំណាង​សហគមន៍​ព្រៃឡង់​ម្នាក់​ទៀត​ បាន​ថ្លែង​ថា​ ការ​បាត់​បង់​ព្រៃឡង់​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយជួប​ប្រទះ​ការ​លំបាក ដោយ​គ្មាន​មុខរបរ​ គ្មាន​ប្រាក់​ចំណូល​ បាត់បង់​អនុផល​ព្រៃ​ឈើ​ព្រម​ទាំង​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ និង​ទឹក​ជំនន់​។​ លោក​ថ្លែង​ថា៖

«គោលបំណង​ដែល​ពួក​ខ្ញុំ​ដាក់​ញត្តិ​ចូល​នេះ​គឺ​ដើម្បី​ឲ្យ​ធនាគារ​ និង​ស្ថានទូត​ទាំង​អស់​ដឹងឮ​ពី​ព័ត៌មាន​របស់​សហគមន៍​នៅ​ជុំវិញ​ព្រៃឡង់។ កម្ចី​ប្រាក់​ចេញ​ពី​ធនាគារ​ធំ​ៗ​ទៅ​អភិវឌ្ឍ​ដល់​ផល​ប៉ះពាល់​ ម្ចាស់​ប្រាក់​អត់​ដឹង​ទេ។​ អញ្ចឹង​ព័ត៌មាន​ជុំវិញ​ព្រៃឡង់​ ពួក​ខ្ញុំ​មាន​គំនិត​មួយ​គួរ​តែ​យក​ញត្តិ​ដាក់​ទៅ​តាម​ស្ថានទូត​ និង​ម្ចាស់​ប្រាក់​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ម៉ិញ​នេះ​ ដើម្បី​ឲ្យ​គាត់​ទទួល​ដឹង​ឮ​ថា​ នីតិ​បុគ្គល​ដែល​ខ្ចី​ប្រាក់​អភិវឌ្ឍន៍​ហ្នឹង​ តើ​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​ម្ចាស់​ប្រាក់​ដែរ​ឬ​ទេ?»។

សហគមន៍​ការពារ​ព្រៃឡង់​បាន​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​អាមេរិក​ ចក្រភព​អង់គ្លេស​ អូស្ត្រាលី​ អាល្លឺម៉ង់​ ចិន​ ជប៉ុន​ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ ព្រម​ទាំង​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ លោក

ស្សន ម៉ាគីនតុស្ស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ស្ថានទូត​អាមេរិក​បាន​ទទួល​ខិត្តប័ណ្ណ​ទាក់ទង​នឹង​ព្រៃឡង់​នេះ។ លោក ម៉ាគីនតុស្ស បាន​ថ្លែង​តាម​សម្តី​ដើម​ថា​ «យើង​កំពុង​តាម​ឃ្លាំ​មើល​ស្ថានភាព​នេះ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ហាម​ដាច់​ខាត​ការ​អភិវឌ្ឍ​ព្រៃស្រោង​ ឬ​ពាក់​កណ្តាល​ព្រៃស្រោង។​ចំណែក​ឯ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បញ្ជាក់​ថា យើង​បាន​ទទួល​ញត្តិ​នេះ​ ហើយ​យើង​កំពុង​ត្រួត​ពិនិត្យ​មើល​ញត្តិ​នេះ​ឡើង​វិញ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នគរបាល​បាន​ចាប់​ឃាត់​ខ្លួន​សកម្មជន​ការពារ​ព្រៃឡង់​ជាង​១០០​នាក់​ បន្ទាប់​ពី​បានចែក​ផ្សាយ​ខិត្តប័ណ្ណ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឡង់។

ព្រៃឡង់​គឺ​ជា​ព្រៃ​ដ៏​ធំ​ជាង​គេ​ និង​ក្រាស់ គ្រប់ដណ្តប់​លើ​ខេត្ត​កំពង់ធំ​ ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ស្ទឹងត្រែង។​ ខិត្តប័ណ្ណ​របស់​សហគមន៍​ការពារ​ព្រៃឡង់​ បាន​បញ្ជាក់​ថា​ ព្រៃ​នេះ​ជា​ជម្រក​សត្វ​ព្រៃ​ចំនួន​២៧​ប្រភេទ​ និង​រុក្ខជាតិ​ជិត​ផុត​ពូជ​ជាង​២០​ប្រភេទ។​ កាល​ពី​ខែ​ឧសភា​ សហគមន៍​ការពារ​ព្រៃឡង់​ បាន​មក​តវ៉ា​ម្តង​រួច​មក​ហើយ​នៅ​ទី​ក្រុង​ភ្នំពេញ​ក៏​ប៉ុន្តែ​ការ​តវ៉ា​នេះ​មិន​ត្រូវបាន​ដោះ​ស្រាយ​ទេ៕

XS
SM
MD
LG