ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេទ្យ​ប្រុង​ចាក់​ថ្នាំ​ការពារ​សព​ទើបដឹង​ថា​នៅ​រស់


លោក ម៉ុន មុំ ជា​កសិករ​មកពី​ស្រុក​បាទី​​ខេត្ត​តាកែវ អាយុ​ ៣៤ឆ្នាំ បាន​សន្លប់​នៅក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់គ្នា​នោះ ​​​លោកត្រូវ​បាន​គេ​គ្រប​ក្រណាត់​​សពីលើ​ហើយ​​ដាក់​តម្រៀបគ្នា​ជាមួយ​សាកសព​ដទៃ​ទៀត​ ដោយ​គិត​ថា​លោកបាន​ស្លាប់​បាត់​ទៅ​ហើយ​។
លោក ម៉ុន មុំ ជា​កសិករ​មកពី​ស្រុក​បាទី​​ខេត្ត​តាកែវ អាយុ​ ៣៤ឆ្នាំ បាន​សន្លប់​នៅក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់គ្នា​នោះ ​​​លោកត្រូវ​បាន​គេ​គ្រប​ក្រណាត់​​សពីលើ​ហើយ​​ដាក់​តម្រៀបគ្នា​ជាមួយ​សាកសព​ដទៃ​ទៀត​ ដោយ​គិត​ថា​លោកបាន​ស្លាប់​បាត់​ទៅ​ហើយ​។

ភ្នំពេញៈ ជន​រងគ្រោះម្នាក់​ក្នុង​ឧបទ្ទ​វហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​កោះ​ពេជ្រដែលត្រូវ​បានគេ​គិត​ថា​ស្លាប់បាត់​ទៅ​ហើយនោះ បែ​រជា​មាន​សំណាង​រស់​ឡើងវិញ​។ ប៉ុន្តែ ថ្វីបើ​គាត់​មាន​សំណាង​ដ៏​កម្រ​នេះក្តី ​ក៏​ប្រពន្ធជា​ទី​ស្រលាញ់​របស់​គាត់​ បាន​ស្លាប់​ចោល​គាត់​នៅក្នុង​ឧបទ្ទវ​ហេតុនៅ​ពេលនោះ​ទៅ​ហើយ។

នៅពេល​ដែល​ជន​រងគ្រោះចំនួន​៣៥១នាក់បាន​ស្លាប់​នៅក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់​គ្នានៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ លោក ម៉ុន មុំ មាន​សំណាង​រស់​ឡើងវិញ។

លោក ម៉ុន មុំ៖

«ដល់​ពេល​ដែល​ផ្នែក​ខាង​ពិនិត្យ​សាកសព​គេ​ថាងាប់​ហើយ​ ខ្ញុំ​ក៏​ដឹង​ខ្លួន​ភ្ញាក់​ ខ្ញុំថា​មិន​ងាប់​ឯណា​ ខ្ញុំ​ក៏​ធ្វើ​ខ្លួន​អញ្ចេះ​ឲ្យ​គេ​មើល​។ គេ​ថា អ្ហ៎​ នៅ​រស់​ទេ។ អា​ក្រណាត់​ស​ហ្នឹង​នៅ​មក​ជាប់​មក​ដល់​កន្លែង ​ហ្នឹង​»។

ជា​កសិករ​មកពី​ស្រុក​បាទីខេត្ត​តាកែវ លោក ម៉ុន មុំ អាយុ​ ៣៤ឆ្នាំ បាន​សន្លប់​នៅក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់គ្នា​នោះ។ លោកត្រូវ​បាន​គេ​គ្រប​ក្រណាត់​សពីលើ​ ហើយដាក់​តម្រៀបគ្នា​ជាមួយ​សាកសព​ដទៃ​ទៀត​ ត្រៀម​ចាក់ថ្នាំ​ការពារ​សាកសព​កុំឲ្យ​ស្អុ​យ​ ​ដោយ​គេ​គិត​ថា ​លោកបាន​ស្លាប់​បាត់​ទៅ​ ហើយ​។

ប៉ុន្តែ លោក​ត្រូវ​បាន​គេ​ដឹង​ថា​ មិន​ទាន់​ស្លាប់​នៅឡើយ នៅពេល​ដែល​ម្តាយ​របស់​លោកគឺអ្នក​ស្រី ច្រិច អែម ​បាន​មក​មើល​សាកសពរបស់​លោក​ដែល​គេ​តម្រៀប​ទុកនៅក្នុង​មន្ទីរ​ពេទ្យព្រះកុសុមៈ ក្នុង​ក្រុង​ភ្នំពេញនេះ។

អ្នកស្រី ច្រិច អែម កំពុង​អង្គុយ​នៅ​អែប​នឹង​គ្រែ​កូន​ប្រុស​របស់​អ្នកស្រីនៅ​ក្នុង​មន្ទីរពេទ្យនេះ។

អ្នកស្រី​ ច្រិច អែម៖

«ពេទ្យ​គេ​ឲ្យ​ក្រណាត់​ស​មួយ​ដុំ​។ គ្រប់​គ្នាថាងាប់។ ពេទ្យ​ក៏​គ្នា​មិន​ដឹង​ដែរ​ថា ប៉ុន្តែ​ពេទ្យ​ទាំង​ស្រីទាំង​ប្រុស ជួយ​ដក​សក់​ដក​អី វា​ថា​ឡើង​ចង់​រលើង​សក់​អស់​ហើយ ដល់​ហើយ​ឃើញ​នៅ​ដង្ហើម​តិចៗ ក៏​នាំ​គ្នា​សែង​មក​ហ្នឹង​ម៉ោ។ ហើយ​ក្រណាត់​ស ខ្ញុំ​ទើប​យក​បោះចោល​ម្សិល​ម៉ិញ។ ពេទ្យ​គេ​ថា យាយ​ឯង​មិន​យក​ក្រណាត់​ស​ហ្នឹង​បោះ​ចោល ក្រណាត់​ហ្នឹង​គេ​ទុក​គ្រប​ខ្មោចតើ គាត់​ហ្នឹង​គេ​ថា​ស្លាប់​ហើយ ឥឡូវ​យក​បញ្ចេរ​ចោល​ទៅ​ឥឡូវ​គាត់​រស់​ហើយ។ ខ្ញុំ​ក៏​បញ្ចេរ​ចោលយកទៅ​បោះ​ចោល​ក្នុង​ធុង​សំរាម​ទៅ»។

ដោយ​ដៃ​នៅ​ជាប់បង់ស្អិតនិង​សំឡី ក្រោយ​ពី​ដក​ម្ជុល​សេរ៉ូមរួច​នោះ លោក ម៉ុន មុំ បានរៀបរាប់ថា នៅ​ពេល​គេ​ដាក់​លោកតម្រៀបគ្នា​ជាមួយ​គំនរ​សាកសព​ដទៃ​ទៀត​ដែល​បានស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្អើល​ជាន់គ្នា​នោះ​ លោកគ្មានអារម្មណ៍​ភិត​ភ័យ​បន្តិចឡើយ ដោយសារ​តែ​លោកសឹង​គ្មានកម្លាំង​បន្តិចនៅក្នុង​ខ្លួន​ផងនោះ។

លោក ម៉ុន មុំ បាន​និយាយថា​៖

«ខ្ញុំ​អត់​មាន​អារម្មណ៍​ខ្លាច​ទេ។ កាល​ហ្នឹង​ ពេល​ខ្ញុំ​ដឹង​ខ្លួន​ខ្លាំង ខ្ញុំ​ដឹង​ថា​ជើង​ខ្ញុំ​នេះ ឡើង​ក្រាំង​អស់​ហើយ។ ពេទ្យ​គេបញ្ចូល​សេរ៉ូម​ ជើង​ខ្ញុំ​ឡើង​រមួល​ក្រពើ។ ពេល​ហ្នឹង សាក​សព​នៅ​អញ្ចឹង ខ្ញុំ​យក​ជើ​ង​ដាក់​ពីលើ​សាកសព​ហ្នឹង​ទៅ វាអស់​កន្លែង​ខ្លាច​ហើយ»។

ដោយ​នាំ​ប្រពន្ធ​និង​កូន​ស្រី​អាយុ​១០ឆ្នាំ​ម្នាក់​ដើរ​កំសាន្ត​លេង​នៅ​លើ​ស្ពាន​កោះ​ពេជ្រនា​រាត្រី​ថ្ងៃ​ច័ន្ទ​នោះ លោក ម៉ុន មុំ ដែល​ជា​ឪពុក​នៃ​កូន​បី​នាក់ បានចាត់ទុក​ខ្លួន​ឯង​ថា ជា​មនុស្ស​មាន​សំណាង​ខ្ពស់ ដោយ​លោក​រំលឹកហេតុការណ៍​នៅពេលនោះ​ថា លោក​ទទួល​បាន​ទឹក​ហូប​មិន​អស់​ផង​ខណៈ​ពេល​ដែល​ហ្វូង​មនុស្សរាប់រយនាក់ផ្សេងទៀតដែលនៅ​កក​ជាប់​គ្នា​នៅលើ​ស្ពាន​នោះ សឹង​រក​ទឹក​មួយ​ដំណក់​ផឹក​មិន​បាន​ផងនោះ។

លោក ម៉ុន មុំ៖

«ពេល​គេ​បោះ​ទឹក​ទៅ មិន​ដឹង​ពីណា​បោះ​ទេ ប៉ុន្តែ ពេល​ហ្នឹង​គប់​ទៅ​ប៉ុន្មាន​ក៏​អត់​គ្រាន់​ដែរ ព្រោះ​ពេល​នោះ​វា​ក្តៅ តែខ្ញុំមាន​ទឹក​ផឹក​រហូត​ មាត់​ខ្ញុំ​ដៃ​ខ្ញុំ​មិន​បាច់​ធ្វើ​អី​ក៏​មានទឹក​ផឹក​រហូត។​ អញ្ចឹង​បាន​ថា​ខ្ញុំ​មិន​គួរ​ថា​ដល់មាន​វាសនា​ដល់​ថ្នាក់​ហ្នឹង»។

លោក ម៉ុន មុំ និង​កូន​ស្រីរបស់​លោក ពិត​ជា​មាន​សំណាង​ ដោយ​ត្រូវ​បាន​ក្រុមសមត្ថកិច្ចជួយ​សង្រ្គោះ​ទាន់​ពេលវេលា ដោយ​លើ​កទាញ​ចេញ​ពី​គំនរ​មនុស្ស​ដែល​នៅ​កក​ជាប់​គ្នា​នៅ​លើ​ស្ពាន​ក្នុង​ហេតុការណ៍ផ្អើល​ជាន់​គ្នា​នោះ។ ប៉ុន្តែ លោក​ពុំទាន់​ដឹង​ព័ត៌មានដ៏​អកុសល​អំពី​ភរិយាជា​ទី​ស្រលាញ់​របស់លោក​ដែល​ពុំមាន​សំណាង​ដូច​រូប​លោក​និង​កូន​ស្រី​របស់​លោក​នោះទេ។

អ្នកស្រី ច្រិច អែម មាន​ប្រសាសន៍​ថា អ្នក​ស្រី​ពុំទាន់​ចង់​ប្រាប់​កូន​ប្រុស​របស់អ្នក​ស្រី​ អំពី​មរណភាព​របស់​កូន​ប្រសារ​របស់​អ្នកស្រី​នៅ​ក្នុង​ឧបទ្ទវហេតុ​តែមួយនៅ​ពេល​នេះទេឡើយ ដោយ​អ្នក​ស្រី​បារម្ភថា កូន​ប្រុស​អាច​នឹង​មាន​អារម្មណ៍​តក់​ស្លុត​ខ្លាំង​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សុខភាពរបស់គាត់។

អ្នកស្រី ច្រិច អែម៖

«អត់​ទាន់​ហ៊ាន​ប្រាប់​ទេ ​ព្រោះ​កូន​វា​នៅ​ខ្សោយ​នៅ​ឡើយ។​ ឥឡូវ​ហ្នឹង​ក៏​នៅ​ខ្សោយពេល​ដក​សេរ៉ូម​ ខ្សោយ ហើយ​ខ្ញុំចេះ​តែ​រត់ទៅ​តាម​ពេទ្យដែរហ្នឹង»។

យ៉ាង​ណា​ក៏​ដោយ លោក​ ម៉ុន មុំ មានប្រសាសន៍​ថា លោក​នៅ​តែ​ចង់ដឹងអំពី​មូលហេតុ​ពិត​ប្រាកដ​នៃឧបទ្ទ​វហេតុ​ផ្អើលជាន់គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ​នោះ ​ដើម្បី​ឲ្យ​លោកមាន​អារម្មណ៍អស់​ចិត្តចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ៕

XS
SM
MD
LG