ប្រជានេសាទតាមដងទន្លេសាបបារម្ភពីផលនេសាទ ក្នុងរដូវត្រីប្រហុក
ប្រជាពលរដ្ឋខ្មែរនៅតាមដងទន្លេ បានរូតរះធ្វើការនេសាទត្រីក្នុងរដូវប្រហុក ផ្អកនិងត្រីឆ្អើរ នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅពេលដែលទឹកទន្លេសាបកំពុងហូរស្រកចេញទៅទន្លេមេគង្គវិញ។ ទោះយ៉ាងណា នៅក្នុងរដូវនេសាទត្រីប្រហុកដែលមានរយៈពេលពីរខែនេះ ប្រជានេសាទតាមដងទន្លេសាបកត់សម្គាល់ឃើញថា ផលនេសាទធ្លាក់ចុះហើយត្រីដែលខ្លួនចាប់បានមានទំហំតូចជាងធម្មតា។ អ្នកជំនាញបានដាក់បន្ទោសលើ កំណើនប្រជាជន បម្រែបម្រួលអាកាសធាតុ ការនេសាទខុសច្បាប់ រួមទាំងការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គដែលបានធ្វើឲ្យផលនេសាទធ្លាក់ចុះ។