ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​ព្រមាន​ថា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់​អាច​ឆ្លង​មក​កម្ពុជា​បើ​មិន​ដោះស្រាយ​បញ្ហា​ធំៗ


ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​​យេមែន គ្រវី​ទង់ជាតិ​យេមែន​និង​ទង់​ជាតិ​ទុយនីស៊ី​ ​និង​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​យេមែន​ អាលី អាប់ឌុល្លាហ៍ សេលេស (Ali Abdullah Saleh) ចុះ​ចេញ​ពី​តំណែង នៅ​ក្រុង​ សាណាអា (Sana'a) កាល
ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​​យេមែន គ្រវី​ទង់ជាតិ​យេមែន​និង​ទង់​ជាតិ​ទុយនីស៊ី​ ​និង​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​យេមែន​ អាលី អាប់ឌុល្លាហ៍ សេលេស (Ali Abdullah Saleh) ចុះ​ចេញ​ពី​តំណែង នៅ​ក្រុង​ សាណាអា (Sana'a) កាល

ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​និង​អ្នកវិភាគ​ឯករាជ្យ​ព្រមាន​ថា​ភាព​ក្រីក្រ​ ភាព​អត់​ការងារ​ធ្វើ​ បញ្ហា​រំលោភ​ដីធ្លី​ គម្លាត​ដ៏​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ​ អំពើ​ពុក​រលួយ​ បញ្ហា​ជន​អន្តោ​ប្រវេសន៍​ បញ្ហា​រំលោភ​បំពាន​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​ដែល​មិន​ទាន់​ដោះ​ស្រាយ​បាន ​អាច​នឹងនាំ​ទៅ​ដល់​ការ​បះបោរ​ឬ​បដិវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ការ​បះបោរ​ទម្លាក់​មេដឹក​នាំ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​រួម​មាន​ដូច​ជា​ប្រទេស​ ទុយនីស៊ី អេហ្ស៊ីប​ និង​លីប៊ី​ជាដើម។

លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​នយោបាយ​ពី​អន្តជាតិ​បាន​អះអាង​ថា​បដិវត្តន៍​មួយ​នឹង​កើត​មាន​ឡើង​ប្រសិន​បើ​អ្នក​ដឹក​នាំ​កម្ពុជា​សព្វ​ថ្ងៃ​មិន​ព្រម​ប្តូរ​របៀប​ដឹក​នាំ​ ប្រទេស​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​សមរម្យ​ឲ្យ​ប្រទេស​អភិវឌ្ឍ​ពិត​ប្រាដ​ មាន​សេរីភាព​និង​ប្រជា​ធិបតេយ្យ​ពេញ​លេញ។

«លទ្ធិ​ប្រជា​ធិបតេយ្យ​ ថា​ប្រជា​ធិបតេយ្យ​គឺ​ប្រជា​រាស្ត្រ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។​ ឥឡូវ​ ម្ចាស់ទឹក​ម្ចាស់ដី​កន្លែង​ណា​បើ​យក​ដី​ធ្លី​ផ្ទះ​សម្បែង​ ស្រែ​ចម្ការ​ ព្រៃ​ឈើ​ បឹងបួរ ស្ទឹង​កោះ​ សូម្បី​តែ​ឆ្នេរ​សមុទ្រ​អី​ហ្នឹង​គឺ​យក​អស់។​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ យល់​ថា​មិន​យូរ​ទេ ​ប្រទេស​កម្ពុជា​យើង​នឹង​មាន​បដិវត្តន៍​ដីធ្លី​មួយ​ទៀត។​ ហើយ​គួប​ផ្សំ​ លើស​ពី​បដិវត្តន៍​ដីធ្លី​គឺ​បដិវត្តន៍​យុវជន​ ដែល​អត់​ការងារ​ធ្វើ​ មួរម៉ៅ​ ឈឺចាប់​ តវ៉ា​ អស់​ សង្ឃឹម​ទាមទារ​ឲ្យ​មាន​ការប្តូរ​របប​ ប្តូរ​ការ​ដឹក​នាំ​របៀប​ដឹក​នាំ​ ប្រព័ន្ធ​ដឹកនាំ​សព្វ​ថ្ងៃ»។

លោក ​សម រង្ស៊ី​ថ្លែង​យោង​ទៅ​លើ​បដិវត្តន៍​សម័យ​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ នៅ​ពាក់ កណ្តាល​ទសវត្សរ៍​ទី​៦០​ ដែល​លោក​ចង់​ឲ្យ​ជៀស​វាង​នោះ​ គឺ​កើត​ឡើង​ដោយ សារ​បញ្ហា​ដី​ធ្លី​ ហើយ​នឹង​ស្ថានការណ៍​ប្រហាក់​ប្រហែល​គ្នា​នឹង​សព្វ​ថ្ងៃ​នេះ។

«វាង​មិន​ផុត​ទេ។​ ហើយ​ខ្ញុំ​ជឿ​ថា​ថ្ងៃ​ណា​មួយ​ ហើយ​ខ្ញុំ​មិន​ជឿ​ថា​យូរ​ប៉ុន្មាន​ទេ​ក្នុង ពេល​ឆាប់ៗ​ថ្ងៃ​ណា​មួយ​ គឺ​ច្បាស់​ជា​មាន​ការ​បះបោរ ​ច្បាស់​ជា​មាន​ការ​ប្តូរ​របប ដឹកនាំ​ មាន​ការផ្តួល​រំលំ​អំណាច​ផ្តាច់ការ​ជា​ពុំ​ខាន​ដូច​នៅ​ប្រទេស ​ទុយនីស៊ី​ ដូច​នៅ​ប្រទេស​អេហ្ស៊ីប​ ដូច​នៅ​ប្រទេស​កំពុង​តែ​មាន​កើត​ហេតុ​នៅ​ប្រទេស​លីប៊ី ប្រទេស​ យេមែន​ ប្រទេស​ បារ៉ែន»។

លោក ​សម រង្ស៊ី​បាន​អះអាង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​ឈឺចាប់​ នឹង អំពើ​អយុត្តិធម៌​ក្នុង​សង្គម ​ភ័យ​ខ្លាច​នឹង​ពាក្យ​អភិវឌ្ឍន៍​ និង​ វប្បធម៌​សម្បក​ក្រៅ ដែល​លោក​ សម រង្ស៊ី​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អះអាង​របស់​មន្ត្រី រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​រីក​ចម្រើន​លើ​វិស័យ​ផ្សេងៗ​នោះ​ថា​ជា​រឿង​មិន​ពិត។

ប្រទេស​កម្ពុជា​ដែល​ឆ្លង​កាត់​សង្រ្គាម​រ៉ាំរ៉ៃ​ជាង​បី​ទសវត្សរ៍​ បាន​ក្លាយ​ជា​ប្រទេស ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភព​លោក។ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ឲ្យ​ដឹង​ថា​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជិត​៣០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​១៤​លាន​នាក់​ រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ រក​ចំណូល​បាន​ប្រមាណ​មិន​ដល់​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ប្រជា​ពលរដ្ឋ​ប្រមាណ​៨៥​ភាគ​រយ​រស់​នៅ​ពឹង​ផ្អែក​ ដោយ​របរ​កសិកម្ម។

យុវជន​ខ្មែរ​អត់​ការងារ​ធ្វើ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​មួយៗ​ឆ្នាំ​ មាន​ការរឹត​ត្បិត​សេរីភាព​ខាង​ការបញ្ចេញ​មតិ​ និង​ការតវ៉ា ​ការប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ អំពើ​រំលោភ​បំពាន​ ដី​ធ្លី កើត​ឡើង​ដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ករណី​ ដែល​អាជ្ញាធរ​មិន​អាច​ ដោះ​ស្រាយ បាន។

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែងថា​ការឈឺ​ចាប់​របស់ ប្រជា​ពលរដ្ឋ​កម្ពុជា​លើ​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន​នោះ​កំពុង​ឈាន​ទៅរក​ការផ្លាស់​ប្តូរ​ហើយ​ដូច​ប្រទេស​នានា។​ តែ​លោក​សង្កត់ ធ្ងន់​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ត្រូវការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះឆ្នោត​សិន។

«ប៉ុន្តែ​ថ្ងៃ​ណា​មួយ​រដ្ឋាភិបាល​ គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​អាច​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​ អាហ្នឹង​វា​អាច​ វា​អាច​ឈាន​ទៅ​រក​ការ​ងើប​ឡើង​ម្យ៉ាង​ទៀត​ដែរ។ តែ​បញ្ហា​ខ្មែរ​ដែល​ខ្ញុំ​កត់​សម្គាល់​ ទម្លាប់​ដែល​ខ្ញុំ​មើល​ឃើញ​ទៅ​ ការងើប​ឡើង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​កន្លង​មក​ តាម​ប្រវត្តិសាស្ត្រ​ ភាគ​ច្រើន​រត់​ចូល​ទៅ​ធ្វើការ​តស៊ូ​ដោយ​បង្កើត​ចលនា​តស៊ូ​ដោយ​ប្រដាប់​អាវុធ​អី​អញ្ចឹង​ កន្លង​មក​ តែ​កាល​ហ្នុង​មាន​ព្រៃ​ចូល​ តែ​ឥឡូវ​វា​អត់ព្រៃ​ចូល​ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​ប្រហែល​ជា​ពិបាក​ក្នុង​ការចេញ​ទៅ​តស៊ូ​ដើម្បី​ប្រឆាំង​អី​អញ្ចឹង​គឺ​មាន​ការ​លំបាក​ ហើយ​ការតស៊ូ​ដោយ​ហិង្សា​ដោយ​សង្គ្រាម​ប្រជាពលរដ្ឋ​ យើង​ហាក់​ដូច​ជា​រាងចាល​ ដូច្នេះ​ហើយ​ខ្ញុំ​មើល​ទៅ​ វា​នៅ​មាន​ការ​តឹងតែង​ណាស់​ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​រង់ចាំ​ការបោះ​ឆ្នោត​សិន​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

លោក​ កឹម សុខា​អះអាង​ថា​លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាជាង​អំពើ​ហិង្សា។ ក្រុមប្រជា​ពលរដ្ឋ​អេហ្ស៊ីប​និង​ប្រទេស​ទុយនីស៊ី​បាន​ងើប​បះបោរ​កាលពី​ខែ​មុន​ប្រឆាំង​បណ្តេញ​មេដឹក​នាំ​ដែល​កាន់​អំណាច​យូរៗ​ចេញ​ពី​មុខ​តំណែង ​ហើយ​ ប្រទេស​មួយ​ចំនួន​ទៀត​រួមទាំង​ប្រទេស​លីប៊ី​មាន​ប្រជា​ពលរដ្ឋ​កំពុង​ងើប​ឡើង​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ​ដែល​កាន់​អំណាច​ជាង​៤០​ឆ្នាំ​ផង​ដែរ។

ក្មេងៗ​កំពុង​សម្លឹង​មើលដំណើរការ​បូម​ខ្សាច់ដ៏​ចម្រូង​ចម្រាស់​ចូល​ក្នុង​បឹង​កក់ក្នុង​ក្រុង​ភ្នំពេញ។
ក្មេងៗ​កំពុង​សម្លឹង​មើលដំណើរការ​បូម​ខ្សាច់ដ៏​ចម្រូង​ចម្រាស់​ចូល​ក្នុង​បឹង​កក់ក្នុង​ក្រុង​ភ្នំពេញ។

លោក​ សម​ រង្ស៊ី​ក្នុង​កម្ម​វិធី​ Hello​ VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បង្ហាញ​ពី​ការ សារទរ​របស់​លោក​ចំពោះ​ការបះ​បោរ​បស់​ពលរដ្ឋ​នៃ​ប្រទេស​នានា​ដោយ​មិន​រង់ ចាំ​ការបោះឆ្នោត​ដែល​លោក​បាន​ចាត់​ទុក​ ថា​មាន​ការគៃ​បន្លំ​ដូច​ជា​មេដឹកនាំ អេហ្ស៊ីប ​ហូស្សនី ​មូបារ៉ាក់។

«ប្រទេស​ដទៃ​ទៀត​ដែល​ខ្ញុំ​និយាយ​អម្បាញ់​ម៉ិញ​ ជនជាតិ​គេ ​ប្រជា​ពលរដ្ឋ​ គេៗ អត់​ចាំ​ការបោះ​ឆ្នោត​ទេ​ ពី​ព្រោះ​ការបោះ​ឆ្នោត​នោះ​ វា​មាន​ការ​លួច​បន្លំ​សន្លឹក ឆ្នោត​ ដូច​ជា​លោក​ ហូស្សនី​ មូបារ៉ាក់ ​គាត់​មុន​នឹង​ធ្លាក់​ គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ គាត់​កាន់​អំណាច​៣០​ឆ្នាំ​ជាង​ ហើយ​គាត់​ចេះ​តែ​លួច​បន្លំ​សន្លឹក​ឆ្នោត។​ពី​ការបោះ​ឆ្នោត​មួយ​ទៅ​ការបោះ​ឆ្នោត​មួយ​គឺ​គាត់​ក្រាញ​អំណាច។​គាត់​ឈ្នះ​ជានិច្ច ប៉ុន្តែ​អាឈ្នះ​ឆ្នោត​ដោយ​លួច​បន្លំ​ដូច​នៅ​ស្រុក​ខ្មែរ​អញ្ចឹង​ គាត់​លួច​ ឈ្មោះ​គេ លុប​ ឈ្មោះ​គេ​ បន្លំ​ឈ្មោះ​គេ​ ពេល​រាប់​សន្លឹក​ឆ្នោត​ ធ្វើ​តួ​លេខ ​របាយ​ការណ៍ កែ​ច្នៃ​ប្រឌិត​តាម​តែ​អំពើ​ចិត្ត​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នៅ​ប្រទេស​អេហ្ស៊ីប​ដូចនៅ​ប្រទេស​កម្ពុជា​គឺ​មិន​មែន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈប្រជា​ពលរដ្ឋ​ខ្មែរ​ទេ ​តែ​ផ្ទុយ​ទៅវិញ​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ»។

លោក ​ជៀម យាប​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស គ្រប់គ្រង​ប្រទេស​និង​ជា​សមាជិក​សភា​មួយ​រូប។ លោកបាន​ថ្លែង​ការពារ​ជំហរ​ រដ្ឋាភិបាល​នៃ​គណបក្ស​របស់​លោក​ថា​ការឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការបោះ ឆ្នោត​ឆ្នាំ២០០៨ ដោយ​ទទួល​បាន​៩០អាសនៈ​ក្នុង​ចំណោម​សរុប​១២៣នៃ រដ្ឋ សភានោះ​ថា​បាន​មក​ពី​ការណ៍​ដែល​ប្រជា​ពលរដ្ឋ​ជឿ​ទុក​ចិត្ត។​ លោក​បាន​បញ្ជាក់​ថា៖ ព្រឹត្តិ​ការណ៍​ក្នុង​ ប្រទេស​ នីមួយៗក្នុង​ពិភពលោក​វា​ខុស​ពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា។​ ហើយ​ការដឹក​នាំ​ប្រទេស​យូរ​ឬ​ ឆាប់​គឺ​ស្រេច​តែ​លើ​អ្នក​បោះ​ឆ្នោត​ដែល​នៅ​ជឿ​ទុក​ចិត្ត។

«សម្តេច​តេជោ​ ហ៊ុន សែន​ លោក​អត់​មាន​បំណង​ ត​ ៣០​ឆ្នាំ​អីណាៗ​នោះ​ទេ។ ​ស៊ី​សង​ទៅ​លើ​អ្នក​ដែល​ទៅ​បោះ​ឆ្នោត,​ ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​តទៅ​ទៀត​ យើង​ឃើញ​ថា​ការជ្រើស​រើស​របស់​គណបក្ស​នេះ​ នៅ​តែ ជឿ​ទុក​ចិត្ត​ នៅ​តែ​ជ្រើស​តាំង​សម្តេច​តេជោ ​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ខ្លួន​ នៅ​ពេល​ដែល​គណបក្ស​ខ្លួន​ហ្នឹង​ឈ្នះ​ឆ្នោត​ដើម្បី​ដឹក​នាំ​ប្រទេស ជាតិ។​ អានេះ​ខ្ញុំ​សូម​ជម្រាប​ថា​សភាពការណ៍​នៃ​ប្រទេស​លីប៊ី ​ឬ​ក៏​ទុយនេស៊ី ​ឬ​ក៏ អេហ្ស៊ីប​ ឬ​ក៏​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​មាន​កន្លង​មក​ហើយ​គឺ​ថា​វា​មិន​ដូចជា​នៅ​កម្ពុជា​ទេ។​ នៅ​កម្ពុជា​យើង​យក​ច្បាប់​ធ្វើ​ជា​មូលដ្ឋាន​ យក​លទ្ធផល​បោះឆ្នោត​នៅ​ទូទាំង​ ប្រទេស​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ដឹក​នាំ​ប្រទេស​ជាតិ»។

លោក​ជៀម យាប ​បាន​ថ្លែង​ថា​គណបក្ស​របស់​លោក​មាន​ការពិភាក្សា​គ្នា​អំពី​បញ្ហា​ជាតិ​និង​អន្តជាតិ​ជា​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ផ្ទៀង​ផ្ទាត់​សភាពការណ៍​ក្នុង​ការដឹកនាំ​ប្រទេស​និង​ដោះស្រាយ​បញ្ចៀស​បញ្ហា​ដែល​ជា​អស្ថិរភាពរបស់​សង្គម​និង​នយោបាយ។

«សភាពការណ៍​យើង​មិនមែន​គិត​តែ​ពី​សភាពការណ៍​ផ្ទៃ​ក្នុង​របស់​យើង​ទេ។​ យើង​គិត​សភាពការណ៍​អន្តជាតិ​ផងដែរ​ដើម្បី​យក​មក​ Check ​and ​Balance​ (ឬ​ពិនិត្យ ផ្ទៀង​ផ្ទាត់)​ ជាមួយ​សភាពការណ៍​ជាក់ស្តែង​របស់​ប្រទេស​ជាតិ​យើង។​ហើយ​យ៉ាងណាៗ​នោះ​យើង​អាច​ដឹង​បាន​ភ្លាមៗ​ដោយ​សារតែ​ការក្តាប់​សភាពការណ៍​ហើយ​យក​មក​ប្រជុំ​គ្នា​ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ការអនុវត្តន៍​ជាក់​ស្តែង​ទៅ​តាម​កម្មវិធី​នយោបាយ​ដែល​មាន​ស្រាប់​ហ្នឹង។ គឺ​ថា​ដើម្បី​ឲ្យ​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ»។

លោក ​បណ្ឌិត​ ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ដាក់​ជំនឿ​របស់​លោក​ថា ប្រទេស​កម្ពុជាទំនង​ជា​បាន​រៀន​សូត្រ​ពី​កត្តា​សំខាន់ៗ​ទាក់​ទង​នឹង​បញ្ហា​បះ​បោរ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​កើត​មាន​ការ​បះបោរនៅ​កម្ពុជា​ទេ។

«ខាង​រដ្ឋាភិបាល​មាន​បណ្តាញ​គ្រប់​គ្រង​និង​ទប់ទល់​ហ្នឹង ​គឺ​កុំ​ឲ្យ​មាន​ការផ្ទុះ​ការ​បះបោរ​ ហ្នឹង​គឺ​ថា​ភ្លាម​ចាត់​វិធានការ​ភ្លាម​ ហើយ​ដូច​មាន​បច្ចេកទេស​គឺ​ខ្លាំង ដូច​ស្រុក​ចិន​អញ្ចឹង​ដែរ​គឺ​បង្រ្កាប​ភ្លាមៗ។​ ហើយ​ដែល​ប្រហែល​ជា​អាច​រៀន​សូត្រ អំពី​ការខ្វះខាត​អំពី​កត្តា​ដែល​នាំ​ឲ្យ​មាន​ការបះបោរ​នៅ​ប្រទេស​ទាំង​ប៉ុន្មាន​នោះ​ដែរ។​ ហើយ​ក៏​មាន​ចាត់​វិធាន​ការ​កែ​ប្រែ​ខាង​នយោបាយ​ផ្សេងៗ​ដើម្បី​ទប់ទល់​កុំ​ឲ្យ​មាន​កត្តា​ដែល​នាំ​មក​នូវ​ការ​បះបោរ​ហ្នឹង​ណាស់​ដូច​នៅ​ប្រទេស​គេ​ផ្សេងៗ​ហ្នឹង»។

លោក ​ឡៅ ​ម៉ុងហៃ ​បាន​បន្ថែម​ថា​ស្ថានការណ៍​ដែល​បះបោរ​នៅ​ប្រទេស​នានា​ដូច​ជា​ប្រទេស​អេហ្ស៊ីប ​ទុយនេស៊ី ​ល៊ីប៊ី​ និង​ប្រទេស​ផ្សេងៗ​ទៀត​កើត​ឡើង​ ដោយ​ស្ថានការណ៍​ស្រដៀង​គ្នា​ គឺ​គម្លាត​ធំ​រវាង​អ្នកមាន​និង​អ្នកក្រីក្រ​ គម្លាត​រវាង​អ្នកធំ​និង​អ្នកតូច​ឬ​មនុស្ស​ធម្មតា​ ភាពអត់​ការងារ​ធ្វើ​ជាដើម​ផង។​ លោក​ឡៅ​ ម៉ុងហៃ​បាន​ពន្យល់​ទៀត​ថា​ ប្រទេស​ទាំង​នោះ​មាន​ ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ជាង​កម្ពុជា​ រដ្ឋាភិបាល​មាន​ទំនុក​ទុក​ចិត្ត​ខ្ពស់​ពី​ប្រជា​ពលរដ្ឋ​ ក៏​ប៉ុន្តែ​ទំនុកចិត្ត​នោះ​ត្រូវ​រលាយ​អស់​នៅ​ពេល​ដែល​មាន​បដិវត្តន៍​កើត​ឡើង។

លោក​ឡៅ ​ម៉ុងហៃ​បាន​អះអាង​ដែរ​ថា​បញ្ហា​មួយ​ដែល​ពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​មិន​សប្បាយ​ចិត្ត​ដែរ​គឺ​ការណ៍​ដែល​ក្រុម​មេដឹក​នាំ​ប្រទេស​ទាំង​នោះ​ដូច​ជា​ប្រទេស​ អេហ្ស៊ីប ​គឺ​លោក មូបារ៉ាក់ (Mubarak) ​និង​ លោក​ ហ្កាដាហ្វ៊ី (Gaddafi) ​នៃប្រទេស​ល៊ីប៊ី​ ដែល​កាន់​ អំណាច​យូរ​មក​ហើយ​ចង់​បន្ត​តំណែង​ឲ្យ​ទៅ​ក្រុមគ្រួសារ​ឬ​កូន​របស់​ខ្លួន​ទៀត។

«កត្តា​មួយ​ទៀត​ដែល​គេ​ចាប់​អារម្មណ៍​ដែរ​គឺ​ថ្នាក់​ដឹកនាំ​ប្រទេស​ ២​, ៣ហ្នឹង​ គឺ ចង់​ឲ្យ​កូន​របស់​ខ្លួន​ហ្នឹង​ឡើង​កាន់​អំណាច​បន្ត​ដូច​ មូបារ៉ាក់ ​ដូច​ ហ្កាដាហ្វ៊ី​អញ្ចឹង​បាទ ​គឺ​គិត​គូរ​តែ​ក្រុម​គ្រួសារ​ខ្លួន​ឯង។​ អាហ្នឹង​ជា​កត្តា​ដែល​ខឹង​សម្បារ​ដែរ»។

លោក​បណ្ឌិត​ ឡៅ ​ម៉ុងហៃ​បាន​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​គួរ​រក​វិធានការ​ដោះស្រាយ​បាន​ដើម្បី​ទប់ស្កាត់​ការបះបោរ។​ លោក​បាន​ពន្យល់​ពី​បទពិសោធ​ដ៏​លំបាក ​នៃ​តម្រូវការ​ក្រោយ​ពេល​ដែល​ផ្លាស់ប្តូរ​មេដឹក​នាំ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​មាន​ការបះបោរ​ក្នុង​ប្រទេស​ដែល​ផ្តាច់ការ។

«ហើយ​ជា​ពិសេស​ក្នុង​របប​មួយ​ដែល​ឥត​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​របប​ផ្តាច់​ការ​ខ្វះខាត​អ្នក​នយោបាយ​ ស្ថាប័ន​នយោបាយ​ដើម្បី​ទៅ​ជំនួស។​ ឥឡូវ​នេះ​គឺ​ថា ​អ្នក ទៅ​ជំនួស​ដូច​ជា​រដ្ឋា​ភិបាល​ រដ្ឋ​មន្ត្រី​នៅ​អេហ្ស៊ីប​អញ្ចឹង​គឺ​ថា​ សុទ្ធតែ​មនុស្ស​ដែល​ជំនាន់​មុន​ដដែលៗ​នៅ​ទុយនីស៊ីក៏​អញ្ចឹង។ ​ម៉្លោះ​ហើយ​មាន​បាតុកម្ម​បន្ត​ទៀត​ដើម្បី​សុំ​ទម្លាក់​មន្ត្រី​ឬ​នាយក​រដ្ឋមន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​មុន ​ហើយ​ឲ្យ ដាក់​មនុស្ស​ថ្មី។ ​ប៉ុន្តែ​វា​ពិបាក​រក​មនុស្ស​ថ្មី​ ព្រោះ​របប​ហ្នឹង​មិន​ឲ្យ​មាន​មនុស្ស​ថ្មី។ មនុស្ស​ណា​ដែល​ឯករាជ្យ​ មនុស្ស​ដែល​ធ្វើ​នយោបាយ​ប្រឆាំង​អី​វា​អត់​ឲ្យ​មាន។​ម្ល៉ោះ​ហើយខ្លួន​ឯង​រលំ​ទៅ​ប្រទេស​ វា​អត់​មាន​ ស្ថាប័ន​អី​ក៏​អត់​មាន។​ អង្គការ សង្គម​ស៊ីវិល​ គណបក្ស​ប្រឆាំង​ដែល​រឹងមាំ​ទៅ​ជំនួស​បាន​គឺ​អត់​មាន»។

លោក​ ឡៅ ​ម៉ុងហៃ​ បាន​បន្ថែម​ទៀត​ថា​ក្នុង​ស្ថានភាព​កម្ពុជា​នោះ​ រដ្ឋាភិបាល​គួរ​តែ​បង្រួម​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ជា​ពិសេស​ថ្នាក់ដឹកនាំ​ហើយ​នឹង​បង្កើត ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ក្រៅ​ពី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​កម្ពុជា​ផ្សេងៗ​ទៀត៕

XS
SM
MD
LG