ក្រោយមួយថ្ងៃដែលមេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារពីរឆ្នាំបន្ថែម ទៀតពីបទដកតម្រុយបង្គោលព្រំដែន ក្រុមអ្នកវិភាគនៅក្នុងប្រទេសកម្ពុជាបានអះអាងថាការស្វែងរកដំណោះស្រាយមួយសម្រាប់លោកសម រង្ស៊ីអាចវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីចូលរួមបោះឆ្នោតគឺជារឿងសំខាន់។
លោក សមរង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសត្រូវជាប់ទោស១២ឆ្នាំ ប្រសិនលោកវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ពីបទទាក់ទងនឹងការដក តម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមកាលពីឆ្នាំ២០០៩នៅខេត្តស្វាយរៀង ហើយនឹងការផ្សព្វផ្សាយ ឯកសារ ព្រំដែនក្លែងក្លាយ។ តែលោក សម រង្ស៊ីបានចាត់ទុកថាការកាត់ក្តីករណីរបស់លោកតាមរយៈតុលាការគឺជារឿងមិនសមរម្យទេ ដោយសារលោកសម រង្ស៊ីបញ្ជាក់ថាករណីលោកជារឿងនយោបាយគួរត្រូវដោះស្រាយតាមបែបនយោបាយ។ ការជាប់ពិរុទ្ធភាពរបស់លោកសម រង្ស៊ីត្រូវក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាព្រួយបារម្ភខ្លាចថាលោកសម រង្ស៊ី មិនអាចវិលត្រឡប់មកកម្ពុជាវិញបានដើម្បីចូលរួមប្រកួតប្រជែងពេលបោះឆ្នោតជាមួយគណបក្សគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជាង៣ទសវត្សមកហើយនោះ។
លោកស្រី ជា វណ្ណាត ជាអតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមនិងជាអ្នក វិភាគឯករាជ្យម្នាក់បានថ្លែងថា៖ ការបោះឆ្នោតមួយដែលអាចមានលក្ខណៈ យុត្តិធម៌ត្រឹមត្រូវផង ហើយលទ្ធិប្រជាធិបតេយ្យពេញលេញផងនោះ លុះត្រាតែមានវត្តមានរបស់មេដឹកនាំបក្សជំទាស់គឺលោក សម រង្ស៊ី។
«ខ្ញុំមានជំនឿថាសម្តេចនាយកលោកធ្លាប់មានបទពិសោធខាងឈ្នះៗ ករណីឈ្នះៗលោកមានបទពិសោធច្រើនក្នុងការបង្រួបបង្រួមជាតិ ខ្ញុំសង្ឃឹមថាករណីឯកឧត្តមសម រង្ស៊ីនេះនឹងមានដំណោះស្រាយតាមផ្នែកនយោបាយណាមួយដើម្បីអនុញ្ញាតឲ្យប្រធានគណបក្សសម រង្ស៊ីហ្នឹងលោកអាច នឹងអញ្ជើញ មកចូលរួមក្នុងការឃោសនាបោះឆ្នោតនិងចូលរួមក្នុងការបោះឆ្នោត»។
លោក ស្រី ជា វណ្ណាត ថ្លែងដូច្នេះដោយយោងថាលោក សម រង្ស៊ីត្រូវប្រជាពលរដ្ឋជាច្រើនបោះឆ្នោតជូនលោកដែរ។ ហើយបើការប្រកួតប្រជែងក្នុងពេល បោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែឈ្នះ ពេលនោះជាការឈ្នះដោយកិត្តិយស។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១២ និងបោះឆ្នោតជាសកលនៅឆ្នាំ២០១៣ខាងមុខ។ លោក សម រង្ស៊ីដែល គណបក្សលោកទទួលបានអាសនៈក្នុងសភាចំនួន២៦ គឺជាដៃគូប្រកួតប្រជែង
នយោបាយដ៏សំខាន់ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៩០ក្នុងចំណោមអសនៈសភាសរុបចំនួន១២៣។
លោកហង្ស ឆៃយ៉ា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថាដំណោះស្រាយនយោបាយមួយគួរកើតមានទៅតាមឆន្ទៈប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតជូនលោក សម រង្ស៊ី។ លោក ឆៃយ៉ាថ្លែងថា លោក សម រង្ស៊ីមិនអាចមានឱកាសបម្រើ ដល់អ្នកគាំទ្រលោកបានទេប្រសិនបើលោកស្ថិតនៅក្រៅប្រទេស ហើយសហគមន៍អន្តរជាតិនឹងដាក់ចម្ងល់ខ្លាំងអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនលោកសម រង្ស៊ីត្រូវគេរឹតត្បិតសកម្មភាពនយោបាយ។
«ហើយរឿងហ្នឹងរឹតតែធ្វើឲ្យបញ្ហាហ្នឹងពិបាកទៀតហើយៗយើងឃើញថានឹង មានជះឥទ្ធិពលខ្លាំងពីព្រោះអ្នកដែលស្រឡាញ់ឯកឧត្តមសម រង្ស៊ីនិងគណបក្ស ប្រឆាំងសម រង្ស៊ីហ្នឹងគេកំពុងតែទន្ទឹងរង់ចាំឲ្យគាត់ចូល មកប្រទេស កម្ពុជាវិញដើម្បីដឹកនាំគណបក្សគាត់ចូលរួមក្នុងការបោះឆ្នោតនៅពេលឆាប់ៗនេះបាទ»។
លោក ឆៃយ៉ាបានអះអាងទៀតថា៖ រឿងរ៉ាវដកបង្គោលព្រំដែននេះគួរតែដោះ ស្រាយតាមរយៈនយោបាយមិនគួរដោះស្រាយតាមផ្លូវតុលាការទេ។
«របៀបទំនាស់ផ្នែកនយោបាយគួរដោះស្រាយតាមហ្នឹងទៅ មិនបាច់យកតុលាការអីដែលបំភិតបំភ័យឲ្យប្រជាជនមិនសប្បាយចិត្តទេ។ គេចង់ឃើញ ប្រទេសកម្ពុជាអភិវឌ្ឍ ព្រោះប្រទេសកម្ពុជាជួបប្រទះអកុសលប្រវត្តិសាស្ត្រជូរចត់។ ហើយយើងឃើញថាបច្ចុប្បន្ននេះគួរធ្វើយ៉ាងណារួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិព្រោះអី ភាពក្រីក្រហ្នឹងជាបញ្ហាដ៏ធំមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង»។
លោក ជៀម យាប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងជាអ្នកតំណាងរាស្ត្របានបដិសេធការចោទប្រកាន់ពីឥទ្ធិពលរបស់គណបក្សគ្រប់គ្រងប្រទេស ចំពោះតុលាការ។ លោកថ្លែងថាករណីលោក សម រង្ស៊ី ជារឿងតុលាការនិងការ ប្រព្រឹត្តរបស់លោកសម រង្ស៊ី ដែលមិនមានអ្នកណាបញ្ជាឲ្យគាត់ដកបង្គោលព្រំដែនដែលខុសច្បាប់នោះ។ នៅពេលសួរអំពីដំណោះស្រាយនយោបាយនឹងអាចកើតមានឬទេចំពោះលោក សម រង្ស៊ីពេលនេះ? លោកជៀម យាបបានបញ្ជាក់ថាមានដំណោះស្រាយឬយ៉ាងណាគឺស្រេចលើគណបក្សសម រង្ស៊ី និងខ្លួនលោក សម រង្ស៊ីផ្ទាល់ដែលទាក់ទងយ៉ាងណាជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការស្នើលើកលែងនិងបន្ទូរបន្ថយទោសពីព្រះមហាក្សត្រ។
«ពីព្រោះនេះជាឆន្ទានុសិទ្ធិរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោក យល់ឃើញយ៉ាងណាៗនោះជាសិទ្ធិរបស់លោក»។
ក្រុមអ្នកនយោបាយមួយចំនួនដែលត្រូវចាប់ខ្លួន ឬផ្តន្ទាទោសរួមទាំងលោក សម រង្ស៊ី ផង កាលពីអតីតកាលធ្លាប់សរសេរលិខិតបំភ្លឺ ឬសុំទោសលោក ហ៊ុន សែន ដើម្បីជាថ្នូរនឹងការលើកលែងទោសឬស្នើឲ្យព្រះមហាក្សត្រលើកលែងទោសបន្ទាប់ពីតុលាការសម្រេចទោសនៅពេលមានករណីក្តីក្តាំតុលាការជាមួយគ្នា។
លោក សម រង្ស៊ីដែលបានបំពេញទស្សនកិច្ចនៅស.រ.អ.កាលពីសប្តាហ៍មុនដើម្បីជួបជាមួយមន្ត្រីមួយចំនួនបានជំរុញឲ្យស.រ.អត្រួតពិនិត្យមើលស្ថានការណ៍ កម្ពុជាឡើងវិញជាពិសេសទាក់ទងនឹងរឿងបោះឆ្នោតពេលខាងមុខ។ លោកបញ្ជាក់ថាប្រសិនបើបញ្ហាមួយចំនួនរួមទាំងសេរីភាពរបស់គណបក្សជំទាស់ ដែលមិនអាចមានសេរីភាពធ្វើអ្វីបាននុះ ការបោះឆ្នោតនាពេលខាងមុខ នឹងក្លាយជាការបោះឆ្នោតដែលមិនបានការ។
មន្ត្រីសហគមន៍អឺរ៉ុបកាលពីខែថ្មីៗនេះបានថ្លែងប្រាប់វីអូអេ ផ្នែកខេមរភាសាថា នយោបាយប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍បើមានការចូលរួមរបស់ លោកសម រង្ស៊ី៕