តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះបានបើកសវនាការជំនុំជម្រះដើម្បីពិភាក្សាដេញដោលចំពោះគណបក្សនយោបាយចំនួន១០ ពាក់ព័ន្ធទៅនឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃពីបទមិនបានផ្ញើរបាយការណ៍ស្តីពីសកម្មភាពរបស់គណបក្សនយោបាយកាលពីឆ្នាំ២០០៦។
នៅក្នុងចំណោមគណបក្សនយោបាយទាំង១០មានគណបក្សដែលលេចធ្លោជាងគេ គឺគណបក្សសម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកឯគណបក្សផ្សេងៗទៀតមិនមានអាសនៈក្នុងរដ្ឋសភាទេ។
នៅក្នុងបន្ទប់សវនាការខាងគណបក្សសម រង្ស៊ី មានលោកជួង ជូងី មេធាវីការពារក្តី ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច ពុំមានវត្តមាន ឬក៏តំណាងមេធាវីចូលការពារក្តីទេ។
បន្ទាប់ពីបានបើកសវនាការអស់រយៈពេលប្រមាណជាងពីរម៉ោង លោកសួស សំអាត ប្រធានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានអះអាងថា រឿងក្តីនេះ នឹងប្រកាសសាលក្រមនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅពីមុខតុលាការក្រុងភ្នំពេញលោក ជួង ជូងី មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងបាននិយាយថា ចៅក្រមស្រុកខ្មែរគ្មានសមត្ថភាពផ្តន្ទាទោសក្នុងរឿងក្តីមួយចំពោះគណបក្សនយោបាយចំនួន១០ ក្នុងពេលតែមួយបានទេ។
«ក្នុងរឿងក្តីមួយសវនាការមួយ ភាគីវិវាទ ឬក៏ចុងចោទមួយមិនធានាបានថា ពិតជាផ្តល់យុត្តិធម៌ទេ ប៉ុន្តែគណបក្សនយោបាយ១០ សវនាការតែមួយក្នុងរឿងតែមួយឈានទៅផ្តន្ទាទោសគណបក្សនយោបាយ១០មិនមានចៅក្រមណាមានសមត្ថភាពផ្តល់យុត្តិធម៌ក្នុងករណីបែបនេះទេ»។
ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញប្រឆាំងជំទាស់ទៅ នឹងគណបក្ស នយោបាយចំនួន១៦ ពីបទមិនបានផ្ញើរបាយការណ៍កាលពីឆ្នាំ២០០៦ទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចហិរញវត្ថុ ដែលបទល្មើសនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រាទី៣៨នៃច្បាប់ស្តីពីគណបក្សនយោបាយ។
លោកមាស សារឹម អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានរបស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់អង្គសវនាការថា តាមច្បាប់បោះឆ្នោតគណបក្សនយោបាយត្រូវតែធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី៣១ រៀងរាល់ខែ ធ្នូ មុនដំណាច់ឆ្នាំ។
លោកបានមានប្រសាសន៍ទៀតថាក្នុងចំណោមគណបក្សទាំងនោះមានគណបក្សចំនួន៦បានសរសេរលិខិតមកស្នើសុំការលើកលែងទោស ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកបានស្នើសុំឲ្យតុលាការផ្តន្ទាទោសទៅតាមច្បាប់។
យោងតាមមាត្រា៣៨នៃច្បាប់ស្តីពីគណបក្សនយោបាយ ប្រសិនណាបើតុលាការរកឃើញទោសគណបក្សនយោបាយទាំង១០នោះ នឹងត្រូវពិន័យចំនួន៣លានរៀល។
លោកជួង ជូងី មេធាវីការពារក្តីឲ្យគណបក្សសម រង្ស៊ី បានតវ៉ាចំពោះមុខតុលាការថា ការយឺតយ៉ាវចំនួនពីរថ្ងៃនេះ គឺដោយសារតែថ្ងៃទី៣១ខែធ្នូឆ្នាំ២០០៦ គឺជាថ្ងៃអាទិត្យ ហើយនៅថ្ងៃទីមួយគឺជាថ្ងៃចូលឆ្នាំសាកល ថ្ងៃទាំងពីរនេះ មន្រ្តីរាជការបានឈប់សម្រាកមិនបានធ្វើការងារទេ។
លោកបានមានប្រសាសន៍ទៀតថា តុលាការគួរតែវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការរិះគន់៕