នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានប្តេជ្ញាធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយ (FBI)របស់សហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា។
លោក ភែទ្រិក ហ្គិប្បុនស៍ (Patrick Gibbons) តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅអគ្គស្នងការនគរបាលជាតិថា អាមេរិកនឹងបន្តធ្វើការប្រកបដោយន័យស្ថាបនាជាមួយនគរបាលជាតិកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មគ្រប់រូបភាពនៅកម្ពុជា។ លោក ភែទ្រិក ហ្គិប្បុនស៍ បានថ្លែងថា ខ្លួនបានធ្វើករណីជាច្រើនទាក់ទងនឹងអនាគតនៃបទឧក្រិដ្ឋកម្មនានា ទេសចរណ៍ផ្លូវភេទលើកុមារ និងការជួញដូរគ្រឿងញៀន។ កិច្ចសហប្រតិបត្តិការល្អជាច្រើនជាមួយនគរបាលជាតិកម្ពុជា រួមមានទំនាក់ទំនងប្រកបដោយតម្លាភាព និងបើកចំហដូចជាការទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម។
មន្ត្រីការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយទើបតែបានបញ្ចប់ការបណ្តុះបណ្តាលមុខជំនាញស្តីពីការសម្ភាសន៍ និងការសួរចម្លើយដល់មន្ត្រីនគរបាល និងកងរាជអាវុធហស្ថជាតិកម្ពុជាចំនួន៤០នាក់។
លោក ភែទ្រិក ហ្គិប្បុនស៍ សង្ឃឹមថា ការបណ្តុះបណ្តាលមុខជំនាញដែលអេហ្វប៊ីអាយបានផ្តល់ជូននេះនឹងបន្តទៅអនាគតទៀត។
«យើងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការល្អ ខណៈដែលយើងដើរឆ្ពោះទៅរកទំនាក់ទំនងដ៏ធំធេងក្នុងពេលអនាគត។ សំខាន់ជាងនេះ ការបណ្តុះបណ្តាលត្រូវបានធ្វើឡើងថ្មីៗនេះនៅទីនេះ ស្តីពីជំនាញបច្ចេកទេសសម្ភាសន៍ ដើម្បីពង្រឹងទំនាក់ទំនងរវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយ ហើយបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅទីនេះនៅកម្ពុជា»។
លោកឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេសស្តីពីការសម្ភាសន៍ និងការសួរចម្លើយនេះមានសារៈសំខាន់ណាស់ ដើម្បីបង្កើនសមត្ថភាពដល់សមត្ថកិច្ចកម្ពុជាក្នុងការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។ លោកថ្លែងថា៖
«មកដល់ថ្ងៃនេះនិងថ្ងៃមុខ នគរបាលជាតិកម្ពុជានៅតែមានទិសដៅធ្វើកិច្ចសហការជិតស្និទ្ធជាមួយភ្នាក់ងារអេហ្វប៊ីអាយដើម្បីបង្ក្រាបបទល្មើសនិងបទឧក្រិដ្ឋឆ្លងដែនទាំងអស់។ ការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន ទាមទារឱ្យមានការយល់ដឹង និងសមត្ថភាពរបស់នគរបាលជាតិ និងកងរាជអាវុធហស្ថរបស់យើង»។
លោកឧត្តមសេនីយ៍ឯក សុខ ផល បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឱ្យគ្រប់អង្គភាពទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការជាមួយការិយាល័យស៊ើបអង្កេត អេហ្វប៊ីអាយ ក្នុងការបង្ក្រាបគ្រប់បទល្មើស។ លោក សុខ ផល បានបន្តថា នគរបាលជាតិកម្ពុជាបានសហការជាមួយការិយាល័យស៊ើបអង្កេតអេហ្វប៊ីអាយរបស់សហរដ្ឋអាមេរិក ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មចំនួនប្រាំពីរករណី រួមមានការជួញដូរគ្រឿងញៀនមួយករណី និងការជួញដូរផ្លូវភេទលើកុមារចំនួនប្រាំមួយករណីនៅចន្លោះពីឆ្នាំ២០០១ដល់បច្ចុប្បន្ន៕