តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះបានសម្រេចផ្តទ្ទាទោសលោកហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យជាប់ពន្ឋនាគារយៈពេលចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២៨០.០០០ដុល្លារ និង១៦០លានរៀលតាមមាត្រាទី៣៨នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលពីបទទទួលសំណូក។
លោក អ៊ឹម វណ្ណៈប្រធានចៅក្រមជំនុំជម្រះនៃតុលាការខេត្តបន្ទាយមានជ័យបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថាតុលាការបានសម្រេចផ្តន្ទាទោសមន្រី្តនគរបាលបួនរូបផ្សេងទៀតដែលរួមមានលោក ឈៀន សុន អតីតស្នងការរងនគរបាលខេត្តឲ្យជាប់ពន្ឋនាគាររយៈពេលបួនឆ្នាំពិន័យជាប្រាក់១០.៦០០ដុល្លា លោក ហែន សុផល អតីតនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឲ្យជាប់ពន្ឋនាគារបីឆ្នាំ អនុវត្តទោសមួយឆ្នាំ ពិន័យជាប្រាក់៣.២០០ដុល្លារ លោក ខៀវ សារ៉ា អតីតនាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យជាប់ពន្ឋនាគារបីឆ្នាំ អនុវត្តទោស៦ខែ ពិន័យជាប្រាក់៤០០ដុល្លារ និងលោកម៉ម ឌឿន អតីតមន្ត្រីនគរបាលក្រសួងមហាផ្ទៃបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគារ៣ឆ្នាំពិន័យជាប្រាក់៦៤.០០០ដុល្លារ។
«ការសម្រេចនេះដោយក្រុមប្រឹក្សាបានសម្រេចដោយឆ្លងតាមសវនាការជាសាធារណៈហ្នឹងហើយគាត់បានឆ្លើយសារភាពហើយពាក់ព័ន្ឋនិងសំអាងហេតុយើងមាននៅក្នុងសេចក្តីសម្រេចដែលខ្ញុំបានប្រកាសរួចហើយ។ ខ្ញុំគិតថា វាសមល្មមពាក់ព័ន្ឋ និងអំពើទាំងអស់ហ្នឹង»។
កាលពីថ្ងៃច័ន្ទសប្តាហ៍មុននេះ តុលាការខេត្តបន្ទាយមានជ័យបានប្រើពេលវេលាចំនួនពីរថ្ងៃបើកសវនាការជំនុំជម្រះជនជាប់ចោទដែលជាមន្ត្រីនគរបាលចំនួនប្រាំរូបពីបទពុករលួយទាក់ព័ន្ឋនឹងការទទួលសំណូកជួញដូរគ្រឿងញៀនជាប្រព័ន្ឋ។
មន្ត្រីនគរបាលទាំងប្រាំរូបត្រូវបានចាប់ខ្លួនដាច់ដោយឡែកៗពីគ្នាកាលពីដើមឆ្នាំ២០១១រហូតឈានទៅរកការចាប់ខ្លួនលោកមឹកតារាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀនតាមបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោក វ៉ាន់ បូរ៉ាត មេធាវីការពារក្តីលោក ហ៊ុន ហ៊ានមិនអាចទាក់ទងដើម្បីបំភ្លឺបានទេនៅថ្ងៃអង្គារនេះ។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលរបស់អង្កការសិទ្ឋិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាន៍ថា ការកាត់សេចក្តីនេះស្រដៀងគ្នាទៅនឹងសាលាក្តីខ្មែរក្រហមពីព្រោះយុត្តិធម៌នៅតុលាការមានកម្រិត។
«ពីព្រោះថាអ្នកដែលរកលុយ អ្នកដែលប្រព្រិត្តបទល្មើស និងអ្នកដែលរកឲ្យលោកហ៊ុន ហ៊ានក្នុងមួយខែឡើងរហូតដល់៥.០០០ ទៅ៦.០០០ដុល្លារ។ លោកហ៊ុន ហ៊ានចាំតែយក។ មានន័យថាអ្នករក និងអ្នកទទួលសំណូកត្រូវមានទោសដូចគ្នា»។
តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ្តខាងមុខនេះគ្រោងនឹងបើកសវនាការជំនុំជម្រះករណីលោក មឹក តារាពាក់ព័ន្ឋនឹងអំពើពុករលួយ។
លោក អ៊ឹម វណ្ណៈ ចៅក្រមតុលាការខេត្តបន្ទាយមានជ័យបាននិយាយថា តុលាការអាចប្រើពេលវេលាយូរថ្ងៃក្នុងការការត់ទោសលោកមឹក តារាពីព្រោះមានសាក្សីរហូត១០០នាក់ហើយសំណុំរឿងនេះមានរហូតដល់៨៦អង្គហេតុ។
លោក ឧិម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាន៍ក្នុងពិធីជួបជាមួយមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នទាំងអស់ ថាលោកមឹក តារា គ្រាន់តែពីរសំណុំរឿងប៉ុណ្ណោះអាចជាប់ពន្ឋនាគារអស់មួយជីវិតពីព្រោះលោកមានយកមន្ទីរប្រឆាំងគ្រឿងញៀនធ្វើជារចនាសម្ព័ន្ឋនៃការរកស៊ីជួញដូរថ្នាំញៀន៕