ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ពង្រាយ​កម្លាំង​ប៉ូលិស​​ការពារ​ជន​បរទេស


ភ្នំពេញ៖ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​និយាយ​ថា​ ​ខ្លួន​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិសបន្ថែមទៀត​នៅ​តាម​មាត់​ទន្លេ​ និង​ព្រះ​បរម​រាជវាំង​ព្រមទាំង​ទី​ប្រជុំ​ជន​នានា​ ដែល​មាន​ជន​បរទេស​ ​ប្រយោជន៍​ដើម្បី​ការពារ​សុវត្ថិ​ភាព​ជន​បរទេស។​ ​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នេះ​បាន​កើតឡើង​ក្រោយពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ ​មាន​ជន​បរទេស​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​ដុំ​ថ្ម​នៅ​ពេល​ដែល​ពួក​គេ​ដើរ​កំសាន្ត​ នៅពេល​យប់​តាមមាត់​ទន្លេ ​និង​ព្រះ​បរម​រាជ​វាំង។

លោក​វីរសេនីយ៍​ទោ​មុំ ស៊ីថា ​ប្រធាន​ការិយាល័យ​អន្តោ​ប្រវេសន៍​នៃ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃពុធនេះ​ ​បាន​និយាយ​ថា​ ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​ដែល​រួមមាន​ប៉ូលិសសង្កាត់​ ​ខណ្ឌ ​និង​ប៉ូលិស​ទេសរចណ៍​ ​ត្រូវ​បាន​ដាក់​ពង្រាយ​បន្ថែម​ទៀត​ ​នៅ​តាម​សួន​ច្បារ​សាធារណៈ​មាត់​ទន្លេ​ និងព្រះ​បរមរាជ​វាំង​ដើម្បី​ការពារ​សុវត្ថិ​ភាព​ដល់​ជន​បរទេស។

ការ​អះអាង​របស់​មន្រ្តី​ប៉ូលិសរូប​នេះ​បាន​កើត​មានឡើង​ ​ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​មក​ថា​ ​មាន​ជន​បរទេស​មួយ​ចំនួន​បាន​រង​ការ​វាយ​ប្រហារ​ ​ដោយ​ដុំថ្ម​ពី​ជន​មិន​ស្គាល់​មុខ​ នៅពេល​ដែល​ពួក​គេ​ដើរ​កំសាន្ត​នៅ​ពេល​យប់។

លោក​មុំ ស៊ីថា​បាន​មាន​ប្រសាសន៍​ថា​ ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេតទៅលើ​ករណី​វាយ​ប្រហារ​នេះ​ ​ក៏ប៉ុន្តែ​ពុំទាន់​មាន​ជន​សង្ស័យ​ណាមួយ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅឡើយ​ទេ។

«យើង​ការពារ​សុវត្ថិភាព​ជន​បរទេស​សម្រាប់​គាត់​ដើរកំសាន្ត​ពេលយប់ ​ឬក៏​ពេល​គាត់​ធ្វើការចេញពី​ធ្វើការ​ ​កម្លាំង​ប៉ុស្តិ៍​ ​កម្លាំង​នគរបាល​ជំនាញ​ មាន​ខាង​ទេសចរណ៍​ក៏មាន»។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ពុំទាន់​បង្ហាញ​របាយ​ការណ៍​ជា​ផ្លូវការ​ថា​ ​មាន​ជន​បរទេស​ប៉ុន្មាននាក់​ធ្លាប់​ បាន​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​ដុំ​ថ្មទេ។​ ក៏ប៉ុន្តែ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតជា​ភាសា​អង់​គ្លេស​មួយ​ឈ្មោះ​ថា ​ ​Phnom Penh Post​ បាន​ឲ្យ​ដឹងថា​ ​យ៉ាងតិច​មាន​ការ​វាយប្រហារ​ចំនួន​ប្រាំបី​ករណី​ ​ដូចគ្នា​នេះ​ដែរ​ ​ដែល​បាន​កើត​មាន​ឡើង​តាំងពី​ខែ​មេសា​ នៅ​តាម​បណ្តោយ​ផ្លូវ​មាត់​ទន្លេ​នា​ព្រះ​បរម​រាជ​វាំង។

លោក​Patrick Falby ​អាយុ​៣៤ឆ្នាំ ​ជា​អ្នក​កាសែតមួយ​រូប​ធ្វើ​ការ​ឲ្យ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បារាំង​ដែល​ មាន​ឈ្មោះថា​ ​AFP​ បាន​និយាយថា​ ​កាលពី​យប់​ថ្ងៃអង្គារ ​ទី១៣​ ខែកក្កដា​កន្លងទៅ​នេះ ​ ​លោក​បាន​ដើរ​នៅ​តាម​បណ្តោយ​ផ្លូវលេខ​១៧៨​ មាន​រថយន្ត​TOYOTA ​មួយគ្រឿង​ ​បាន​បើក​ពី​ក្រោយ​លោក​ រួច​ហើយ​បាន​បើក​កញ្ចក់​គ្រវែង​ដុំថ្ម​មក​លើ​រូប​លោក​តែ​ម្តង។

លោក​ Patrick Falby ​បាន​បញ្ជាក់​ទៀត​ថា​ ​ដុំថ្ម​នេះ​បាន​ត្រូវចំ​ចង្កា​របស់​លោក ​ក៏ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ លោក​ទទួល​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​ ​ ក៏ប៉ុន្តែ​បាន​ធ្វើឲ្យ​លោក​ឈឺ​ចាប់។

«ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​មួយ​ចំនួន​ ​ដែល​ជា​ជន​បរទេស​ ​ ហើយ​ធ្លាប់​ទទួល​រង​ការ​វាយ​ប្រហារ​ ដោយ​ដុំថ្ម​ដូចគ្នា​នេះដែរ​ ​ នៅតាម​មាត់ទន្លេ​កាលពី​ពីរ​បី​ខែ​មុន។​ ​ខ្ញុំ​ក៏​បាន​រាយ​ការណ៍​ទៅ​ប៉ូលិស និង ​ស្ថាន​ទូត​អង់គ្លេស​ផង​ដែរ»។

លោក​មុំ ស៊ីថា ​ប្រធាន​ការិយាល័យ​អន្តោ​ប្រវេសន៍​នៃ​ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ​ ​បាន​និយាយ​ថា​ តាម​ការ​ស្រាវជ្រាវ​របស់​ប៉ូលិស ​មិនមាន​ហេតុការណ៍​ណាមួយ​ ​ដែល​បាន​កើត​ឡើង ដូច​ការ​អះអាងប្រកាន់​នោះ​ទេ។​ ​ក៏ប៉ុន្តែ​ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ប៉ូលិសនឹង​បន្ថែម​ការ​ស៊ើប​អង្កេតរបស់​ខ្លួន​បន្ត​ទៀត។

លោក​ហូ វ៉ានឌី ​សហ​ប្រធាន​ក្រុម​ការងារ​ទេស​ចរណ៍​ បាន​មាន​ប្រសាសន៍​ថា​ ​ករណី​នេះ​មិន​មាន​អ្វី​ គួរ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេស​ចរណ៍ ​ដែល​មក​ទស្សន​កិច្ច​ប្រទេស​កម្ពុជា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​កន្លង​មក​ធ្លាប់​មាន​ករណី​កុមារ​តូចៗ​ ​ដែលមានជម្លោះ​នឹងគ្នា ​ ​រួចហើយគ្រវែង​ដុំថ្ម​ទៅ​ប៉ះ​ជន​បរទេស។

«មិន​មែន​ជាអ្វី​ដែល​ធំដុំ​ ដែល​ធ្វើ​ឲ្យប៉ះពាល់​ទៅដល់​សុវត្ថិ​ភាព ​និង​សន្តិសុខ​ទេ»។

លោក​ហូ វ៉ាន់ឌី​បាន​មានប្រសាសន៍​ទៀតថា ​ ​អាជ្ញាធរ​គួរតែ​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត​នៅតំបន់​ ដែល​មាន​ភ្ញៀវ​ទេស​ចរណ៍​បរទេស​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ករណី​នេះ​កើត​ឡើង​ទៀត៕

XS
SM
MD
LG