ភ្នំពេញ —
កងកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមបើកការស៊ើបអង្កេតនៅកន្លែងដុតសាកសពមួយ ក្បែរជើងភ្នំម្រះព្រៅ ដែលគេសង្ស័យថា ទំនងជាសាកសពក្មេងប្រុសជនរងគ្រោះអាយុ១៦ឆ្នាំ ដែលត្រូវគេបាញ់របួសនៅក្នុងព្រឹត្តិការណ៍បង្ក្រាបដ៏បង្ហូរឈាមមួយកាលពីដើមខែមករានៅសួនឧស្សាហកម្មកាណាឌីយ៉ា។
កាលពីចុងសប្តាហ៍មុន មន្ត្រីគណបក្សប្រឆាំងបានអះអាងថា មានក្មេងឃ្វាលគោម្នាក់បានប្រទះឃើញកន្លែងដុតសាកសពមួយ នៅក្បែរជើងភ្នំម្រះព្រៅជាតំបន់ដាច់ស្រយាលពីភូមិ ក្រោយមកដំណឹងនេះត្រូវបានផ្សព្វផ្សាយថា ជាសពជនរងគ្រោះឈ្មោះខឹម សុផាត អាយុ១៦ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ដែលបានបាត់ខ្លួនកាលពីដើមខែមករា។
លោកម៉ិច សោភ័ណ្ឌ អធិការរងប៉ូលិសស្រុកសម្រោងទងមានប្រសាសន៍ថា ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានចាប់ផ្តើមចុះទៅកន្លែងកើតហេតុហើយ។ ក៏ប៉ុន្តែមិនទាន់ចុះទៅដល់ទីតាំងកន្លែងកើតហេតុទេ ដោយសារតែមានចម្ងាយផ្លូវឆ្ងាយ និងផ្លូវលំបាកធ្វើដំណើរ។
លោកមានប្រសាសន៍ថា សមត្ថកិច្ចមិនទាន់អាចកំណត់ថា សពជនរងគ្រោះនោះ ឈ្មោះខឹម សុផាតបាននៅឡើយទេ ដរាបណាលទ្ធផលការធ្វើកោសល្យវិច័យសាកសពមិនទាន់បានបង្ហាញផ្លូវការ។
លោកនិយាយថា៖ «យើងឮសូរព័ត៌មាន យើងមិនទាន់ច្បាស់ការថា យ៉ាងម៉េចៗពិត ឬក៏មិនពិត ពីព្រោះយើងមិនទាន់ទៅដល់កន្លែងកើតហេតុ»។
មន្ត្រីគណបក្សសង្គ្រោះជាតិបានប្រមូលយកភស្តុតាងពីកន្លែងដុតសាកសពមកទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតដល់អ្នកកាសែតទេ នៅពេលដែលវីអូអេបានព្យាយាមសាកសួរនៅព្រឹកថ្ងៃច័ន្ទនេះ។
លោកខឹម សឿន អាយុ៤១ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះឈ្មោះខឹម សុផាត ដែលបាត់ខ្លួន មានប្រសាសន៍ថា លោកមិនទាន់បានឃើញភស្តុតាងកាកសំណល់ដុតសាកសពនៅឡើយទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា កូនរបស់លោកត្រូវបានក្រុមសមត្ថកិច្ចបាញ់ឲ្យរងរបួសកាលពីថ្ងៃទី៣ខែមករានៅក្នុងព្រឹត្តិការណ៍បង្ក្រាបនៅសួនឧស្សាហកម្មកាណាឌីយ៉ា រួចហើយបានលើកដាក់លើរថយន្តដឹកចេញទៅ។
លោកនិយាយថា រហូតមកដល់ពេលនេះ អស់រយៈពេលជិត៥ខែមកហើយដំណឹងនៃការបាត់ខ្លួនកូនប្រុសរបស់លោកបានស្ងាត់សូន្យឈឹង។ ហើយលោកសន្និដ្ឋានថា កូនរបស់លោកបានស្លាប់បាត់ទៅហើយ។
បើទោះបីជាបានសន្និដ្ឋានថា កូនប្រុសបានស្លាប់ទៅហើយ ក៏លោកខឹម សឿន នៅតែមិនទាន់ជឿថា សពដែលគេដុតនៅកន្លែងដែលគេទើបនឹងរកឃើញថ្មីៗនេះជាសពរបស់កូនលោក ឬក៏យ៉ាងណានៅឡើយទេ។
លោកនិយាយថា៖«មិនទាន់ពិតទេ នៅទេ!»។
លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា លោកមានការសង្ស័យចំពោះកន្លែងដុតសាកសពនៅក្នុងខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្តែលោកនៅមិនទាន់ហ៊ានសន្និដ្ឋានឲ្យបាន១០០%ថា ជាសាកសពក្មេងប្រុសអាយុ១៦ឆ្នាំដែលបានបាត់ខ្លួនកាលពីដើមខែមករានេះទេ។
លោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចយកកាកសំណល់ដែលសេសសល់យកទៅធ្វើកោសល្យវិច័យនៅប្រទេសថៃដើម្បីបញ្ចប់មន្ទិលសង្ស័យ។
លោកនិយាយថា៖ «ការធ្វើកោសល្យវិជ្ជសាស្រ្ត គេអាចរកឃើញថា តើDNAសាកសពជាមួយហ្នឹងជាមួយឪពុកមានលក្ខណៈដូចគ្នា ឬក៏យ៉ាងម៉េច ដែលគេអាចសម្គាល់ថា ពិតជាកូនរបស់គាត់ ឬក៏មិនមែនកូនរបស់គាត់។ នេះជាចំណុចសំខាន់ដែលរដ្ឋាភិបាលត្រូវតែធ្វើ»។
កាលពីដើមខែមករា កងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានបាញ់បង្ក្រាបយ៉ាងបង្ហូរឈាមទៅលើការតវ៉ារបស់ក្រុមកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា។
យ៉ាងតិចមានមនុស្សប្រមាណ៨នាក់ត្រូវបានស្លាប់ជាបន្តបន្ទាប់នៅក្នុងការបាញ់បង្ក្រាបនៅស្ពានក្បាលថ្នល់ គល់ស្ពានស្ទឹងមានជ័យ និងសួនឧស្សាកម្មកាណាឌីយ៉ា ព្រមទាំងមានអ្នករងរបួសជាច្រើននាក់ទៀត ហើយនឹងបានចាប់ខ្លួនមនុស្សចំនួន២៣នាក់ដាក់ពន្ធនាគារ៕