ក្រុមអាជ្ញាធរប៉ូលីសនិងកងរាជអាវុធហត្ថជាច្រើនរយនាក់ប្រដាប់ដោយអាវុធ ខែលនិងដំបងឆក់បានប៉ះទង្គិចគ្នាមួយឈុតជាមួយក្រុមកម្មកររោងចក្រស៊ុភ័រថិកស៍ (Supertex) នៅតាមបណ្តោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចក្រអង្រែក្រុងភ្នំពេញ។ សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសហជីពបាននិយាយថា យ៉ាងតិចមានក្រុមកម្មករចំនួនប្រាំពីរនាក់បានរងរបួសស្រាលដែលក្នុងនោះមានស្រ្តីដែលទើបនឹងឆ្លងទន្លេបានបីខែម្នាក់ផងដែរ។ ក៏ប៉ុន្តែពុំមានការឃាត់ខ្លួនក្រុមកម្មករទេ។
សាក្សីដដែលបានអះអាងថា ការប៉ះទង្គិចបានកើតឡើងនៅពេលដែលក្រុមកម្មករប្រមាណជាង២០០នាក់ព្យាយាមបិទផ្លូវដ៏មមាញឹកមួយដែលជាធម្មតាផ្លូវនេះធ្លាប់ឆ្លងកាត់ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកព្រលឹម។ សាក្សីបានថ្លែងថា៖
«សូមកុំឲ្យប៉ូលីសធ្វើបាបកម្មករខ្មែរធ្វើអ្វី។ គ្រាន់តែគំរាមគ្នាបន្តិចបន្តួចបានហើយ។ កុំដល់ឆក់ ទាត់ធាក់ គ្រាំគ្រាដល់បងនោះនៅហ្នឹងកន្លែង»។
អ្នកស្រីប្រាក់ ផាន់ណា អាយុ៣៥ដែលទើបនឹងឆ្លងទន្លេបានបីខែប៉ុណ្ណោះបាននិយាយថា អ្នកស្រីត្រូវប៉ូលីសធាក់និងជាន់ផ្ទុបនឹងដីក្នុងពេលមានការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃអង្គារ។ អ្នកស្រីបាននិយាយទៀតថា ការប៉ះទង្គិចគ្នានេះបានធ្វើឲ្យអ្នកស្រីរងរបួស។ លោកស្រីថ្លែងថា៖
«ប៉ូលីសហ្នឹងច្រានខ្ញុំទៅមកៗ រួចហើយដួល។ ខ្ញុំយកជើងទប់ វាយកជង្គង់អុកខ្ញុំឥឡូវខ្ញុំឈឺ។ចំក្បាលពោះខ្ញុំ វាអុកខ្ញុំ។ ឥឡូវខ្ញុំកំពុងតែឈឺត្រង់ទ្វារ»។
អ្នកស្រី ទុយ សុភាព អាយុ២៩ឆ្នាំដែលបានរងរបួសត្រង់ឆ្អឹងខ្នងបានរៀបរាប់ថា អ្នកស្រីត្រូវប៉ូលីសវាយស្ទើរសន្លប់បាត់ស្មារតីក៏ប៉ុន្តែបានក្រុមកម្មករជួយសង្គ្រោះ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖
«ពួកខ្ញុំនៅឈរដើម្បីធ្វើបាតុកម្មដើម្បីរកដំណោះស្រាយ តែប៉ូលីសបានរុញច្រានពួកខ្ញុំ រួចហើយសង្កត់ពីលើខ្ញុំ ហើយដួលជាន់ជើងជាន់ដៃខ្ញុំ ជាន់ខ្លួនខ្ញុំ។ ចង់ស្ទះខ្យល់»។
ក្រុមកម្មកររោងចក្រស៊ុភ័រថិកស៍ (Supertex) បានតវ៉ាជាច្រើនលើក។ ក៏ប៉ុន្តែនៅថ្ងៃអង្គារនេះក្រុមកម្មករបានប្រមូលផ្តុំគ្នាសាជាថ្មីបន្ទាប់ពីថៅកែរោងចក្រប្រកាសថា បិទទ្វារកាលពីដើមខែមិថុនា។ បន្ទាប់ពីមានការសម្របសម្រួលពីក្រុមប្រឹក្សាអាជ្ញាកណ្តាលថៅកែរោងចក្របានព្រមព្រៀងផ្តល់ដំណោះស្រាយចំនួនបីចំណុចដែលរួមមានប្រាក់ជូនដំណឹង ប្រាក់បំណាច់បណ្តេញចេញ និង ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ ក៏ប៉ុន្តែក្រុមកម្មករបានទាមទារមួយចំណុចទៀតគឺប្រាក់សាហ៊ុយសងជំងឺចិត្ត។
លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារបានបញ្ជាក់ថា ក្រសួងបានព្យាយាមសម្របសម្រួលហើយ។ ក៏ប៉ុន្តែភាគីទាំងពីរមិនត្រូវគ្នាទេ។ លោកបានបញ្ជាក់ថាក្រសួងនឹងព្យាយាមសម្របសម្រួលបន្ថែមទៀត។ លោកបន្ថែមថា៖
«កម្មករគាត់សុំឲ្យយកប្រាក់ខែជាមធ្យម១២ខែយកមកចែករកមធ្យម។ តែខាងក្រុមហ៊ុនគាត់ថាទាក់ទិននឹងបញ្ហានេះគាត់សុំយកប្រាក់ខែចុងក្រោយយកមកគិត។ និយាយរួមទៅអត់ទាន់បានជាសះគ្នាទេ»។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែទូទាត់ដល់ក្រុមកម្មករទៅតាមច្បាប់ស្តីពីការងារ។ លោកមុន្នីបានបា្រប់វីអូអេខ្មែរថា៖
«យើងខ្ញុំចាប់ផ្តើមរៀបចំឯកសារពាក់ព័ន្ធនឹងរោងចក្រនេះ។ ប្រមូលពីក្រសួងការងារជាមួយនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្នាមមេដៃរបស់ក្រុមកម្មករ កម្មការីនីរុញទៅតុលាការ។ អញ្ចឹងយើងរងចាំការដោះស្រាយភ្លាមៗពីរដ្ឋាភិបាល»។
លោកជាតិ ខេមរ៉ា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជាបាននិយាយថា លោកមិនទាន់ដឹងការវិវាទគ្នារវាងក្រុមកម្មកររោងចក្រស៊ុភ័រថិកស៍ (Supertex) និងថៅកែរោងចក្រនៅឡើយ៕