កងកម្លាំងប៉ូលីសបានបំបែកក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់ជាច្រើននាក់ដែលបានប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងភ្នំពេញដើម្បីតវ៉ាប្រឆាំងនឹងការណ៍ដែលអាជ្ញាធរក្រុងភ្នំពេញបដិសេធសំណើរបស់ពួកគាត់សុំអភិវឌ្ឍនៅនឹងកន្លែង។
អាជ្ញាធរបានប្រើប្រាស់កងកម្លាំងសន្តិសុខដើម្បីវាយបំបែកក្រុមអ្នកតវ៉ានៅថ្ងៃច័ន្ទនេះដែលមានប្រមាណ១០០នាក់។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខសាលាក្រុងភ្នំពេញនិងបានអំពាវនាវឱ្យលោកកែប ជុតិមា អភិបាល ក្រុងភ្នំពេញ ចេញមកជួបជាមួយពួកគាត់ដើម្បីពិភាក្សាអំពីសំណើសុំអភិវឌ្ឍនៅនឹងកន្លែងនេះ។
ការតវ៉ាបានធ្វើឡើងនៅមុខសាលាក្រុងភ្នំពេញលើមហាវិថីព្រះមុន្នីវង្ស ដែលបានធ្វើឱ្យស្ទះចរាចរណ៍អស់រយៈពេលជិតមួយម៉ោងមុនពេលប៉ូលីសធ្វើការបំបែក។
អាជ្ញាធរខណ្ឌដូនពេញបានអំពាវនាវតាមរយៈឧគ្ឃោសនាសព្ទដល់ក្រុមអ្នកតវ៉ាឱ្យចាកចេញពីផ្លូវនៅមុខសាលាក្រុងភ្នំពេញ ដើម្បីជៀសវាងការស្ទះចរាចរណ៍និងទៅធ្វើការតវ៉ានៅសួនសេរីភាពជំនួសវិញ។
ក្រុមអ្នកតវ៉ាបានឆ្លើយតបទៅអាជ្ញាធរថាពួកគាត់បានធ្វើការតវ៉ាពេញមួយសប្តាហ៍នៅសួនសេរីភាព កាលពីដើមខែមករា ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីទាល់តែសោះ។
សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថាកងកម្លាំងសន្តិសុខជាង១០០នាក់ប្រដាប់ដោយដំបងឆក់និង ខែលបានចូលទៅក្នុងហ្វូងអ្នកតវ៉ាដើម្បីរឹបអូសយកបដានិងឧគ្ឃោសនាសព្ទពីអ្នកតវ៉ាហើយបន្ទាប់មកក្រុមអ្នកតវ៉ាបានគប់ទឹកនិងស្បោងសំរាមដាក់ប៉ូលីសជាការសងសឹក។
សាក្សីបានបន្តថាប៉ូលីសបានចាប់អ្នកតវ៉ាយ៉ាងតិចបីនាក់បោះទៅលើរថយន្តនិងបើកចេញទៅកាន់ សាលាខណ្ឌដូនពេញយ៉ាងប្រញាប់ប្រញាល់បំផុត។
សាក្សីបានបន្ថែមថាប៉ូលីសបានវាយដំនិងទាត់អ្នកតវ៉ាជាស្ត្រីនៅពេលធ្វើការបំបែកនោះ។ អ្នកតវ៉ាម្នាក់ បានដួលសន្លប់នៅពេលដែលប៉ូលីសបានចាប់គាត់និងប្រុងបោះទៅលើរថយន្ត។
អ្នកស្រីតុន ស្រីពៅ អ្នកតវ៉ាម្នាក់បាននិយាយយ៉ាងដូច្នេះថា៖
«ខ្ញុំឃើញថាវាមានភាពអយុត្តិធម៌ខ្លាំងណាស់។ ពួកខ្ញុំមកទាមទារសិទ្ធិផ្ទះសម្បែងទេតែកងកម្លាំងនគរបាលប្រដាប់ដោយអាវុធវាយដំប្រជាជនហើយចាប់ប្រជាជនទៅទៀត។ ដាក់កម្លាំងមកបង្ក្រាបប្រជាជនប្រៀបដូចជាបង្ក្រាបចោរអញ្ចឹង។ ខ្មែរដូចគ្នា សម្លាប់ខ្មែរដូចគ្នានិងវាយខ្មែរដូចគ្នា។ អយុត្តិធម៌ណាស់ប្លន់ដីផ្ទះរបស់ខ្ញុំ។ គ្មានអ្នកណាជួយដោះស្រាយទេ។ ប្រើកម្លាំងវាយដំប្រជាជនសុទ្ធតែស្រីៗ។ ផ្ទះរបស់ខ្ញុំសោះហេតុអ្វីក៏ថាពួកខ្ញុំខុសច្បាប់។ ខ្ញុំអត់ទៅលួចប្លន់អ្នកណាទេ។ ខ្ញុំតវ៉ាសិទ្ធិផ្ទះរបស់ខ្ញុំទេហេតុអ្វីបានជាមកវាយដំគ្នាខ្ញុំយ៉ាងហ្នឹង។ បង្ក្រាបប្រជាជនមើលតែចោរ។ ពួកខ្ញុំមិនមែនចោរទេ ហេតុអ្វីក៏ដាក់កម្លាំងមកបង្ក្រាបនិងចាប់ប្រជាជនទៅបីបួននាក់ហើយអំបាញ់ម៉ិញនេះ»។
លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ដែលស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាឱ្យបរិវាររបស់ លោកដឹកស្ត្រីសន្លប់នោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រុមអ្នកតវ៉ាបានបដិសេធការជួយពីអាជ្ញាធរ។
លោកសុខ សម្បត្តិ បានបដិសេធនិយាយមកកាន់ក្រុមអ្នកយកព័ត៌មាន ដោយអង្គរក្សម្នាក់របស់លោក បានរារាំងពួកគេមិនឱ្យចូលទៅជិតលោកអភិបាលរូបនេះ។
នាពេលក្រោយមកអ្នកស្រីលី ស្រីលាង អ្នតតវ៉ាដែលត្រូវបានចាប់បោះលើរថយន្តបាននិយាយថាអាជ្ញាធរខណ្ឌដូនពេញបានដោះលែងអ្នកតវ៉ាទាំងបីនាក់មកវិញដោយធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរថាពួកគាត់ត្រូវឈប់ធ្វើការតវ៉ាខុសច្បាប់ទៀតបើមិនដូច្នេះទេប៉ូលីសនឹងចាប់ខ្លួននិងបញ្ជូនទៅប្រឈមនឹងតុលាការ។
«ខសន្យាថាបើសិនជាថ្ងៃក្រោយយើងធ្វើការតវ៉ាខុសច្បាប់ទៀត គេនឹងចោទយើងថាយើងបង្កបញ្ហានាំប្រជាជនឱ្យមកបះបោរកូដកម្មនៅសាលាក្រុងភ្នំពេញ។ អាជ្ញាធរចាប់ខ្លួនហើយបញ្ជូនទៅតុលាការ»។
កាលពីសប្តាហ៍មុន លោក Surya Subedi ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីប្រព័ន្ធតុលាការ សេរីភាពនៃការបញ្ចោញមតិនិងសិទ្ធិ លើដីធ្លី និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា៕