ក្រុមអាជ្ញាធរប៉ូលិសបានវាយបំបែកប្រជាពលរដ្ឋមកពីតំបន់បឹងកក់ ដែលប៉ុនប៉ងយកញាត្តិមកដាក់ស្ថានទូតចិន ដើម្បីឲ្យជួយអន្តរាគមន៍ដល់ក្រុមហ៊ុនចិនមួយ ដែលមានភាគហ៊ុន៥១%ក្នុងការអភិវឌ្ឈតំបន់បឹងកក់។
ក្រុមអាជ្ញាធរប៉ូលិសក្រុងភ្នំពេញប្រដាប់ដោយខែល និងដំបងឆក់នៅថ្ងៃច័ន្ទនេះ បានវាយបំបែកក្រុម អ្នកស្រុកមកពីតំបន់ដែលមានជម្លោះដីធ្លីដ៏លេចធ្លោមួយនៅបឹងកក់ ខណៈពេលដែលពួកគេមានគ្នាប្រមាណជិត៣០នាក់បានព្យាយាមដាក់ញត្តិតវ៉ាដល់ស្ថានទូតចិនឲ្យជួយអន្តរាគមន៍ដល់ក្រុមហ៊ុនចិនមួយ ដែលបានមកធ្វើការអភិវឌ្ឍនៅតំបន់បឹងកក់។
ការវាយបំបែកនេះមិនបានធ្វើឲ្យក្រុមអ្នកស្រុកណាម្នាក់ទទួលរងរបួសទេ គ្រាន់តែក្រុមប៉ូលិសមានគ្នាប្រមាណ២០នាក់ បានរុញច្រានប្រជាពលរដ្ឋឲ្យចេញពីមុខស្ថានទូតចិនតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រីទូច ណារុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានមានប្រសាសន៍ថា ការវាយបំបែករបស់ប៉ូលិសនេះ គឺដោយសារតែយើងបានទទួលពាក្យបណ្តឹងពីស្ថានទូតចិន។
«ស្ថានទូតចិនគេប្តឹង។ គេប្តឹងយើងទៅដាក់ញត្តិដាក់អ្វី។ គេមានដឹងរឿងអ្វី។ គេអត់ទទួល។ យើងម៉េចទុកឲ្យអ្នកហ្នឹងនៅមុខស្ថានទូតកើត»។
ក្រុមប្រជាពលរដ្ឋបានព្យាយាមយកញត្តិមួយច្បាប់ ដើម្បីសុំអន្តរាគមន៍ពីស្ថានទូតចិន ចំពោះក្រុមហ៊ុន Hongjun Investment ដែលមានទុន៥១% ក្នុងការអភិវឌ្ឍតំបន់បឹងកក់ជាមួយនិងក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ាឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា។
ញត្តិរបស់ក្រុមប្រជាពលរដ្ឋមិនត្រូវបានស្ថានទូតចិនទទួលយកទេ។ បើតាមមន្រ្តីប៉ូលិសមួយរូបប្រចាំការនៅស្ថានទូតចិន ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ប្រជាពលរដ្ឋបានយកញត្តិមកដាក់ស្ថានទូតចិននេះគឺខុសគោលដៅហើយ។
លោកបានមានប្រសាសន៍ថា ពួកគេគួរតែយកញត្តិទាំងនេះទៅដាក់នៅការិយាល័យប្រឹក្សាពាណិជ្ជ កម្ម និងសេដ្ឋកិច្ចរបស់ស្ថានទូតចិនវិញ។
«ពាណិជ្ជកម្ម វានៅក្រោមស្ថានទូត។ អញ្ចឹង គេត្រូវដោះស្រាយម៉េចៗ។ បើគេដោះមិនចេញ គេបញ្ជូនមកស្ថានទូត។ ខ្ញុំប្រាប់តាមភារកិច្ចរបស់ខ្ញុំ គឺស្ថានទូតគេអត់ទទួល។ តែប៉ុណ្ណឹង»។
នៅក្នុងញត្តិមួយច្បាប់របស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលមានស្នាមផ្តិចមេដៃរបស់ប្រជាពលរដ្ឋ មួយចំនួនបានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនបានចាប់ដៃគូជាមួយនិងក្រុមហ៊ុនស៊ូកាគូអ៊ីនសម្រាប់អភិវឌ្ឍតំបន់បឹងកក់។
ប្រជាពលរដ្ឋបានទាមទារឲ្យក្រុមហ៊ុនទាំងពីរនេះផ្តល់សំណង ក្នុងមួយម៉ែត្រការ៉េចំនួន១៥០០ដុល្លារសហរដ្ឋអាមេរិកនិងទីពីរផ្តល់ដី១៥ហិកតានៅតំបន់បឹងកក់ ដើម្បីឲ្យប្រជាពលរដ្ឋអភិវឌ្ឍន៍ដោយខ្លួនឯង។
អ្នកស្រីលី មុំ តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់ បាននិយាយថា ស្ថានទូតចិនគ្មានជំហរដោះ ស្រាយជុំវិញបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ទេ។
អ្នកស្រីបានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋរងគ្រោះនឹងធ្វើការតវ៉ារបស់ខ្លួនជាបន្តបន្ទាប់ទៀត។
«យើងដឹងថា ក្រុមហ៊ុនចិនហ្នឹង គាត់ដាក់វិនិយោគនៅបឹងកក់៥១%។ អញ្ចឹងគាត់ជាឯកអគ្គរដ្ឋទូត គាត់ត្រូវតែមាននីតិវិធីនិយាយជាមួយក្រុមហ៊ុនចិន ដើម្បីឲ្យក្រុមហ៊ុនចិនចុះមកដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បឹងកក់។ នេះគាត់ត្រូវតែនិយាយប្រាប់ក្រុមហ៊ុនក្នុងស្រុកហ្នឹង ដូចជាស៊ូកាគូអ៊ីន ឲ្យគាត់ដោះស្រាយដែរ» ។
ចំណែកអ្នកស្រីទេព វ៉ានឌី តំណាងប្រជាពលរដ្ឋមួយរូបផ្សេងទៀត បាននិយាយថា អ្នកស្រីនឹងផ្ញើឯកសារទាំងនេះជូនមហាព្រះវីរៈក្សត្រ បន្ទាប់ពីបរាជ័យក្នុងការតវ៉ានៅស្ថានទូតចិន។
«ព្រោះអ្វីសម្តេចតា សម្តេចយាយ រាល់ថ្ងៃលោកគង់នៅប្រទេសចិន អញ្ចឹងខ្ញុំគិតថា គាត់មាន អាទិភាពខ្លះសម្រាប់ជួយប្រជាពលរដ្ឋខ្មែរ ហើយគាត់ក៏មានអាទិភាពនិយាយជាមួយក្រុមហ៊ុនចិនឲ្យដោះស្រាយជាមួយកូនចៅខ្មែររស់នៅតំបន់បឹងកក់ហ្នឹងដែរ»។
មន្រ្តីស្ថានទូតចិនប្រចាំប្រទេសកម្ពុជាពុំអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ។ ក្រុមហ៊ុនស៊ូកាគូអ៊ីន និងក្រុមហ៊ុនចិនបានធ្វើការអភិវឌ្ឍរួមគ្នាក្នុងការជួលដីបឹងកក់អស់រយៈពេល៩៩ឆ្នាំ សម្រាប់អភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗ។
ក្រុមហ៊ុនទាំងពីរនេះបានទទួលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រុមហ៊ុនស៊ូកាគូអ៊ីនបានព្យាយាមឈូសឆាយដីប្រជាពលរដ្ឋនៅតំបន់ បឹងកក់ ហើយបានវាយអ្នកថតរូបនៃសារព័ត៌មានភ្នំពេញប៉ូស្តិ៍ (Phnom Penh Post) មួយរូបរហូតដល់មានរបួសទៀតផង៕