ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលីស​វាយបំបែកនិង​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ាបឹងកក់


អ្នក​ស្រី​ង៉ែត​ ឃុន​ អាយុ​ ​៧១​​ឆ្នាំ​ ជន​រង​គ្រោះ​ជា​អ្នក​ភូមិ​បឹងកក់​ដែល​ត្រូវ​ប៉ូលីស​វាយ​បែក​ក្បាល។
អ្នក​ស្រី​ង៉ែត​ ឃុន​ អាយុ​ ​៧១​​ឆ្នាំ​ ជន​រង​គ្រោះ​ជា​អ្នក​ភូមិ​បឹងកក់​ដែល​ត្រូវ​ប៉ូលីស​វាយ​បែក​ក្បាល។

ប៉ូលីស​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​បឹងកក់​យ៉ាងតិច​១១នាក់​ខណៈ​ដែល​មាន​អ្នកតវ៉ា​បួននាក់​ផ្សេង​ទៀត​បាន​ទទួល​រងរបួស​ពី​ការវាយ​ដុំ​របស់​ប៉ូលីស​នៅក្នុង​ការបង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

សាក្សី​ បាន​និយាយថា​ ប៉ូលីស​ជាង​១០០នាក់​ប្រដាប់​ដោយ​ដំបង​ឆក់​ និង​ខែល បាន​សំរុក​ចូល​ទៅក្នុង​ហ្វូងអ្នក​តវ៉ា​បឹងកក់​ដែល​មានគ្នា​ប្រមាណ​១០០នាក់​ដែល​កំពុង​ឈរ​តវ៉ា​ទាមទារ​សិទ្ធិ​លំនៅដ្ឋាន​និង​សិទ្ធិ​ដីធ្លី​នៅ​ខាងក្រៅ​សាលាក្រុង​ភ្នំពេញ។

អ្នកទាំង​១១​នាក់នេះ​ រួមមាន​ក្មេងប្រុស​ពីរនាក់​និង​ស្ត្រី​ជាតំណាង​អ្នកភូមិ​បឹងកក់​ចំនួន​ប្រាំបួន​នាក់​ គឺ​អ្នកស្រី​ ទេព វណ្ណី ​អាយុ​២៨ឆ្នាំ ​អ្នកស្រី ​លី មុំ ​អាយុ​ ៤៤ឆ្នាំ ​អ្នកស្រី​ រស់ ស្រីនាង ​អាយុ ​៣៧ឆ្នាំ ​អ្នកស្រី​ ហេង មុំ​ អាយុ​៤៦ឆ្នាំ​ អ្នកស្រី​ កឹម វាន់នី​ អាយុ ​៤៦ឆ្នាំ​ អ្នកស្រី ​សុន សុភ័ណ្ណ ​អាយុ ​២៦ឆ្នាំ ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ការឃុំឃាំង​នៅ​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ។ នេះ បើតាម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​ប្រាប់​ឱ្យ​ដឹង។

អ្នកស្រី​ ង៉ែត ឃុន ​អាយុ៧១ឆ្នាំ ​នៅភូមិ​២២ ​ជា​ជនរងគ្រោះ​ក្នុង​ការបង្ក្រាប​របស់​ប៉ូលីស​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖

«គេ​វាយ​ខ្ញុំ​ត្រូវ​បែកក្បាល​និង​ត្រូវ​ដៃហើម។ ពួក​ប៉ូលីស​វាយ​ខ្ញុំ​នឹង​ដំបង​ឆក់ ដាក់ខ្ញុំ​មួយ​ដំបង​ហើយ​ ហើយ​ថែម មួយ​ដំបង​ទៀត។ ខ្ញុំ​រងដៃ​ ត្រូវ​ដៃ។ ខ្ញុំ​ទៅ​តវ៉ា​ដើម្បី​តែ​ផ្ទះ​របស់​ខ្ញុំ ហើយ​ស្រាប់តែ​យក​កម្លាំង​មក​វាយ​ធ្វើបាប​ខ្ញុំ​អញ្ចឹង​។ ខ្ញុំ​ចាស់​ហើយ​ ខ្ញុំ​មាន​កម្លាំង​ណា​ទៅ​វាយ​អ្វី​ឈ្នះ​វា»។

អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការវាយដំ​និង​ការចាប់​ខ្លួន​អ្នក​តវ៉ា​បឹងកក់​ចំពោះ​ការប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​វាយ​បង្ក្រាប​ទៅលើ​អ្នកភូមិ​រងគ្រោះ​បឹងកក់​ ដោយ​គ្រាន់តែ​ធ្វើការ​ទាមទារ​តវ៉ា​ដោយ​អហិង្សា​នៅមុខ​សាលាក្រុង​ភ្នំពេញ។

លោក​ចាន់ សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស ​អាដហុក ​បាន​ថ្លែងថា​ អាជ្ញាធរ​ បាន​ប្រើ​កម្លាំង​បាយ​ខ្លាំង​ជ្រុលពេក​ទៅលើ​អ្នក​តវ៉ា​បឹងកក់។

«យើង​មើលឃើញ​កម្លាំង​ ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ វាខុស​ពី​ធម្មតា ​ដែល​យើង​ចាត់​ទុកថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​ជាពិសេស​គាត់​អត់បាន​គិត​ពី​មនុស្សជាតិ​ដែល​មាន​សេចក្តី​ត្រូវការ​និង​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ដ៏យុត្តិធម៌​នោះ។ យើង​ចាត់ទុក​ថា​ទង្វើ​នៃ​ការប្រើ​អំពើ​ហិង្សា​គឺជា​អំពើ​ខុសច្បាប់​និង​ជា​ការរំលោភ​សិទ្ធិ​មនុស្ស»។

លោក​អ៊ូ វីរៈ ​ប្រធាន​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​នេះ​ជារឿង​តក់ស្លុត​និង​ការឆ្លើយតប​យ៉ាង​អយុត្តិធម៌​ចំពោះ​ការតវ៉ា​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​បឹងកក់​លែង​ឱ្យ​មាន​សេរីភាព​ ហើយ​ការចាប់ខ្លួន​កូនក្មេង​និង​ការវាយដំ​មនុស្ស​ចាស់​បង្ហាញ​នូវ​ការធ្លាក់​ចុះ​ថ្មីមួយ​ ក្នុង​អ្វី​ដែល​បាន​ខំប្រឹងប្រែង​តស៊ូ​នឹង​រឿង​ជម្លោះ​ដីធ្លី។

សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​សាលាក្រុង​ភ្នំពេញ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើអំពើហិង្សា​និង​ឱ្យ​ដោះលែង​អ្នកតវ៉ា​បឹងកក់​និង​បញ្ឈប់​ការតាមចាប់​ខ្លួន​អ្នកភូមិ​ដទៃទៀត​ហើយ​បន្ត​យន្តការ​ដោះស្រាយ​ទំនាស់​នេះ​ដោយ​សន្តិវិធី។

លោក​ចាន់ សាវ៉េត​ ​បាន​ថ្លែង ក្រោយ​ពី​ជំនួប​រវាងក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ជាមួយ​លោក​កែប ជុតិមា ​អភិបាល​ក្រុង​ភ្នំពេញ​ ថា​សាលាក្រុង​ ភ្នំពេញ​នឹង​ពិចារណា​ដោះលែង​អ្នក​ទាំង១១​នាក់​នៅថ្ងៃស្អែក​បើពួកគាត់​ទទួលស្គាល់​នូវ​អ្វី​ដែល​បាន​ធ្វើ​ខុស៕

XS
SM
MD
LG