អាជ្ញាធរប៉ូលិសស្រុកអន្លង់វែង បានចាប់បានជនសង្ស័យក្នុងការគប់គ្រាប់បែកចំនួនបីនាក់។ ជនសង្ស័យទាំងនោះ គឺជាពួកក្មេងស្ទាវ ដែលធ្លាប់មានទំនាស់ជាមួយក្រុមក្មេងស្ទាវដទៃទៀត។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
យុវជនចំនួនបីនាក់ត្រូវចាប់ខ្លួនដោយប៉ូលិសស្រុកអន្លង់វែង កាលពីថ្ងៃពុធ ដោយសង្ស័យថា ពួកគេ គឺជាអ្នកវាយប្រហារដោយគ្រាប់បែកដៃ ដែលបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត និងអ្នកភូមិចំនួន១៦នាក់ផ្សេងទៀតបានទទួលរងរបួស។
ថៃ ស៊ីថា អាយុ ២៤ឆ្នាំ មុខរបរធ្វើស្រែ ត្រូវប៉ូលិសកត់សម្គាល់ថា គឺជាអ្នកគប់គ្រាប់បែកទៅ លើហ្វូងអ្នករាំរែក កាលពីយប់ថ្ងៃអង្គារ ក្នុងពិធីបង្កក់កូនរបស់ប្អូនស្រីនាយទាហាន នៅតំបន់ជួរមុខម្នាក់ ក្នុងភូមិទួលគ្រួស ចម្ងាយប្រមាណ៧គម ភាគខាងកើតទីរួមស្រុកអន្លង់វែង ដែលជាអតីតតំបន់ឈរជើងរបស់ពួកខ្មែរក្រហម ក្រុមចុងក្រោយ។ រីឯជនសង្ស័យពីរនាក់ទៀត គឺឈ្មោះធឿន សុគន់ អតីតកងទ័ព និង មុល ទាន ជាកសិករ អាយុ១៨ឆ្នាំដូចគ្នា ត្រូវជាប់សង្ស័យពីបទបានរួមគំនិត ក្នុងអំពើហិង្សានេះ។
លោក កេត សុធា នាយរងផ្នែកយុត្តិធម៌នៃប៉ូលិសស្រុកអន្លង់វែង បញ្ជាក់ថា ជនសង្ស័យទាំងនេះបានប៉ុនប៉ងវាយប្រហារទៅលើក្មេងស្ទាវម្នាក់ដែលធ្លាប់មានទំនាស់ជាមួយពួកខ្លួន ហើយក៏បានចោលគ្រាប់បែកដៃទៅកាន់ហ្វូងអ្នករាំ ដែលមានគូទំនាស់របស់ពួកគេស្ថិតនៅក្នុងនោះដែរ។
លោកមានប្រសាសន៍ថា ជនជាប់សង្ស័យទាំងបីនាក់បានសារភាពអំពីទង្វើរបស់ពួកគេ ហើយពួក គេនឹងត្រូវបញ្ជូនទៅកាន់តុលាការ។
“ពួកគាត់សារភាពអស់ហើយ ថាពួកគាត់បានលាក់គ្រឿងផ្ទុះ និងបានយកទៅប្រើប្រាស់។ គាត់មាន ទំនាស់គ្នាច្រើនខែមកហើយដោយសារតែវាយតប់គ្នាតាមពិធីបុណ្យ តាមធុងបាស់តិចតួច។ សំណុំ រឿងកំពុងកសាង"។
ប៉ូលិសចាត់ទុកថា ការវាយប្រហារដោយគ្រប់បែកនេះ គឺជាអំពើប៉ុនប៉ងធ្វើមនុស្សឃាត ដែលជាបទ ឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។
លោកអនុសេនីយ៍ត្រី រស់ លីនៃកងពលលេខ៨ ដែលកំពុងឈរជើងនៅខ្សែត្រៀមនៅតំបន់ព្រះវិហារ ហើយដែលពិធីបង្កក់កូនរបស់ប្អូនស្រីរបស់លោក ត្រូវរងការវាយប្រហារនោះ បានអបអរសាទរ ចំពោះការចាប់ខ្លួនជនសង្ស័យបានដោយក្រុមសមត្ថកិច្ច។
“សប្បាយ ចិត្តមែនទែន ឮថា ចាប់បាន។ អាណិតគ្នាអ្នកស្លូតត្រង់។ គ្នាមកលេង គ្នាអត់មានអ្វីទេ"។
លោក សួស ណារិន អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុកកោតសរសើរចំពោះ ការចាប់ខ្លួនទាន់យ៉ាងទាន់ហេតុការណ៍របស់ក្រុមសមត្ថកិច្ចស្រុកអន្លង់វែង ក៏ប៉ុន្ដែលោកស្នើឲ្យក្រុម សមត្ថកិច្ចរកភស្ដុតាងឲ្យរឹងមាំមុននឹងបញ្ជូនពួកគេទៅកាត់ទោស។
តំបន់អន្លង់វែង គឺជាតំបន់ឈរជើងចុងក្រោយរបស់កងទ័ពខ្មែរក្រហមមុននឹងពួកគេ បានចុះចូល ជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៨។ លោក សួស ណារិន អះអាងថា អាវុធ និងសព្វាវុធមួយ ចំនួន មិនទាន់ត្រូវបានប្រមូលអស់នៅឡើយទេ នៅក្នុងអតីតតំបន់សង្រ្គាមនេះ។ រីឯលោក អុល រុន ប្រធានប៉ូលិសប៉ុស្តិ៍ឃុំផ្លាង ដែលជាទីកន្លែងនៃការវាយប្រហារដោយគ្រាប់បែក មានប្រសាសន៍ថា ពាក់កណ្ដាលនៃអ្នកភូមិដែលរស់នៅជុំវិញតំបន់នៃការវាយប្រហារនេះគឺជាក្រុមគ្រួសារយោធា៕