ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ត្រៀម​រៀបចំ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់ៗ


នួន ជា (ស្តាំ) ​ខៀវ សំផន (ឆ្វេង) ជាជន​ជាប់ចោទ​ដ៏មាន​សារៈសំខាន់​ពីរ​ក្នុងចំណោម​បួននាក់​នៅក្នុង​សំណុំរឿង​​ ០០២​។
នួន ជា (ស្តាំ) ​ខៀវ សំផន (ឆ្វេង) ជាជន​ជាប់ចោទ​ដ៏មាន​សារៈសំខាន់​ពីរ​ក្នុងចំណោម​បួននាក់​នៅក្នុង​សំណុំរឿង​​ ០០២​។

បញ្ហា​សុខភាព​របស់​កូនក្ដី​ដែល​មានវ័​យកាន់​តែ​ចាស់​ជរា​បាន​ក្លាយ​ជា​កង្វល់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​សម្រាប់​ការបើក​សវនាការ​ក្នុង​សំណុំរឿង​០០២​ក្នុង​រយៈពេល​បីខែ​ទៀត​នេះ។ ក្រុម​មេធាវី​បាន​ស្នើនៅ​ក្នុង​កិច្ចប្រជុំ​រៀប​ចំ​ការកាត់ក្ដី​ក្នុង​សំណុំ​រឿង​នេះ​នៅ​ថ្ងៃអង្គារ​នេះ​ឲ្យ​សាលាក្ដី​ពិចារណា​ឲ្យ​បាន​ជាក់​លាក់​ពី​លទ្ធភាព​ក្នុង​ការចូលរួម​សវនាការ​ពេញលេញ​នៃ​កូនក្ដី​របស់​ផង​ខ្លួន។

យ៉ាងហោច​ណាស់​មាន​មេធាវី​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​បី​ក្រុម​បាន​ទាមទារ​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ផ្តោត​ការយកចិត្ត​ទុក​ដាក់​ជាចម្បង​ទៅលើ​បញ្ហា​សុខភាព​របស់​កូនក្តី​ផងខ្លួន​មុននឹង​កំណត់​កម្មវិធី​បើក​សវនាការ​នៅក្នុង​សំណុំរឿង​០០២​ដែល​គេ​គ្រោង​បើក​ការជំនុំ​ជម្រះ​នៅក្នុង​អំឡុង​ខែ​មិថុនា​ ឆ្នាំនេះ។

ការទាមទារ​នេះ​ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ថ្ងៃអង្គារ​នេះ ​នៅ​សាលាក្តី​ខ្មែរក្រហម​ ដើម្បី​កំណត់​ប្រតិទិន​សម្រាប់​ការកាត់ទោស​ជន​ជាប់ចោទ​ដ៏មាន​សារៈសំខាន់​ចំនួន​បួននាក់​នៅក្នុង​សំណុំរឿង​នេះ គឺ នួន ជា ​ខៀវ សំផន​ អៀង សារី​ និង​អៀង ធីរិទ្ធ។

លោក​សហមេធាវី​សុន អារុណ​ ការពារក្តី​ឲ្យ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​មានប្រ​សាសន៍ថា ក្រុម​មេធាវី​ការពារក្តី​បាន​ស្នើឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង​រក​ដំណោះស្រាយ​ផ្តោត​ទៅលើ​បញ្ហា​សុខភាព​ជនជាប់ចោទ​នៅពេល​ដែល​មា​នបញ្ហា​នៅក្នុង​អំឡុងពេល​កំពុង​ដំណើរការ​សវនាការ។

«អ្នកកាត់ទោស​ទំាងប៉ុន្មាន ​សុទ្ធតែ​មនុស្សចាស់​អស់ហើយ។ ហើយ​គាត់​មាន​ជំងឺ​ញឹកញាប់​ កាលណា​ ឡើង​សវនាការទៅ​ ជួនកាល​ឈាម​គាត់​ឡើង​លើ​ជិត​ ២០ ​ទៅ​២១​ និង​២២​ អញ្ចឹង​ទៅ។ មាន​ជំងឺ​អញ្ចឹង​កើតឡើង​ខ្ញុំ​ត្រូវ​ធ្វើយ៉ាងម៉េច។ ខ្ញុំ​មេធាវី​ការពារ​នួន ជា ​ខ្ញុំ​លើក​រឿង​នេះ​មក​ដាក់​ សួរថា​គេ​គិត​យ៉ាងម៉េច។ គេថា​ ដំណោះស្រាយ​ទីមួយ​កាត់​ធម្មតា​អញ្ចឹង​ទៅ​ កាលណា​គាត់​មិនស្រួល​ គេ​ហៅថា ​Audio Conference»។

សូមបញ្ជាក់​ថា ជន​ជាប់ចោទ​នួន ជា ​អាយុ​ជិត​៨៥ឆ្នាំ​ទៅហើយ​មាន​បញ្ហា​សុខភាព​ច្រើន​ផ្នែក​សម្ពាធ​ឈាម​និង​បញ្ហាភ្នែក។ រីឯ​អៀង សារី ​អាយុ​ជិត​៨៦ឆ្នាំ ​មាន​បញ្ហា​បេះដូង ​និង​បញ្ហា​ឆ្អឹងខ្នង។ ចំណែក​ឯ ប្រពន្ធ​របស់​គាត់​គឺអៀង ធីរិទ្ធ ​អាយុ៦៩ឆ្នាំ​ត្រូវ​សហមេធាវីប​ញ្ជាក់ថា​ មាន​បញ្ហា​ផ្លូវចិត្ត​ ដែល​ធ្វើឲ្យ​គាត់​មាន​ស្មារតី​មិននឹងនរ​ពិបាក​នៅក្នុង​ការពិភាក្សា។ចំណែក​ឯ​ខៀវ សំផន​ ដែល​ហាក់​បីដូចជា​នៅរឹងមាំ​ជាង​គេ អាយុ​ជិត​៨០ឆ្នាំ​ទៅហើយ ​មាន​ជំងឺ​ម្តងម្កាលដែរ ។

ក្រុម​មេធាវី​បាន​ស្នើ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ផ្តល់​គ្រូពេទ្យ​ជំនាញ​ផ្នែក​មនុស្ស​ចាស់​ដើម្បី​ធ្វើការ​វាយតម្លៃ​ទៅលើ​សម្បទារ​បស់​ជនជាប់ចោទ​ទាំងផ្នែក​ផ្លូវចិត្ត​និង​ផ្លូវកាយ។

លោក​ផាត់ ពៅសៀង ​សហមេធាវី​ការពារក្តី​ឲ្យ​អៀង ធីរិទ្ធ ​បញ្ជាក់ថា ​ការកំណត់​កាលបរិច្ឆេទ​បើក​សវនការ​បាន​លុះត្រា​តែ​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទត្រូវ​បាន​ដោះស្រាយ​ច្បាស់លាស់។

«ពេទ្យ​គេវាយ​តម្លៃហើយ​បាន​យើង​អាចតវ៉ា​ តតាំង​គ្នា​អញ្ចឹងទៅ ​ហើយ​យើង​ដាក់​ថ្ងៃ​សវនាការ​ជាក់លាក់​បាន»។

សូម​បញ្ជាក់ថា ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​កិច្ច​ប្រជុំ​រយៈពេល​ បីថ្ងៃ​សម្រាប់​រៀបចំ​បើក​សវនការ​សំណុំរឿង​០០២។ ក៏ប៉ុន្តែ​កិច្ចប្រជុំ​នេះ​បាន​ចប់សព្វគ្រប់​នៅក្នុង​រយៈពេល​ ត្រឹម​តែមួយ​ថ្ងៃប៉ុណ្ណោះ​នៅថ្ងៃ​នេះ។

តាម​គម្រោង​ដែល​ចូលរួម​ពិភាក្សា​ឲ្យ​គ្រប់​ភាគី​ បាន​ផ្តោត​ការជជែក​លើ​មាត្រា​ចំនួនពីរ​នៃ​វិធាន​ផ្ទៃក្នុងការទួល​ស្គាល់​សហមេធាវី​បរទេស​ការជជែក​អំពី​បណ្តឹង​និង​ការឆ្លើយតប​បណ្តឹង​ ការផ្តោត​ទៅលើ​កម្មវិធី​នៃ​ការកាត់ទោស​ការកាត់បន្ថយ​ចំនួន​សាក្សី ​ការជំទាស់​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ចំពោះ​ការចោទប្រកាន់​ជាដើម។

លោក​សហមេធាវី ​Michela Pestment ​ការពារក្តី​ឲ្យ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ​ក្រហម​ អៀង សារី​ មាន​ប្រសាសន៍​ថា ​ជន​ជាប់ចោទ​មាន​បញ្ហា​សុខភាព​ទាំងផ្លូវកាយ​ និង​ផ្លូវចិត្ត ​ហើយ​បញ្ហា​នេះ​ត្រូវបាន​ ជជែក​នៅក្នុង​កិច្ចប្រជុំនេះ។ ហើយ​លោក​រំពឹងថា ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ នឹង​ផ្តល់​ដំណោះស្រាយ​យ៉ាង​ត្រឹមត្រូវ​មួយ។

រីឯ​សហមេធាវី​លោក​ស សាវ៉ាន​ ការពារក្តី​ឲ្យ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋខ្មែរ​ក្រហម ​មិនបាន​ទាមទារ​ឲ្យ​មាន​ការដោះស្រាយ​អំពី​បញ្ហា​សុខភាព​របស់​ជន​ជាប់ចោទ​នោះទេ។ក៏ប៉ុន្តែ​លោក​ស សាវ៉ាន ​បាន​សង្កត់ ធ្ងន់​ទៅលើ​ការអនុវត្ត​នៅក្នុង​ការកាត់ក្តី​ដោយ​អនុលោម​ទៅតាម​ប្រព័ន្ធ ​Common Law​ និង ​Civil Law ។

លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្តីខ្មែរ​ក្រហម ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ខ្លឹមសារ​នៃ​ការជជែក​នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃនេះ​ទេ។

«កិច្ចប្រជុំ​បាន​បញ្ចប់​ហើយ ​ការជជែក​ទៅលើ​អង្គហេតុ ​គឺ​យើង​អត់​និយាយ​ទេ​អាហ្នឹង​ ពីព្រោះ​កិច្ចការ​ របស់​ចៅក្រម»។

យ៉ាងណា​ក៏ដោយ​សហមេធាវី​លោក​ផាត់ ពៅសៀង ​មាន​ប្រសាសន៍​ថា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​លើក​យក​មក​ជជែក​បន្ថែម​ទៀត ​នូវ​បញ្ហា​គន្លឹះ​មួយ​ចំនួន​ដូចជា​បញ្ហា​ផ្លូវច្បាប់​និង​ការជជែក​អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការកាត់ទោស​អៀង សារី ​ជាលើកទីពីរ ​បន្ទាប់ពី​លោក​អៀង សារី ​ត្រូវ​កាត់ទោស​ម្តង​រួច​ទៅហើយ​ដោយ​របប​រដ្ឋ​កម្ពុជា​នៅ​ឆ្នាំ១៩៧៩៕

XS
SM
MD
LG