ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ជិត២០ឆ្នាំក្រោយ សារមន្ទីរនិងអនុសារណដ្ឋានខ្មែរនៅក្រុងឈីហ្កាហ្គូកាន់តែដើរតួនាទីសំខាន់ក្នុងការអប់រំ​អំពី​អំពើប្រល័យពូជសាសន៍

ខណៈ​ពិភពលោក​កំពុង​ដឹង​ឭអំពី​សង្គ្រាម​ដ៏​ប្រល័យ​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​តំបន់​មជ្ឈិមបូព៌ា ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​ផ្សះផ្សារ​ផ្លូវចិត្ត​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​សាធារណជន​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក ដែល​ពោរពេញ​ដោយ​ពលរដ្ឋ​មក​ពី​គ្រប់​ជាតិ​សាសន៍។

នៅ​ទីក្រុង​ឈីហ្កាហ្គូ​ រដ្ឋ​អ៊ីល្លីណយ សារមន្ទីរ​និង​អនុសារណដ្ឋាន​ខ្មែរ ដែល​ត្រូវបាន​បង្កើត​ឡើ​ង​ជិត​ ២០ឆ្នាំ​តាំងពីឆ្នាំ ២០០៤ ​នោះ កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ទុក្ខ​សោក ស្លាកស្នាម​ដ៏ជូរចត់នៃ​អំពើ​ប្រល័យ​ពូជសាសន៍ និង​បង្កើន​ការ​យល់​ដឹង​អំពី​ដំណើរ​ផ្សះផ្សារ​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ចែក​រំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន និង​ការ​ឧទ្ទិស​ដល់​ជនរងគ្រោះ។

លោក នេន សុខ នាយក​ផ្នែក​ទំនាក់​ទំនង​សហគមន៍​ប្រចាំ​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ​ បាន​ប្រាប់​វីអូអេ​ថា សារមន្ទីរ​និង​អនុសារណដ្ឋាន​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណើរ​ការ​ផ្សះផ្សារផ្លូវចិត្ត និង​«ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​និង​ពិភពលោក​ដឹង​រឿង​ពិត​របស់​យើង»។

សារមន្ទីរ​និង​អនុសារណដ្ឋាន​ខ្មែរ​នេះ គឺជា​សមាគម​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដំបូង​គេ​ដែល​បាន​បង្កើត​ជា​សារមន្ទីរ​និង​អនុសារណដ្ឋាន​ខ្មែរ​ ដែល​មាន​ការ​ដាក់​ពិព័រណ៍​អចិន្ត្រៃយ៍​អំពី​ប្រវត្តិសារខ្មែរក្រហម​ និង​ការ​សាងសង់​ជា​បូជនីយដ្ឋាន​មួយដែល​ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍។ ទោះបីជា​ផ្តោត​លើ​ប្រវិត្តិសាស្ត្រ​របស់​ខ្មែរ​ក្រហម​និង​អំពី​បទពិសោធន៍​របស់​ជន​រងគ្រោះ​និង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ក្តី ក៏​សម្រាប់​លោក នេន សុខ សារមន្ទីរនេះ​កំពុង​ក្លាយ​ជា​«កន្លែង​រៀន​សូត្រ និង​អប់រំ​ផ្លូវ​ចិត្ត​» ដល់​សាធារណជន​ទូទៅ​នៅ​ក្នុង​តំបន់​ក្រុង​ឈីហ្កាហ្គូ រដ្ឋ​អ៊ីល្លីណយ និង​សហគមន៍​ជាច្រើន​មក​ពី​រដ្ឋ​ដទៃ​ទៀត​ទូទាំង​សហរដ្ឋ​អាមេរិក៕


XS
SM
MD
LG