សាលាក្រុងភ្នំពេញកាលពីសប្តាហ៍មុន បានចេញសេចក្តីជូនដំណឹងមួយដល់បណ្តាក្រុមហ៊ុន និងទីភ្នាក់ងារថ្នាំជក់ទាំងអស់ឲ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មបារីគ្រប់ប្រភេទតាមទូរទស្សន៍ វិទ្យុ និងប៉ាណូធំៗ។
ក្រុមហ៊ុនថ្នាំជក់មួយចំនួនដែលកំពុងមានដំណើរការអាជីវកម្មនៅកម្ពុជាបានផ្សព្វផ្សាយផលិតផលបារីរបស់ខ្លួននៅតាមផ្ទាំងប៉ាណូធំៗ នៅតាមមហាវិថីសំខាន់ៗ សួនច្បារសាធារណៈ តាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុជាដើម។
នៅក្នុងសេចក្តីជូនដំណឹង ក្រុងភ្នំពេញបានធ្វើការណែនាំក្រុមហ៊ុន និងទីភ្នាក់ងារទំាងឡាយណាដែលពាក់ព័ន្ឋនឹងការចែកចាយបារីឲ្យបញ្ឈប់់ជាបន្ទាន់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនដោយរាប់បញ្ជូលទាំងការផ្សព្វផ្សាយតាមរយៈខិតប័ណ្ណ បិទក្រដាស និងផ្សព្វផ្សាយតាមទីសាធារណៈនានា។
លោកគន់ លឹម នាយកគ្រប់គ្រងផ្នែកសាជីវកម្ម និងច្បាប់នៃក្រុមហ៊ុនថ្នាំជក់អង់គ្លេស អាមេរិកាំង កម្ពុជា បានបញ្ជាក់ប្រាប់វីអូអេខ្មែរនៅថ្ងៃអង្គារ៍នេះថា លោកមិនទាន់បានទទួលសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញនៅឡើយទេ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានទទួលអនុក្រិត្យរបស់រដ្ឋាភិបាលស្តីពីការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មបារីកាលពីខែកុម្ភៈ។
លោកបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកបានចាត់វិធាការរួចហើយ ដើម្បីបញ្ឈប់ ការផ្សព្វផ្សាយពាណិជ្ជកម្មបារីនេះ ដោយលោកបានសន្យាថា នឹងធ្វើឲ្យបានចប់សព្វគ្រប់នៅក្នុងរយៈ ពេល៦ខែខាងមុខនេះ។ លោកលឹម បានប្រាប់វីអូអេខ្មែរ យ៉ាងដូច្នេះថា៖
«ច្បាប់បំរាមការផ្សាយពាណិជ្ជកម្ម គឺមិនមែនចំណុចមួយ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ឧស្សាហកម្មថ្នាំជក់ធំពេកទេ។ ប៉ុន្តែអ្វីដែលខ្ញុំយល់គឺថា ផលដែលប៉ះពាល់ខ្លាំង គឺចំពោះឧស្សាហកម្ម ផ្សព្វផ្សាយ។ ក្រុមហ៊ុនផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយនៅពេលណាគេបាត់បង់ឱកាសផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងរយៈពេលខ្លី គេអាចរកផលិតផលដទៃទៀតយកមកផ្សាយជំនួសបាន»។
កាលពីថ្ងៃទី២៤ខែកុម្ភៈ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយដែលមានប្រាំមួយជំពូកនិង១៣មាត្រា ដោយបានហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈទ្រង់ទ្រាយធំតាមរយៈ វិទ្យុ ទូរទស្សន៍ និងតាមផ្ទាំងប៉ាណូផ្សេងៗនៅក្នុងរយៈពេល៦ខែ។
លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថាកម្ពជាជាសមាជិកអនុសញ្ញាស្តីពីការគ្រប់គ្រងថ្នាំជក់ ដូច្នេះ ត្រូវមានកាតព្វកិច្ចហាមឃាត់រាល់ទម្រង់នៃការផ្សាយពាណិជ្ជកម្មឲ្យបានរយៈពេលប្រាំឆ្នាំ។ លោកបានមានប្រសាសន៍ទៀតថា ការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារដល់កុមារ និងយុវជនឲ្យជៀសផុតពីការធ្លាក់ចូលទៅ និងការញៀនផលិតផលថ្នាំជក់។ លោកបន្តថា៖
«ខ្ញុំគិតថា សេចក្តីជូនដំណឹងនេះ គឺប្រសើរណាស់ពីព្រោះវាបានចូលរួមពង្រឹងការអនុវត្តការហាមឃាត់ការផ្សាយពាណិជ្ជកម្មនេះចាប់ពីខែសីហាឆ្នាំ២០១១តទៅនេះ»។
លោក វង្ស សាវុធ អាយុ៣១ឆ្នាំ ជាមគ្គុទេសទេសចរណ៍មួយរូបនៅក្នុងខេត្តសៀមរាបបាននិយាយថា លោកធ្លាប់បានជក់បារីអស់រយៈពេល១១ឆ្នាំមកហើយ។ ក៏ប៉ុន្តែលោកបានគាំទ្រប្រសិនបើកម្ពុជាបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងស្រុងអំពីផលិតផលថ្នាំជក់។ លោក សាវុធ និយាយថា៖
«បាទ! គេធ្វើអញ្ចឹងក៏ល្អដែរ សព្វថ្ងៃខ្ញុំឃើញបារីស្រុកខ្មែរយើងកាន់តែរីកដុះដាល។ រួចអ្នកជក់ គេហាមជក់បារី បារីកាន់តែច្រើនទៅៗ ព្រោះថាបើសិនជាបារីកាន់តែឡើងថ្លៃទៅអ្នកជក់អត់មានលុយជក់ទេ»។
តួលេខរបស់អង្គការសុខភាពពិភពលោកឲ្យដឹងថា យ៉ាងតិចមានប្រជាពលរដ្ឋទូទាំងពិភពលោកប្រមាណ៥.៤លាននាក់បានស្លាប់ដោយការជក់បារីក្នុងមួយឆ្នាំៗ។ នៅកម្ពុជាអត្រាជក់បារីរបស់យុវវ័យពី១១ ដល់១៣ឆ្នាំមានរហូតដល់១១ភាគរយ៕