អភិបាលក្រុងភ្នំពេញអះអាងថា នឹងមិនមានការស៊ើបអង្កេត និងដកហូតមុខតំណែងលោកឡូ យុយ ជាអភិបាលខណ្ឌចំការមនទេ។ ការអះអាងរបស់លោក កែប ជុតិមា បានកើតឡើង តែមួយសបា្តហ៍ប៉ុណ្ណោះ ក្រោយពីមានរបាយការណ៍ថា លោកបានព្រមានជាសាធារណៈថា នឹងដកហូតតំណែងលោក ឡូ យុយ ជាអភិបាលខណ្ឌចំការមនដោយសារតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក ហេង រស្មី រាយការណ៍ជូនពិស្ដារដូចតទៅ៖
លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅថ្ងៃសុក្រនេះ ក្រោយពីលោកបានបញ្ចប់ពិធីហោមរោងបើកការដ្ឋានសាងសង់មន្ទីរពេទ្យចារៃ ភ្នំពេញ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាល ដោយលោកបានលើកឡើងថា លោកមិនធ្វើការស៊ើបអង្កេត ដែលឈានទៅរកការដកហូតមុខតំណែងលោក ឡូ យុយ ចេញពីអភិបាលខណ្ឌចំការមនទេ។
"មិនបាច់មានការស៊ើបអង្កេតទេ ពីព្រោះយើង មន្រ្តីយើងមានឋានានុក្រមណាស់"។
កាលពីថ្ងៃទី៥កន្លងទៅនេះ កាសែតជាភាសាអង់គ្លេសមួយឈ្មោះថា Phnom Penh Post បាន ចុះផ្សាយថា លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍ជាសាធារណៈថា លោក និងរកអ្នកជំនួសមុខតំណែងលោកឡូ យុយ ពីអភិបាលខណ្ឌចំការមន ដោយសារតែលោក ឡូ យុយ បានទទួលសំណូកពីក្លឹបកំសាន្តនានាខុសច្បាប់នៅក្នុងការឆ្មក់ចូលបង្រ្កាបកាលពីពេលថ្មីៗនេះ។
ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត នៅថ្ងៃសុក្រនេះ លោក កែប ជុតិមា បាននិយាយថា លោកអត់បានចោទប្រកាន់លោក ឡូ យុយ ថាបានទទួលសំណូកទេ។ លោកបានមានប្រសាសន៍ទៀតថា បើខណ្ឌយើងមានបញ្ហាគ្រឿងញៀន និងការកេងប្រវ័ញ្ចផ្លូវភេទ តើមហាជន គេវាយតម្លៃយ៉ាងណា?
"បញ្ហាគ្រឿងញៀន និងបញ្ហាកេងប្រវ័ញ្ចផ្លូវភេទនេះ គឺជាអនុសាសន៍ដែលសម្តេចនាយក លោកបានបញ្ជា មានន័យថា បើកើតនៅក្នុងខណ្ឌយើង ខណ្ឌយើងមិនយកចិត្តទុកដាក់ តើវាមានន័យថាយ៉ាងម៉េច? ឬមួយយើងមិនដឹង ឬមួយយើងទទួលអ្វីពីគេ គ្មានរឿងដែលយើងមិនដឹងទេ។ ខ្ញុំអត់ទាន់បានចោទគាត់ថា គាត់ទទួលសំណូកទេ"។
លោកឡូ យុយ ដែលពេលនេះកំពុងតែកាន់តួនាទីដ៏រឹងមាំជាអភិបាលខណ្ឌចំការមននៅឡើយនោះ បានបដិសេធពុំផ្តល់អត្ថាធិប្បាយណាមួយចំពោះសំណួររបស់ VOA សំឡេងសហរដ្ឋអាមេរិកទេ ដោយលោកមានប្រសាសន៍ថា លោកពុំដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកណាដែលលោកពុំដែលស្គាល់នោះទេ។
"មិនដែលស្គាល់មុខផង មកសុំនិយាយ"។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវវិធានការឆ្នាំ២០១០ ជាឆ្នាំនៃការបង្រ្កាបការជួញដូរមនុស្ស គ្រឿងញៀន និងក្លឹបកម្សាន្តគ្រប់ប្រភេទ ប្រយោជន៍ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនស្រវឹង។
ចាប់តាំងពីការបង្រ្កាបរបស់អាជ្ញាធរខ្មែរកាលពីដើមខែមិនាកន្លងទៅនេះ យ៉ាងតិចមានមនុស្សចំនួន២៧នាក់ហើយត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោសក្រោមបទចោទប្រកាន់ផ្សេងៗគ្នា៕