ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ឯកអគ្គ​រដ្ឋទូត​ខ្មែរ​ម្នាក់​មិនចូល​ខ្លួន​តាម​ដីកា​របស់​សាលាក្រុង​ទេ


នៅថ្ងៃសុក្រ​ទី២៥ ខែវិច្ឆិកា​នេះ តុលាការ​ក្រុង​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​សម្រេច​កាត់ទោស​ឲ្យ​លោក​ណាន់ ​ស៊ី​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ​និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក។
នៅថ្ងៃសុក្រ​ទី២៥ ខែវិច្ឆិកា​នេះ តុលាការ​ក្រុង​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​សម្រេច​កាត់ទោស​ឲ្យ​លោក​ណាន់ ​ស៊ី​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ​និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក។

លោក​ណាន់ ស៊ី ​អតីត​ឯកអគ្គ​រដ្ឋទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ បាន​មាន​ប្រសាសន៍​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​លោក​នឹង​មិន​ប្រគល់​ខ្លួន​តាម​ដីកា​ស្វែង​រក​ការ​ចាប់​ខ្លួន​លោក ចេញ​ដោយតុលាការ​ក្រុង​ភ្នំពេញ​ទេ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ​នឹង​ស្វែង​រក​យុត្តិធម៌​ចំពោះ​រឿង​ក្តី​នេះ។

«ខ្ញុំ​មិន​ប្រគល់​ខ្លួន​ទេ។​ ខ្ញុំ​ចេញ​មុខ​ដើម្បី​តតាំង​រក​យុត្តិធម៌។ ​បើ​រក​ឃើញ​ថា​ ខ្ញុំ​មាន​កំហុស ​អាហ្នឹង​ ខ្ញុំ​នឹង​ទទួល​ទោស​ទៅ​តាម​សុឆន្ទៈ​នៃ​ច្បាប់​របស់​ជាតិ»។

តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​សម្រេច​កាត់ទោស​ឲ្យ​លោក​ណាន់ ​ស៊ី​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ​និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ លោក​ណាន់ ​ស៊ី​មាន​កំហុស​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​បំបាត់​ថវិកា​របស់​ក្រសួង​ការបរទេស​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ មាន​ទឹក​ប្រាក់​ចំនួន​ជាង​៤៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​ណាន់ ​ស៊ី ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​ថា​ ការ​សម្រេច​របស់​តុលាការ​គឺ​ជា​រឿង​អយុត្តិធម៌ ​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ ហើយ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ។

«ការ​កាត់ក្តី​កំបាំង​មុខ​ខ្ញុំ ​មិន​អាច​ឲ្យ​ខ្ញុំ​ចូល​ដល់​នគរ។ ​នេះ​គឺ​ជាចេទនា​មួយ​ដែល​ជា​ប្រការ​មួយ​ ដែល​កើត​ឡើង​ពី​គំនិត ​និង​ការ​ចង​អាឃាត​និង​មាន​បំណង​មិន​ល្អ​ដល់​រូប​ខ្ញុំ»។

លោក​គី ​តិច​ មេធាវី​ការពារក្តី​របស់​ក្រសួង​ការបរទេស ​មិន​បាន​លើក​ឡើង​អំពី​នីតិ​វីធិ​បន្ត​របស់​តុលាការ​ទេ ​ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា​ តាម​ផ្លូវ​ច្បាប់​អាជ្ញាធរ​ចាប់​ផ្តើម​អនុវត្ត​ការងារ​របស់​ខ្លួន ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ណាន់ ​ស៊ី។

«អាហ្នឹង​ខ្ញុំ​មិន​ទាន់​ហ៊ាន​សម្រេច​ទេ​បង​ ពីព្រោះ​នេះ​ជា​នីតិ​វិធី»។

វីអូអេព្យាយាមទាក់ទង​មន្ត្រី​ក្រសួង​ការបរទេស​សំខាន់ៗ ​ដែល​រួម​បញ្ចូល​ទាំង​លោក​គុយ ​គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ផងដែរ​ ​តែ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ ក្រសួង​ការបរទេស​បាន​ប្តឹង​លោក​ណាន់ ស៊ី​ចំនួន​ពីរ​ករណី​គឺ​ករណី​ព្រហ្មទណ្ឌ ​និង​សំណង​រដ្ឋប្បវេណី ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិមាន​ចំនួន​ទឹក​ប្រាក់​ចំនួន​៤៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ។

លោក​ណាន់ ស៊ី​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​កេង​បំបាត់​ថវិកា​របស់​ក្រសួង​ការបរទេស​ទេ​ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ដែល​ដឹកនាំ​ដោយ​លោក​ឱម​ យ៉ិនទៀង​ទៅ​ពិនិត្យ​និង​វាយ​តម្លៃ​អគារ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ ថា​តើ​វា​សាកសម​នឹង​តម្លៃ​នៃ​ការ​សាងសង់​អស់​លុយ​ជាង​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរឬ​ទេ។

លោក​ណាន់ ស៊ី​បាន​ធ្វើ​ជា​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ តាំង​ពី​ឆ្នាំ​២០០៦​រហូត​ដល់​ឆ្នាំ​២០១១​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​បញ្ជា​ឲ្យ​លោក​ទៅ​ធ្វើជា​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេសនោះ។ ​ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​នៅ​តែ​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក​ញឹក​ ប៊ុនឆៃ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បាន​មាន​ប្រសាសន៍​ថា​ លោក​ណាន់ ស៊ី​បាន​ចាកចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ៕

XS
SM
MD
LG