ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​​ប្រកាស​សាលក្រម​​លោក​សម រង្ស៊ី


តុលាការ​ក្រុង​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រឿង​ក្លែង​បន្លំ​ឯកសារ​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត។​ បន្ទាប់​ពី​សវនាការ​អស់​រយៈ​ពេល​ជិត​៦​ម៉ោង​ក្រោម​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង​ ​លោក​កែ​ សាខន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជំរះ​នៃតុលាការ​ក្រុង ​បាន​ប្រកាស​ថា​រឿងក្ដី​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ខាង​មុខ​នេះ។

តុលាការ​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​លើក​ពេល​ប្រកាស​សាលក្រម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ រឿង​ក្លែង​បន្លំ​ឯកសារ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ​ហើយ​ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​សាលក្រម​ជា​ផ្លូវការ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ខាង​មុខ​នេះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​កែ សុខន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ។

សវនាការ​ប្រឆាំង​លោក​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​ ​បាន​ប្រើ​រយៈ​ពេលជិត​ប្រាំមួយ​ម៉ោង​ ​ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​សមត្ថកិច្ច​ច្រើន​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ជុំវិញ​បរិវេណ​តុលាការ។

អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​នៅ​ក្នុង​បន្ទប់​សវនាការ​នេះ​ទេ​ ​ក៏​ប៉ុន្តែ​តុលាការ​បាន​ប្រើ​ប្រាស់​ឧគ្ឃោសនសព្ទ​បំពង​សំឡេងត ​ផ្សាយ​បន្ត​ផ្ទាល់​ចេញ​ពី​បន្ទប់​សវនាការ​មក​ក្នុង​បរិវេណ​តុលាការ​ដើម្បី​ឲ្យ​សារធារណ​ជន​បាន​ស្តាប់។

សវនាការដែល​ប្រើ​ពេល​ជិត​ប្រាំមួយ​ម៉ោង​នេះ​ មាន​ការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​រវាង​មេធាវី​ការពារ​ជន​ជាប់ចោទ​ និង​តំណាង​អយ្យការ​ព្រមទាំង​មេធាវី​តំណាង​រាជ​រដ្ឋាភិបាល។

ក្រោយពី​ចប់​សវនាការ​ ​លោក​គី តិច ​មេធាវី​ការពារ​ក្តី​តំណាង​ឲ្យ​រដ្ឋាភិបាល​ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ​មូលហេតុ​ដែល​យើង​បាន​ចោទ​ប្រកាន់​ថា​ក្លែង​បន្លំ​ឯកសារ​នេះ​ ​គឺ​ដោយសារ​តែ​លោក​សម រង្ស៊ី ​បាន​យក​ផែន​ទី​ទៅ​ប្រើ​មាត្រដ្ឋាន​ខុស​ពី​ការ​ពិត។

«ទៅ​ធ្វើ ​Datum ​ផ្សេងហ្នឹង ​គឺ​ធ្វើឲ្យ​មាន​ការ​ប្រែ​ប្រួល​ទៅ​លើ​ចំណុច​ទាំងអស់​មាន​នៅ​ក្នុង​ផែនទី​គឺ​ទាំង​ខ្សែ​បន្ទាត់​ព្រំដែន ​គឺថា​វា​រំកិល។ ​នៅ​ក្នុង​ហ្នឹង​ ​អ្នក​ជំនាញ​យើង​បាន​បំភ្លឺ​ហើយ​ គឺ​ថា​ដាក់​របៀប​នេះ​គឺ​អាច​រំកិល​ដល់​ទៅ​៥៣០​ម៉ែត្រ»។

មាន​សាក្សី​យ៉ាង​តិច​ចំនួន​ពីរ​រូប ​ដែល​បាន​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​នេះ​ ហើយ​សាក្សី​ទាំងនោះ​ បាន​អះអាង​ថា មាន​ចំណុច​បួន​ ដែល​លោក​សម រង្ស៊ី ​បាន​ដាក់​បង្ហាញ​ខុស​ពី​ការ​ពិត​នោះ ​គឺ​ទី​មួយ​ ផែនទី​ដែល​មាន​បណ្តាញ​ក្រឡា​ការ៉ូ ​ដែល​ខុស​ពី​ផែនទី​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​មិន​មានកាឡា​ការ៉ូ​នោះទេ ​ទីពីរ​ ​ផែនទី​ដែល​ដាក់​បង្ហាញ​ទីតាំង​បង្គោល​ខុស​ពី​ទីតាំង​ដែល​គណៈ​កម្មាធិការ​ព្រំដែនបាន​ធ្វើ​ ​ទីបី​ ​លោក​សម រង្ស៊ី ​បាន​ប្រើប្រាស់​បច្ចេក​ទេស​ដាក់​ទីតាំង​បង្គោល​ ​ដោយ​បាន​ទទួល​យក​ឧបករណ៍​ GPS ​ទៅដាក់​នៅលើ​ផែនទី​ ​ដែល​ផលិត​ដោយ​កង​យោធា​សហ​រដ្ឋ​អាមេរិក​ដែល​ប្រើ​មាត្រ​ដា្នន​១/៥០០០០ ​គឺ​ខុសនឹង​បច្ចក​ទេស​ និង​ទីបួន​ ​ទីតាំង​បង្គោល​លេខ​១៨៦​ ​គណៈ​កម្មាធិការ​បច្ចេក​ទេស​ពុំ​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។

លោក​ជួង ជូងី ​មេធាវី​ការពារ​ក្តី​លោក​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា​ ​ផែនទី​ដែល​លោក​សម រង្ស៊ី ​បាន​ដាក់​បង្ហាញ​នេះ​ ​គឺ​ត្រឹម​ត្រូវ​ ​ពីព្រោះ​បាន​ចម្លង​ពី​អ្នក​ជំនាញ​ផែនទី​មួយ​រូប​ ​ហើយអ្វី​ដែល​លោក​ សម រង្ស៊ី​បាន​ធ្វើនេះ ​គឺ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កុំ​ឲ្យ​បាត់បង់។

លោក​ជួង ជូងី​បាន​មាន​ប្រសាសន៍​ថា​ ​សុំ​ឲ្យ​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​ ​ពីព្រោះ​រឿង​ក្តី​នេះ​គឺ​ជា​រឿងប្រវត្តិ​សាស្រ្ត​ ​ហើយ​អ្នក​ធ្វើ​សាក្សី​ក៏​ជា​រឿង​ប្រវត្តិ​សាស្រ្ត​ផង​ដែរ។

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ ​និង​ជា​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ​បាន​មាន​ប្រសាសន៍ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ ​បើ​ចៅក្រម​មាន​សុភ​វិនិឆ្ឆ័យ​ត្រឹមត្រូវ​ ​កាត់​សេចក្តី​ដោយ​ឯករាជ្យ​ ​និង​គ្មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​នោះ​ទេ​ ​នោះ​លោក​សម រង្ស៊ី​នឹង​រួចផុត​ពី​ការ​ចោទ​ប្រកាន់។

«គេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ដើម្បី​បំបិត​មាត់​គណបក្ស​ប្រឆាំង​ ​ដើម្បី​បន្ទុច​បង្អាក់សកម្ម​ភាព​អ្នក​តំណាង​រាស្រ្ត​ ដែល​ហ៊ាន​ងើប​ឡើង​តស៊ូ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ ​ការពារ​យុត្តិ​ធម៌ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ជាពិសេស​គឺ​ប្រជា​ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន»។

ប្រសិនណា​បើ​តុលាការ​រកឃើញ​ថា​មាន​ទោស​កំហុស ​នោះ​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ប្រឈម​មុខ​ការ​ដាក់​ពន្ធនាគារពី​ប្រាំឆ្នាំ​រហូត​ដល់​១៥ឆ្នាំ​ ​តាម​មាត្រា​ទី​៤៩​ ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និងរយៈ​ពេល​ពី​ប្រាំខែ​រហូត​ដល់​ប្រាំឆ្នាំ​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ​តាម​មាត្រា​ទី៦២​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរ​កាល។

លោក​សម រង្ស៊ី ​ដែល​ពេល​នេះ​កំពុង​ស្នាក់​នៅ​ឯ​ក្រៅ​ប្រទេស​ ​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​ កាត់ទោស​កំបាំងមុខ​ កាល​ពី​ចុង​ខែមករា​ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ជាង​ ៦០​លាន​រៀល ​ជាមួយ​និង​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​ ​បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ ​លោកជាប់​ពាក់ព័ន្ធ​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ១៨៥​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ និង​ញុះញ៉ង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។

ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី​ធ្លាប់​បាន​ចោទ​ប្រកាន់​ថា​ ​ករណី​របស់​លោក​នេះ​ជា​រឿង​នយោបាយ៕

XS
SM
MD
LG