តំណាងអង្គការសង្គមស៊ីវិលដែលជាពលរដ្ឋអាមេរិកាំងមួយក្រុមនៅតាមបណ្តារដ្ឋនានាបានប្រមូលផ្តុំគ្នាដាក់ញត្តិចំនួន២កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញានេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបន្តទាមទារឲ្យមានការដោះលែងសកម្មជនជាច្រើនរូប ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកម្ពុជាកាលពីពេលថ្មីៗ ដែលក្រុមតំណាងអង្គការនានាចាត់ទុកថា ជាទង្វើផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ ហើយគួរត្រូវដោះលែងឲ្យពួកគេមានសេរីភាពឡើងវិញ។
ញត្តិ១បានជូនស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងញ្ញត្តិមួយទៀតបានធ្វើឡើងនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ។
ញត្តិដែលបានដាក់នៅស្ថានទូតកម្ពុជាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវវបានចែកចាយជូនអ្នកយកព័ត៌មានដែលបានចូលរួម ហើយត្រូវបានអានដោយលោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនោះ បានទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញ ដោយដោះលែងអ្នកទោសមនសិការនិងអ្នកទោសនយោបាយទាំងអស់ដោយគ្មានលក្ខខណ្ឌ ។
លោក ទូច វិបុល បានអានសារនោះដែលមានខ្លឹមសារថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អ្នកតាមដានស្ថានការណ៍ជាតិនិងអន្តរជាតិ ដៃគូវិនិយោគបរទេសធំៗ និងសហគមន៍ម្ចាស់ជំនួយអន្តរជាតិដឹងច្បាស់ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែដឹកនាំប្រាសចាកកាន់តែឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ និងសន្តិភាពដោយការប្រើប្រាស់វិធីចោទប្រកាន់ខ្មែរជាតិឯង ជាជនក្បត់ជាតិឬជាឧទ្ទាមក្រៅច្បាប់ ពេលមានទស្សនៈផ្ទុយគ្នាអំពីវិវត្តន៍សង្គម» ។
ញត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនោះមានខ្លឹមសារថា យើងខ្ញុំសូមទទូចឲ្យដោះលែងលោក រ៉ុង ឈុន ព្រះភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី កញ្ញា អេង ម៉ាឡៃ (ហៅសូ មេត្តា) លោក មួង សុភក្ត្រ លោក ថា ឡាវី យុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ យុវតី ស កន្និកា លោក សួង សុភ័ណ្ឌ កញ្ញា សាន ស្រីនិច លោក ថុង រដ្ឋា កញ្ញា ភួង កែវរស្មី កញ្ញា ឡុង គន្ធា លោក គា សុគន្ធ លោក ឡុង ពុទ្ធារ៉ា និងអ្នកឯទៀតដើម្បីឲ្យពួកគាត់អាចអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញ ។ ហើយញត្តិនោះ ក៏បានទទូចទម្លាក់ចោលបទចោទប្រកាន់នានាប្រឆាំងនឹងអ្នកនយោបាយនិងផ្តល់សេរីភាពនយោបាយពេញលេញដល់ពួកគាត់ឡើងវិញ ដែលរួមមាន លោក កឹម សុខា លោក សម រង្ស៊ី និងសហការីទាំងអស់នៃគណបក្សសង្គ្រោះជាតិ។
នៅពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្កើនការចាប់ខ្លួនពួកសមាជិកគណបក្សប្រឆាំងនិងសកម្មជននានាដែលបានតវ៉ាអំពីរឿងព្រំដែន បរិដ្ឋាន និងសិទ្ធិមនុស្សនៅក្នុងប្រទេសក្រោមបទចោទប្រកាន់ថា មានជាប់ទាក់ទងនឹងបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។ ហើយការបង្កើនការចាប់ខ្លួននេះ ស្របពេលនៃការដកហូតឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបចំនួន២០ភាគរយនិងផលប៉ះពាល់ពីជំងឺរាត្បាតកូវីដ១៩ ។ ការចាប់ខ្លួននោះបានធ្វើឲ្យមានការថ្កោលទោសពីសមាជិកសភាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការអន្តរជាតិជាច្រើន ។
ញត្តិនោះក៏បានលើកឡើងនូវការទាមទាររបស់លោក Alan Lowenthal សមាជិកសភាអាមេរិក និងលោក Robert A. Destro ឧបការីក្រសួងការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពនៃការជួបជុំតវ៉ាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ហើយក៏បានលើកឡើងនូវការសម្តែងនូវការព្រួយបារម្ភរបស់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍កម្ពុជា យ៉ាងដិតដល់ ក៏បានសម្តែងកង្វល់ចំពោះការចាប់ខ្លួនសកម្មជនខ្មែរជាបន្តបន្ទាប់ ។
អ្នកស្រីសាវ៉េត កើត ដែលស្វាមីរបស់អ្នកស្រីបានត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារក៏បានចូលរួមនៅក្នុងការដាក់ញត្តិនេះដែរ។ អ្នកស្រីបានទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោះលែងលោក មាន ព្រហ្មមុនី ស្វាមីរបស់អ្នកស្រីនិងសកម្មជនផ្សេងៗទៀត។ អ្នកស្រីបាននិយាយថា ៖
«មកទល់ពេលនេះ ខ្ញុំមិនបានទទួលដំណឹងអ្វីច្បាស់លាស់អំពីស្វាមីរបស់ខ្ញុំទេ។ គ្រាន់តែដឹងថា ប្អូនថ្លៃរបស់ខ្ញុំនៅទីនោះថា ស្វាមីរបស់ខ្ញុំស្ថិតនៅក្នុងពន្ធនាគារនៅឡើយ»។
បន្ទាប់ពីការអានញត្តិនៅខាងមុខស្ថានទូតកម្ពុជារួច លោកទូច វិបុល ដែលជាតំណាងឲ្យជនរងគ្រោះ បានយកញត្តិនោះទៅប្រគល់ឲ្យតំណាងស្ថានទូតកម្ពុជា ក៏ប៉ុន្តែមិនមានអ្នកតំណាងណាមកទទួលញត្តិនោះទេ ទោះបីលោកបានព្យាយាមគោះទ្វារការិយាល័យនោះ ចំពេលមានការដាក់ស្លាកសញ្ញាថា ស្ថានទូតបើកទ្វាក៏ដោយ។ លោក ទូច វិបុល និយាយថា ទោះបីមន្ត្រីរដ្ឋាភិបាល មិនអើពើជាមួយញត្តិ និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏លោកនៅតែព្យាយាមធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាលនិងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលញត្តិរបស់ប្រជាពលរដ្ឋនិងជនរងគ្រោះទាំងនោះ ។ លោក ទូច វិបុល បានថ្លែងបន្តទៀតថា៖
«ដូចខ្ញុំបានជម្រាបពីដើមទីអញ្ចឹងគឺថា រាល់ការធ្វើបាតុកម្មម្តងៗនិងរាល់ផ្ញើសារសំឡេងរបស់យើងម្តងៗ យើងតែងតែបានទទួលការឆ្លើយតបពីសហគមន៍អន្តរជាតិ ជាពិសេសការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកលើក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា ជាការឆ្លើយតបទៅនឹងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរដ្ឋាភិបាលលោកហ៊ុន សែន ព្រងើយកន្តើយ មិនចង់ ស្តាប់មិនចង់ឮសំឡេងទាមទាររបស់ប្រជាពលរដ្ឋនោះ ។
VOA បានព្យាយាមទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន តែមិនបានជោគជ័យទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ ហើយសារផ្ញើសំឡេងក៏ពេញមិនអាចទទួលសារបន្ថែមបាន។
ពាក់ព័ន្ធទៅនឹងអត្ថាធិប្បាយរបស់លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនជាគណបក្សគ្រប់គ្រងប្រទេសដែលថា ការទាមទាររបស់ពលរដ្ឋខ្មែរនៅ និងចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក គ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាល ហើយថាដោយហេតុដូច្នេះហើយ បានជាស្ថានទូតខ្មែរមិនព្រមបើកទ្វារទទួលញត្តិនោះ លោក ទូច វិបុល បានថ្លែងថា៖
«ប្រាកដណាស់លោក សុខ ឥសាន្ត បានផ្តាំផ្ញើរតាមស្ថានទូតខ្មែរឲ្យធ្វើមិនដឹងមិនឮសំឡេងរបស់ប្រជាពលរដ្ឋខ្មែរ ហើយរដ្ឋាភិបាលចេះតែដើរស្រែកថា អង្គការសហប្រជាជាតិនៅសហភាពអឺរ៉ុប បានធ្វើអំពើអយុត្តិធម៌មកលើកម្ពុជា ក៏ប៉ុន្តែការដែលរដ្ឋាភិបាលដើរចាប់ចងគេ ចាប់ព្រះសង្ឃ ហើយការសំខាន់បំផុតគឺការចាប់ព្រះសង្ឃផ្សឹកទាំងថ្ងៃត្រង់»។
បើទោះបីមិនមានមន្ត្រីស្ថានទូតខ្មែរណាចេញមកទទួលញត្តិនោះក៏ដោយ ក៏លោកនាថបណ្ឌិត ឫទ្ធិពលតំណាងឲ្យអង្គការ Overseas Khmer Summit ឬ (OKS) បានថ្លែងថា លោកសង្ឃឹមថាញ្ញត្តិនោះ នឹងបានទៅដល់រដ្ឋាភិបាលខ្មែរ។ លោកបានថ្លែងថា៖
«ញត្តិនេះ ត្រូវតែទៅដល់រដ្ឋាភិបាលខ្មែរ ពីព្រោះតែលោក ទូច វិបុល ដែលតំណាងឲ្យអង្គការចលនានិស្សិតខ្មែរនិងអង្គការនានា បានឡើងគោះទ្វារស្ថានទូតដែលដាក់ផ្លាកថា Open មានន័យថា ធ្វើការបន្ទាប់ពីការចុចកន្តឹងនៅខាងក្រៅច្រើនដងមក ក៏ប៉ុន្តែមិនមានអ្នកបើកទ្វារ។ ហើយខាងសន្តិសុខអាមេរិកាំង ក៏និយាយថា អត់អីទេ ព្រោះទ្វាររបងបើក ហើយស្ថានទូតបើកធ្វើការ ។ អ្នកអាចគោះទ្វារបាន ហើយលោកវិបុល គោះ ទ្វារដោយស្របច្បាប់ ហើយជាច្រើនលើកច្រើនសារមិនមានអ្នកតំណាងស្ថានទូតមកទទួលញត្តិទេ។ យើងបានសួរខាងសន្តិសុខអាមេរិកាំង គេថា បើគ្មានអ្នកមកបើកទ្វារ អ្នកអាចដាក់ញត្តិនោះនៅក្នុងប្រអប់សំបុត្របាន » ។
បន្ទាប់មកនៅម៉ោង២រសៀលថ្ងៃដដែលនោះ ក្រុមតំណាងអង្គការ និងតំណាងពលរដ្ឋខ្មែរអាមេរិកាំងប្រមាណជិត១០នាក់បន្តដំណើរទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីប្រគល់ញត្តិជូនលោក Mike Pomeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានបង្ហាញជំហរដ៏មានឥទ្ធិពលឆ្លើយតបនឹងសេចក្តីត្រូវការអន្តរាគមន៍របស់ប្រជាពលរដ្ឋខ្មែរ។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យថ្លែងដូច្នេះត្រូវគេគិតថា ទំនងជាយោងទៅលើអត្ថាធិប្បាយរបស់លោក Mike Pompeo ដែលបញ្ជាក់នៅលើបណ្តាញ Twitter កាលពីពាក់កណ្តាលខែកញ្ញានេះថា៖ «យើងនឹងមិនអត់ឱនដល់សកម្មភាពទាំងឡាយណា ដែលប្រឆាំងមនុស្សស្លូតត្រង់ ហើយនឹងបន្តនៅជាមួយពលរដ្ឋកម្ពុជា»។
អត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកគឺកើតឡើងភ្លាមៗក្រោយពេលក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយសារតែការរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្ត និងកន្លែងលេងល្បែងដ៏ប្រណិតក្នុងទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារ។
មណ្ឌលកម្សាន្តទេសចរណ៍ តារាសាគរ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ឬ Union Development Group (UDG) របស់ចិន នៅក្នុងខេត្តកោះកុង រួមមានអាកាសយានដ្ឋានអន្តរជាតិ និងផែសម្រាប់កប៉ាល់ទេសចរណ៍ ដែល «របាយការណ៍គួរឱ្យទុកចិត្ត» បានលើកឡើងថា អាចជាទីតាំងប្រើប្រាស់បានដោយយោធាចិនហើយត្រូវក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាបដិសេធពីការលើកឡើងដូច្នេះ៕