ភ្នំពេញ៖ នៅថ្ងៃអង្គារនេះ ក្រសួងព័ត៌មានបានអំពាវនាវដល់សាធារណៈជនឱ្យបោះបង់ចោលការផ្សព្វផ្សាយរូបភាពអាក្រាតរបស់ស្ត្រីខ្មែរ ដែលបានទទួលរងគ្រោះពីការលួចថតរបស់អតីតសង្ឃព្រះពុទ្ធសាសនាអសីលធម៌មួយអង្គ នៅពេលស្រោចទឹក។ រូបថតអាក្រាតទាំងនោះត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធបច្ចេកវិទ្យាពីទូរស័ឰមួយទៅទូរស័ឰមួយ។ ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរកម្ពុជាមិនមានលទ្ធភាពទប់ស្កាត់ការបញ្ជូនរូបថតអាក្រាតរបស់ស្ត្រីតាមទូរស័ព្ទនៅទូទាំងប្រទេស។
លោកខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ចលនាបញ្ជូនរូបភាពនារីរងគ្រោះពីទូរស័ព្ទមួយទៅទូរស័ព្ទមួយផ្សេងទៀតតៗគ្នានៅតែកើតមាននៅឡើយ ថ្វីបើមានការហាមឃាត់យ៉ាងដាច់ខាតពីអង្គការមានសមត្ថកិច្ចក៏ដោយ។
កាលពីចុងខែមិថុនា អតីតសង្ឃឈ្មោះនេត ខៃ អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅវត្តស្រះចក ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ អំពីបទលួចថតរូបអាក្រាតរបស់ស្ត្រីខ្មែរក្នុងពេលផ្លាស់សម្លៀកបំពាក់ដើម្បីស្រោចទឹកមន្តនៅបន្ទប់ក្នុងវត្ត ហើយតុលាការក្រុងភ្នំពេញបានចោទប្រកាន់អតីតសង្ឃអសីលធម៌នេះ អំពីបទផលិត និងចែកចាយរូបភាពអាក្រាត ដែលប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
លោកខៀវ កាញ្ញារិទ្ធ បានបន្តថា ការលើកកម្ពស់សីលធម៌ សុជីវធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អប្រពៃរបស់ខ្មែរ អាចជួយទប់ស្កាត់ និងបិទបាំងលទ្ធផលនៃទង្វើដ៏ចង្រៃរបស់អតីតសង្ឃ នេត ខៃ ដើម្បីសង្គ្រោះកិត្តិយសរបស់ស្ត្រីខ្មែរទាំងអស់ ដែលទទួលរងគ្រោះដោយមិនដឹងខ្លួន។
ក្រសួងព័ត៌មានសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរមេត្តាជួយចាត់វិធានការបញ្ឈប់ការបញ្ចូនរូបភាពឱ្យគ្នា និងលប់ចោលនូវរូបភាពអាក្រាតរបស់ស្ត្រីខ្មែររងគ្រោះពីក្នុងឧបករណ៍បច្ចេកវិទ្យានានា ដើម្បីរួមចំណែកក្នុងការលើកស្ទួយកិត្តិយសរបស់ស្ត្រីខ្មែរ និងកិត្យានុភាពជាតិ និងជៀសវាងការមើលងាយប្រពៃណីជាតិខ្មែរពីសំណាក់បរទេស។
លោកស្រីរស់ សុភាព នាយិកាអង្គការយ៉េនឌឺ និងការអភិវឌ្ឍកម្ពុជា បានថ្លែងថា ការបញ្ជូនរូបថតអាក្រាតពីទូរស័ព្ទមួយទៅទូរស័ព្ទមួយនេះ គឺជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងណាស់ និងជាអំពើអសីលធម៌សង្គម។ លោកស្រីរស់ សុភាព បានបញ្ជាក់ថា អ្នកផ្សព្វផ្សាយរូបភាពអាក្រាតពីអតីតសង្ឃអសីលធម៌ក៏ត្រូវប្រឈមនឹងច្បាប់ដូចគ្នានឹងអតីតសង្ឃ ពីព្រោះការផ្សព្វផ្សាយរូបភាពអាក្រាតរបស់ស្ត្រីខ្មែរធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រសិទ្ធភាពនៃការលើកស្ទួយសិទ្ធិស្ត្រី និងការលប់បំបាត់ការរើសអើងប្រឆាំង នឹងស្ត្រី និងអំពើហឹង្សាលើស្ត្រី។ លោកស្រីបានបន្តទៀតថា៖
«វានឹងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងតែលើកស្ទួយសិទ្ធិរបស់ស្ត្រី ឬក៏ពង្រឹងភាពអង់អាចរបស់ស្ត្រី។ អញ្ចឹង វាហាក់ដូចជាយកកិត្តិយសរបស់ស្ត្រីទៅជាន់ឈ្លី។ យើងត្រូវផ្អែកទៅលើសីលធម៌ក្នុងការរស់នៅ ដើម្បីយកជនខិលខូចទាំងនេះទៅកាត់ទោស ពីព្រោះវាជារឿងបរិហារកេរ្តិ៏ដោយសារការបញ្ជូនរូបភាពអាក្រាតនេះ»។
អតីតសង្ឃអសីលធម៌ នេត ខៃ នេះកំពុងជាប់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោស។ សម្តេចព្រះសង្ឃនាយកនន្ទ ង៉ែត បានស្តីបន្ទោសអំពើអាក្រក់របស់អតីតសង្ឃរូបនេះ ប៉ុន្តែព្រះអង្គបានការពារថា វាមិនឆ្លុះបញ្ចាំងអំពីព្រះសង្ឃដទៃទៀតទេ។ វាមិនទាក់ទងនឹងសីលធម៌របស់ព្រះសង្ឃទាល់តែសោះ។ ច្បាប់អាចកាត់ទោសអតីតសង្ឃនេះ។