គណបក្សប្រឆាំងនៅថ្ងៃអង្គារនេះ បានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចូលតំណាងគណបក្សនយោបាយដែលមានអាសនៈនៅរដ្ឋសភានៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌។
ក្រុមមន្ត្រីគណបក្សប្រឆាំងបានអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានចោទប្រកាន់អំពីការជ្រើសរើសតែសមាជិកគណបក្សប្រជាជនកម្ពុជាឲ្យធ្វើជាសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត រាជធានី ស្រុក ខណ្ឌ ឃុំ និងសង្កាត់។
គណបក្សនយោបាយនៅកម្ពុជានឹងធ្វើការប្រកួតប្រជែងយកសមាជិកក្រុមប្រឹក្សាចំនួន១១.៤៥៩នាក់នៅក្នុងឃុំ សង្កាត់ចំនួន១.៦៣៣នៅទូទាំងប្រទេសដើមឆ្នាំ២០១២ខាងមុខនេះ។
ឃុំ សង្កាត់ភាគច្រើនត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០០៧។ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧.៩៩៣នាក់ គណបក្សសម រង្សី ២.៦៦០នាក់ គណបក្សនរោត្តម រណឫទ្ធិ៤២៥នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច២៧៤នាក់ និងគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យម្នាក់។
លោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងនៅក្នុងកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោបាយនៅទីស្តីការគ.ជ.ប ថាបើតំណាងគណបក្សនយោបាយប្រឆាំងមិនមានវត្តមាននៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិទេ ដែលនេះគឺជាគ្រោះថ្នាក់សម្រាប់គណបក្សប្រឆាំង។
លោក ហូ វ៉ាន់ បានបញ្ជាក់ថា បេក្ខជនមកពីគណបក្សសម រង្សី ដែលបានដាក់ពាក្យសុំធ្វើការក្នុងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ ប្រឡងមិនជាប់ទេ ដោយនិយាយថាគ្មានវិជ្ជាជីវៈ និងគ្មានបទពិសោធន៍។ ប៉ុន្តែបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា សុទ្ធតែបានប្រឡងជាប់ប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍។
«គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ សង្កាត់ មានតំណាងគណបក្សនយោបាយមួយៗ ដែលមាន អាសនៈក្នុងរដ្ឋសភា ហើយរួចក្រៅពីហ្នឹងយើងរើសបន្ថែមទៀតទៅដើម្បីបង្កើនទំនុកចិត្ត និងប្រសិទ្ធិភាព។ ដើម្បីឲ្យការបោះឆ្នោតរបស់យើងមានឯករាជ្យ តម្លាភាព ប្រសិទ្ធិភាព ជំនឿជឿជាក់អាចទទួលយកបាន»។
លោក អ៊ុក ស៊ុយ តំណាងគណបក្សសិទ្ធិមនុស្ស បានថ្លែងថា តំណាងគណបក្សនយោបាយដើរតួនាទីសំខាន់ណាស់ដើម្បីធ្វើការជាមួយមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិប្រកបដោយឆន្ទៈនៃច្បាប់ និងត្រួតពិនិត្យមើលការអនុវត្តរបស់គណៈកម្មការទាំងនេះ។
លោក ប៉ែន សង្ហា តំណាងគណបក្សនរោត្តម រណឫទ្ធី បានបញ្ជាក់ថា គោលការណ៍ជ្រើសរើសសមាជិកគណៈកម្មការៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិដែលមានសមត្ថភាព គោលការណ៍ គុណភាព និងប្រសិទ្ធិភាព គឺជាការពិត និងត្រឹមត្រូវ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅតែមានការរើសអើងចំពោះបេក្ខជនពីគណបក្សប្រឆាំង។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ច្បាប់មិនតម្រូវឲ្យមានតំណាងគណបក្សនយោបាយទេ ហើយការងាររបស់គ.ជ.ប ធ្វើទៅតាមនីតិវិធីច្បាប់។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យ និងមិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាបានថ្លែងថា គណបក្សនយោបាយមិនអាចទុកចិត្តអព្យាក្រិត្យភាពរបស់សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ។
«ខ្ញុំគិតថា តំណាងគណបក្សក្នុងសមាសភាពគ.ជ.ប អាចជាវិធីមួយដើម្បីឲ្យគណបក្សទាំងអស់នោះ អស់ចិត្តថា ការបោះឆ្នោតនេះ គាត់អាចទទួលយកពីព្រោះមានតំណាងគណបក្សរបស់គាត់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយ»។
លោក ហង្ស ពុទ្ធា បានបន្តថា អង្គការសង្គមស៊ីវិលជំរុញឲ្យការបោះឆ្នោតមួយ ដែលគណបក្សទាំងអស់អាចទទួលយកបានដោយឯកច្ឆន្ទ៕