ជនសង្ស័យម្នាក់ក្នុងចំណោមប្រាំនាក់គឺ តា អាន ជាអតីតអនុប្រធានតំបន់មជ្ឈិមប្រចាំនៅខេត្តកំពង់ចាម ដែលមានជនរងគ្រោះជាង១៥ម៉ឺននាក់ស្លាប់នោះបានបដិសេធ ពីការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានា។ លោក បានអះអាងថាលោកបានជួយសង្គ្រោះមនុស្សច្រើនឲ្យរួចផុតពីការកាប់សម្លាប់របស់ថ្នាក់លើហើយយកចិត្តទុកដាក់លើការធ្វើទំនប់។ តា អាន ឬ អោម អាន អាយុ៧៨ ឆ្នាំ បច្ចុប្បន្នជាកសិករ។ លោក បានអះអាងថាលោកមិនខ្លាចតុលាការពេលបច្ចុប្បន្នហើយក៏មិនខ្លាច យមបាលនៅពេលលោកស្លាប់។
ខាងក្រោមនេះជាបទសម្ភាសភាគទីពីររវាងលោកសុខ ខេមរាជាមួយនឹងតាអាន។
សំណួរ៖ កាលចូលតស៊ូ អាយុប៉ុន្មានដែរបាទ? ចាប់ផ្តើមនោះហើយហេតុអីបានជាលះបង់ដោយសារតែព្រះមហាក្សត្រសម័យ(នោះ)?
ឆ្លើយ៖ អូ៎! ក្មួយប្រុស ដូចជម្រាបពីខាងដើមអញ្ចឹងណា៎ គឺការពារព្រះមហាក្សត្រ។ ប្រទេសមួយដែលមានព្រះមហាក្សត្រសោយរាជ្យ រួចដល់អញ្ចឹងទៅព្រះមហាក្សត្រត្រូវឯកឧត្តម លន់ នល់នោះធ្វើរដ្ឋប្រហារទម្លាក់។ បើអញ្ចឹងរាស្រ្តទាំងអស់ កូនចៅ ទាំងអស់ហ្នឹងនែ៎ តស៊ូដើម្បីទាមទារសម្តេច ឲ្យវិលត្រឡប់។
ស៖ ប៉ុន្តែ បើសិនជាតុលាការគេចង់ជម្រះទោសអ្នកបន្ថែមៗទៀត អញ្ចឹងមើលទៅក្នុងអារម្មណ៍ហ្នឹងមិនមានការដូចថាត្រៀមខ្លួនដើម្បីនឹងទៅតទល់ រឿងហ្នឹងទេ ឬក៏មើលទៅមានការព្រួយបារម្ភអីខ្លះដែរពីរឿងហ្នឹង បាទ?
ឆ៖ ខ្ញុំអត់មានព្រួយអីទេ អត់ទាំងអស់។
ស៖ ហេតុអ្វីដែរ បាទ?
ឆ៖ បាទ ដូចជម្រាបខាងដើមអម្បាញ់មិញអំពីការគេថាកាប់សម្លាប់ ជាក់ស្តែងខ្ញុំអត់មាន ប៉ុន្តែថាអញ្ចឹង អត់ទាន់ទេណា៎ ព្រោះការតស៊ូនោះ ពីឆ្នាំ ១៩៧០ គឺកាន់កាំភ្លើង ហ៊ឺស! ច្បាំងគ្នាមិនដឹងពីណាងាប់ពីណារស់ទេអាហ្នឹងមែនហើយ ប៉ុន្តែ ក្រោយពីទទួលបានជ័យជម្នះ ខ្ញុំអត់បានប្រព្រឹត្តអំពើអ្វីទេ អត់ទេ អាហ្នឹងហើយដែលខ្ញុំអត់មានខ្លាច អត់ទេ។ តែអង្គការដែលរកយុត្តិធម៌ ក្រែងថារកយុត្តិធម៌។ កាត់ទោសត្រូវរកយុត្តិធម៌ជាក់ស្តែង។ ជាក់ស្តែង ខ្ញុំអត់ រួចកាត់យ៉ាងម៉េច? មានតែសម័យ លន់ នល់ សម័យឯកឧត្តម លន់ នល់ អាហ្នឹងវ៉ៃមែនហើយ។ ហ៊ឺស! គេវ៉ៃខ្ញុំ ខ្ញុំវ៉ៃគេហ្នឹងឯង ដណ្តើមសម្តេច ទាមទារសម្តេច ដណ្តើមមែនហើយ វ៉ៃមែនហើយ មិនដឹងងាប់មិនដឹងរស់ ប៉ុន្តែអាហ្នឹងមើលអត់ឃើញទេ។ បាញ់ មិនដឹងងាប់ប៉ុន្មានដឹងរស់ប៉ុន្មាន អត់ដឹងទេ ប៉ុន្តែក្រោយពីទទួលជ័យជម្នះមកហើយ ខ្ញុំអត់ទេ មានតែធ្វើទំនប់ ហើយបើថាធ្វើទំនប់ហ្នឹងគឺឃោរឃៅដែរ អើ! មិនដឹងធ្វើម៉េចទេ ហ៊ឺសៗៗ ធ្វើទំនប់មកទល់ឥឡូវនេះ ហ៊ឺស បើថាទេអំពើហ្វាស៊ិស ដែលអំពើព្រៃផ្សៃយង់ឃ្នងដែរ អាហ្នឹង អើ តាមហ្នឹងទៅចុះ តើវាយ៉ាងម៉េច អាហ្នឹងជម្រាបក្មួយច្បាស់អញ្ចឹងឯង។ ព្រោះទំនប់ច្រើនណាស់ក្មួយប្រុស ធ្វើ បើនៅខែត្រកំពតវិញតាំងពីទំនប់ម្លិច ទំនប់កោះស្លា ស្តុក ឈូក ទាន់ហន់ ក្បាលរមៀស។ ទាន់ហន់ នៅស្រុកកំពង់ត្រាច ព្រំដែនយួន នៅជិតព្រែកជីក វិញតេ រួចនៅស្រុកណែ៎ ឥឡូវមិនដឹងគេហៅស្រុកអីវិញទេ ខ្ញុំមិនដឹងទេ ប៉ុន្តែកាលសម័យនោះគេហៅ ស្រែក្នុង ស្រុកកោះស្លា ស្រុកព្រែកក្នុង និងកំពត រួចបើស្រុកស្រែក្នុង ខ្ញុំធ្វើទំនប់ម្លិច នៅរាល់ថ្ងៃ បាទ រួចស្រុកកោះស្លា ខ្ញុំធ្វើទំនប់នៅកោះស្លា រួចនៅនឹងទីរួមខែត្រ ខ្ញុំធ្វើទំនប់នៅក្បាលរមៀស នៅស្រុកទូកមាស ខ្ញុំធ្វើនៅស្តុក ឈូក ហើយនៅស្រុកកំពង់ត្រាច ខ្ញុំធ្វើនៅព្រែកដៃសមុទ្រ ទាន់ហន់ អញ្ចឹង។
ស៖ នៅពេលសម័យមុន គេហៅមេដឹកនាំប្រាំនាក់ មាន នួន ជា អៀង សារី ខៀវ សំផន អៀង ធិរិទ្ធ ហើយនឹង ឌុច ទៅកាត់ទោស។ តើពេលនោះមានទស្សនៈយ៉ាងម៉េចនៅពេលនោះ បារម្ភខ្លាចថាមកដល់អ្នកដទៃទៀតឬក៏ដល់លោកផ្ទាល់ទេ?
ឆ៖ ខ្ញុំអត់បារម្ភទេ ដូចខ្ញុំជម្រាបអញ្ចឹង។
ស៖ ប៉ុន្តែពិបាកដោះស្រាយយ៉ាងម៉េច នៅពេលដែលកន្លែងតំបន់មួយដែលមានមនុស្សគឺថាស្លាប់ច្រើននៅសម័យនោះ ហើយដូចថាមេដឹកនាំសម័យនោះគេស្គាល់ ឧបមា ថាលោកអញ្ចឹងទៅឬក៏លោកផ្សេងអញ្ចឹងទៅ តើដល់ពេលអញ្ចឹងការប្រកែកថាអត់ពាក់ព័ន្ធរឿងហ្នឹង តើពិបាកនឹងឲ្យគេជឿទេមើលទៅ?
ឆ៖ មិនដឹងអ្នកណាគេស្គាល់ ខ្ញុំមិនដឹងទេ។ ប៉ុន្តែ ខ្ញុំនិយាយតាមការណ៍ជាក់ស្តែងអញ្ចឹង ក្មួយប្រុស។ តែបើនិយាយឲ្យហ្មត់ចត់ទៅទៀត ខ្ញុំមានការសង្គ្រោះ បើសង្គ្រោះខ្ញុំសង្គ្រោះច្រើនណាស់។
ស៖ របៀបយ៉ាងម៉េចទៅ បាទ?
ឆ៖ មកទល់នឹង ៧៩ ដែលកងខាងរាជរដ្ឋាភិបាលវ៉ៃបុកហើយ កម្លាំងដែលគេបញ្ជូនមក ខ្ញុំយកលាក់។ វិធីលាក់របស់ខ្ញុំ ខ្ញុំលាក់នៅការដ្ឋានទំនប់ ហើយម៉្ងៃបីពេលបាយ ល្ងាចឡើងស្កត្នោត បំប៉ន។ ដល់ពេលរាជរដ្ឋាភិបាលវ៉ៃបុក ខ្ញុំរត់ទៅនៅក្នុងនោះ គេអត់ធ្វើអីខ្ញុំផង។ ខ្ញុំទៅនៅបីថ្ងៃនៅក្នុងនោះ នៅក្នុងកម្លាំង។ គេអត់ធ្វើអីទេ។ ដល់ខ្ញុំថា ក្មួយៗទាំងអស់ទៅស្រុក នៅខាងព្រៃវែង នៅខាងអី ទៅស្រុកខ្ញុំចេញប្រ៉ុច។ អាហ្នឹងសង្គ្រោះមាន ប៉ុន្តែរីឯការប្រហារពិឃាត ខ្ញុំអត់យល់ទេ។ សង្គ្រោះច្រើនណាស់ បើគេចាប់បញ្ជូនមក ខាងភូមិភាគគេយកបញ្ជូនមកគេឲ្យកម្ទេច គេសួរទៀត កែ ពក ទៅណាកម្លាំង កម្ទេច តែនៅការដ្ឋានឯណោះ។ រួចឲ្យខ្ញុំធ្វើម៉េចទៅអញ្ចឹង ឲ្យខ្ញុំនិយាយថាម៉េចទៅ ឲ្យខ្ញុំថាម៉េច? បើខំលាក់ប៉ុណ្ណឹងហើយធ្វើម៉េចទៅទៀត។ អញ្ចឹងដែលអត់ខ្លាចទេ។ អត់ខ្លាចទេ ប៉ុន្តែគ្រាន់តែថាអត់ចាំឈ្មោះទេក្មួយប្រុស វាច្រើនណាស់។
ស៖ មានជំនឿប៉ុណ្ណាទៅនៅកំពង់ចាម ថាមានមនុស្សប្រមាណ ១៥ម៉ឺននាក់ស្លាប់ ហើយមាននៅវត្ត អូ ត្រកួន នៅ កង មាស នោះថាមានមនុស្សជាង ៣ម៉ឺន ២ពាន់ ប៉ុន្មានរយនាក់នោះស្លាប់?
ឆ៖ នៅឯណា អូ ត្រកូន?
ស៖ បាទ វត្ត អូ ត្រកូន នៅ កង មាស ហើយអញ្ចឹងទៅនៅសម័យនោះ នៅក្នុងតុលាការខ្មែរក្រហមនោះថា លោកជាអ្នកទទួលខុសត្រូវនៅក្នុងតំបន់ វត្ត អូ ត្រកូន នៅ កង មាស ហ្នឹង មើលទៅរឿងហ្នឹងវាយ៉ាងម៉េចទៅនៅសម័យនោះ?
ឆ៖ ទេខ្ញុំមិនដែលដឹងផង មិនដឹង អូ ត្រកូននៅត្រង់ណាផង រួចមិនដឹងជាពីណាទៅសម្លាប់អីនៅទីហ្នឹងផង។ អើក្រែងគេពីមុន ខ្ញុំមិនដឹងទេ។ ដូចខ្ញុំជម្រាបក្មួយអញ្ចឹង ខ្ញុំអត់ដឹងទេ។ ខ្ញុំ ៧៧ ដូច្នេះពីមុន ៧៧ ហ្នឹងអត់ដឹងទេ។ បាទ ក៏ប៉ុន្តែបើសម័យ ៧៧ ហ្នឹងមិនដឹងអ្នកណាមកទៅវ៉ៃអី អូតាកៀនតាកួនណាអត់មានទេ។ អត់មានទេ។ រួចបើមួយផ្នែកទៀត ខ្ញុំនិយាយពីដោយសុទ្ធចិត្តរបស់ខ្ញុំ ព្រោះ កែ ពក ប្រធាន។ ពីការបោសសម្អាតអី គេថាម៉េច ស្អីប្រជាជន ១៧ មេសាអីៗ ដោះស្រាយយ៉ាងណា ខ្ញុំថាមើលដោះស្រាយយ៉ាងម៉េច? គេធ្វើអីយើង? ខ្ញុំមានតែនិយាយអញ្ចឹង។ គេធ្វើអីយើង? គេប្រព្រឹត្តល្មើសអី? អំពើអី? ក្បត់រឿងអី? ខ្ញុំមានតែនិយាយអញ្ចឹង បាទ។ រួចគាត់ថាទៀត ណែបើមិនធ្វើ ឲ្យកងទ័ពភូមិភាគធ្វើ។ បើឲ្យកងទ័ពភូមិភាគធ្វើ ខ្ញុំទៅផ្ទះខ្ញុំ។ ណែអានេះ ខ្ញុំនិយាយសាមញ្ញអញ្ចឹងណា។ ពាក្យខ្ញុំ វាអញ្ចឹងណា។ ខ្ញុំថាបើមិនធ្វើទេ ខ្ញុំនៅខ្ញុំទទួលខុសត្រូវមិនបាន ខ្ញុំនៅធ្វើអី មានតែខ្ញុំទៅផ្ទះចុះ។ នែ៎ ត្រង់ហ្នឹង ចំណុចហ្នឹងណែ ដែលខ្ញុំអត់ចេះខ្លាចទេ។ រួចបើប៉ុណ្ណឹងៗហើយ តុលាការយកទៅកាត់ កាត់ធ្វើអីធ្វើទៅ។ បាទរួចដូចខ្ញុំជម្រាបប្រសាសន៍ក្មួយអញ្ចឹង ដែលថាបច្ចុប្បន្ននេះក៏ខ្ញុំអត់ភ័យនឹងតុលាការទៅអនាគតទៅទៀតនោះពេលខ្ញុំស្លាប់នោះក៏ខ្ញុំអត់ភ័យនឹងយមបាល អត់ភ័យទេ។ បុណ្យឥឡូវខ្ញុំធ្វើ សីលខ្ញុំកាន់ ពីមុនមក ខ្ញុំអត់មានកាប់សម្លាប់។ ខ្ញុំមិនខ្លាចយមបាល អត់ខ្លាចទេ។ អត់ទេ បច្ចុប្បន្ននេះក៏ខ្ញុំអត់ខ្លាច ទៅអនាគតទៀតក៏ខ្ញុំអត់ខ្លាច ពេលខ្ញុំស្លាប់ទៅនោះក៏ខ្ញុំអត់ខ្លាចដែរ អត់ទេ ឯណាយមបាលនោះខ្ញុំទៅខ្លាចអី។ នឹងជម្រាបក្មួយធម្មតាៗអញ្ចឹងណាក្មួយណា។ អាហ្នឹងវាជាក់ស្តែងអញ្ចឹងណា៕