ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​ម្នាក់​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង


គណបក្ស​សម រង្ស៊ី ​ក្រោយពី​ការបោះឆ្នោត​ឆ្នាំ២០០៨​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ ដែល​មាន​សមាសភាព​ចំនួន​១៥រូប​បាន​សម្រេច​ឲ្យ​តំណាងរាស្រ្ត​ ដែល​ជាប់ឆ្នោត​កាន់​តួនាទី​ជា​អ្នក​តំណាង រាស្រ្ត​រយៈពេល​តែ​ពាក់កណ្តាលអ​ណត្តិ​តែ​ប៉ុណ្ណោះ។
គណបក្ស​សម រង្ស៊ី ​ក្រោយពី​ការបោះឆ្នោត​ឆ្នាំ២០០៨​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ ដែល​មាន​សមាសភាព​ចំនួន​១៥រូប​បាន​សម្រេច​ឲ្យ​តំណាងរាស្រ្ត​ ដែល​ជាប់ឆ្នោត​កាន់​តួនាទី​ជា​អ្នក​តំណាង រាស្រ្ត​រយៈពេល​តែ​ពាក់កណ្តាលអ​ណត្តិ​តែ​ប៉ុណ្ណោះ។

តំណាង​រាស្ត្រ​ចំនួន​ពីរ​អណត្តិ​របស់​គណបក្ស​ប្រឆាំង បាន​ប្រកាស​ជាផ្លូវការ​នៅថ្ងៃអង្គារ៍នេះថា លោកលាឈប់​ពី​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ​ដើម្បីជំរុញ​ឲ្យ​គណបក្ស​គោរពគោលការណ៏​ដោះ​ដូរ​តំណាង​រាស្ត្រ​ពាក់​កណ្តាល​អាណត្តិ ក៏ប៉ុន្តែ​លោក​នៅតែ​ជាប្រធាន​គណបក្ស​សម រង្ស៊ី ​ប្រចាំ​ខេត្ត​តាកែវ​ដដែល ។

ការ​ប្រកាស​លាឈប់​របស់​លោក​ម៉ៅ មុនីវណ្ណ ​នេះ ​បាន​កើត​មានឡើង​ក្រោយពី​លោក​សម រង្ស៊ី​ប្រធាន គណបក្ស​សម រង្ស៊ី ​ត្រូវបាន​រដ្ឋសភា​ប្រកាស​លុបឈ្មោះ​ចេញពី​បញ្ជី​សមាជិក​សភា​តំណាងរាស្រ្ត​មណ្ឌល​ខេត្ត កំពង់ចាម​ខាង​គណបក្ស​សម រង្ស៊ី ​បន្ទាប់ពី​តុលាការ​កំពូល​បាន​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​០១ កន្លង​ទៅ នេះ​ ឲ្យ​លោក​សម រង្ស៊ី ​ជាប់​ពន្ឋនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេ​ខ១៨៥​រវាង​កម្ពុជា​ និង​វៀតណាម ​ព្រមទាំង​ញុះញ៉ុង​ឲ្យមាន​ការរើសអើង​ជាតិ​សាសន៍ ។

លោក​ម៉ៅ មុនីវណ្ណ បានផ្តល់​សម្ភាសន៍​ជាមួយ​វីអូអេ ​សំឡេង​សហរដ្ឋអាមេរិក​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​លាឈប់​ពី​សមាជិក​សភា តំណាងរាស្រ្ត​គឺ​ដោយសារ​តែ​លោក​ចង់​ឲ្យ​គណបក្ស​សម រង្ស៊ី ​គោរព​តាម​គោលការណ៍​ដោះដូរ​តំណាងរាស្រ្ត​ពាក់កណ្តាល​អាណត្តិ។

«គឺ​ជា​ការ​លះបង់​របស់ខ្ញុំ ​ដើម្បី​ប្រាប់​ទៅ​មេដឹកនាំ​គណបក្ស​សម រង្ស៊ី ​ថា ត្រូវ​ឲ្យ​គោរព​កិច្ចសន្យា​ គោរព​ពាក្យ​សម្តី​របស់​ខ្លួន ​ដែល​ខ្លួន​បាន​សន្យា​មុន​បោះឆ្នោត​ជាមួយ​នឹង​បេក្ខជន​តំណាងរាស្រ្ត​ទាំងអស់​ដែល​ជាប់​ជា​តំណាងរាស្រ្ត និង​គឺ​ធ្វើ​តែ​ត្រឹម​ថ្ងៃទី​២៤ទេ។ អញ្ចឹង​ខ្ញុំ​ត្រូវ​តែ​លាលែង​ជាគំរូ»។

គណបក្ស​សម រង្ស៊ី ​ក្រោយពី​ការបោះឆ្នោត​ឆ្នាំ២០០៨​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ ដែល​មាន​សមាសភាព​ចំនួន​១៥រូប​បាន​សម្រេច​ឲ្យ​តំណាងរាស្រ្ត​ ដែល​ជាប់ឆ្នោត​កាន់​តួនាទី​ជា​អ្នក​តំណាង រាស្រ្ត​រយៈពេល​តែ​ពាក់កណ្តាលអ​ណត្តិ​តែ​ប៉ុណ្ណោះ។ ពោលគឺ​រយៈពេល​ចំនួន​ពីរឆ្នាំកន្លះ​ លើក​លែង​តែ តំណាងរាស្រ្ត​បីរូប​តែប៉ុណ្ណោះ​នៅក្នុង​ចំណោ​ម២៦រូប ​គឺ​លោក​សម រង្ស៊ី ​លោ​កស៊ុន ឆៃ ​និង​លោក​យឹម សុវណ្ណ។

រយៈពេល​នៃ​ការ​ដោះដូរ​អ្នកតំណាងរាស្រ្ត​ពាក់​កណ្តាល​អាណត្តិ​នឹង​ត្រូ​វបញ្ចប់​នៅ​ថ្ងៃទី២៤ ​ខែ​មីនា។ ក៏​ប៉ុន្តែ យន្តការ​នេះ​ត្រូវ​បាន​លុច​ចោល​ទៅ​វិញ​ បន្ទាប់​ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​មួយកាលពី​ថ្ងៃទី១៧ ​ខែមករា ​នៅ​ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វីលីពីន។

លោក​ម៉ៅ មុនីវណ្ណ​ បាន​មាន​ប្រសាសន៍ថា លោក​ចង់​សមាជិក​គណប្ស​សម រង្ស៊ី ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ច្បាស់លាស់​ដើម្បី​សម្រេច​ជ្រើសរើស​មេដឹកនាំ​ពី​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​តាមរយៈ​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។

«ខ្ញុំ​សង្កេត​ឃើញ​ថា តាំង​ពី​ថ្ងៃ​បង្កើត​គណបក្ស​រហូត​មកទល់​ពេល​នេះ។ លោក​សម រង្ស៊ី ​ហាក់​បី​ដូចជា ជាប់​គំនាប​ពី​គ្រួសារ​ហ្នឹង​ឯង។ ដល់​អញ្ចឹង​ខ្ញុំចង់​អំពាវនាវ​ឲ្យ​ថ្នាក់ដឹក​នាំ​គណបក្ស​សម រង្ស៊ី ​ទាំងអស់​ជាពិសេស​ គណកម្មការ​នាយក​រួម​ជាមួយ​ខ្ញុំ ​ដើម្បី​រំដោះ​លោក​សម រង្ស៊ី ឲ្យ​ចេញ​ពី​គ្រួសារ​ ដើម្បី​មក​រួប​រួម​គ្នា​ជាមួយ​នឹង គណបក្ស​ប្រជាធិបតេយ្យ»។

លោក ជូន ភារិទ្ឋ សមាជិក​គណបក្ស​សម រង្ស៊ី ​ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​ លោក​សូម​កោត សរសើរ​ចំពោះ​ការ​ប្រកាស​លា​ឈប់​ពី​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​របស់​លោក ម៉ៅ មុនីវណ្ណ។ លោក ភារិទ្ធ​ ថ្លែង​ថា៖

«នេះ​ជា​ឧត្តមគតិ​មួយ​ ដែល​ខ្ញុំ​ត្រូវតែ​សរសើរ ​ហើយ​ពេលនេះ​ផងដែរ​ ក្នុងនាម​ខ្ញុំ​ជាសមាជិក​គណបក្ស ​ ម្នាក់​សម្រាប់​ស្រុក​ចំការ​លើ​សូម​អំពាវនាវ​ដល់​តំណាងរាស្រ្ត ​ដែល​មាន​កិច្ចសន្យា​ ដែល​មាន​ល័ក្ខខ័ណ្ឌ​មាន ការ​ព្រមព្រៀង​គ្នា ត្រូវ​តែ​គោរព​កិច្ចសន្យា។ បើ​មិន​គោរព​ទេ អាហ្នឹង​ហាក់​បីដូចជា​មិនត្រឹម​ត្រូវ»។

លោក​យឹម សុវណ្ណ​ តំណាងរាស្រ្ត ​និង​ជាអ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ បាន​មានប្រសាសន៍​ថា គណបក្ស​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ដូច្នេះ​ការ​លាប់​ឈប់​ពី​តំណាងរាស្រ្ត​ គឺជា​សិទ្ឋិរបស់​លោក ម៉ៅ មុនីវណ្ណ ។

លោក យឹម សុវណ្ណ​បាន​មាន​ប្រសាសន៍​ទៀតថា ការ​សម្រេច​មិន​ដោះដូរ​តំណាងរាស្រ្ត​ពាក់​កណ្តាល​ អណត្តិ​គឺ​គណបក្ស​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​ចំនួន​១៥រូប ​មិនមែន​ សម្រេច​ទៅ​តាម​អ្វី ​ដែល​នឹកឃើញ​នោះ​ទេ។ លោក​ សុវណ្ណ បន្ត​ថា៖

«សេចក្តី​សម្រេច​ទាំងអស់​មិនមែន​បុគ្គល​ណា​ម្នាក់​ធ្វើទេ។ ជាពិសេស​កិច្ចការ​ដែល​ទាក់ទងនឹង​សកម្មជន ​សកម្មនារី​នៅក្នុង​ប្រទេស​រាប់រយ​រាប់ពាន់​នាក់​ រួមទាំង​គណបក្ស​មួយ​ដែល​មាន​ការគាំទ្រ​ពី​មនុស្ស​រាប់លាន​នាក់ គឺ​យើ​ង​មិនអាច​ធ្វើ​សេចក្តី​សម្រេច​បានទេ។ រាល់​សេចក្តី​សម្រេច​ទាំងអស់​សុទ្ឋ​តែ​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់​ផ្ទៃ​ក្នុង​គណបក្ស»។

លោក​ម៉ៅ មុនីវណ្ណ ​បាន​ប្រកាសថា​ នៅពេល​អនាគត ​លោកនិង​ចូលរួម​ជាមួយនឹង​គណបក្ស​ប្រឆាំង ណា​ដែល​ប្រកាន់​និន្នាការ​ប្រជាធិបតេយ្យ៕

XS
SM
MD
LG