រដ្ឋសភាជាតិដែលគ្របដណ្តប់ដោយក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច នៅថ្ងៃអង្គារនេះ បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ប្រមាណជាង៣៣លានលានរៀល ឬប្រមាណជា៨,២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់រដ្ឋសភា។
រដ្ឋសភាបានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២៦ខែវិច្ឆិកានេះថា រដ្ឋាភិបាលបានតាក់តែងសេចក្តីព្រាងច្បាប់ដែលមាន៧ជំពូក និង១៥មាត្រានេះ ក្នុងគោលបំណង«ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋនិងចលនការនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជា សំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត»។
សេចក្តីប្រកាសដដែលបានបញ្ជាក់ឲ្យដឹងថា មានតំណាងរាស្ត្រចំនួន១០៧នាក់បានបោះឆ្នោតទទួលយកសេចក្តីព្រាងច្បាប់នេះ ដោយមានការការពារពីខាងភាគីរដ្ឋាភិបាល គឺលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមរយៈគម្រោងកញ្ចប់ចាយវាយថ្មីនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់អត្រាប្រមាណរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ ដំណាលគ្នានេះ រដ្ឋាភិបាលនឹងប្រឹងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាពដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របបសន្តិសុខសង្គម និងការកាត់បន្ថយគម្លាតនៃការរីកចម្រើនរវាងទីក្រុង និងជនបទ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិបានទេ។
គម្រោងចាយវាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០បានបង្ហាញថា ការចំណាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែកើនខ្ពស់ជាងវិស័យអាទិភាពសំខាន់ៗផ្សេងទៀត រួមមានវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច៕