គណបក្សសម រង្ស៊ី នៅថ្ងៃអាទិត្យនេះ បានរៀបចំពិធីខួបទី២០នៃសន្ធិសញ្ញាទីក្រុងប៉ារីសនៅក្នុងទីស្នាក់ការគណបក្សរបស់ខ្លួន និងនៅក្នុងប៉ារីសប្រទេសបារាំង នៅក្នុងពេលដែលគណបក្សគ្រប់គ្រងអំណាចមិនបានធ្វើពិធីនេះជារៀងរាល់ឆ្នាំ។
ថ្លែងប្រាប់សមាជិកគណបក្សរបស់ខ្លួនតាមរយៈវីដេអូខនវឺរិន (video conference) លោកសម រង្សី បានចោទប្រកាន់ថា គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមានចេតនាបំភ្លេចកិច្ចព្រមព្រៀងនេះចោល។
លោកសម រង្សីបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានខកខានមិនបានគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសេរីភាពសិទ្ធិអ្នកសារព័ត៌មាន សិទ្ធិសេរីភាពគណបក្សប្រឆាំង និងមិនបានគោរពលិទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញទេ ព្រមទាំងបង្កើតសិទ្ធិសញ្ញាបំពេញបន្ថែម ដែលបង្កឲ្យប្រទេសវៀតណាម រំលោភយកទឹកដី និងបូរណភាពកម្ពុជា ទើបគណបក្សប្រជាជនកម្ពុជាបំភ្លេចកិច្ចព្រមព្រៀងនេះចោល។
«គណបក្សប្រជាជន រដ្ឋាភិបាលហ៊ុន សែន ពួកយួននៅពីក្រោយ។ គេមានច្បាប់ គេមិនបានពេញចិត្តទេ។ គេព្រួយបារម្ភណាស់។ ហេតុអ្វី? ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាននាំមកនូវអន្តរាគមន៍អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិរៀបចំការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣»។
ប្រទេសចំនួនដប់ប្រាំបី ដែលរួមទាំងប្រទេសកម្ពុជាផង បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ហើយតម្រួវឲ្យពលរដ្ឋខ្មែរសម្រេចជោគវាសនាខ្លួនឯងតាមរយៈការបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។
បន្ទាប់ពីការបោះឆ្នោតសភាធម្មនុញ្ញ កម្ពុជាបានអនុម័តសភាធម្មនុញ្ញថ្មីមួយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយបានសម្រេចឲ្យប្រទេសកម្ពុជាប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និងសេរីពហុបក្ស។
គណបក្សសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យនេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំកម្ពុជា មិនបានអនុវត្តឲ្យបានត្រឹមត្រូវនិងពេញលេញនៅក្នុងខ្លឹមសារទីក្រុងប៉ារីសទេ ហើយថែមទាំងបាននិយាយថា កិច្ចព្រមព្រៀងនេះបានស្លាប់បាត់ទៅហើយ។
លោកប៉ុល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បាននិយាយថា រដ្ឋាភិបាលសព្វថ្ងៃមិនគួរបំភ្លេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទេ ដោយសារតែកិច្ចព្រមព្រៀងនេះហើយទើបប្រទេសកម្ពុជាស្ថិតនៅដូចស្ថានភាពសព្វថ្ងៃនេះ។
«ពួកអ្នកដឹកនាំខ្លះនេះ ដែលខ្លួនធ្លាប់ក្ររហាម ហើយក្លាយមកជាសេដ្ឋីម្នាក់គឺដោយសារសិទ្ធិសញ្ញា២៣តុលានេះដែរ។ ដោយសារតែថ្ងៃ២៣តុលានេះហើយ អង្គការសហប្រជាជាតិបានជួយយើង»។
គណបក្សគ្រប់គ្រង់អំណាច មិនបានរំឭកខួបថ្ងៃ២៣ តុលាទេ ក៏ប៉ុន្តែបែរជារំឭកខួបជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ទៅវិញ។
លោកជាម យៀប អ្នកតំណាងរាស្ត្រគណបក្សកាន់អំណាច បាននិយាយថា គណបក្សប្រជាជនមិនដែលបំភ្លេចកិច្ចព្រមព្រៀងសិទ្ធិសញ្ញាទីក្រុងប៉ារីសនោះទេ ហើយគេមិនរំឭកខួបនេះ ដោយសារតែកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនពេក ទើបរដ្ឋាភិបាលចង់កាត់បន្ថយខ្លះ។ ក៏ប៉ុន្តែរដ្ឋាភិបាលទុកថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ ហើយគណបក្សប្រជាជនក៏រំឭកខួបនៅក្នុងផ្ទៃក្នុងគណបក្សផងដែរ។
«មកទល់បច្ចុប្បន្ននេះ បើមិនគោរពតាមកិច្ចព្រមព្រៀងក្រុងប៉ារីសទេ ខ្ញុំមិនអាចធ្វើអីបានដែរ។ ហើយការចោទប្រកាន់ជាសិទ្ធិរបស់គេ។ ក៏ប៉ុន្តែគ្រាន់តែថា ឲ្យមានទឡ្ហីករណ៍ច្បាស់លាស់។ កុំចេះតែមានអណ្តាតចេះតែលា មានគំនិតចេះតែថាមក។ ប៉ុន្តែគណបក្សប្រឆាំងដែលមានលោកសម រង្ស៊ី ចោទប្រកាន់លិចកើត ដោយសារគាត់មានគំនិតទុទិដ្ឋិនិយម ដោយថា មិនអាចចូលស្រុកបាន»។
លោកសុរិយា ប្រាសាទសុបែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្ងែងការណ៍មួយពីទីក្រុងហ្សឺណែវថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែមានអនុភាពសម្រាប់ប្រទេសកម្ពុជា។ លោកសុរិយាបានជំរុញឲ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសភាគីនានា ដែលបានជួយដល់ប្រទេសនេះ ឲ្យបានឆ្លុះបញ្ជាំងឡើងវិញ ថាតើទស្សនវិស័យសិទ្ធិសញ្ញាទីក្រុងប៉ារីស ត្រូវអនុវត្តស្មោះស្ម័គ្រ ឬក៏យ៉ាងណា។ លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនៅតែមានតម្លៃរហូតដល់ទស្សនទាំងឡាយ ដែលមានចែងក្នុងនោះក្លាយទៅជាការណ៍ពិតសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់៕