ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​រិះគន់​សហរដ្ឋ​អាមេរិក​ពី​ការ​វាយ​ប្រហារ​ប៊ីន​ឡាដិន​


អ្នក​ស្រុក​ម្នាក់​ដើរ​កាត់​អគារ​ដែល​ត្រូវ​គេ​រាយការណ៍​មក​ថា​ ជា​កន្លែង​ដែល​កងកុម្មងដូ​ពិសេស​របស់​អាមេរិក (U.S. Navy SEAL commandos) បាន​សម្លាប់​ អូសាម៉ា ប៊ិន ឡាដិន កាល​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១១​នៅ​ទី​ក្រុង អាប្បុត្តបាដ ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន។
អ្នក​ស្រុក​ម្នាក់​ដើរ​កាត់​អគារ​ដែល​ត្រូវ​គេ​រាយការណ៍​មក​ថា​ ជា​កន្លែង​ដែល​កងកុម្មងដូ​ពិសេស​របស់​អាមេរិក (U.S. Navy SEAL commandos) បាន​សម្លាប់​ អូសាម៉ា ប៊ិន ឡាដិន កាល​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១១​នៅ​ទី​ក្រុង អាប្បុត្តបាដ ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន។

កាលពី​ថ្ងៃ​អង្គារ​ ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​កិច្ចប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​មេដឹកនាំ​ភេរវជន​ អូសាម៉ា ប៊ិន ឡាដិន (Osama​ bin​ Laden) នៅក្នុង​ទីក្រុង​ អាប្បុត្តាបាដ (Abbottabad) នៃ​ប្រទេស​ប៉ាគីស្ថាន។ ការរិះគន់​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​ប៉ាគីស្ថាន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ ប្រទេស​របស់​លោក​មិន​បាន​តាម​រក​ពួក​ភេរវជន​ឲ្យ​បាន​សកម្ម។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បាន​រិះគន់​កិច្ចប្រតិបត្តិការ​របស់​កងកុម៉ង់ដូរ​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ អូសាម៉ា​ ប៊ីន ឡាដិន។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​យល់​ព្រម ឬ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទី​ក្រុង​អ៊ិស្លាម៉ាបាដ។ សេចក្តីថ្លែង​ការណ៍​នោះ​ក៏​បាន​ឲ្យដឹង​ទៀត​ថា សេវាកម្ម​ស៊ើបការណ៍​សម្ងាត់ (ISI)​ បាន​ចែក​រំលែក​ព័ត៌មាន​អំពី​បរិវេណ​របស់​ប៊ីនឡាដិន (bin Laden)​នៅ​ទីក្រុង​អាប្បុត្តាបាដ (Abbottabad) ជាមួយ​ទីភ្នាក់ងារ​ស៊ើប​ការណ៍សម្ងាត់​កណ្តាល​របស់​សហរដ្ឋ​អាមេរិក និង​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ប្រទេស​ជាមិត្ត​ចាប់តាំង​ពីឆ្នាំ​២០០៩​មក។

សរសេរ​នៅ​ក្នុង​ទំព័រ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ (Washington Post) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោក អាស៊ីហ្វ ​អាលីហ្សាដារី (Asif ​Ali ​Zardari) ប្រធានាធិបតី​ប៉ាគីស្ថាន​បាន​ការពារ​ប្រវត្តិ​រដ្ឋា​ភិបាល​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងភេរវជន​ ដោយ​និយាយ​ថា នៅ​ខណៈ​ពេល​ដែល​ការសម្លាប់​មេដឹកនាំ​អាល់​ខាដា (al-Qaida)​ មិនមែន​ជា​កិច្ចប្រតិបត្តិការ​រួមរ​វាងសហរដ្ឋ​អាមេរិក​ និង ​ប៉ាគីស្ថាន​ ប៉ាគីស្ថាន​បាន​ជួយ​រកឃើញ​អ្នកនាំសារ​អាល់កៃដា (Al-Qaida)​ ដែល​ដាន​របស់​ជន​នោះ​បាននាំ​ឲ្យ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​រក​ឃើញ​កន្លែង​លាក់​ខ្លួន​របស់​ប៊ីឡាឌីន។

មាន​ការ​រឹះគន់​កាន់​តែ​ខ្លាំង​ឡើង​ដល់​ប៉ាគីស្ថាន​ពីសំណាក់​សភា​សហរដ្ឋ​អាមេរិក ដែល​អំពាវនាវ​ឲ្យ​មាន​ការស៊ើប​អង្កេត​ថា​តើ​ភេរវជន​ដែល​ពិភពលោក​រកមុខ​បំផុត ស្នាក់​នៅ​ដោយ​គ្មាន​អ្នក​ណា​ដឹង​នៅ​ក្នុង​ទីក្រុង​អាប្បុត្តាបាដ​ ជា​ទី​ដែល​មាន​វត្តមាន​យោធា​យ៉ាងច្រើន និង​ជាទី​ដែល​បណ្ឌិត​សភា​យោធា​ប៉ាគីស្ថាន​នោះ។

សំណួរ​ក៏​ត្រូវ​បាន​បាន​លើក​ឡើង​ផងដែរ​នៅ​ប៉ាគីស្ថាន​ទាក់ទង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បានដឹង​អំពី​បេសកម្ម​សម្លាប់​ ប៊ិន ឡាដិន។ លោក​ ហារ៉ូន អាខតារ (Haroon​ Akhtar) អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​ ហ្សារ៉ាហ៊ីរី កំពុង​រក្សា​ការ​ស្ងៀម​ស្ងាត់​ពីព្រោះ​តែការ​ភ័យខ្លាច​ពីការ​សងសឹករ​បស់​ភេរវជន។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​មិន​អាច​ជឿជាក់​បាន​ទេ​ថា នៅក្នុង​ប្រទេស​នេះ ​ឧទ្ធម្ភាគចក្រ​បួន​គ្រឿង​អាច​ចូល​មក ហើយ​ប្រព័ន្ធ​រ៉ាដា​យើង​ចាប់​មិន​បាន ហើយ​យើង​មិន​បាន​ដឹង​អំពី​រឿង​នេះ​រហូត​ដល់​ប្រធានាធិបតី​អូបាម៉ា បាន​ទូរ​ស័ព្ទ​ទៅ​ប្រធានាធិបតី​របស់​យើង ហើយ​និយាយ​ថា «អរគុណ​ណាស់។ យើង​បាន​ចូល​ក្នុង​ប្រទេស​លោក​ហើយ​យើង​បាន​សម្លាប់​មនុស្ស​ជាច្រើន​នោះ»។ ការណ៍​នេះ​មិនអាច​កើតឡើង​បាន​ទេ។ វា​ជា​ផល​ប៉ះពាល់​ដែល​យើង​មាន​ការ​ភ័យខ្លាច​នោះ​ ហើយ​យើង​នៅ​ស្ងប់​ស្ងៀម។ ហេតុនេះ​ហើយ​បាន​ជា​យើង​មិន​ចង់​និយាយ​លម្អិត»។

ជនជាតិ​ប៉ាគីស្ថាន​ជាច្រើន​មាន​ការខឹង​សម្បា ហើយអាម៉ាស​មុខ​ដោយ​គេ​ចាត់​ទុក​ថា ជា​ការ​រំលោភ​អធិបតេយ្យភាព​របស់​ពួកគេ​ ហើយ​ការ​តានតឹង​មាន​កម្រិត​ខ្ពស់​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន​បន្ទាប់ពី​ការវាយ​ឆ្មក់​នោះ។ កាលពី​ថ្ងៃ​អង្គារ​អាមេរិក​បាន​បើក​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​ក្នុង​រដ្ឋធានី​អ៊ិស្លាម៉ាបាត និង​ស្ថានកុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ការ៉ាជី​ ក៏ប៉ុន្តែ​ស្ថានកុងស៊ុល​នៅក្នុង​ទីក្រុង​ផេសាវ៉ា​ (Peshawar) និង​ទីក្រុង​ឡាហ័រ​ (Lahore) នៅ​បិទទ្វារ​នៅឡើយ​ដោយសារ​ការព្រួយ​កង្វល់​ខាង​សន្តិសុខ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG