ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​​បញ្ជូន​ម្ចាស់​យានដ្ឋាន​​រថយន្ត​ទៅ​តុលាការ​ពី​បទ​បង្ក​អគ្គីភ័យ


មន្ត្រី​កង​រាជអាវុធ​ហត្ថម្នាក់​ឈរ​រក្សា​សណ្តាប់​ធ្នាប់​នៅ​ពេល​ក្រុម​ពន្លត់​អគ្គីភ័យ​កំពុង​​ធ្វើ​ការ​ពន្លត់​កាល​ពី​ថ្ងៃ​អង្គារ។
មន្ត្រី​កង​រាជអាវុធ​ហត្ថម្នាក់​ឈរ​រក្សា​សណ្តាប់​ធ្នាប់​នៅ​ពេល​ក្រុម​ពន្លត់​អគ្គីភ័យ​កំពុង​​ធ្វើ​ការ​ពន្លត់​កាល​ពី​ថ្ងៃ​អង្គារ។

បន្ទាប់​ពី​មាន​គ្រោះ​អគ្គី​ភ័យ​ដែល​បានបំផ្លាញ​ផ្ទះចំនួន​៥​ខ្នង​កណ្តាល​ទីក្រុង​ភ្នំពេញ​កាលពី​ថៃ្ង​អង្គារ ​ប៉ូលិស​បាន​បញ្ជូន​ស្រ្តី​ម្ចាស់​យានដ្ឋាន​ជួស​ជុល​រថយន្ត​ទៅ​តុលាការ​ពីបទ​ធ្វើ​ឲ្យខូចខាតទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ​ក៏ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​និយាយ​ថា​ ​សំណុំ​រឿង​នេះ​មិន​ទាន់​មក​ដល់​តុលាការ​នៅ​ឡើយ​ទេ។ ​គ្រោះ​អគ្គីភ័យ​នេះ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាង​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ។

លោក​ឧត្តម​សេនី​យ៍ត្រី​ទូច ណារុថ ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​ឈ្មោះ​សុជាតិ​ ​ត្រូវ​បាន​ប៉ូលិស​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ហើយ​ ​ពីបទ​បង្ក​អគ្គីភ័យ​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន។

«បាទ​ ​ឃាត់​ខ្លួន​ ​ហើយយើង​បាន​បញ្ជូន​ទៅ​តុលាការ​ ​ព្រោះ​យើង​បាន​ការ​ណែនាំ​ពី​ថ្នាក់​លើ​ឲ្យ​បញ្ជូនទៅ​តុលាការ។​ ​បទ​អគ្គីភ័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ»។

កាល​ពី​ថ្ងៃអង្គារ​ ​គ្រោះ​អគ្គីភ័យ​មួយ​ដែល​បាន​ឆាបឆេះ​ចេញ​ពី​រថយន្ត​ដឹក​ប្រេង​មួយ​របស់​ក្រុមហ៊ុនសូគីម៉ិច​បាន​បំផ្លាញ​ផ្ទះ​យ៉ាង​តិច​ចំនួន​ប្រាំ​ខ្នង​ ​រថយន្ត​ចំនួន​បួនគ្រឿង​ ​ម៉ូតូ​ចំនួន​ប្រាំគ្រឿង​ ​ព្រម​ទាំង​សម្ភារៈ​ ​គ្រឿង​សង្ហារឹម​ ​តុ ​ទូ​មួយ​ចំនួន​ទៀត។

មន្រ្តី​ប៉ូលិស​បាន​និយាយ​ថា​ ​គ្រោះ​អគ្គីភ័យ​ ​ដែល​មាន​រយៈ​ពេល​ជាង​បី​ម៉ោង​នៅ​កណ្តាល​ទីក្រុង​ ភ្នំពេញ​នេះ​ ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​ និង​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

ចំនួន​ទឹកប្រាក់​ដែល​បាន​បាត់​បង់​នោះ​គឺរួម​ទាំង​ផ្ទះ​សម្បែង​ផង​ដែរ។​ ឧត្តម​សេនីយ៍​ត្រី​ទូច ណារុថ​ បាន​ឲ្យ​ដឹង​ថា​ ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ទាមទារ​សំណង​ខូចខាត​ទាំង​នេះ​ហើយ។ ​លោក​ទូច ណារុថ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​យើង​ជំរុញ​ឲ្យ​ជន​រងគ្រោះ​ទាំងអស់​ដាក់​ពាក្យបណ្តឹង​ដើម្បី​ទាមទារ​សំណង​ខូចខាត។

លោក​ឧកញ៉ា​សុខ គង់​ ​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច​ ​ពុំអាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេនៅ​ថ្ងៃ​ពុធ​នេះ​ ​ក៏​ប៉ុន្តែ​បើ​តាម​ការបញ្ជាក់​របស់​លោក​ប្រាប់​កាសែត​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ​ថា​ The Cambodia Daily ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ ​បាន​ឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​របស់​លោក​មាន​បណ្ណ​ធានារ៉ាប់រង​ ​ដូច្នេះ​យើង​និង​ពិចារណា​ថា​តើ​នឹង​ត្រូវ​ផ្តល់​សំណង​ខូចខាត​នេះ​យ៉ាង​ដូច​ម្តេច។

ប៉ូលិស​អះអាង​ថា​ ​ ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ដែល​ទាក់ទង​នឹងឧប្បត្តិ​ហេតុ​គ្រោះ​អគ្គីភ័យ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។

លោក​សុខ រឿន​ ​ព្រះ​រាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ​បាន​និយាយថា​ ​សំណុំ​រឿង​ពាក់ព័ន្ធ​ទៅ​នឹង​អគ្គីភ័យ​នេះ​ពុំ​ទាន់​បាន​បញ្ជូន​មក​ដល់​តុលាការ​នៅ​ឡើយ​ទេ។

«បាទ​ នៅ​ប៉ូលិស​នៅឡើយ។ ​(ខ្ញុំ)​ដឹង​រឿង​ហ្នឹង​ដែរ​ ​ប៉ុន្តែ​មិន​ទាន់​មក​ដល់​ផង​ហ្នឹង ​ក្រែង​លោបន្តិច​ទៀត»។

លោក​ឃីម សំអួរ​ ​ប្រធាន​ស្តីទី​ប៉ូលិស​អគ្គីភ័យ​ក្រុង​ភ្នំពេញ​ ​បាន​និយាយ​ថា​ ​ប៉ូលិស​បាន​ប្រើប្រាស់រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​១៦​គ្រឿង ​និង​បាន​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​២២០​ម៉ែត្រ​គូប។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នៅ​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែដើម​ឆ្នាំ​២០១០​នេះ​ ​យ៉ាង​តិច​មាន​គ្រោះ​អគ្គីភ័យ​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន​៣៣​លើក​ ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​ពីរនាក់​ និង​រង​របួស​បី​នាក់។

គ្រោះ​អគ្គីភ័យ​ភាគ​ច្រើន​បាន​កើត​ឡើង​ដោយសារ​តែ​ទុស្សេ​ខ្សែភ្លើង​ ​ឆេះ​សម្រាម​ ​ហើយ​ចុង​ក្រោយ​ គេ​នេះ​គឺ​បណ្តាល​មក​ពី​ឆេះ​រថយន្ត​ដឹក​ប្រេង៕

XS
SM
MD
LG